សិង្ហបុរី​ត្រៀម​ទទួល​តួនាទី​ប្រធាន​អាស៊ាន​ឆ្នាំ​ ​២០២៧​ ​កំណត់​យក​សាមគ្គី​ភាព​ជា​ការងារ​ចម្បង​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សិង្ហបុរី​ត្រៀម​ទទួល​តួនាទី​ប្រធាន​អាស៊ាន​ឆ្នាំ​ ​២០២៧​ ​កំណត់​យក​សាមគ្គី​ភាព​ជា​ការងារ​ចម្បង​

សិង្ហបុរី​ត្រៀម​ទទួល​តួនាទី​ប្រធាន​អាស៊ាន​ឆ្នាំ​ ​២០២៧​ ​កំណត់​យក​សាមគ្គី​ភាព​ជា​ការងារ​ចម្បង​

​បរទេស​៖ ​សិង្ហបុរី​នឹង​ទទួល​តួនាទី​ជា​ប្រធាន​ប្តូរ​វេន​អាស៊ាន​ពី​ហ្វីលីពីន​នៅ​ថ្ងៃ​ទី​១ ​ខែ​មករា​ ​ឆ្នាំ​២០២៧ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ភាព​ជា​ស្នូល និង​សាមគ្គី​ភាព​របស់​អាស៊ាន ​ព្រមទាំង​ជំរុញ​សមាហរណកម្ម​ក្នុង​តំបន់​ ​ស្រប​ពេល​បរិយាកាស​ពិភពលោក​កាន់តែ​មាន​ការ​ប្រកួតប្រជែង ​និង​អស្ថិរ​ភាព​។

​នាយករដ្ឋមន្ត្រី​សិង្ហបុរី ​លោក​ Lawrence ​Wong ​បាន​ថ្លែង​ក្នុង​សុន្ទរកថា​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​ ​ITE ​College ​Central ​កាលពី​ថ្ងៃ​ទី​២៣​ ​ខែ​សីហា​ ​ថា​ ​សិង្ហបុរី​នឹង​ពង្រឹង​ភាព​ជា​ស្នូល និង​សាមគ្គី​ភាព​របស់​អា​ស៊ាន ​នៅពេល​ប្រទេស​នេះ​ឡើង​កាន់តំណែង​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​២០២៧​។ ​សិង្ហបុរី​នឹង​កាន់​តំណែង​នេះ​រហូតដល់​ថ្ងៃ​ទី​៣១​ ​ខែ​ធ្នូ ​ឆ្នាំ​២០២៧​។

​លោក​ ​Lawrence ​Wong ​បាន​លើកឡើង​ថា​ ​នៅពេល​ពិភពលោក​កាន់តែ​មាន​ការ​ប្រកួតប្រជែង ​និង​មិន​ស្ថិតស្ថេរ​ ​សិង្ហបុរី​នឹង​ផ្តោត​លើ​ការ​ធ្វើឱ្យ​សមាហរណកម្ម​ក្នុង​តំបន់​កាន់​តែ​ស៊ី​ជម្រៅ ​និង​ពង្រឹង​ភាព​ជា​ដៃគូ​ជាមួយ​ប្រទេស​ ​និង​ដៃគូ​នៅ​ក្រៅ​តំបន់ ​ដើម្បី​ធ្វើឱ្យ​អាស៊ាន​ក្លាយជា​ទីផ្សារ​តែ​មួយ​ដែល​មាន​ប្រសិទ្ធភាព​ជាង​មុន​។

​លោក​បាន​បញ្ជាក់​ថា​ ​សិង្ហបុរី​ក៏​នឹង​ប្រមូលផ្តុំ​ដៃគូ​ផ្សេង​ៗ​ ​បង្កើត​ចំណុច​រួម ​និង​រក្សា​ច្រកទ្វារ​សម្រាប់​ការ​សន្ទនា ​និង​កិច្ច​សហប្រតិបត្តិការ​ ​ដើម្បី​ឱ្យ​អាស៊ាន​អាច​បន្ត​រក្សា​តួនាទី​របស់​ខ្លួន​ក្នុង​បរិយាកាស​ពិភពលោក​ដែល​កាន់តែ​មាន​ការ​ប្រកួតប្រជែង​។

​នាយករដ្ឋមន្ត្រី​សិង្ហបុរី​បាន​សង្កត់ធ្ងន់​ថា​ ​ការ​ពង្រឹង​សាមគ្គី​ភាព​របស់​អាស៊ាន​នឹង​កាន់តែ​មាន​សារៈសំខាន់​ ​ខណៈ​ពិភពលោក​កំពុង​ប្រឈម​នឹង​ភាព​តានតឹង​ ​និង​ការ​បែងចែក​កាន់តែ​ខ្លាំង​។ ​សម្រាប់​សិង្ហបុរី​ ​ការ​ឆ្លើយតប​ចំពោះ​បរិយាកាស​បែបនេះ​មិន​មែន​ជា​ការ​ដក​ខ្លួន​ ​ឬ​បិទ​ខ្លួន​ពី​ពិភពលោក​ឡើយ​ ​ប៉ុន្តែ​ជា​ការ​បន្តភ្ជាប់​ទំនាក់ទំនង​ ​និង​បង្កើត​តម្លៃ​ជាមួយ​ពិភពលោក​។

​លោក​ Lawrence ​Wong ​បាន​បញ្ជាក់​ថា​ ​ក្នុងនាម​ជា​មជ្ឈមណ្ឌល​សំខាន់​សម្រាប់​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​សកល ​ពាណិជ្ជកម្ម ​និង​ហិរញ្ញវត្ថុ​ ​សិង្ហបុរី​ប្រមូលផ្តុំ​ទីផ្សារ​ ​ដើមទុន ​ធនធាន​មនុស្ស​ដែល​មាន​ទេពកោសល្យ ​និង​គំនិត​ថ្មី​ៗ​។ ​លោក​បាន​ចាត់ទុក​ទំនុកចិត្ត​ដែល​ប្រទេស​នានា​ ​ក្រុមហ៊ុន​ ​និង​វិនិយោគិន​មាន​ចំពោះ​សិង្ហបុរី ​ជា​ចំណុច​ខ្លាំង​ដ៏​សំខាន់​មួយ​របស់​ប្រទេស​។

​លោក​បាន​បន្ថែម​ថា​ ​ការ​រក្សា​ទំនុកចិត្ត​ ​និង​ការ​បន្តភ្ជាប់​ទំនាក់ទំនង​ជាមួយ​ដៃគូ​នានា ​មាន​សារៈសំខាន់​ជាពិសេស​នៅពេល​ទំនុកចិត្ត​រវាង​ប្រទេស​នានា​កំពុង​ធ្លាក់ចុះ​ ចំពេល​ភាព​តានតឹង​ផ្នែក​ភូមិសាស្ត្រ​នយោបាយ​កាន់តែ​ខ្លាំង​។

​ទន្ទឹម​នឹង​ការ​ជំរុញ​សាមគ្គី​ភាព​ ​និង​សមាហរណកម្ម​ក្នុង​អាស៊ាន ​លោក​ Lawrence ​Wong ​ក៏​បាន​លើកឡើង​ពី​សារៈសំខាន់​នៃ​ការ​ពង្រឹង​ភាព​ធន់​របស់​សិង្ហបុរី ​ដើម្បី​ត្រៀម​ទប់ទល់​នឹង​វិបត្តិ​ដែល​អាច​កើតមាន​។ ​លោក​បាន​បញ្ជាក់​ថា​ ​ប្រទេស​នេះ​មិន​អាច​ពឹងផ្អែក​ទាំងស្រុង​លើ​ប្រទេស​ដទៃ​សម្រាប់​ជំនួយ​នៅពេល​មាន​បញ្ហា​នោះ​ឡើយ​។

​លោក​ Lawrence ​Wong ​បាន​ថ្លែង​ថា​ ​ទោះ​បី​សិង្ហបុរី​ធ្វើការ​ជាមួយ​ប្រទេស​ដទៃ​ក៏ដោយ​ ​ក៏​មិន​អាច​សន្និដ្ឋាន​ថា​ ​ប្រទេស​ទាំងនោះ​នឹង​មក​ជួយ​សង្គ្រោះ​សិង្ហបុរី​នៅពេល​មាន​វិបត្តិ​បាន​ឡើយ​។ ​ដូច្នេះ​ ​សិង្ហបុរី​ត្រូវតែ​អាច​ឈរ​ដោយ​ខ្លួនឯង​ ​និង​មើល​ថែ​ខ្លួនឯង​បាន​។

​សិង្ហបុរី​នឹង​ទទួល​តំណែង​ប្រធាន​អាស៊ាន​ពី​ហ្វីលីពីន​នៅ​ដើម​ឆ្នាំ​២០២៧​ ​ហើយ​នឹង​កាន់តួនាទី​នេះ​ពេញ​មួយ​ឆ្នាំ​៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា