ខេត្ត​ព្រះសីហនុ​ដាក់​ចេញ​ផែនការ​ទេសចរណ៍ ​៥ ​ឆ្នាំ ​ឆ្ពោះទៅ​ជា​ទីក្រុង​សេដ្ឋកិច្ច​ ​និង​ទេសចរណ៍​គំរូទី​ ​២ ​របស់​កម្ពុជា​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ខេត្ត​ព្រះសីហនុ​ដាក់​ចេញ​ផែនការ​ទេសចរណ៍ ​៥ ​ឆ្នាំ ​ឆ្ពោះទៅ​ជា​ទីក្រុង​សេដ្ឋកិច្ច​ ​និង​ទេសចរណ៍​គំរូទី​ ​២ ​របស់​កម្ពុជា​

ខេត្ត​ព្រះសីហនុ​ដាក់​ចេញ​ផែនការ​ទេសចរណ៍ ​៥ ​ឆ្នាំ ​ឆ្ពោះទៅ​ជា​ទីក្រុង​សេដ្ឋកិច្ច​ ​និង​ទេសចរណ៍​គំរូទី​ ​២ ​របស់​កម្ពុជា​

​ខេត្ត​ព្រះសីហនុ​បាន​ដាក់​ឱ្យ​អនុវត្ត ​«​ផែនការ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្ត​ព្រះសីហនុ ​ឆ្នាំ​ ​២០២៦​-​២០៣០​» ​ដោយ​កំណត់​ទិសដៅ​ពង្រីក​សក្តានុពល​ទេសចរណ៍​ ​និង​ធុរកិច្ច ​ដើម្បី​អភិវឌ្ឍ​ខេត្ត​ឱ្យ​ក្លាយជា​គោលដៅ​ទេសចរណ៍​ធុរកិច្ច ​និង​លម្ហែ​កម្សាន្ត​កម្រិត​អន្តរជាតិ​ ​និង​ជា​ទីក្រុង​សេដ្ឋកិច្ច​ ​និង​ទេសចរណ៍​គំរូទី​ ​២ ​របស់​កម្ពុជា​។

​ពិធី​ប្រកាស​ផ្សព្វផ្សាយ ​និង​ដាក់​ឱ្យ​អនុវត្ត​ផែនការ​នេះ​ ​ត្រូវ​បាន​រៀបចំឡើង​កាលពី​ថ្ងៃ​ទី​១៤​ ​ខែ​កញ្ញា​ ​ក្រោម​អធិបតីភាព​ ​ឯកឧត្តម​ ​ហួត​ ​ហាក់​ ​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ ​និង​ ​ឯកឧត្តម​ ​ម៉ាង​ ស៊ីណេត អភិបាល​នៃ​គណៈអភិបាល​ខេត្ត​ព្រះសីហនុ ​ដោយ​មាន​ការ​ចូលរួម​ពី​តំណាង​ក្រសួង​ ​ស្ថាប័ន​ ​អង្គភាព​ពាក់ព័ន្ធ​ ​អាជ្ញាធរ​ដែនដី​ ​ប្រតិបត្តិករ​ទេសចរណ៍​ ​សហគមន៍​ទេសចរណ៍​ ​គ្រឹះស្ថានសិក្សា​ ​និង​អ្នក​ផលិត​មាតិកា ​សរុប​ប្រមាណ​ ​២៥០​នាក់​។

​ផែន​ការ​អភិវឌ្ឍន៍​ទេសចរណ៍​នេះ​ត្រូវ​បាន​កំណត់​ជា​ផែនទី​បង្ហាញ​ផ្លូវ​រួម ​និង​ជា​ក្របខ័ណ្ឌ​សកម្មភាព​សម្រាប់​កៀរគរ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ចូលរួម​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​ខេត្ត​ព្រះសីហនុ ​ឱ្យ​កាន់តែ​មាន​គុណភាព និង​ភាព​ទាក់ទាញ​។

​ឯកឧត្តម​ ​ហួត​ ​ហាក់ ​បាន​លើកឡើង​ថា​ ​ខេត្ត​ព្រះសីហនុ​មាន​សក្តានុពល​ទេសចរណ៍​ធម្មជាតិ​ដ៏​សម្បូរ​បែប​ ​ដោយ​មាន​ឆ្នេរសមុទ្រ​ដ៏​ស្រស់ស្អាត​ ​កោះ​ធំ​តូច​ ​ធនធាន​ធម្មជាតិ​ ជីវ​ចម្រុះ​សមុទ្រ ​និង​ឧទ្យាន​ជាតិ​រាម ​ដែល​អំណោយផល​ដល់​ការ​អភិវឌ្ឍ​ទេសចរណ៍​ឆ្នេរ ​ទេសចរណ៍​កោះ​ ​អេកូទេស​ចរណ៍​ ​និង​កីឡា​ទេសចរណ៍​លើ​ទឹក​។

​ក្រៅ​ពី​សក្តានុពល​ធម្មជាតិ​ ​ខេត្ត​ព្រះសីហនុ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​តភ្ជាប់​សំខាន់​ៗ រួម​មាន​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ ​កំពង់ផែ​សមុទ្រ​ទឹកជ្រៅ ​និង​អាកាសយានដ្ឋាន​អន្តរជាតិ ​ព្រមទាំង​មូលដ្ឋាន​អាជីវកម្ម ​និង​សេវាកម្ម​ទេសចរណ៍​គ្រប់​កម្រិត​។​ ​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងនេះ​ត្រូវ​បាន​ចាត់ទុក​ជា​មូលដ្ឋាន​សម្រាប់​អភិវឌ្ឍ​ខេត្ត​ឱ្យ​ក្លាយជា​គោលដៅ​ទេសចរណ៍​សមុទ្រ​កម្រិត​អន្តរជាតិ ​ប្រកបដោយ​គុណភាព​ សុវត្ថិភាព​ ​និង​ចីរភាព​។

​ឯក​ឧត្តម​រដ្ឋមន្ត្រី​ក៏​បាន​សម្តែង​ការ​អបអរសាទរ ​និង​កោតសរសើរ​ចំពោះ​សមិទ្ធផល​ដែល​ខេត្ត​ព្រះសីហនុ​សម្រេច​បាន​នៅ​កម្រិត​ជាតិ​ ​និង​អាស៊ាន ​ព្រមទាំង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ ​និង​ការ​កែលម្អ​សោភណភាព​ទីក្រុង​ ​ឆ្នេរ​សមុទ្រ​ ​និង​ទី​សាធារណៈ​នានា​។

​ការ​រៀបចំ​ទីតាំង​កម្សាន្ត​ ​និង​សំណង់​និមិត្ត​រូប​ ​ដូចជា​ ​រូបសំណាក​ ​«​ព្រះថោង​តោង​ស្បៃ​នាង​នាគ​» ​រូបសំណាក​ ​«​ខ្មែរ​ធ្វើ​បាន​» ​និង​រូបសំណាក​ ​«​នាគ​បាញ់​ទឹក​» ​ក៏​ត្រូវ​បាន​លើកឡើង​ថា​ ​បាន​រួមចំណែក​បង្កើន​ភាព​ទាក់ទាញ​ដល់​ភ្ញៀវ​ទេសចរ​ជាតិ​ ​និង​អន្តរជាតិ​។

​ឯកឧត្តម​ ​ហួត​ ​ហាក់ ​បាន​បញ្ជាក់​ថា​ ​ក្នុង​បរិបទ​ដែល​ការ​ប្រកួតប្រជែង​ទេសចរណ៍​ក្នុង​តំបន់​កាន់តែ​ខ្លាំង ​និង​អាកប្បកិរិយា​របស់​ភ្ញៀវ​ទេសចរ​កាន់តែ​ផ្លាស់ប្តូរ​ ​ខេត្ត​ព្រះសីហនុ​ត្រូវ​បន្ត​បង្កើត​ផលិតផល​ទេសចរណ៍​ថ្មី​ៗ​ កែ​លម្អ​ ​និង​ពង្រឹង​គុណភាព​សេវាកម្ម ​បង្កើន​ភាព​ទាក់ទាញ​ ​លើកកម្ពស់​ភាព​ស្អាត ​និង​ពង្រឹង​សន្តិសុខ​ ​សុវត្ថិ​ភាព​សម្រាប់​ភ្ញៀវ​ទេសចរ​។

​ឯកឧត្តម​បាន​សង្កត់ធ្ងន់​ថា​ ការ​អភិវឌ្ឍ​ទេសចរណ៍​ក៏​ត្រូវ​ដើរ​ឱ្យ​ទាន់​ការ​វិវត្ត​នៃ​បច្ចេកវិទ្យា​ឌីជីថល ​និង​បញ្ញា​សិប្បនិម្មិត ​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​របស់​ភ្ញៀវ​ទេសចរ​ជំនាន់​ថ្មី​ ​និង​រក្សា​ភាព​ប្រកួតប្រជែង​របស់​ខេត្ត​ជាមួយ​គោលដៅ​ទេសចរណ៍​សំខាន់​ៗ​ក្នុង​តំបន់​ ​និង​សកលលោក​។

​ជាមួយគ្នា​នេះ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​លើកឡើង​ថា​ ​វិស័យ​ទេសចរណ៍​មាន​លក្ខណៈ​អន្តរវិស័យ​ ​និង​មាន​ភាព​ប្រទាក់​ក្រឡា ​ដែល​ទាមទារ​ឱ្យ​មាន​ការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​។​ ​ក្រសួង​ទេសចរណ៍​បាន​ដាក់​ចេញ​សសរស្តម្ភ​យុទ្ធសាស្ត្រ​នៃ​កិច្ច​សហប្រតិបត្តិការ​ទាំង​៦ ​ដោយ​ផ្តោត​លើ​ការ​ចូលរួម​របស់​ក្រសួង​-​ស្ថាប័ន​នៅ​ថ្នាក់​ជាតិ​ ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ ​ដៃគូ​អភិវឌ្ឍន៍​ ​សង្គម​ស៊ីវិល ​វិស័យ​ឯកជន​ក្នុង​ស្រុក​ ​និង​បរទេស​ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ​អ្នក​ផលិត​មាតិ​កា ​Influencers​,​ K​OLs ​និង​ប្រជា​ពលរដ្ឋ​។

​មុន​បញ្ចប់​ ​ឯកឧត្តម​ ​ហួត​ ​ហាក់ ​បាន​ថ្លែងអំណរគុណ​ដល់​អ្នក​ផលិត​មាតិ​កា​ ​Influencers ​និង​យុវជន​ ​ដែល​បាន​ចូលរួម​ផ្តិត​យក​រូបភាព​ ​និង​ផ្សព្វផ្សាយ​ពី​គោលដៅ​ទេសចរណ៍​នានា​ក្នុង​ខេត្ត​ព្រះសីហនុ ​ព្រមទាំង​ព័ត៌មាន​វិជ្ជមាន​អំពី​កម្ពុជា​ ​ដើម្បី​លើកកម្ពស់​កិត្តិនាម​កម្ពុជា​ទៅកាន់​ពិភពលោក​។

​ឯក​ឧត្តម​បាន​លើកឡើង​ស្រប​តាម​ទិស​ស្លោក​របស់​មហា​គ្រួសារ​វិស័យ​ទេសចរណ៍​ថា​ ​«​បុគ្គល​ម្នាក់​ៗ ​គឺ​ជា​អ្នក​ផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា​ម្នាក់​»​៕

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយ និងកាសែតផ្នែកសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងអចលនទ្រព្យ។ បច្ចុប្បន្ន លោកជាការីនិពន្ធនៃព័ត៌មានសេដ្ឋកិច្ច AMS Economy។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា