មន្ត្រីជាន់ខ្ពស់​ពន្ធដារ ៖ ពន្ធ​លើ​ចំណេញ​មូលធន​ត្រូវបង់នៅពេលដែល​ចំណេញតែប៉ុណ្ណោះ បើមិនចំណេញមិនត្រូវ​បង់ទេ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មន្ត្រីជាន់ខ្ពស់​ពន្ធដារ ៖ ពន្ធ​លើ​ចំណេញ​មូលធន​ត្រូវបង់នៅពេលដែល​ចំណេញតែប៉ុណ្ណោះ បើមិនចំណេញមិនត្រូវ​បង់ទេ

មន្ត្រីជាន់ខ្ពស់​ពន្ធដារ ៖ ពន្ធ​លើ​ចំណេញ​មូលធន​ត្រូវបង់នៅពេលដែល​ចំណេញតែប៉ុណ្ណោះ បើមិនចំណេញមិនត្រូវ​បង់ទេ

ភ្នំពេញ ៖ រាជរដ្ឋាភិបាល​បានចាប់​ផ្ដើម​ឱ្យ​អនុវត្ត​ន៍​ពន្ធលើ​ចំណេញ​មូលធន​នៅក្នុ​ងឆ្នាំ២០២៦នេះ ប៉ុន្តែសម្រាប់​តែប្រតិបត្តិការ​លក់ ឬផ្ទេរ​ទ្រព្យ ៥ប្រភេទប៉ុណ្ណោះ រួមមាន​​ភតិសន្យា ទ្រព្យ​វិនិយោគ​ កេរ្តិ៍ឈ្មោះអាជីវកម្ម កម្មសិទ្ធិ​បញ្ជា និង​រូបិយបណ្ណបរទេស ។ ពាក់ព័ន្ធនឹង​ពន្ធ​លើ​ចំណេញ​មូលធន​នេះ មន្ត្រីជាន់ខ្ពស់​ពន្ធដា​របានបញ្ជាក់ថា​ ពន្ធនេះ គឺត្រូវ​បង់​តែពេល​ចំណេញប៉ុណ្ណោះ បើមិនចំណេញ មិនចាំបាច់​បង់ឡើយ។

Advertisement

ឯកឧត្តម​បណ្ឌិត កែន សម្បត្តិ អគ្គនាយករង​នៃអគ្គនាយដ្ឋាន​ពន្ធដារ បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា ការ​ដាក់ឱ្យ​អនុវត្ត​ពន្ធលើ​ចំណេញមូលធននេះ នឹងធានា​បាននូវ​សមធម៌នៃការ​បង់ពន្ធរវាង​អ្នក​ជាប់​ពន្ធជារូបវន្ត​បុគ្គល និង​នីតិបុគ្គល ដែល​កន្លងមក​ នីតិ​បុគ្គលបាន​អនុវត្ត​បង់ពន្ធនេះតាំងពី​ប្រព័ន្ធពន្ធដារ​ ចាប់ផ្ដើមអនុវត្ត​របប​ស្វ័យ​ប្រកាស​នៅឆ្នាំ១៩៩៤ ព្រមទាំង​ធានា​នូវ​ការ​ប្រកួត​ប្រជែង​ដោយស្មើភាព​ ជា​ពិ​សេស​​ គឺការធានា​បាននូវ​ចីរភាព​នៃកំណើន​ចំណូល​ពន្ធ ស្រ​បតាមកម្មវិធីកំណែ​ទម្រង់​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ និងយុទ្ធសាស្ត្រ​កៀរគរ​ចំណូល​របស់រាជរដ្ឋាភិបាល ។​

ឯកឧត្តម​បានបញ្ជាក់ថា ៖

« ពន្ធលើ​ចំ​ណេ​ញ​​មូលធន​លើកា​រលក់​ ឬផ្ទេរ​ទ្រព្យ​ទាំង​៥ប្រភេទនេះ ត្រូវបង់នៅពេលដែល​មាន​ផលចំណេញប៉ុណ្ណោះ បើមិនមានចំណេញមិនត្រូវ​បង់ទេ »។

ឯកឧត្តម​បានលើកឡើងថា ពន្ធ​ គឺជា​កាតព្វកិច្ចរបស់ពលរដ្ឋដែលត្រូវ​បំពេញ ដើម្បីបានជា​ថវិកា​រដ្ឋ​សម្រាប់រាជរដ្ឋាភិបាល​យកទៅចំណាយ​លើកិច្ច​ដំណើរការរបស់ក្រសួង​ ស្ថាប័ន​រដ្ឋ​នានានៃព្រះរាជាណាចក្រកម្ពុជា និង​លើការ​ធ្វើ​កំណែទម្រង់​ទាំង​ឡាយ​របស់រដ្ឋាភិបាល ជាប្រយោជន៍ផ្ដល់ឱ្យ​ប្រជាពលរដ្ឋវិញនូវសេវាសាធារណៈ មានដូចជា​ សាលារៀន មន្ទីរពេទ្យ ផ្លូវ ស្ពាន ប្រព័ន្ធធារាស្ត្រ​ស្រោចស្រព និងសេវា​សាធារណៈ ដើម្បីការពារ​អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ការ​រក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម ការការពារ​សុវត្ថិភាពទ្រព្យសម្បត្តិ​និងប្រជាជន ការអប់រំ ​ការថែទាំសុខភាព​ ប្រព័ន្ធសន្តិសុខ​ សុវត្ថិភាពសង្គម ប្រព័ន្ធយុត្តិធម៌ជាដើម ។ ជាក់ស្ដែង​ចំណូលពន្ធ បានដើរ​តួនាទីយ៉ាង​សំខាន់​ក្នុងការ​អនុវត្តយុទ្ធសាស្ត្រនានា​របស់​រាជរដ្ឋាភិបាល ដោយ​បានរួម​ចំណែក​ក្នុងការ​ជំរុញកំណើន​សេដ្ឋកិច្ច ការ​កាត់បន្ថយភាពក្រីគ្រ ការ​បង្កើតការងារសមរម្យជូន​ប្រជាពលរដ្ឋជាដើម​ ។

ឯកឧត្តម​បាន​បន្ថែមថា ៖

«ចំណូលពន្ធបាន​ចូលរួម​ចំណែកជាសារវន្ត​ក្នុងការពង្រឹង​គុណភាព និងពង្រីក​វិសាល​ភាព​សេវាសាធារណៈ តាមរយៈការ​ដំឡើង​ប្រាក់បៀវត្សជូនមន្ត្រីរាជការ និងកងកម្លាំង​ប្រដាប់អាវុធ ព្រមទាំង​បង្កើន​ចំណាយទៅលើសេវាគាំពារ​សុខុមាលភាពសង្គម​ដែលជួយកាត់បន្ថយនូវ​តម្លាភាព​នៃការ​រីក​ចម្រើន​រវាង​ទីក្រុង និង​ជន​បទ ជាពិសេស​ការ​បន្ត​ពង្រឹងភាពជា​ម្ចាស់ និងឯករាជ្យភាពថវិកាជាតិ ក្នុងការ​គ្រប់គ្រ​ងកិច្ច​អភិវឌ្ឍរបស់ខ្លួន»។

ឯកឧត្តម​ក៏បានជំរុញ និងលើកទឹកចិត្តឱ្យ​​​ប្រជាពលរដ្ឋ​មានមនសិការ​ខ្ពស់ក្នុងការ​ពង្រឹង​វប្បធម៌បង់ពន្ធ និងអនុលោមភាព​សារពើ​ពន្ធ​ ដើម្បីឱ្យរាជរដ្ឋាភិបាល​កាន់តែមានថវិកា​គ្រប់គ្រាន់​ក្នុងការ​អភិវឌ្ឍ​ប្រទេស​ជាតិឱ្យរីកចម្រើន ជាពិសេសឈានទៅ​សម្រេច​ឱ្យបាន​គោលដៅ ឆ្នាំ ២០៥០នឹង​ក្លាយទៅជា​ប្រទេស​អភិវឌ្ឍន៍ ។

គួរ​បញ្ជាក់ថា ពន្ធលើចំណេញមូលធន​ ត្រូវ​បានរាជរដ្ឋាភិបាល​សម្រេចពន្យារពេលអនុវត្ត​ជាច្រើនលើក​មកហើយ ហើយនៅទីបំផុត​ពន្ធ​នេះ ក៏បាន​ចាប់អនុវត្តនៅក្នុង​ឆ្នាំ២០២៦នេះ ប៉ុន្តែអនុវត្ត​តែលើ​ប្រតិបត្តិការ​លក់​ឬផ្ទេរ​ទ្រព្យ ៥​ប្រភេទប៉ុណ្ណោះ ។ ចំណែកពន្ធ​លើ​ចំណេញ​មូលធន​អចលនទ្រព្យ​ ត្រូវ​បាន​បន្ត​លើកពេលសម្រាប់​អនុវត្ត​នៅពេល​បន្ទាប់ទៀត ដូច្នេះការ​ទិញលក់​អចលនទ្រព្យ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ មិនត្រូវបង់ពន្ធលើ​ចំណេញមូលធន​នោះឡើយ ៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា