សូហ្វី​ណា ​ហ្វាម​ ​បោះ​ទុន​ ​៦​,​៥​ ​លាន​ដុល្លារ​ ​បង្កើត​កសិដ្ឋាន​មាន់​ពង ​និង​កែច្នៃ​សាច់​ខ្នាត​ធំ​នៅ​ព្រៃ​វែង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សូហ្វី​ណា ​ហ្វាម​ ​បោះ​ទុន​ ​៦​,​៥​ ​លាន​ដុល្លារ​ ​បង្កើត​កសិដ្ឋាន​មាន់​ពង ​និង​កែច្នៃ​សាច់​ខ្នាត​ធំ​នៅ​ព្រៃ​វែង

សូហ្វី​ណា ​ហ្វាម​ ​បោះ​ទុន​ ​៦​,​៥​ ​លាន​ដុល្លារ​ ​បង្កើត​កសិដ្ឋាន​មាន់​ពង ​និង​កែច្នៃ​សាច់​ខ្នាត​ធំ​នៅ​ព្រៃ​វែង

​ភ្នំពេញ​៖​ ​ក្រុមហ៊ុន​ សូហ្វី​ណា ​ហ្វាម ​ដែល​ជា​ក្រុមហ៊ុន​មាន​ម្ចាស់​ជា​ជនជាតិ​ខ្មែរ​ទាំងស្រុង​ ​បាន​វិនិយោគ​ទុន​ចំនួន​ ៦​,​៥ ​លាន​ដុល្លារ​អាម៉េរិក​ ​ដើម្បី​បង្កើត​កសិដ្ឋាន​ចិញ្ចឹម​មាន់​ពង ​និង​រោងចក្រ​កែច្នៃ​សាច់​មាន់​ខ្នាត​ធំ​ ​នៅ​ស្រុក​កញ្ចៀច ​ខេត្ត​ព្រៃវែង ​ដោយ​គ្រោង​ចាប់ផ្ដើម​ដំណើរការ​នៅ​ថ្ងៃ​ទី​៤​ ​ខែ​មេសា ​ឆ្នាំ​២០២៧​។

​អ្នក​នាំពាក្យ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ​(​CDC​)​ ​ឯកឧត្តម​ ​ហ៊ាង​ ​សុទ្ធា​យុត្តិ ​បាន​ប្រាប់​បណ្ដាញ​សារព័ត៌មាន​ AMS ថា​ ​ក្រុមហ៊ុន​ ​សូហ្វីណា ​ហ្វាម ​នឹង​បញ្ចប់​ការ​ដំឡើង​កសិដ្ឋាន ​និង​រោងចក្រ​កែច្នៃ​សាច់​មាន់​ទាំងស្រុង​ ​មុនពេល​ចាប់ផ្ដើម​ប្រតិបត្តិការ​ផលិតកម្ម​របស់​ខ្លួន​នៅ​ដើម​ខែ​មេសា ​ឆ្នាំ​២០២៧​។

​តាម​ការ​គ្រោងទុក​ ការ​ផលិត​ស៊ុត​នឹង​ត្រូវ​អនុវត្ត​ជា​បី​ដំណាក់កាល​ ​ដោយ​ដំណាក់កាល​ដំបូង​អាច​ផលិត​ស៊ុត​បាន​ ២​,​៥ ​លាន​គ្រាប់​ក្នុង​មួយ​ថ្ងៃ​។ ​នៅ​ដំណាក់កាល​ទី​២ ​សមត្ថភាព​ផលិត​នឹង​កើនឡើង​ដល់​ ៤០ លាន​គ្រាប់​ក្នុង​មួយ​ថ្ងៃ ​ហើយ​នៅ​ដំណាក់កាល​ទី​៣ ​ដែល​ជា​ដំណាក់កាល​ដំណើរការ​ពេញលេញ​ កសិដ្ឋាន​នេះ​មាន​គោលដៅ​ផលិត​ស៊ុត​ឱ្យ​បាន​ ៦០ លាន​គ្រាប់​ក្នុង​មួយ​ថ្ងៃ​។

​ដោយឡែក​ ​ខ្សែ​ច្រវាក់​ផលិតកម្ម​កែច្នៃ​សាច់​មាន់ ​ក៏​នឹង​ដំណើរការ​ជា​បន្តបន្ទាប់​ ​និង​បែងចែក​ជា​បី​ដំណាក់កាល​ដូចគ្នា​។​ ​ទោះជា​យ៉ាងណា​ ​សមត្ថភាព​ផលិត​សាច់​មាន់​ក្នុង​មួយ​ថ្ងៃ​មិន​ទាន់​ត្រូវ​បាន​បង្ហាញ​ជា​សាធារណៈ​នៅឡើយ​ទេ​។

​ឯកឧត្តម​ ​ហ៊ាង ​សុទ្ធា​យុត្តិ ​បាន​ចាត់ទុក​ការ​វិនិយោគ​នេះ​ថា​ ​ជា​ការ​បង្កើត​កសិដ្ឋាន​ចិញ្ចឹម​មាន់​ខ្នាត​ធំ​មួយ​ទៀត​នៅក្នុង​ខេត្ត​ព្រៃវែង ​ដែល​អាច​រួមចំណែក​បង្កើន​សមត្ថភាព​ផ្គត់ផ្គង់​ស៊ុត ​និង​សាច់​មាន់​ក្នុង​ស្រុក​ ​ព្រមទាំង​កាត់បន្ថយ​ការ​នាំចូល​សាច់​មាន់​បង្កក​ពី​ក្រៅ​ប្រទេស​ឱ្យ​នៅ​កម្រិត​ទាប​បំផុត​។

យោង​តាម​ទិន្នន័យ​របស់​ ​CD​C ​បច្ចុប្បន្ន​កម្ពុជា​មាន​ក្រុមហ៊ុន​ធំ​ៗ​ចំនួន​ ៤ ​ដែល​ប្រកប​អាជីវកម្ម​ចិញ្ចឹម​មាន់​ពង ​និង​កែច្នៃ​សាច់​មាន់ ​ដោយ​ក្រុមហ៊ុន​មួយចំនួន​បាន​ដំណើរការ​ខ្សែ​ច្រវាក់​ផលិតកម្ម​តាំងពី​ឆ្នាំ​១៩៩០​មក​។ ​ក្រុមហ៊ុន​ទាំងនេះ​មាន​ទុន​វិនិយោគ​សរុប​ប្រមាណ​ ​១៦០ ​លាន​ដុល្លារ​អាម៉េរិក​។​

​ជាមួយគ្នា​នេះ​ ​តាម​តួលេខ​ដែល​សមាគម​អ្នក​ចិញ្ចឹម​សត្វ​កម្ពុជា​ ​និង​កសិករ​ខ្មែរ​បាន​បង្ហាញ​ ​កម្ពុជា​មាន​កសិដ្ឋាន​ចិញ្ចឹម​មាន់​ពង​ខ្នាត​យក្ស​យ៉ាងតិច​ចំនួន​ ៣ ​ផ្សេងទៀត​ ​ដោយ​មួយ​ស្ថិត​នៅ​ខេត្ត​កំពង់ធំ ​និង​ពីរ​ទៀត​ស្ថិត​នៅ​រាជធានី​ភ្នំពេញ​។

​ទាក់ទិន​នឹង​តម្រូវការ​ទីផ្សារ ​បច្ចុប្បន្ន​កម្ពុជា​ត្រូវការ​ស៊ុត​មាន់​ប្រមាណ​ ​៤​ លាន​គ្រាប់​ក្នុង​មួយ​ថ្ងៃ​ ​ខណៈ​សមត្ថភាព​ផលិត​ក្នុង​ស្រុក​ពី​កសិដ្ឋាន​ទាំងអស់​មាន​ជាង​ ​៣​ លាន​គ្រាប់​ក្នុង​មួយ​ថ្ងៃ​ ​ដែល​ជិត​អាច​បំពេញ​តម្រូវការ​ទីផ្សារ​ក្នុង​ស្រុក​បាន​ទាំងស្រុង​។

​យ៉ាងណា​ក៏ដោយ​ ​សមាគម​អ្នក​ចិញ្ចឹម​សត្វ​កម្ពុជា​បាន​បង្ហាញ​ក្ដី​បារម្ភ​ថា​ ​ទី​ផ្សារ​ស៊ុត​មាន់​ក្នុង​ស្រុក​អាច​ប្រឈម​នឹង​ការ​ផ្គត់ផ្គង់​លើស​តម្រូវការ​ក្នុងពេល​ដ៏​ខ្លី​ខាង​មុខ​ ​ឬ​យ៉ាង​យូរ​ត្រឹម​ឆ្នាំ​២០២៧ ​ប្រសិនបើ​កសិដ្ឋាន​ខ្នាត​ធំ ​ជា​ពិសេស​កសិដ្ឋាន​ខ្នាត​យក្ស​របស់​ចិន ​បង្កើន​សមត្ថភាព​ផលិតកម្ម​កាន់តែ​ខ្លាំង​ ​ខណៈ​មិន​ទាន់​មាន​ទីផ្សារ​នាំចេញ​ថ្មី​ៗ​គ្រប់គ្រាន់​។

ស​មាគម​បាន​ព្រមាន​ថា​ ​ប្រសិនបើ​បញ្ហា​នេះ​មិន​ត្រូវ​បាន​ដោះស្រាយ​តាមរយៈ​ការ​ស្វែងរក​ទីផ្សារ​ក្រៅ​ប្រទេស​បន្ថែម​ទេ​ ​ការ​ផ្គត់ផ្គង់​ស៊ុត​លើស​តម្រូវការ​អាច​ប៉ះពាល់​ដល់​អាជីវកម្ម​ចិញ្ចឹម​មាន់​ពង​របស់​កសិករ​ក្នុង​ស្រុក​៕

លោក​ ​ជិន​ សុភ័ក្ដ្រ | Mr. Chin Sopheak

លោក​ ​ជិន​ សុភ័ក្ដ្រ | Mr. Chin Sopheak

ជីវប្រវត្តិ៖ ប្រឡូកក្នុងវិស័យសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយជាង ១៩ឆ្នាំ​ លោកបានបំពេញភារកិច្ចជាអ្នកសារព័ត៌មានអាជីពនៅតាមស្ថាប័នសារព័ត៌មានជាតិ​ និងអន្ដរជាតិ មានដូចជា ទស្សនាវដ្ដី​ កាសែត​ វិទ្យុ ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយឌីជីថល។ បច្ចុប្បន្ន លោកជា អ្នករាយការណ៍ជាន់ខ្ពស់នៅ AMS។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា