សម្តេច​ធិបតី​៖ ការបោះពុម្ព​​ក្រដាស​ប្រាក់​ថ្មី​មាន​គោលដៅ​ពង្រឹង​សុវត្ថិភាព​ ​និង​ជំនួស​ក្រដាស​ប្រាក់​ចាស់​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្តេច​ធិបតី​៖ ការបោះពុម្ព​​ក្រដាស​ប្រាក់​ថ្មី​មាន​គោលដៅ​ពង្រឹង​សុវត្ថិភាព​ ​និង​ជំនួស​ក្រដាស​ប្រាក់​ចាស់​

សម្តេច​ធិបតី​៖ ការបោះពុម្ព​​ក្រដាស​ប្រាក់​ថ្មី​មាន​គោលដៅ​ពង្រឹង​សុវត្ថិភាព​ ​និង​ជំនួស​ក្រដាស​ប្រាក់​ចាស់​

​សម្តេចធិបតី​ ហ៊ុន ម៉ាណែត ​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ ​បាន​បញ្ជាក់​ថា​ ​ការ​បោះពុម្ព ​និង​ដាក់​ឱ្យ​ចរាចរ​ក្រដាស​ប្រាក់​ថ្មី​ប្រភេទ​ ៥០​,​០០០​រៀល ​និង​ ១០០​,​០០០​រៀល ​មិន​មែន​ដោយសារ​រាជ​រដ្ឋាភិបាល​ខ្វះខាត​ថវិកា​នោះ​ទេ​ ​ប៉ុន្តែ​ជា​ការ​រៀបចំឡើង​ដើម្បី​ពង្រឹង​សុវត្ថិភាព​ ​សោភ័ណ​ភាព និង​ជំនួស​ក្រដាស​ប្រាក់​ចាស់​ដែល​មាន​អាយុកាល​យូរ​។

​ថ្លែង​ក្នុង​ពិធី ​“​សម្ពោធ​បើក​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ផ្លូវ​ជាតិ​លេខ​១០ ​ប្រវែង​សរុប​ ​១៩៨​,​៥១៨​គីឡូម៉ែត្រ​”​ ​នៅ​ខេត្ត​ពោធិ៍​សាត់ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ទី​១ ​ខែ​តុលា ​ឆ្នាំ​២០២៦​ ​សម្តេច​ធិបតី​បាន​លើកឡើង​ថា​ ​ក្រដាស​ប្រាក់​ដែល​មាន​តម្លៃ​ធំ​ងាយ​ប្រឈម​នឹង​ការ​ក្លែងបន្លំ​ជាង​ក្រដាស​ប្រាក់​តម្លៃ​តូច ​ដូច្នេះ​ការ​ចេញ​ក្រដាស​ប្រាក់​ថ្មី​ទាំង​ពីរ​ប្រភេទ​នេះ​ ​បាន​បន្ថែម​បច្ចេកទេស ​និង​ចំណុច​សុវត្ថិ​ភាព​ពិសេស​មួយ​ចំនួន​ ​ដើម្បី​ធ្វើឱ្យ​ការ​ក្លែងបន្លំ​កាន់តែ​លំបាក​។​

​សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត ​បាន​មានប្រសាសន៍​ថា​៖​ ​«​មូលហេតុ​មួយ​ទៀត​នៃ​ការ​ចេញ​ក្រដាស​ប្រាក់​ថ្មី ​គឺ​ដើម្បី​ជំនួស​ក្រដាស​ប្រាក់​ចាស់​ដែល​ខូច​ ​និង​ចាស់​។ ​នៅ​ពេល​ប្រមូល​ក្រដាស​ប្រាក់​ចាស់​ ធនាគារ​ជាតិ​នៃ​កម្ពុជា​នឹង​យក​ទៅ​កិន​កម្ទេចចោល ​ហើយ​បញ្ចេញ​ក្រដាស​ប្រាក់​ថ្មី​ចូល​ទៅក្នុង​ចរាចរ​វិញ​»​។​

​សម្តេច​ធិបតី​បាន​បង្ហាញ​ថា ​ត្រឹម​ខែ​ឧសភា​ ​ក្រដាស​ប្រាក់​ចាស់ជិត ​៧២​,​៦ លាន​សន្លឹក​ត្រូវ​បាន​ប្រមូល​យក​ទៅ​កិន​កម្ទេចចោល​ក្នុង​មួយ​ខែ​ ​ខណៈ​ខែ​សីហា ​មាន​ចំនួន​រហូតដល់​ ១១៨​,​៩ ​លាន​សន្លឹក​ ​ដែល​មាន​តម្លៃ​ជិត ៨​៨៨ ​ពាន់​លាន​រៀល​។ ​សម្រាប់​ខែ​កញ្ញា​ ​ក្រដាស​ប្រាក់​ចាស់​ដែល​ប្រមូល​យក​ទៅ​កិន​ចោល​មាន​ជិត ៩៣ លាន​សន្លឹក​។

សរុប​ចាប់​ពី​ខែ​ឧសភា​ដល់​ខែ​កញ្ញា​ ​មាន​ក្រដាស​ប្រាក់​ចាស់​ប្រមាណ​ ៤៣៥ លាន​សន្លឹក​ត្រូវ​បាន​ប្រមូល​យក​ទៅ​កិន​កម្ទេចចោល​។ សម្តេច​ធិបតី​បាន​ពន្យល់​ថា​ ​ដំណើរការ​នេះ​គឺជា​សកម្មភាព​បង្វិល​ចូល ​និង​បង្វិល​ចេញ ​ដោយ​ក្រដាស​ប្រាក់​ចាស់​ត្រូវ​បាន​ដក​ចេញ​ពី​ចរាចរ ​ខណៈ​ក្រដាស​ប្រាក់​ថ្មី​ត្រូវ​បាន​បញ្ចេញ​ជំនួស​វិញ​។

​សម្តេច​ធិបតី​បាន​អះអាង​ថា​ ​ចរន្ត​សាច់​ប្រាក់​នៅ​កម្ពុជា​នៅតែ​ដំណើរការ​ជា​ធម្មតា​ ​និង​បាន​អំពាវនាវ​ឱ្យ​ប្រជា​ពលរដ្ឋ​កុំ​មាន​ការ​ព្រួយបារម្ភ​ចំពោះ​ការ​ចេញ​ក្រដាស​ប្រាក់​ថ្មី​។

​សម្តេច​នាយករដ្ឋមន្ត្រី​ក៏​បាន​បដិសេធ​ចំពោះ​ការ​លើកឡើង​ថា ​រាជ​រដ្ឋាភិបាល​អស់​លុយ ​ទើប​ត្រូវ​បោះពុម្ព​ក្រដាស​ប្រាក់​ថ្មី ​ដោយ​ចាត់ទុក​ការ​លើកឡើង​បែបនេះ​ថា​អាច​បង្ក​ការ​ភ័យខ្លាច ​និង​ជំរុញ​ឱ្យ​ប្រជា​ពលរដ្ឋ​ប្រញាប់​ដក​ប្រាក់​ពី​ធនាគារ​។ សម្តេច​បាន​បញ្ជាក់​ថា​ ​ប្រព័ន្ធ​ធនាគារ​កម្ពុជា​កំពុង​ដំណើរការ​ ​ហើយ​រដ្ឋ​មិន​មាន​ការ​ខ្វះខាត​ថវិកា​នោះ​ទេ​។

​ជាមួយគ្នា​នេះ​ ​សម្តេច​ធិបតី​បាន​បញ្ជាក់​ថា​ ​ក្រដាស​ប្រាក់​ ​១០០​,​០០០​រៀល ​ត្រូវ​បាន​បោះពុម្ព​តាំងពី​ឆ្នាំ​២០១២​ ​ខណៈ​ក្រដាស​ប្រាក់​ ៥០​,​០០០​រៀល ​ត្រូវ​បាន​បោះពុម្ព​តាំងពី​ឆ្នាំ​២០១៣​។ ​ដោយសារ​ក្រដាស​ប្រាក់​ទាំង​ពីរ​ប្រភេទ​មាន​អាយុកាល​ជាង​ ​១០​ឆ្នាំ​ ការ​កែប្រែ ​និង​កែលម្អ​ចំណុច​សុវត្ថិ​ភាព​ត្រូវ​បាន​ធ្វើឡើង​ដើម្បីឱ្យ​សមស្រប​នឹង​បច្ចេកវិទ្យា​បច្ចុប្បន្ន​ ​និង​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​ក្លែងបន្លំ​។

​ជា​ឧទាហរណ៍​ ​សម្តេច​ធិបតី​បាន​លើកឡើង​ពី​ការ​បើក​ប្រាក់​ខែ​ឌុប​ជូន​មន្ត្រីរាជការ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ ​រួមទាំង​ប្រាក់​ឧបត្ថម្ភ​បន្ថែម​ ​៥០​,​០០០​រៀល ​ដែល​សម្តេច​ចាត់ទុក​ថា​ជា​ផ្នែក​មួយ​បង្ហាញ​ថា​ ​រាជ​រដ្ឋាភិបាល​មិន​មាន​ការ​ខ្វះខាត​ថវិកា​ដូច​ការ​លើកឡើង​មួយចំនួន​នោះ​ទេ​។

​ដោយឡែក​ ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​ពន្យល់​កាលពី​ថ្ងៃ​ទី​២៥​ ​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​តាមរយៈ​វីដេអូ​ខ្លី​មួយ​ថា​ ​ក្រដាស​ប្រាក់​ថ្មី​ប្រភេទ​ ៥០​,​០០០​រៀល ​និង​ ​១០០​,​០០០​រៀល ​នៅ​រក្សា​ការ​រចនា ​និង​រូបភាព​ដដែល​ ​ប៉ុន្តែ​បាន​បន្ថែម​ចំណុច​សុវត្ថិភាព​ ​និង​សោភ័ណ​ភាព​ឱ្យ​កាន់តែ​ប្រសើរ​។

ធនាគារ​ជាតិ​បាន​បញ្ជាក់​ថា ​ចំណុច​សុវត្ថិភាព​មួយ ​គឺ​រូប​ព្រះ​រាជ​សង្ហា​ព្រះ​រាជាណាចក្រ​កម្ពុជា​ ​ត្រូវ​បាន​បោះពុម្ព​លើ​បន្ទះ​ហូឡូក្រាម ​ដើម្បី​ការពារ​ការ​បកបន្ទះ​នេះ​យក​ទៅ​ប្រើ​លើ​ក្រដាស​ប្រាក់​ប្រភេទ​ផ្សេង​។

​លើស​ពី​នេះ​ ​លេខ​តម្លៃ​ជា​អក្សរ​ឡាតាំង​ត្រូវ​បាន​ពង្រីក​ឱ្យ​ធំ​ជាង​មុន ​ដើម្បី​ជួយ​ឱ្យ​ទេសចរ​បរទេស​ងាយស្រួល​ស្គាល់​តម្លៃ​ក្រដាស​ប្រាក់​រៀល​។ ​សម្រាប់​ក្រដាស​ប្រាក់​ ​១០០​,​០០០​រៀល​ ​រូប​ផ្កា​ចន្ទ​ត្រូវ​បាន​បោះពុម្ព​ដោយ​ទឹក​ថ្នាំ​ពិសេស ​ដែល​អាច​ផ្លាស់ប្តូរ​ពណ៌​ពី​បៃតង​ទៅ​ពណ៌​ស្វាយ​ខ្ចី ​នៅពេល​អៀង​ក្រដាស​ប្រាក់​ចុះ​ឡើង​។

ធនាគារ​ជាតិ​បន្ថែម​ថា​ ​ក្រដាស​ប្រាក់​ថ្មី​ទាំង​ពីរ​ប្រភេទ​នៅ​មាន​ចំណុច​សុវត្ថិ​ភាព​ជា​ច្រើន​ទៀត​ ​ដែល​អាច​ពិនិត្យ​ឃើញ​តាមរយៈ​ឧបករណ៍​បច្ចេកទេស ​ដូចជា​ការ​ប្រើ​ពន្លឺ​កាំរស្មី​ពណ៌​ស្វាយ ​ដែល​បង្ហាញ​លក្ខណៈ​ពណ៌​ចម្រុះ​នៅលើ​ក្រដាស​ប្រាក់​៕

អ្នកនាង យ៉ាត់ ម៉ាឡៃ | Mrs. YAT Malai

អ្នកនាង យ៉ាត់ ម៉ាឡៃ | Mrs. YAT Malai

<p class="p1">ជីវប្រវត្តិ៖ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកទំនាក់ទំនងអន្តរជាតិពីសកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជានិងមានបទពិសោធន៍ជិត៤ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន អ្នកនាងជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy</p>

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា