សេដ្ឋកិច្ចឌីជីថលអាស៊ីអាគ្នេយ៍ ត្រូវបានព្យាករណ៍ថា អាចកើនឡើងដល់ ៣៦៨ ពាន់លានដុល្លារក្នុងឆ្នាំ២០២៦ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សេដ្ឋកិច្ចឌីជីថលអាស៊ីអាគ្នេយ៍ ត្រូវបានព្យាករណ៍ថា អាចកើនឡើងដល់ ៣៦៨ ពាន់លានដុល្លារក្នុងឆ្នាំ២០២៦

សេដ្ឋកិច្ចឌីជីថលអាស៊ីអាគ្នេយ៍ ត្រូវបានព្យាករណ៍ថា អាចកើនឡើងដល់ ៣៦៨ ពាន់លានដុល្លារក្នុងឆ្នាំ២០២៦

បរទេស៖ យោងតាមរបាយការណ៍ប្រចាំឆ្នាំ e-Conomy SEA 2026 ដែលចេញផ្សាយដោយក្រុមហ៊ុន Google ក្រុមហ៊ុនប្រឹក្សាយោបល់ Bain & Company និងក្រុមហ៊ុនវិនិយោគ Temasek បានឱ្យដឹងថា សេដ្ឋកិច្ចឌីជីថលនៅអាស៊ីអាគ្នេយ៍រំពឹងថានឹងឈានដល់ ៣៦៨ ពាន់លានដុល្លារនៅក្នុងឆ្នាំ ២០២៦ នេះ កើនឡើង ១៧ ភាគរយ ធៀបនឹងចំនួន ៣១៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៥ ដោយសារភាពរីកចម្រើននៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ។

នៅត្រឹមឆមាសទី១ នៃឆ្នាំ២០២៦ នេះប៉ុណ្ណោះ ទុនវិនិយោគឯកជនលើវិស័យឌីជីថល និងមជ្ឈមណ្ឌលទិន្នន័យ (Data Centres) នៅអាស៊ីអាគ្នេយ៍បានកើនឡើងប្រមាណជាង ២០ ពាន់លានដុល្លារ។ នេះគឺជាការកើនឡើងយ៉ាងខ្លាំងពីចំនួន ១១ ពាន់លានដុល្លារសម្រាប់ពេញមួយឆ្នាំ២០២៥។ កំណើននេះត្រូវបានជំរុញដោយវិស័យពាណិជ្ជកម្មអេឡិចត្រូនិក (E-commerce) ប្រព័ន្ធផ្សព្វផ្សាយអនឡាញ ការកក់សំបុត្រធ្វើដំណើរនានាតាមអនឡាញ ព្រមទាំងសេវាដឹកជញ្ជូន។ របាយការណ៍នេះបានគ្របដណ្ដប់លើប្រទេសចំនួន ១០ នៅក្នុងតំបន់ រួមមាន ប្រ៊ុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម ហើយសម្រាប់សេដ្ឋកិច្ចឌីជីថលរបស់អាស៊ាននឹងបន្តកើនឡើង ១៣ ភាគរយជាប្រចាំឆ្នាំ ដែលនឹងឈានដល់ ១,១៤ ទ្រីលានដុល្លារនៅត្រឹមឆ្នាំ២០៣៥។

ដោយឡែក វិស័យពាណិជ្ជកម្មអេឡិចត្រូនិកនៅតែបន្តក្តោបក្តាប់ចំណែកធំជាងគេនៅក្នុងទីផ្សារឌីជីថល ដែលជំរុញដោយបញ្ញាសិប្បនិម្មិត (AI)។ ចំពោះទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិកក្នុងតំបន់អាស៊ានត្រូវបានព្យាករណ៍ថា នឹងកើនឡើងដល់ ២២៦ ពាន់លានដុល្លារ កើនឡើង ១៨ ភាគរយ ធៀបនឹងចំនួន ១៩១ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៥។ បច្ចុប្បន្ន ឧបករណ៍ AI ជាច្រើនត្រូវបានប្រើប្រាស់ដោយអ្នកលក់នៅលើវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក ដូចជា ការបង្កើតវីដេអូខ្លីៗអំពីផលិតផលដើម្បីទាក់ទាញអតិថិជន។ ទន្ទឹមនឹងនេះ អតិថិជនក៏ទទួលបានការណែនាំពី AI អំពីផលិតផលដែលត្រូវទិញផងដែរ។

ការសិក្សាមួយទៅលើប្រទេសចំនួន ៦ ក្នុងតំបន់ រួមមាន ឥណ្ឌូណេស៊ី ម៉ាឡេស៊ី សិង្ហបុរី ថៃ វៀតណាម និងហ្វីលីពីន បង្ហាញថា អតិថិជនប្រមាណ ៦៩ ភាគរយបានប្រើប្រាស់ AI ដើម្បីប្រៀបធៀបផលិតផល។ ចំពោះការកក់សំបុត្រធ្វើដំណើរតាមអនឡាញ ដូចជា ការទិញសំបុត្រយន្តហោះ កន្លែងស្នាក់នៅ និងការកក់កន្លែងកម្សាន្ត ត្រូវបានព្យាករណ៍ថានឹងកើនឡើងដល់ ៥៩ ពាន់លានដុល្លារក្នុងឆ្នាំ២០២៦ ដោយកើនឡើង ១០ ភាគរយ ពីចំនួន ៥៣ ពាន់លានដុល្លារកាលពីឆ្នាំ២០២៥។ កំណើននេះត្រូវបានជំរុញដោយការប្រើប្រាស់ AI ដែលជួយឱ្យអតិថិជនស្វែងរកគោលដៅទេសចរណ៍ រៀបចំផែនការធ្វើដំណើរ ការកក់ និងកែសម្រួលកាលវិភាគធ្វើដំណើរផងដែរ។ រីឯវិស័យប្រព័ន្ធផ្សព្វផ្សាយអនឡាញគ្របដណ្ដប់លើការផ្សាយពាណិជ្ជកម្មអនឡាញ ការចំណាយលើហ្គេម និងការជាវសេវាទស្សនាវីដេអូ ឬ ស្តាប់តន្ត្រី ត្រូវបានព្យាករណ៍ថា នឹងកើនឡើងដល់ ៤៤ ពាន់លានដុល្លារក្នុងឆ្នាំនេះ កើនឡើង ២២ ភាគរយពីចំនួន ៣៦ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៥។ ជាមួយគ្នានេះ សម្រាប់ការកក់សំបុត្រសេវាកម្មដឹកជញ្ជូន និងការដឹកជញ្ជូនអាហារត្រូវបានព្យាករណ៍ថា នឹងកើនឡើងដល់ ៤០ ពាន់លានដុល្លារក្នុងឆ្នាំនេះ ដែលកើនឡើង ១៥ ភាគរយ ពីចំនួន ៣៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៥។

លោក Florian Hoppe ដៃគូអភិវឌ្ឍន៍នៅក្រុមហ៊ុន Bain បានលើកឡើងថា សេដ្ឋកិច្ចឌីជីថលរបស់អាស៊ីអាគ្នេយ៍មានភាពធន់មាំខ្លាំង ដោយអត្រាកំណើនផលិតផលក្នុងស្រុកសរុប (GDP) ត្រូវបានព្យាករណ៍ថា នឹងស្ថិតនៅចន្លោះពី ៤ ភាគរយ ទៅ ៥ ភាគរយ បើទោះបីជាមានបញ្ហាប្រឈមផ្នែកម៉ាក្រូសេដ្ឋកិច្ចក៏ដោយ។ GDP រក្សាទម្រង់បានល្អប្រសើរ ដែលចំណុចនេះត្រូវបានផ្សារភ្ជាប់មួយផ្នែកទៅនឹងការវិនិយោគដែលមានភាពរឹងមាំខ្លាំង។

សូមបញ្ជាក់ដែរថា ការព្យាករណ៍សេដ្ឋកិច្ចប្រចាំខែតុលា ឆ្នាំ២០២៦ របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឲ្យដឹងថា កំណើន GDP របស់អាស៊ាន អាចនឹងកើនឡើងដល់ ៤,៩ ភាគរយក្នុងឆ្នាំ២០២៦ និង ៤,៧ ភាគរយក្នុងឆ្នាំ២០២៧៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា