សម្ដេច​ធិបតី​៖​ រដ្ឋ​ចំណាយ​ ១​.​២ ​ពាន់​លាន​ដុល្លារ​ ​ប្រើ​ ​«​ហោប៉ៅ​រដ្ឋ​ ​ទប់​ហោប៉ៅ​រាស្ត្រ​» ​ក្នុងពេល​មាន​វិបត្តិ​សេដ្ឋកិច្ច​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្ដេច​ធិបតី​៖​ រដ្ឋ​ចំណាយ​ ១​.​២ ​ពាន់​លាន​ដុល្លារ​ ​ប្រើ​ ​«​ហោប៉ៅ​រដ្ឋ​ ​ទប់​ហោប៉ៅ​រាស្ត្រ​» ​ក្នុងពេល​មាន​វិបត្តិ​សេដ្ឋកិច្ច​

សម្ដេច​ធិបតី​៖​ រដ្ឋ​ចំណាយ​ ១​.​២ ​ពាន់​លាន​ដុល្លារ​ ​ប្រើ​ ​«​ហោប៉ៅ​រដ្ឋ​ ​ទប់​ហោប៉ៅ​រាស្ត្រ​» ​ក្នុងពេល​មាន​វិបត្តិ​សេដ្ឋកិច្ច​

ភ្នំពេញ​៖​ ​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ចេញ​ថវិកា​ចំនួន​ ១​.​២ ពាន់​លាន​ដុល្លារ​អាម៉េរិក​ ​ដើម្បី​អនុវត្ត​គោលនយោបាយ​អន្តរាគមន៍​សេដ្ឋកិច្ច​សំខាន់​ៗ​ចំនួន​៣ ​ក្នុង​គោលបំណង​សម្រាល​បន្ទុក​ចំណាយ​របស់​ប្រជា​ពលរដ្ឋ​ ​និង​ទប់ទល់​នឹង​ផលប៉ះពាល់​ពី​វិបត្តិ​សេដ្ឋកិច្ច​សកល ​ជាពិសេស​វិបត្តិ​ថាមពល ​និង​ប្រេង​ឥន្ធនៈ​ដែល​បង្កឡើង​ដោយ​សង្គ្រាម​រវាង​សហរដ្ឋ​អាម៉េរិក​ ​និង​អ៊ីរ៉ង់​។

​ថ្លែង​ក្នុង​ឱកាស​អញ្ជើញ​ចុះ​ចែក​ពូជ​ស្រូវ​ជូន​ប្រជា​ពលរដ្ឋ​នៅ​ខេត្ត​ពោធិ៍សាត់ នា​ព្រឹក​ថ្ងៃ​ទី​៥​ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០២៦​ ​សម្ដេច​មហា​បវរធិបតី​ ហ៊ុន ម៉ាណែត ​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ ​បាន​ឱ្យ​ដឹង​ថា​ ​ថវិកា​ដែល​បាន​បញ្ចេញ​តាមរយៈ​ក្រសួង​សេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​ត្រូវ​បាន​ប្រើប្រាស់​លើ​វិធានការ​សំខាន់​ៗ​ចំនួន​៣ ​ដើម្បី​ជួយ​ប្រជា​ពលរដ្ឋ​ក្នុងពេល​ប្រឈម​នឹង​សម្ពាធ​សេដ្ឋកិច្ច​ ​និង​អតិផរណា​។

​វិធានការ​ទី​១ ​គឺ​ការ​ចំណាយ​ថវិកា​ប្រមាណ​ ​៦០០​លាន​ដុល្លារ​អាម៉េរិក​ ​លើ​ការ​ឧបត្ថម្ភ​ធន​ក្នុង​វិស័យ​ប្រេងឥន្ធនៈ​ ​តាមរយៈ​ការ​មិន​យក​ពន្ធ​ពី​ក្រុមហ៊ុន​នាំចូល​ ​និង​ចែកចាយ​ប្រេងឥន្ធនៈ​ទាំងអស់​ ​ដើម្បី​ជួយ​បញ្ចុះ ​និង​រក្សា​តម្លៃ​លក់​រាយ​ប្រេងឥន្ធនៈ​នៅ​ទូទាំង​ប្រទេស​។

​វិធានការ​ទី​២ ​គឺ​ការ​បញ្ចេញ​ថវិកា​ប្រមាណ ៧០​លាន​ដុល្លារ​អាម៉េរិក​ ​ដើម្បី​ជួយ​ទប់ស្កាត់​ការ​កើនឡើង​នៃ​តម្លៃ​អគ្គិសនី​ ​ដោយ​ប្រើប្រាស់​ថវិកា​រដ្ឋ​តាមរយៈ​ក្រសួង​សេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ ​ដើម្បី​សម្រាល​បន្ទុក​ចំណាយ​របស់​អ្នក​ប្រើប្រាស់​។

​ចំណែក​វិធានការ​ទី​៣ ​គឺ​ការ​បញ្ចេញ​ថវិកា​រាប់​រយ​លាន​ដុល្លារ​បន្ថែម​ទៀត ​ដើម្បី​បង្កើត​កម្មវិធី​ថ្មី​ៗ​ ​សំដៅ​បង្កើន​ការ​បណ្ដុះបណ្ដាល​ជំនាញ ​ពង្រឹង​សមត្ថភាព​ ​និង​ស្វែងរក​ឱកាស​ការងារ​ជូន​ពលករ​ដែល​ទើប​វិលត្រឡប់​មកពី​ប្រទេស​ថៃ​។ ​វិធានការ​នេះ​ក៏​ផ្តោត​លើ​ការ​បង្កើត​ការងារ​ផ្ទាល់​ក្នុង​រយៈពេល​ខ្លី ​ដើម្បី​ជួយ​ឱ្យ​ពលករ​អាច​ទទួល​បាន​ប្រាក់​ចំណូល ​និង​បន្ត​ជីវភាព​រស់នៅ​។

​សម្ដេច​ធិបតី​បាន​ពន្យល់​ថា​ ​ការ​ប្រើប្រាស់​ថវិការដ្ឋ​ដើម្បី​ឧបត្ថម្ភ​ដល់​អង្គភាព​ ​ឬ​វិស័យ​ផ្សេង​ៗ ​គឺជា​ការ​ផ្ទេរ​ធនធាន​រវាង​ស្ថាប័ន​រដ្ឋ​ដែល​ស្ថិត​ក្រោម​ប្រភព​ហិរញ្ញវត្ថុ​តែ​មួយ ​ដោយ​មាន​គោលដៅ​ជួយ​សម្រាល​បន្ទុក​របស់​ប្រជា​ពលរដ្ឋ​។

​សម្ដេច​ធិបតី​មានប្រសាសន៍​ថា​៖​ ​“​ដូចជា​ ​ED​C ​ជា​អង្គ​ភាព​ស្វយ័ត តែ​លុយ​ចេញ​ពី​ហោប៉ៅ​តែ​មួយ ​(​ក្រសួង​សេដ្ឋកិច្ច​)​ ​អ៊ីចឹង​ហោប៉ៅ​មួយ​ឧបត្ថម្ភ​ទៅ​ហោប៉ៅ​មួយ​ ​គឺ​សុទ្ធតែ​ជា​របស់​រដ្ឋ​ទាំងអស់​!​ បើ​ប្រជា​ពលរដ្ឋ​ជួប​ការ​លំបាក​ ​រដ្ឋ​ត្រូវតែ​ចេញ​លុយ​ទៅ​ជួយ​ដដែល​ ​យើង​ត្រូវ​ជួយ​ទប់​គាត់​កុំ​ឱ្យ​លំបាក​ពេក ​ទើប​គាត់​សល់​លុយ​ក្នុង​ហោប៉ៅ ​ហើយ​គាត់​អាច​ជួយ​បន្ថែម​”​។

​ក្នុង​ឱកាស​នោះ​ដែរ​ ​សម្ដេច​ធិបតី​បាន​កោតសរសើរ​ ​និង​ថ្លែងអំណរគុណ​ចំពោះ​ឯកឧត្តម​អគ្គ​បណ្ឌិត​សភា​ចារ្យ​ ​អូន ព័ន្ធ​មុនី​រ័ត្ន​ ​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​និង​ជា​ប្រធាន​គណៈកម្មការ​រៀបចំ​គោលនយោបាយ​ ​ចំពោះ​ការ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​រៀបចំ​គោលនយោបាយ​ ​និង​សម្របសម្រួល​ជាមួយ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ ​ដើម្បី​ដាក់​ចេញ​វិធានការ​ជួយ​ប្រជា​ពលរដ្ឋ​ឱ្យ​បាន​ទាន់​ពេលវេលា​។

​សម្ដេច​ធិបតី​បាន​បញ្ជាក់​ថា​ ​ប្រធាន​គណៈកម្មការ​រូប​នេះ​បាន​បន្ត​ធ្វើការ​យ៉ាងសកម្ម​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ ​ដើម្បី​ធានា​ថា​ ​ការ​រៀបចំ​គោលនយោបាយ​អាច​ភ្ជាប់​ជាមួយ​ការ​អនុវត្ត​ជាក់ស្ដែង​ ​និង​ឆ្លើយតប​ទៅ​នឹង​ការ​លំបាក​របស់​ប្រជា​ពលរដ្ឋ​ ​ក្នុងពេល​កម្ពុជា​ប្រឈម​នឹង​សម្ពាធ​អតិផរណា​ ​និង​វិបត្តិ​សេដ្ឋកិច្ច​សកល​៕

លោក​ ​ជិន​ សុភ័ក្ដ្រ | Mr. Chin Sopheak

លោក​ ​ជិន​ សុភ័ក្ដ្រ | Mr. Chin Sopheak

ជីវប្រវត្តិ៖ ប្រឡូកក្នុងវិស័យសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយជាង ១៩ឆ្នាំ​ លោកបានបំពេញភារកិច្ចជាអ្នកសារព័ត៌មានអាជីពនៅតាមស្ថាប័នសារព័ត៌មានជាតិ​ និងអន្ដរជាតិ មានដូចជា ទស្សនាវដ្ដី​ កាសែត​ វិទ្យុ ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយឌីជីថល។ បច្ចុប្បន្ន លោកជា អ្នករាយការណ៍ជាន់ខ្ពស់នៅ AMS។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា