កម្ពុជាមានរោងចក្រផលិត ផ្គុំ និងដំឡើងរថយន្តចំនួន ១០ ជាមួយសមិទ្ធផលជាង ៣ម៉ឺនគ្រឿងសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាមានរោងចក្រផលិត ផ្គុំ និងដំឡើងរថយន្តចំនួន ១០ ជាមួយសមិទ្ធផលជាង ៣ម៉ឺនគ្រឿងសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក

កម្ពុជាមានរោងចក្រផលិត ផ្គុំ និងដំឡើងរថយន្តចំនួន ១០ ជាមួយសមិទ្ធផលជាង ៣ម៉ឺនគ្រឿងសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក

ភ្នំពេញ ៖ គិតត្រឹមចុងត្រីមាសទី១​ ឆ្នាំ២០២៦ កម្ពុជាមានរោងចក្រផលិត ផ្គុំ និងដំឡើងរថយន្តចំនួន១០ កំពុងមានដំណើរការសង្វាក់ផលិតកម្ម​ជាមួយនឹងសមិទ្ធផលសម្រេចបានសរុប ​៣១​ ៤៦៣ គ្រឿង ខណៈដែលក្នុងឆ្នាំ២០២៥ សម្រេចបានចំនួន ១៥ ៦១២ គ្រឿង សម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក​ និងការនាំចេញ។

Advertisement

បច្ចុប្បន្ន រោងចក្រផលិត ផ្គុំ និងដំឡើងរថយន្តទាំង​ ១០ ដែលកំពុងដំណើរការសង្វាក់ផលិតកម្មនៅកម្ពុជា រួមាន រោងចក្ររថយន្ត KIA នៅខេត្តបន្ទាយមានជ័យ, Hyundai នៅខេត្តកោះកុង, GTV របស់ខ្មែរនៅខេត្តកណ្តាល, ក្រុមហ៊ុន Toyota នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ,​ រថយន្ត I​SUZU នៅខេត្តកំពង់ស្ពឺ, រោងចក្រផលិត ផ្គុំ និងដំឡើងរថយន្ត Ford នៅខេត្តពោធិ៍សាត់, រោងចក្រ Ssang Yong នៅខេត្តស្វាយរៀង, រោងចក្រ Zo Motor ផ្គុំ និងដំឡើង​រថយន្តខ្នាតធំអគ្គិសនីនៅខេត្តពោធិសាត់, រោងចក្រដំឡើងរថយន្តអគ្គិសនី BYD នៅខេត្តព្រះសីហនុ។ ក្រៅពីនេះ រោងចក្ររថយន្ត​ GAC និងរោងចក្ររថយន្ត Chevrolet កំពុងស្ថិតក្នុងដំណាក់កាលសាងសង់ស្ថិតនៅខេត្តកំពង់ឆ្នាំង។

ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យា​សាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បញ្ជាក់ប្រាប់ AMS Economy កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ឱ្យដឹងថា​​ តាមរយៈរោងចក្រទាំង ១០ ដូចបានបង្ហាញជូនខាងលើនេះ ជាសមិទ្ធផលសរុបសម្រេចបានចំនួន ​៣១​ ៤៦៣ គ្រឿង ខណៈដែលក្នុងឆ្នាំ២០២៥ សម្រេចបានចំនួន ១៥ ៦១២ គ្រឿង។ ដោយឡែក​ សម្រាប់តែរយៈពេល​ ២ខែដើមឆ្នាំ២០២៦ ​នេះ សម្រេចបានចំនួន ២ ៧៤៣ គ្រឿង​សម្រាប់បំពេញតម្រូវការប្រើប្រាស់ក្នុងស្រុក​ និងធ្វើការនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស។

ឯកឧត្តមបានបញ្ជាក់យ៉ាងដូច្នេះថា ៖

«សម្រាប់រថយន្តដែលផលិត និងដំឡើងបានគឺសម្រាប់លក់ និងបំពេញតម្រូវការប្រើប្រាស់នៅក្នុងស្រុក ដែលមានតម្លៃសមរម្យ​ ទាបជាងតម្លៃរថយន្តនាំចូល»។

ឯកឧត្តម ហេង សុខគង់ បានបន្តឱ្យដឹងថា៖ នៅក្នុងឆ្នាំ២០២៥ រោងចក្រ Ssang Yong ដំឡើងរថយន្តបានចំនួន ១០៧៧ គ្រឿង ហើយរយៈពេល២ខែឆ្នាំ២០២៦ ដំឡើងបាន១៧៩គ្រឿង។ បើសរុបចំនួននៃការដំឡើងតាំងពីចាប់ផ្ដើមពីដំបូងមក គឺមានចំនួន ៣ ៤០៩ គ្រឿង។ ចំណែករថយន្ត KIA ក្នុងឆ្នាំ២០២៥  ផ្គុំ និងដំឡើងបានចំនួន ៦៧៩ គ្រឿងនិងសរុបចាប់តាំងពីការចាប់ផ្ដើមគឺមានចំនួន ១ ០​៩​៦ គ្រឿង។​​ រោងចក្រផ្គុំ និងដំឡើងរថយន្ត ISUZU នៅខេត្តកំពង់ស្ពឺក្នុងឆ្នាំ២០២៥ ការផ្គុំ និងដំឡើងសម្រេចបានសរុបចំនួន ១៥៦ គ្រឿង​​ ហើយក្នុងរយៈពេល ២ ខែ ឆ្នាំ២០២៦ កន្លងទៅនេះ ផ្គុំ និងដំឡើងបានចំនួន ៣៦ គ្រឿង។ ជាសរុបរួមតាំងពីចាប់ផ្ដើមដំណើរការមក គឺទទួលបានចំនួន ៣៧៨ គ្រឿង។

សម្រាប់រោងចក្រដែលផ្គុំ និងដំឡើងរថយន្ត Toyota នៅក្នុងឆ្នាំ២០២៥ នេះ គឺផ្គុំ និងដំឡើងបានចំនួន ៣ ៤១០ គ្រឿង ហើយរយៈពេល ២ ខែ ឆ្នាំ២០២៦ ផ្គុំ និងដំឡើងបានចំនួន ៥៨០ គ្រឿង។ សរុបរួម ផ្គុំ និងដំឡើងបានចំនួន ៥,១០៦ គ្រឿង។​​ ចំណែករថយន្ត Ford ក្នុងឆ្នាំ២០២៥ កន្លងទៅ ផ្គុំ ផលិត និងដំឡើងសរុបបានចំនួន ៨,៤៣២ គ្រឿង ហើយត្រឹមរយៈពេល ២ ខែ ឆ្នាំ២០២៦ ផលិត ផ្គុំ និងដំឡើងសរុបបានចំនួន ១ ៨៥៥ គ្រឿង។

លោក សឿន តារា នាយកប្រតិបត្តិសហព័ន្ធយានយន្តកម្ពុជា (CAIF) បានប្រាប់ AMS Economy ថា ៖ បច្ចុប្បន្នមានក្រុមហ៊ុនដំឡើងរថយន្ត៨កំពុងប្រតិបត្តិការ ហើយរោងចក្រចំនួន២ទៀតកំពុងដំណើរសាងសង់ ខណៈដែលមានគម្រោងចំនួន២បន្ថែមទៀតទើបនឹងស្នើសុំចុះបញ្ជីវិនិយោគ និងបើកដំណើរការ គឺក្រុមហ៊ុន ZDG Lynk& Co និង JETOUR។

លោកបានលើកឡើងថា ៖

«រោងចក្រភាគច្រើននាំចូលគ្រឿងបង្គុំពីខាងក្រៅប្រទេស និងដំឡើង ដើម្បីបំពេញតម្រូវការក្នុងស្រុក ដោយឡែក ទិសដៅនាំចេញមិនទាន់មានទេ តែអនាគតអាចនឹងមាន»។

ទាក់ទងនឹងកម្លាំងពលកម្ម លោកនាយកប្រតិបត្តិបានមានប្រសាសន៍ថា៖ កម្លាំងពលកម្ម បច្ចុប្បន្នមិនមានបញ្ហាទេ ពីព្រោះខាងក្រសួងការងារមានបណ្តុះបណ្តាលជំនាញខាងរថយន្តនិងអាចផ្គត់ផ្គង់គ្រប់គ្រាន់ដល់ក្រុមហ៊ុនរថយន្ត។​​ តែកម្លាំងពលកម្មដែលកំពុងខ្វះខាតគឺអ្នកជំនាញបច្ចេកទេសជាន់ខ្ពស់(High Skill) ដែលកន្លងមកក្រុមហ៊ុនបានជ្រើសរើសអ្នកជំនាញក្នុងស្រុកដើម្បីទៅបណ្តុះបណ្តាលនៅក្រៅប្រទេស ជាក់ស្តែងក្រុមហ៊ុន Toyota យកបុគ្គលិកទៅបណ្តុះបណ្តាលនៅជប៉ុន  ហើយ BYD យកទៅបណ្តុះបណ្តាលនៅប្រទេសចិន។

លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA Cambodia បានបញ្ជាក់ឱ្យដឹងផងដែរថា៖ ចាប់តាំងពីឆ្នាំ២០២២ មក ក្រុមហ៊ុន RMA បានផលិតរថយន្ត Ford ប្រមាណ ១៦ ០០០ គ្រឿង ហើយបច្ចុប្បន្នកំពុងពង្រីកខ្សែច្រវាក់ផលិតកម្មរបស់ខ្លួនពីផ្ទៃដី ៥ហិកតា ទៅ ១២ហិកតា។

លោកបានបញ្ជាក់ថា​ ៖

«បច្ចុប្បន្ននេះ ក្រុមហ៊ុនកំពុងផលិតគ្រឿងបង្គុំរថយន្តក្នុងស្រុក ដោយចាប់ផ្តើមពីការផលិតកៅអីសម្រាប់រថយន្ត Ford »។

សូមរំលឹកថា កាលពីពេលកន្លងទៅនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ធ្លាប់បានថ្លែងថា៖ រាជរដ្ឋាភិបាលបានដាក់ទិសដៅរៀបចំគោលនយោបាយដើម្បីលើកទឹកចិត្តអ្នកដែលមកផលិតគ្រឿងបង្គំឱ្យបានច្រើននៅកម្ពុជា ។​ កម្ពុជាមិនមែនគ្រាន់តែជាប្រទេសដែលប្រមូលទិញគ្រឿងបង្គុំមកពីក្រៅដើម្បីផលិតនាំចេញនោះទេ ប៉ុន្តែផលិតឱ្យបានកាន់តែច្រើនជាអតិបរមានៅកម្ពុជា។

ដោយឡែក​ ថ្មីៗនេះ ក្រុមហ៊ុន ZDG បានសម្រេចចិត្តដាក់ទុនក្នុងការនាំចូលនូវរថយន្តទំនើបម៉ាក LYNK & CO  មកកាន់ទីផ្សារកម្ពុជា ហើយកាលពីថ្ងៃទី២០ខែមីនា ឆ្នាំ២០២៦ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា( CDC) បានអនុម័តលើគម្រោងស្នើសុំដំណើរការរោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុន ZDG Assembly Co., Ltd. ដែលនឹងជួយពង្រីកវិសាលភាពវិស័យយានយន្តនៅក្នុងស្រុកកាន់តែទូលាយ ។

 អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ក្នុងឆ្នាំ២០២៥កន្លងទៅនេះ ការនាំចូលរថយន្តមកកម្ពុជា មានបរិមាណជាង៨ម៉ឺន៣ពាន់គ្រឿង ជាមួយទំហំទឹកប្រាក់សរុបប្រមាណ ១.១ ពាន់លានដុល្លារ កើនឡើងជា៦០% ធៀបនឹងឆ្នាំ២០២៤​ ដែលជាការកើនឡើងមិនធ្លាប់មានពីមុនមក​៕

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

ជីវប្រវត្តិ: លោក ញ៉ែម សុផល ចាប់ផ្តើមអាជីពសារព័ត៌មាននៅឆ្នាំ១៩៩៣និងធ្លាប់មានបទពិសោធន៍ជិត៣០ឆ្នាំក្នុងវិស័យសារព័ត៌មាន ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ វប្បធម៌ សង្គម និង បកប្រែភាសាអង់គ្លេស ។ ធ្លាប់បម្រើការក្នុងស្ថាប័នសារព័ត៌មានធំៗជាច្រើន ដូចជា ស្ថានីយទូរទស្សន៍ កាសែត ទស្សនាវដ្តី និងគេហទំព័រ ដោយទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈទាំងនៅក្នុងស្រុកនិងក្រៅប្រទេស។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញភាសាអង់គ្លេស។បច្ចុប្បន្នជាអ្នកយកព័ត៌មានជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនិង​ផ្សព្វផ្សាយនៅ AMS Economy ៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា