Samsung ​គ្រោង​បោះទុន​ជិត​ ២ ​ពាន់​លាន​ដុល្លារ​បន្ថែម​នៅ​វៀតណាម ​ពង្រីកការ​ផលិត​បន្ទះ​តភ្ជាប់​ឈីប​ A​I | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
Samsung ​គ្រោង​បោះទុន​ជិត​ ២ ​ពាន់​លាន​ដុល្លារ​បន្ថែម​នៅ​វៀតណាម ​ពង្រីកការ​ផលិត​បន្ទះ​តភ្ជាប់​ឈីប​ A​I

Samsung ​គ្រោង​បោះទុន​ជិត​ ២ ​ពាន់​លាន​ដុល្លារ​បន្ថែម​នៅ​វៀតណាម ​ពង្រីកការ​ផលិត​បន្ទះ​តភ្ជាប់​ឈីប​ A​I

​បរទេស​៖​ ​ក្រុមហ៊ុន​ Samsung ​Electro​-​Mechanics ​ដែល​ជា​បុត្រ​សម្ព័ន្ធ​របស់​ Samsung ​Group ​គ្រោង​វិនិយោគ​បន្ថែម​ចំនួន​ ១​,​៨៥​ ​ពាន់​លាន​ដុល្លារ​នៅ​ខេត្ត​ Thai Nguyen ​ប្រទេស​វៀតណាម ​ដើម្បី​ពង្រីក​ការ​ផលិត​បន្ទះ​តភ្ជាប់​ឈីប​ប្រភេទ​ F​CB​GA ​សម្រាប់​ឆ្លើយតប​នឹង​តម្រូវការ​កើនឡើង​នៃ​ទីផ្សារ​ឈីប​ A​I ​និង​ប្រព័ន្ធ​គណនា​កម្រិត​ខ្ពស់​។ ​នេះ​បើ​តាម​ការ​រាយការណ៍​របស់​ Vietnam ​Investment ​Review​។​

​ការ​វិនិយោគ​នៅ​វៀតណាម​នេះ​ ​គឺ​ជា​ផ្នែក​មួយ​នៃ​កញ្ចប់​ថវិកា​សរុប​ប្រមាណ​ ​៥​,​០៥ ​ពាន់​លាន​ដុល្លារ​ ​ដែល​ក្នុង​នោះ​មាន​ការ​វិនិយោគ​ ៣​,​១៨ ​ពាន់​លាន​ដុល្លារ​នៅ​តំបន់​ Sejong ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ ​និង​ ១​,​៨៥ ​ពាន់​លាន​ដុល្លារ​នៅ​ខេត្ត​ Thai Nguyen ​ប្រទេស​វៀតណាម​។​

Samsung ​Electro​-​Mechanics ​មាន​គម្រោង​ពង្រីក​ការ​ផលិត​បន្ទះ​តភ្ជាប់​ឈីប​ប្រភេទ​ F​CB​GA ​នៅ​រោងចក្រ​របស់​ខ្លួន​ក្នុង​ប្រទេស​វៀតណាម​។​ ​រោងចក្រ​នេះ​ត្រូវ​បាន​សាងសង់ ​និង​ដំណើរការ​តាំងពី​ឆ្នាំ​ ​២០១៥​ ​មក ​ហើយ​ការ​ពង្រីក​ថ្មី​គ្រោង​នឹង​បញ្ចប់​ការ​សាងសង់​ ​និង​ចាប់ផ្តើម​ប្រតិបត្តិការ​ពេញលេញ​នៅ​ត្រឹម​ខែ​មិថុនា ​ឆ្នាំ​២០៣០​។

តាម​របាយការណ៍​ហិរញ្ញវត្ថុ​ឆ្នាំ​២០២៥ ​ដែល​បាន​សវនកម្ម ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ Samsung ​Electro​-​Mechanics ​នៅ​វៀតណាម​រក​ចំណូល​បាន​ ២​,​១៩ ​ពាន់​លាន​ដុល្លារ ​និង​ប្រាក់​ចំណេញ​ ​៣៥​,​១ ​លាន​ដុល្លារ​ ​ខណៈ​ទ្រព្យ​សកម្ម​សរុប​មាន​ចំនួន​ ១​,​៩៥ ​ពាន់​លាន​ដុល្លារ​។

​តាមរយៈ​ការ​វិនិយោគ​នេះ​ Samsung ​Electro​-​Mechanics ​មាន​គោលដៅ​ពង្រឹង​ភាព​ប្រកួតប្រជែង​នៅលើ​ទីផ្សារ​សកល ​តាមរយៈ​ការ​កសាង​កិច្ច​សហប្រតិបត្តិការ​រយៈពេល​វែង​ជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំ​ៗ​។

​តាម​ផែនការ​របស់​ក្រុមហ៊ុន​ ​ទីតាំង​ ​Sejong ​នៅ​កូរ៉េ​ខាង​ត្បូង​នឹង​ត្រូវ​តម្រង់​ទិស​ឱ្យ​ក្លាយជា​មជ្ឈមណ្ឌល​ផលិតផល​តម្លៃ​ខ្ពស់​ ​ខណៈ​រោងចក្រ​នៅ​វៀតណាម​នឹង​ក្លាយជា​មជ្ឈមណ្ឌល​យុទ្ធសាស្ត្រ​សម្រាប់​ផលិត ​និង​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ​សកល ​ព្រមទាំង​បង្កើន​ប្រសិទ្ធភាព​សង្វាក់​ផលិតកម្ម​។

​បន្ទះ​តភ្ជាប់​ឈីប​ប្រភេទ​ F​CB​GA ​មាន​តួនាទី​បញ្ជូន​សញ្ញា​អេឡិចត្រូនិច ​និង​ថាមពល​ពី​ឈីប​កម្រិត​ខ្ពស់​ទៅកាន់​ផ្ទាំង​សៀគ្វីដើម​ ​ឬ​ mainboard ​ដើម្បីឱ្យ​ការ​គណនា​ទិន្នន័យ​ប្រព្រឹត្តទៅ​បាន​លឿន​។ វា​ក៏​ផ្តល់​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​បញ្ចេញ​កម្ដៅ​ ​និង​ទ្រទ្រង់​ចរន្ត​អគ្គិសនី​កម្រិត​ធំ ​ព្រមទាំង​ជួយ​ការពារ​ឈីប​ពី​ការ​ឆេះ ​ឬ​ទាក់គាំង​។

F​CB​GA ​ក៏​ដើរ​តួ​ជា​ស្រទាប់​ការពារ​សម្រាប់​ឈីប​សម័យ​ថ្មី​ ​ដែល​មាន​ទំហំ​តូច ​និង​ងាយ​បាក់បែក​។ ​ជា​ពិសេស​ ឈីប A​I ​កម្រិត​ខ្ពស់​ត្រូវការ​សមត្ថភាព​គណនា​ក្នុង​ទំហំ​ធំ ​ដូច្នេះ​ត្រូវការ​បន្ទះ​ F​CB​GA ​ដែល​មាន​ផ្ទៃ​ធំ​ជាង​មុន​ ​និង​មាន​ស្រទាប់​ច្រើន ​ដើម្បី​អាច​បង្កប់​ខ្សែ​សៀគ្វី​បាន​ច្រើន​ជាន់ ​និង​បញ្ជូន​ទិន្នន័យ​បាន​លឿន​។ ហេតុ​នេះ​ បន្ទះ​ F​CB​GA ​កម្រិត​ខ្ពស់​មាន​សារៈសំខាន់​ក្នុង​ការ​ជួយ​ឱ្យ​ឈីប​ ​AI ​អាច​បញ្ចេញ​សមត្ថភាព​បាន​ពេញលេញ ​និង​ដំណើរការ​បាន​ដោយ​រលូន ​និង​មាន​ស្ថិរ​ភាព​៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា