ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន ដឹកនាំនាយកប្រតិបត្តិកំពូលៗ បំពេញទស្សនកិច្ចនៅចិន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន ដឹកនាំនាយកប្រតិបត្តិកំពូលៗ បំពេញទស្សនកិច្ចនៅចិន

ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន ដឹកនាំនាយកប្រតិបត្តិកំពូលៗ បំពេញទស្សនកិច្ចនៅចិន

បរទេស៖ ប្រធានាធិបតីលោក  វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ត្រូវបានអមដំណើរដោយឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីជាច្រើនរូប ពិសេសគេឃើញ មានវត្តមាននៃនាយកប្រតិបត្តិកំពូលៗរបស់រុស្ស៊ី ដែលបានធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសចិនរយៈពេល ២ ថ្ងៃ។ នេះបើយោងតាមការរាយការណ៍ពី Tass។

Advertisement

នៅថ្ងៃចន្ទ យប់មិញនេះ ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានមកដល់ទីក្រុងប៉េកាំងជាមួយនឹងគណៈប្រតិភូអមរួមមាន ឧបនាយករដ្ឋមន្ត្រី ៥ នាក់, រដ្ឋមន្ត្រី ៨ នាក់ និងនាយកប្រតិបត្តិកំពូលៗរបស់រុស្សីជាច្រើនរូប។

គណៈប្រតិភូ រួមមាន លោក Igor Sechin នាយកប្រតិបត្តិនៃសាជីវកម្មប្រេងរដ្ឋ Rosneft, លោក Alexei Miller នាយកប្រតិបត្តិនៃសាជីវកម្មថាមពលរដ្ឋ Gazprom, មហាសេដ្ឋីអាជីវកម្មអាលុយមីញ៉ូម Oleg Deripaska, ក្រុមមេដឹកនាំនៅក្នុងសាជីវកម្មអភិវឌ្ឍន៍រដ្ឋ VEB, ទីភ្នាក់ងារថាមពលនុយក្លេអ៊ែរ Rosatom និងសាជីវកម្មអវកាស Roscosmos។

នាយកប្រតិបត្តិ Sberbank លោក German Gref, នាយកប្រតិបត្តិធនាគារ VTB លោក Andrei Kostin, និងទេសាភិបាលធនាគារកណ្តាលរុស្ស៊ី លោកស្រី Elvira Nabiullina ក៏មានវត្តមានជាមួយនឹងឧបនាយករដ្ឋមន្ត្រី ៥ នាក់ និងរដ្ឋមន្ត្រីចំនួន ៨ នាក់ទៀតផងដែរ។ វត្តមាននាយកប្រតិបត្តិថាមពលជាច្រើនដែលបានចូលរួមក្នុងនាមជាគណៈប្រតិភូបង្ហាញថា នេះអាចជាខ្លឹមសារនៅក្នុងកិច្ចពិភាក្សាដ៏សំខាន់រវាងមេដឹកនាំរុស្ស៊ី និងចិន។

លោក វ្ល៉ាឌីមៀ ពូទីន ត្រូវបានគេរំពឹងថានឹងបញ្ចុះបញ្ចូលប្រធានាធិបតី លោក ស៊ី ជីនពីង (Xi Jinping) ឱ្យបញ្ចប់កិច្ចព្រមព្រៀងលើគម្រោង Power of Siberia 2 ដែលជាបំពង់បង្ហូរប្រេងមានសមត្ថភាពបញ្ជូនឧស្ម័ន ៥០ ពាន់លានម៉ែត្រគូប ជារៀងរាល់ឆ្នាំពីរុស្ស៊ីទៅកាន់ចិន។ គម្រោងនេះត្រូវបានពិភាក្សាតាំងពីឆ្នាំ ២០២២ មកម្ល៉េះ ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់មានវឌ្ឍនភាពណាមួយ ត្រូវបានបង្កើតឡើងទេ ដោយសារបញ្ហាតម្លៃ និងបចេ្ចកទេស។

ទន្ទឹមនឹងនេះ ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន នឹង​ជួប​ពិភាក្សា​ជាមួយមេដឹកនាំ ស៊ី ជីនពីង អំពី​ទំនាក់ទំនង​ទ្វេភាគី និង​កិច្ចការ​អន្តរជាតិ។ កិច្ចព្រមព្រៀងទ្វេភាគីប្រហែល ៤០ ត្រូវបានរំពឹងថានឹងត្រូវបានចុះហត្ថលេខារួមទាំង សេចក្តីថ្លែងការណ៍រួមស្តីពីការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរផងដែរ។

ឥឡូវនេះ ចិនគឺជាដៃគូដ៏សំខាន់បំផុតរបស់រុស្ស៊ីក្នុងនាមជាអ្នកទិញប្រេងដ៏ធំបំផុត និងជាប្រភពចំណូលដ៏សំខាន់មួយសម្រាប់រុស្ស៊ី ចំពេលសេដ្ឋកិច្ចរបស់ប្រទេសនេះស្ថិតនៅក្រោមសម្ពាធទណ្ឌកម្មដោយសារតែជម្លោះជាមួយនឹងអ៊ុយក្រែន។

ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី វ៉្លាឌីមៀ ពូទីន កើត​ឡើង​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​ប្រធានាធិបតី​អាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​ទៅ​ប្រទេស​ចិន។ នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​​ចិន​ទទួល​ស្វាគមន៍​មេដឹកនាំ​​មហាអំណាច​ទាំង​ពីរ​ក្នុង​ខែ​តែ​មួយ​។ ក្នុងអំឡុងពេលទស្សនកិច្ចរបស់លោក ត្រាំ ក៏ត្រូវបានអមដំណើរដោយគណៈប្រតិភូដែលសុទ្ធតែបុគ្គលមានទ្រព្យសម្បត្តិរាប់ពាន់លានដុល្លារដូចជា នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Tesla, Apple, Nvidia, BlackRock, Boeing, Meta,​ និង Visa ជាដើម។

យ៉ាងណាមិញ កាលពីថ្ងៃចន្ទ កន្លងទៅនេះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov លើកឡើងថា៖

“យើងមិនប្រកួតប្រជែងជាមួយនរណាម្នាក់ក្នុងលក្ខខណ្ឌនៃសមាសភាពគណៈប្រតិភូទេ។ យើងកំពុងអភិវឌ្ឍទំនាក់ទំនងឯករាជ្យ និងចម្រុះជាមួយប្រទេសចិន៕”

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា