សិង្ហបុរី ​ផ្ដួចផ្ដើម​បង្កើត​បណ្ដាញ​ស្ថិតិ​ពលកម្ម​អាស៊ាន​ ដើម្បី​តាមដាន​តម្រូវការ​ការងារ​ ​និង​ជំនាញ​ថ្មី​ៗ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សិង្ហបុរី ​ផ្ដួចផ្ដើម​បង្កើត​បណ្ដាញ​ស្ថិតិ​ពលកម្ម​អាស៊ាន​ ដើម្បី​តាមដាន​តម្រូវការ​ការងារ​ ​និង​ជំនាញ​ថ្មី​ៗ​

សិង្ហបុរី ​ផ្ដួចផ្ដើម​បង្កើត​បណ្ដាញ​ស្ថិតិ​ពលកម្ម​អាស៊ាន​ ដើម្បី​តាមដាន​តម្រូវការ​ការងារ​ ​និង​ជំនាញ​ថ្មី​ៗ​

​បរទេស​៖​ ​សិង្ហបុរី​បាន​ផ្តួចផ្តើម​បង្កើត​ការិយាល័យ​ ​និង​បណ្តាញ​អ្នក​ជំនាញ​ស្ថិតិ​ពលកម្ម​អាស៊ាន ​ដើម្បី​ពង្រឹង​ការ​ផ្លាស់ប្តូរ​ទិន្នន័យ​ការងារ​ ​និង​ជំនាញ ​ព្រមទាំង​ជួយ​ឱ្យ​ប្រទេស​ក្នុង​តំបន់​អាច​កំណត់ និង​ព្យាករណ៍​ការ​ប្រែប្រួល​នៃ​ទីផ្សារ​ពលកម្ម​បាន​ទាន់​ពេលវេលា។ ​នេះ​បើ​យោង​តាម​ការ​រាយការណ៍​របស់​សារព័ត៌មាន​ ​C​NA​។

​នៅ​ថ្ងៃ​អង្គារ ​ក្រសួង​កម្លាំង​ពលកម្ម​សិង្ហបុរី ​(​MOM​)​ ​បាន​ប្រកាស​បង្កើត​ ​«​ការិយាល័យ​ស្ថិតិ​ពលកម្ម​អាស៊ាន​» ​និង​បើក​សម្ពោធ ​«​បណ្តាញ​អ្នក​ជំនាញ​ស្ថិតិ​ពលកម្ម​អាស៊ាន​»​។ ​គំនិត​ផ្តួចផ្តើម​នេះ​មាន​គោលបំណង​ជំរុញ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​សមាជិក​ ​ដើម្បី​ស្វែងយល់​ពី​និន្នាការ​ការងារ​ថ្មី​ៗ​ ​និង​ឆ្លើយតប​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ចំពោះ​ការ​ផ្លាស់ប្តូរ​ទីផ្សារ​ពលកម្ម​។

សិង្ហបុរី ​ដែល​ត្រៀម​ធ្វើជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​២០២៧ ​នឹង​បំពេញ​តួនាទី​ជា​អ្នក​សម្របសម្រួល​បណ្តាញ​នេះ​រហូតដល់​ឆ្នាំ​២០៣០​។ ​កិច្ចការ​សំខាន់​មួយ​របស់​បណ្តាញ ​គឺ​ជួយ​ប្រទេស​សមាជិក​វាយតម្លៃ​ផលប៉ះពាល់​នៃ​បញ្ញា​សិប្បនិម្មិត ​(​AI​)​ ​ការ​ផ្លាស់ប្តូរ​ទៅ​រក​សេដ្ឋកិច្ច​បៃតង ​និង​ការ​កើនឡើង​នៃ​ការងារ​តាម​ប្រព័ន្ធ​ឌីជីថល​លើ​ទីផ្សារ​ពលកម្ម​ក្នុង​តំបន់​។

​ជាមួយគ្នា​នេះ​ ​សិង្ហបុរី​នឹង​បង្កើត​ច្រក​ព័ត៌មាន​រួម​មួយ​ឈ្មោះ​ ​«​AS​EAN Labour ​Market Knowledge ​Portal​» ​ដើម្បីឱ្យ​ប្រទេស​សមាជិក​អាច​ចែក​រំលែក​ការ​ស្រាវជ្រាវ​ វិធីសាស្ត្រ​ ​និង​បទពិសោធន៍​ពាក់ព័ន្ធ​នឹង​ទីផ្សារ​ការងារ​។ ​ព័ត៌មាន​ទាំងនេះ​នឹង​ជួយ​គាំទ្រ​ដល់​ការ​រៀបចំ​គោលនយោបាយ​ដោយ​ផ្អែក​លើ​ភស្តុតាង​ជាក់ស្តែង​។

​ក្រសួង​កម្លាំង​ពលកម្ម​សិង្ហបុរី​បាន​លើកឡើង​ថា​ ​បញ្ញា​សិប្បនិម្មិត​កំពុង​ផ្លាស់ប្តូរ​កិច្ចការងារ​ប្រចាំ​ថ្ងៃ ​ដែល​តម្រូវឱ្យ​កម្មករ​និយោជិត​រៀនសូត្រ​ជំនាញ​ថ្មី​ៗ​ ​ខណៈ​និយោជក​ក៏​ត្រូវ​កែសម្រួល​ទម្រង់​ការងារ​ឱ្យ​ស្រប​តាម​ការ​ផ្លាស់ប្តូរ​នេះ​ដែរ​។

ការ​កើនឡើង​នៃ​ការងារ​តាម​ប្រព័ន្ធ​ឌីជីថល ​ដូចជា​សេវា​ដឹកជញ្ជូន ​និង​ការ​ដឹក​ភ្ញៀវ​តាម​កម្មវិធី​ទូរស័ព្ទ​ ​ក៏​បង្ក​បញ្ហា​ប្រឈម​ដល់​ការ​ប្រមូល​ស្ថិតិ​ការងារ​បែប​ប្រពៃណី​ផងដែរ​ ព្រោះ​ស្ថិតិ​ទាំងនេះ​មិន​អាច​ឆ្លុះបញ្ចាំង​បាន​ពេញលេញ​អំពី​ប្រាក់​ចំណូល ​និង​បញ្ហា​ប្រឈម​របស់​អ្នក​ធ្វើការ​ក្នុង​វិស័យ​នេះ​។

​បច្ចុប្បន្ន​ ​បណ្តាញ​នេះ​កំពុង​រៀបចំ​គម្រោង​ប្រើប្រាស់​ទិន្នន័យ​ ​ដោយ​ក្នុង​នោះ​មាន​ការ​តាមដាន​ការ​ប្រកាស​ជ្រើសរើស​បុគ្គលិក​តាម​អ៊ីនធឺណិត ​ដើម្បី​កំណត់​មុខ​តំណែង​ថ្មី​ៗ​ដែល​កំពុង​លេចឡើង​ ​ដូចជា​ ​អ្នក​វិភាគ​ការ​គ្រប់គ្រង​ AI ​និង​វិស្វករ​ ​AI ​ដែល​មិន​ទាន់​មាន​ក្នុង​បញ្ជី​មុខរបរ​ផ្លូវការ​នាពេល​បច្ចុប្បន្ន​។ ​ការងារ​នេះ​នឹង​ជួយ​ឱ្យ​ប្រទេស​សមាជិក​កំណត់​បាន​លឿន​ជាង​មុន​នូវ​ជំនាញ ​និង​កម្លាំង​ពលកម្ម​ដែល​និយោជក​កំពុង​ត្រូវការ​។

​ក្រៅ​ពី​បញ្ហា​បច្ចេកវិទ្យា​ ​ការងារ​បៃតង​ក៏​ជា​ផ្នែក​សំខាន់​មួយ​នៃ​កិច្ច​សហប្រតិបត្តិការ​នេះ​ដែរ​។ របាយការណ៍​របស់​អាស៊ាន​បង្ហាញ​ថា​ ​ការងារ​ដែល​មាន​សក្តានុពល​បៃតង​អាច​មាន​ចំណែក​រហូតដល់​ ​២២​,​៣​%​ ​នៃ​កម្លាំង​ពលកម្ម​សរុប​ក្នុង​តំបន់​ ប្រសិនបើ​មាន​ការ​បណ្តុះបណ្តាល ​និង​បំពាក់​ឧបករណ៍​ចាំបាច់​គ្រប់គ្រាន់​។ ​ទោះជា​យ៉ាងណា​ ​បច្ចុប្បន្ន​ចំណែក​នេះ​មាន​តិច​ជាង​ ​៦​%​ ​ប៉ុណ្ណោះ​។​

របាយការណ៍​នេះ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ប្រទេស​អាស៊ាន​ប្រើប្រាស់​សក្តានុពល​ការងារ​បៃតង​ជា​មូលដ្ឋាន​សម្រាប់​រៀបចំ​ផែនការ​កម្លាំង​ពលកម្ម ​និង​ការ​អភិវឌ្ឍ​ជំនាញ​។ ​វា​ក៏​សង្កត់ធ្ងន់​លើ​បញ្ហា​ប្រឈម​សំខាន់​ៗ រួម​មាន​ ភាព​មិន​ស៊ី​គ្នា​រវាង​ជំនាញ ​និង​តម្រូវការ​ទីផ្សារ​ ​ការ​ផ្លាស់ប្តូរ​ចេញ​ពី​ថាមពល​ហ្វូស៊ីល ​គម្លាត​យេនឌ័រ​ក្នុង​វិស័យ​ថាមពល​កកើត​ឡើង​វិញ​ ​និង​គុណភាព​ការងារ​ក្នុង​វិស័យ​ជីវ​ថាមពល​ផងដែរ​៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា