មោទនភាពកសិករស្ដ្រីកម្ពុជា! អ្នកស្រី សែត ហាច ឈ្នះពានកសិកម្មអន្ដរជាតិ FAO | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មោទនភាពកសិករស្ដ្រីកម្ពុជា! អ្នកស្រី សែត ហាច ឈ្នះពានកសិកម្មអន្ដរជាតិ FAO

មោទនភាពកសិករស្ដ្រីកម្ពុជា! អ្នកស្រី សែត ហាច ឈ្នះពានកសិកម្មអន្ដរជាតិ FAO

រាជធានីភ្នំពេញ៖ កសិករស្ដ្រី​ វ័យ ៤២ឆ្នាំម្នាក់​មក​ពី​ខេត្ដសៀមរាប ត្រូវ​បានចាត់​ទុក​ជា​វីរៈជនតំណាងឱ្យកសិករស្ដ្រីខ្មែរ និង​បាន​ប្រកាស​ជា​ឱឡារឹកនៅ​ចំពោះមុខ​ភ្ញៀវជាតិ-អន្ដរជាតិ​រាប់​រយ​នាក់ នៅក្នុង​វេទិកា និង​ពិព័រណ៍​កសិកម្ម​កម្ពុជា ឆ្នាំ​២០២៦ (CAFE 26) នៅ​ថ្ងៃ​ទី២៤ ខែ​តុលា ឆ្នាំ២០២៦នេះ។

ក្នុង​នាម​ជាស្ដ្រី​ខ្មែរ​ម្នាក់​ដំបូង​គេ ទើប​​ក្លាយខ្លួន​ជា​វីរៈនារី​ក្នុង​វិស័យ​កសិកម្មតាមរយៈ​កម្មវិធីមួយ​របស់​​អង្គការ FAO​ ​អ្នកស្រី សែត ហាច បាន​ប្រែក្លាយ​សហគមន៍​កសិកម្មតូច​មួយរបស់​ខ្លួន​នៅ​ខេត្ដ​សៀមរាប ឱ្យ​ពិភព​លោក​បាន​ស្គាល់ និង​ស្ងប់ស្ញែង​បំផុត។

ក្នុង​ទឹកមុខ​សប្បាយ​រីក ក្រោយ​ចុះ​ពី​លើ​វេទិកា CAFE 26​  អ្នកស្រី សែត ហាច បាន​ប្រាប់​បណ្ដាញ​សារព័ត៌មាន AMS ថា នេះ​ជា​ការ​ឡើង​បង្ហាញ​ខ្លួន​លើ​ឆាកកិត្ដិយសលើក​ទី២ ក្នុង​នាម​ជាម្ចាស់ជ័យលាភីម្នាក់ក្នុង​ចំណោម​ម្ចាស់ជ័យលាភី ១០០​នាក់​ដំបូងគេនៅលើ​ពិភព​លោក​ដែល​ទទួល​បាន​ពានរង្វាន់​នៅ​ទីក្រុងរ៉ូម នៃ​ប្រទេស​អុីតាលី​​ កាល​ពីថ្ងៃ​ទី១៥ ខែតុលា ឆ្នាំ២០៦កន្លង​ទៅ​ថ្មីៗ​នេះ។

អ្នកស្រី បានមាន​ប្រសាសន៍​ថា នេះ​ជា​ផ្នែក​មួយ​ជួយ​លើក​ទឹកចិត្ដ​រូប​អ្នកស្រី​ផ្ទាល់ ក៏ដូច​ជា​សមាជិក​សហគមន៍ “ស្ដ្រីភោគផល​មាន​ជ័យ​” ផ្សេង​ទៀត ដែល​កំពុង​ដំណើរការ​ដាំបន្លែ និង​ចិញ្ចឹមមាន់​ស្រែ​ទៅ​តាម​បច្ចេកទេស​ទំនើប ​មាន​កម្លាំង​ចិត្ដ​ដឹកនាំ និង​ពង្រីក​ខ្លួន​កាន់​តែ​ធំ​ទៅ​ថ្ងៃ​អនាគត។

បើ​តាម​អ្នកស្រី សែត ហាច ក្នុងចំណោម​បេក្ខនារី ៦០៩​នាក់ ដែល​បាន​ផ្ញើ​ប្រវត្ដិរូប និង​សកម្មភាព​ការងារ​ក្នុង​វិស័យ​កសិកម្ម​របស់​ខ្លួន​ទៅ​គណៈកម្មការប្រកួត​យក​ពាននៃ​កម្មវិធី​របស់​អង្គការ FAO ក៏​មាន​​បេក្ខនារី​ពី​ប្រទេសកម្ពុជាចំនួន ៩​នាក់ផ្សេង​ទៀត​ដែរ។ ប៉ុន្ដែ​មាន​តែ​អ្នកស្រី​ម្នាក់​គត់ ត្រូវ​បាន​គណៈកម្មការ​សម្រេច​ផ្ដល់​ពានរង្វាន់ ដោយ​អ្នកស្រី​ខ្លួនឯង​ផ្ទាល់​យល់​ថា វា​កើត​ចេញ​ពី​ការ​តស៊ូ លះបង់​ការងារ​គ្រួសារ​ច្រើនទៅ​ពង្រឹង​សហគមន៍​រហូត​ទទួល​បាន​លទ្ធផលជោគជ័យ​ជាក់ស្ដែង។

សហគមន៍ “ស្ដ្រីភោគផល​មាន​ជ័យ” ចាប់​ផ្ដើមបង្កើត​នៅ​ឆ្នាំ​២០១៨ ដោយ​មាន​សមាជិកចំនួន ៨២ គ្រួសារ ហើយ​បច្ចុប្បន្ន​បាន​កើនរហូត​ដល់ ៥៤០​គ្រួសារ។ បើ​គិត​ជាហ៊ុនរួម​លើ​អាជីវកម្ម​​ដាំបន្លែង និង​ចិញ្ចឹមមាន់​លក់​សព្វថ្ងៃ​ គឺ​មាន​ទឹកប្រាក់​បង្វិល​ប្រចាំខែ​ប្រមាណ ៧លាន​រៀល។

ភាពជោគជ័យ និង​​ទទួល​បានការ​កោតសរសើរ​ពេល​នេះ ត្រូវ​បាន​អ្នកស្រី រំលឹក​អគុណ​ដល់​ថ្នាក់​ដឹកនាំ​ក្រសួង​កសិកម្ម អង្គការ FAO អង្គការគជ់ និង​មន្ដ្រី​ពាក់ព័ន្ធដែល​បាន​ជួយជ្រោមជ្រែង​ទាំង​បច្ចេកទេស លើក​ទឹកចិត្ដ និង​បាន​ពង្រឹង​សមត្ថភាព​គ្រប់គ្រង​សហគមន៍​ប្រកប​ដោយ​តម្លាភាព ខណៈ​ដែល​អ្នកស្រី​រៀនសូត្រ​បាន​តិចតួច ហើយ​ធ្លាប់​ឆ្លងកាត់​បញ្ហា​ប្រឈម​ជាច្រើន​មុន​នឹង​មាន​ថ្ងៃ​នេះ។

​​ ថ្លែង​នៅ​ក្នុង​វេទិកា និង​ពិព័រណ៍​កសិកម្មកម្ពុជា ឆ្នាំ​២០២៦ តំណាង​អង្គការស្បៀង និង​កសិកម្ម នៃសហប្រជាជាតិ​ ហៅ​កាត់​ថា FAO ប្រចាំកម្ពុជា អ្នកស្រី Rebekah Bell ឱ្យដឹង​ថា បេក្ខភាពកសិករស្ដ្រីដែល​ទទួល​បាន​ពានរង្វាន់​ទាំង ១០០​នាក់ ត្រូវ​បាន​ជ្រើសរើស​​ពីបណ្ដាប្រទេស​ចំនួន ១៣០ នៅ​ជុំវិញ​ពិភព​លោក។ សមិទ្ធផល​របស់​អ្នកស្រី សែត ហាច នេះ បាន​ក្លាយ​ជា​និម្មិតរូប​របស់​កសិករ​ស្ដ្រី​​នៅ​កម្ពុជា​ រួមចំណែកដល់កម្មវិធី​សន្ដិសុខស្បៀងអាហារ​ពិភពលោក​របស់​កម្ពុជា។

អ្នកស្រី Rebekah Bell បានភ្ជាប់​សមិទ្ធផល​នេះ​ទៅ​នឹង​ទិវាអន្ដរជាតិ នៃ​កសិករស្ដ្រី​ឆ្នាំ​២០២៦ ដែល​អ្នក​ស្រី​ចាត់ទុកថា ស្ដ្រី​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​វិស័យ​កសិចំណី​អាហារ និង​កសិកម្ម ដើម្បី​​ឈាន​ទៅ​សម្រេច​បាននូវ​ការ​ផលិត​កសិស្បៀង​ដ៏មាន​គុណភាព សុវត្ថិភាព និង​តម្លៃ​សមរម្យ​នៅ​លើ​ទីផ្សារ​។ ទន្ទឹម​គ្នា​នេះ សកម្មភាព​ចូល​រួម​របស់​ស្ដ្រីក្នុង​កម្មវិធី Cafe2026 ក៏​បាន​បង្កើតឱកាស​ឱ្យពួកគេ​​មើល​ឃើញ​ពី​សក្ដានុពល​កសិកម្ម​ ហើយ​បង្កើតឱកាសធុរកិច្ច​កសិកម្ម តភ្ជាប់​ទៅ​នឹង​ខ្សែច្រវ៉ាក់​តម្លៃ​ជាក់ស្ដែង​នៅ​លើ​ទីផ្សារ​ជាតិ និង​អន្ដរជាតិ៕

លោក​ ​ជិន​ សុភ័ក្ដ្រ | Mr. Chin Sopheak

លោក​ ​ជិន​ សុភ័ក្ដ្រ | Mr. Chin Sopheak

ជីវប្រវត្តិ៖ ប្រឡូកក្នុងវិស័យសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយជាង ១៩ឆ្នាំ​ លោកបានបំពេញភារកិច្ចជាអ្នកសារព័ត៌មានអាជីពនៅតាមស្ថាប័នសារព័ត៌មានជាតិ​ និងអន្ដរជាតិ មានដូចជា ទស្សនាវដ្ដី​ កាសែត​ វិទ្យុ ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយឌីជីថល។ បច្ចុប្បន្ន លោកជា អ្នករាយការណ៍ជាន់ខ្ពស់នៅ AMS។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា