រដ្ឋបាលខេត្តសៀមរាប នឹងអភិវឌ្ឍតំបន់ផាប់ស្ទ្រីត និងតំបន់ដងស្ទឹង ឱ្យកាន់តែមានភាពទាក់ទាញ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋបាលខេត្តសៀមរាប នឹងអភិវឌ្ឍតំបន់ផាប់ស្ទ្រីត និងតំបន់ដងស្ទឹង ឱ្យកាន់តែមានភាពទាក់ទាញ

រដ្ឋបាលខេត្តសៀមរាប នឹងអភិវឌ្ឍតំបន់ផាប់ស្ទ្រីត និងតំបន់ដងស្ទឹង ឱ្យកាន់តែមានភាពទាក់ទាញ

ដើម្បីបង្កើនភាពទាក់ទាញ និងលើកកម្ពស់សោភណភាពទីក្រុងទេសចរណ៍ប្រវត្តិសាស្ត្រ រដ្ឋបាលខេត្តសៀមរាប នឹងអភិវឌ្ឍរៀបចំតំបន់ផាប់ស្ទ្រីត និងតំបន់មាត់ស្ទឹងសៀមរាបឱ្យក្លាយជាគោលដៅទេសចរណ៍ដ៏រស់រវើក ដើម្បីទាក់ទាញទេសចរជាតិ និងអន្តរជាតិកាន់តែច្រើន តាមរយៈការអនុវត្តបច្ចេកវិទ្យាទីក្រុងឆ្លាតវៃ (Smart City)។

Advertisement

ការធ្វើទំនើបកម្មតំបន់ស្នូលនៃក្រុងសៀមរាបនេះ មិនត្រឹមតែជួយពង្រីកសក្តានុពលទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយជំរុញសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការទាក់ទាញការវិនិ​យោគ​លើវិស័យសេវាកម្ម សណ្ឋាគារ និងភោជនីយដ្ឋានបន្ថែមទៀត។

នៅដើមសប្តាហ៍នេះ លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំពិភាក្សាក្រុមការងារបច្ចេកទេស ដោយមានការចូលរួមពីក្រុមអ្នកជំនាញ JICA ដើម្បីពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាពនៃគម្រោងសាកល្បងនៃគម្រោងអនុវត្តវិធីសាស្ត្រទីក្រុងឆ្លាតវៃ (Smart City) ជំហានទី២។

យោងតាមមន្ទីរព័ត៌មានខេត្តសៀមរាប កិច្ចប្រជុំពិភាក្សាចំពោះការអនុវត្តវិធីសាស្ត្របច្ចេកវិទ្យាឆ្លាតវៃ ដើម្បីដោះស្រាយបញ្ហាប្រឈមនានា និងជាការចងក្រងទិន្នន័យ និងលទ្ធផលការងារសម្រាប់ដាក់ជូនកិច្ចប្រជុំគណៈកម្មការសម្របសម្រួលរួម(JCC) លើកទី ២ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ។

ប្រភពដដែលនេះ បានឱ្យដឹងទៀតថា ៖ កិច្ចប្រជុំ ផ្ដោតសំខាន់លើគម្រោងសាកល្បងនៅតំបន់ផាប់ស្ទ្រីត និងតាមដងស្ទឹងសៀមរាប ដើម្បីជំរុញឱ្យភ្ញៀវទេសចរដើរកម្សាន្តលើសពីតំបន់ផាប់ស្ទ្រីត បង្កើនភាពទាក់ទាញនៅតំបន់ជុំវិញ ជាពិសេសដងស្ទឹងសៀមរាប ដែលជាទីតាំងគម្រោងសាកល្បង។

គម្រោងនេះ ជាការពង្រីកភាពរស់រវើកនៃតំបន់ផាប់ស្ទ្រីត ជំរុញការដើរកម្សាន្តក្នុងក្រុងឱ្យកាន់តែទូលំទូលាយជាងមុន និងគាំទ្រដល់ការស្នាក់នៅថែមមួយទៀត។ ជារួមសកម្មភាពនីមួយៗ ធ្វើឡើងដោយកិច្ចការរួមគ្នា ដែលផ្សំដោយការដោះស្រាយឆ្លាតវៃ និងគំនិតផ្ដួចផ្ដើមមិនឌីជីថល និងដែលមានសង្គតិភាពជាមួយនឹងកិច្ចខិតខំប្រឹងប្រែងនៃខេត្តសៀមរាប។

សម្រាប់គម្រោងសាកល្បងមានចំនួន៨ រួមមាន៖ ការតាមដានលំហូរមនុស្ស, ការផ្សព្វផ្សាយកិត្តិនាមតាមរយៈបណ្ដាញសង្គម, វិធីសាស្ត្រធ្វើឱ្យដងស្ទឹងមានភាពបៃតង, ការលើកកម្ពស់ចរាចរណ៍ទីក្រុង, ផ្លាកសញ្ញាឌីជីថល, ការប្រើប្រាស់ទីធ្លាសាធារណៈ, ការឆ្លើយតបអគ្គិភ័យបឋម និងការគ្រប់គ្រងចរាចរណ៍ឆ្លាតវៃ។

កិច្ចពិភាក្សាបានបង្ហាញទៀតថា ដើម្បីឱ្យសម្រេចបានតាមការគ្រោងទុក គឺទាមទារឱ្យមានការពង្រឹងលើការងារសន្តិសុខ និងផាសុកភាព នៃតំបន់សំខាន់ៗទាំង២ ទាំងតំបន់ផាប់ស្ទ្រីត និងដងស្ទឹង ជំរុញធ្វើយ៉ាងណាភ្ជាប់ទីតាំងនានាចូលគ្នា តាមរយៈការថ្មើរជើង។ គម្រោងនេះនឹងជួយឱ្យតំបន់ផាប់ស្ទ្រីត មានសុវត្ថិភាពជាមុន ងាយស្រួលដើរជាងមុន និងរីករាយជាងមុន ជាមួយនឹងការប្រើប្រាស់ទីធ្លាសាធារណៈបានកាន់តែល្អប្រសើរឡើង។ ចំពោះដងស្ទឹងសៀមរាប ក៏នឹងមានភាពទាក់ទាញ ភាពងាយស្រួល និងបទពិសោធរបស់អ្នកទស្សនាកាន់តែល្អប្រសើរឡើង ដោយដាក់ទីតាំងដងស្ទឹងជាមជ្ឍមណ្ឌលសកម្មភាពទីក្រុងឆ្លាតវៃ។

ឯកឧត្តម យុន លីនណេ អភិបាលរងខេត្តសៀមរាប បានថ្លែងថា៖

“គម្រោងទីក្រុងឆ្លាតវៃពិតជាមានសារៈសំខាន់ណាស់ ក្នុងការប្រែក្លាយខេត្តសៀមរាប ឱ្យទៅជាគោលដៅទេសចរណ៍ដ៏ទំនើប និងមានភាពងាយស្រួលសម្រាប់ប្រជាពលរដ្ឋក្នុងតំបន់។ គម្រោងជំហានទី២នេះ ផ្ដោតសំខាន់លើការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីគ្រប់គ្រងបញ្ហាទីក្រុង ជាអាទិ៍ដូចជា៖ ការគ្រប់គ្រងសំណល់ និងបរិស្ថាន, ការសម្រួលចរា​ចរណ៍ និងសុវត្ថិភាពសាធារណៈ និងជាការបង្កើតប្រសិទ្ធភាពសេវាសាធារណៈជូនពលរដ្ឋ ជាពិសេសភ្ញៀវទេសចរ។”

ឯកឧត្តមអភិបាលរងខេត្ត បានបន្តថា ចំពោះការត្រៀមលក្ខណៈឱ្យបានហ្មត់ចត់សម្រាប់កិច្ចប្រជុំ JCC ខាងមុខ គឺជាជំហានគន្លឹះ ដើម្បីធានាថាការអនុវត្តវិធីសាស្ត្រទីក្រុងឆ្លាតវៃក្នុងខេត្តសៀមរាប នឹងទទួលបានលទ្ធផលជាផ្លែផ្កា និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ទីក្រុង។ ក្នុងន័យនេះ ឯកឧត្តមបានស្នើឱ្យអ្នកពាក់ព័ន្ធក្នុងខេត្ត ជាពិសេសដៃគូសហការ ចូលរួមក្នុងការអនុវត្តគម្រោងនេះឱ្យទទួលបានជោគ ព្រោះដើម្បីខេត្តសៀមរាបទាំងមូល។ ជាមួយគ្នានេះ ដើម្បីសម្រេចឱ្យបានតាមការគ្រោងទុក រដ្ឋបាលខេត្តសៀមរាប បាននិងកំពុងសហការយ៉ាងជិតស្និទ្ធជាមួយដៃគូអភិវឌ្ឍន៍ ជាពិសេសក្រុមការងារ JICA ដើម្បីជំរុញគម្រោងនេះ ឱ្យស្របតាមចក្ខុវិស័យអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃរបស់រាជរដ្ឋាភិបាលកម្ពុជា។

ពាក់ព័ន្ធនឹងគម្រោងសាកល្បងតំបន់ផាប់ស្ទ្រីតនិង តំបន់មាត់ស្ទឹងសៀមរាបនេះ អ្នកជំនាញវិស័យ​ទេសចរណ៍ លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក កម្ពុជា (PATA) បានប្រាប់ AMS Economy ថា៖ ការបង្កើតទីក្រុងវៃឆ្លាត( Smart City ) គឺវាល្អហើយ ក៏ប៉ុន្តែសួរថាតើផលវា កើតនៅកន្លែងណា? នៅពេលណា ?។ ចំណែកការអភិវឌ្ឍតំបន់ផាប់ស្ទ្រីតនិងតាមដងស្ទឹង ជាការល្អ តែត្រូវបង្កើតផលិតផលថ្មីៗបន្ថែមទៀត។

លោកបានបន្ថែមថា៖

“នៅសៀមរាបសព្វថ្ងៃហ្នឹង គឺស្ងាត់មែនទែន។ សង្កេតឃើញសណ្ឋាគារទាំង ១០ នៅលើផ្លូវជាតិលេខ ៦ មានសណ្ឋាគារខ្លះមានជាង ៤០០ បន្ទប់ ខ្លះជាង៣០០ បន្ទប់  តែស្ងាត់ភ្ញៀវ សូម្បីថ្ងៃខ្លះមួយបន្ទប់ក៏មិនមានភ្ញៀវផង។ ដូច្នេះការផ្សព្វផ្សាយ ការធ្វើប្រេនឌីងឡើងវិញ និងបង្កើតផលិតផលថ្មី មានសារៈសំខាន់។”

លោកបានលើកឡើងថា សៀមរាបគឺជាតំបន់ដែលមានសក្ដានុពល ហើយសៀមរាបត្រូវការបង្កើតនូវចរន្តផលិតផលថ្មីឱ្យបានច្រើនតាមតែអាចធ្វើទៅបាន។ ក្រៅពី Pub Street សៀមរាបនៅមានកន្លែងជាច្រើនទៀត។ អ្វីដែល ពួកគេគួរបង្កើតបន្ថែមគឺ តំបន់ភូមិមួយផលិតផលមួយ ។ នៅមុខប្រាសាទអង្គរវត្ត អាជ្ញាធរអប្សរាបានរចនា កែលម្អស្អាតមែនទែន គេអាចប្រើកន្លែងហ្នឹងទៅជាកន្លែងភូមិមួយផលិតផលមួយ អាច​បើកដំណើរការពីព្រឹក រហូតដល់ម៉ោង ១០-១១ យប់នៅកន្លែងហ្នឹង។

លោក ធួន ស៊ីណាន បានថ្លែងថា៖

“តែបើរដ្ឋាភិបាលយល់ថា កន្លែងហ្នឹងវាមានការរំខានទៅដល់ប្រាសាទ យើងអាចរើសយកតំបន់ណាមួយផ្សេងទៀត ដែលអាចបង្កើតទៅជាភូមិមួយផលិតផលមួយ ឱ្យវាទៅជាទីផ្សារមួយដែលលក់តែផលិតផលខ្មែរលក់តែផលិតផលនៅក្នុងស្រុក។ ការបង្កើតភូមិមួយផលិតផលមួយអាចទាក់ទាញទាក់ទាញភ្ញៀវទេសចរបន្ថែម។”

លោកបានបន្តលើកឡើងថា ក្រៅតែប្រាសាទបុរាណ គួរតែបន្ថែមផលិតផលណាថ្មី ដូចជាកសិទេស​ចរណ៍​ ទេសចរណ៍សាសនា និងផលិតផលជាច្រើនទៀតដែលគេអាចធ្វើបាន។ សៀមរាបគឺជាតំបន់ដែលមានសក្ដានុពល ហើយសៀមរាបត្រូវការបង្កើតនូវចរន្តផលិតផលថ្មីឱ្យបានច្រើនតាមតែអាចធ្វើទៅបាន៕

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

ជីវប្រវត្តិ: លោក ញ៉ែម សុផល ចាប់ផ្តើមអាជីពសារព័ត៌មាននៅឆ្នាំ១៩៩៣និងធ្លាប់មានបទពិសោធន៍ជិត៣០ឆ្នាំក្នុងវិស័យសារព័ត៌មាន ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ វប្បធម៌ សង្គម និង បកប្រែភាសាអង់គ្លេស ។ ធ្លាប់បម្រើការក្នុងស្ថាប័នសារព័ត៌មានធំៗជាច្រើន ដូចជា ស្ថានីយទូរទស្សន៍ កាសែត ទស្សនាវដ្តី និងគេហទំព័រ ដោយទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈទាំងនៅក្នុងស្រុកនិងក្រៅប្រទេស។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញភាសាអង់គ្លេស។បច្ចុប្បន្នជាអ្នកយកព័ត៌មានជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនិង​ផ្សព្វផ្សាយនៅ AMS Economy ៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា