SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ភ្នំពេញ ៖ មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគម និងឧស្សាហកម្មធំៗចំនួន ៤ រួមមាន សមាគមភស្តុភារកម្មកម្ពុជា (CLA), សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា (CAIF), សមាគមស្វាយចន្ទីកម្ពុជា (CAC) និង សមាគមអេឡិចត្រូនិក និងបច្ចេកវិទ្យាកម្ពុជា (CETA) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋ និងឯកជន ក្នុងការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព ឆ្លើយតបចំតម្រូវការជាក់ស្តែងរបស់ទីផ្សារការងារ និងវិស័យឧស្សាហកម្ម។

Advertisement

ពិធីដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាល SDF និង ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាអនុប្រធានក្រុមប្រឹក្សាបរធនបាល SDF, ព្រមទាំងមានការចូលរួមពីតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB), និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងភ្ញៀវកិត្តិយសសរុបប្រមាណ ១២០ នាក់។

ឯកឧត្តម គី សុខគីម នាយកប្រតិបត្តិ SDF បានគូសបញ្ជាក់ថា ភាពជាដៃគូនេះនឹងផ្ដោតលើកិច្ចការគន្លឹះចំនួន ៣ រួមមាន៖

១) ការកំណត់តម្រូវការ៖ សិក្សាតម្រូវការជំនាញតាមវិស័យជាក់ស្តែង ដើម្បីបង្កើនផលិតភាព។ ២) គំរូប្រតិបត្តិការ SDF៖ រួមគ្នារៀបចំ រួមគ្នាវិនិយោគ និងរួមគ្នាទទួលខុសត្រូវ (Co-Design, Co-Invest & Co-Own) លើការអភិវឌ្ឍជំនាញ។ ៣) ភាពជាដៃគូរដ្ឋ-ឯកជន (PPP)៖ ជំរុញការវិនិយោគ ផ្ទេរបច្ចេកវិទ្យា និងបង្កើតការងារប្រកបដោយជំនាញ។

ឯកឧត្តម សុខគីម បានបន្ថែមថា SDF នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយសមាគម និងឧស្សាហកម្មនានា ដើម្បីបង្កើតក្របខ័ណ្ឌជំនាញ និងគម្រោងបណ្តុះបណ្តាលសម្រាប់វិស័យនីមួយៗ។

ថ្លែងនៅក្នុងពិធីនោះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ផាន់ ផល្លា បានបង្ហាញជំនឿចិត្តយ៉ាងមុតមាំថា កិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រនេះ នឹងក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការអភិវឌ្ឍកម្លាំងពលកម្មជំនាញ ដើម្បីបង្កើតឧត្តមភាពប្រកួតប្រជែងសម្រាប់វិស័យឯកជន និងសង្គមជាតិ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។

គិតមកដល់បច្ចុប្បន្ន SDF បានគាំទ្រការបណ្ដុះបណ្ដាលជំនាញដល់សិក្ខាកាមសរុបប្រមាណ ៩៣ ០០០ នាក់។ ជាលទ្ធផល អត្រាបញ្ចប់ការសិក្សាសម្រេចបាន ៩៦%, អត្រាមានការងារធ្វើ ៨៨%, ការពេញចិត្តពីនិយោជក ៨៥% និង ៨៩% នៃសហគ្រាសបានរាយការណ៍ពីការកើនឡើងផលិតភាពការងារ។

ភាពជាដៃគូថ្មីនេះ គឺជាសក្ខីភាពនៃការបោះជំហានទៅមុខរួមគ្នា ប្រកបដោយស្មារតីបុរេសកម្ម និងទំនួលខុសត្រូវខ្ពស់ ដើម្បីធានាបាននូវការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ និងឆ្លើយតបចំតម្រូវការឧស្សាហកម្មជាក់ស្តែង៕

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា