កូរ៉េខាងត្បូង គ្រោងលុបគោលនយោបាយ «រំសាយអាវុធនុយក្លេអ៊ែរ» បើកផ្លូវចរចាជាមួយ កូរ៉េខាងជើង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កូរ៉េខាងត្បូង គ្រោងលុបគោលនយោបាយ «រំសាយអាវុធនុយក្លេអ៊ែរ» បើកផ្លូវចរចាជាមួយ កូរ៉េខាងជើង

កូរ៉េខាងត្បូង គ្រោងលុបគោលនយោបាយ «រំសាយអាវុធនុយក្លេអ៊ែរ» បើកផ្លូវចរចាជាមួយ កូរ៉េខាងជើង

បរទេស ៖ ប្រទេសកូរ៉េខាងត្បូងគ្រោងបោះបង់ចោលគោលនយោបាយ «លុបបំបាត់អាវុធនុយក្លេអ៊ែរ» ដោយបង្វែរមកអនុវត្តយុទ្ធសាស្រ្ត «គិតសន្តិភាពជាធំ» ដើម្បីបើកផ្លូវចរចាជាមួយកូរ៉េខាងជើងសាជាថ្មី ក្នុងគោលបំណងធ្វើឱ្យឧបទ្វីបកូរ៉េគ្មានអាវុធប្រល័យលោក ។ នេះបើតាម NBC News ចេញផ្សាយកាលពីថ្ងៃទី២៣ ខែកក្កដា ។

Advertisement

រដ្ឋមន្ត្រីបង្រួបបង្រួមជាតិកូរ៉េខាងត្បូង លោក Chung Dong-young និយាយថា គោលនយោបាយ “លុបបំបាត់អាវុធនុយក្លេអ៊ែរជាធំ” អាចត្រូវបានលុបចោល ដើម្បីផ្តល់អាទិភាពដល់ការបញ្ឈប់សកម្មភាពបង្កើនការផលិតក្បាលគ្រាប់នុយក្លេអ៊ែររបស់កូរ៉េខាងជើងជាដំបូង ។

លោក Chung អះអាងថា កូរ៉េខាងត្បូងកំពុងអភិវឌ្ឍយុទ្ធសាស្ត្រមួយ ដែលដំបូងឡើយ ស្វែងរកការបង្កកកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង ។ លោកព្រមានថា ការពន្យារពេលតទៀត នឹងបើកដៃឱ្យទីក្រុងព្យុងយ៉ាងកាន់តែពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន ។

រដ្ឋមន្ត្រីបង្រួបបង្រួមជាតិកូរ៉េខាងត្បូងរូបនេះសង្កត់ធ្ងន់ថា ការទាមទារឱ្យមានការលុបបំបាត់អាវុធនុយក្លេអ៊ែរជាធំ បានរារាំងដល់ការចរចា នៅពេលដែលកិច្ចសន្ទនាផ្លូវការរវាងប្រទេសកូរ៉េទាំងពីរ ត្រូវបានផ្អាកអស់រយៈពេល ៧ ឆ្នាំមកហើយ ។

យ៉ាងណាមិញ ទោះបីជាមានការបន្ទន់ឥរិយាបថរបស់លោកប្រធានាធិបតីកូរ៉េខាងត្បូង Lee Jae-myung ដូចជាការផ្អាកការចាក់ឧបករណ៍បំពងសំឡេងតាមព្រំដែនក៏ដោយ ប៉ុន្តែកូរ៉េខាងជើងនៅតែមិនទាន់បង្ហាញចំណាប់អារម្មណ៍វិលត្រឡប់ទៅរកការចរចាវិញនៅឡើយនោះទេ ។

កូរ៉េខាងជើងនិយាយថា ខ្លួនគ្មានចំណាប់អារម្មណ៍លើសំណើរបស់ទីក្រុងសេអ៊ូល ឬស្តារកិច្ចសន្ទនាឡើងវិញនោះឡើយ ហើយបានចោទប្រកាន់លោកប្រធានាធិបតី Lee Jae-myung ថា បានបន្តគោលនយោបាយប្រឈមមុខដាក់គ្នា ដោយរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក ។

កាលពីចុងឆ្នាំ២០២៣ មេដឹកនាំកំពូលកូរ៉េខាងជើង លោក Kim Jong Un ប្រកាសថា កូរ៉េទាំងពីរគឺជារដ្ឋសត្រូវ មិនមែនជាដៃគូដែលស្វែងរកការបង្រួបបង្រួមជាតិនាពេលអនាគតនោះទេ ។

យោងតាមវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្តុកខុល, គិតត្រឹមឆ្នាំ២០២៦ កូរ៉េខាងជើងមានក្បាលគ្រាប់នុយក្លេអ៊ែរប្រហែល ៦០ គ្រាប់ បើធៀបនឹងឆ្នាំមុនមានតែ ៥០ គ្រាប់ប៉ុណ្ណោះ ហើយទីក្រុងព្យុងយ៉ាងក៏មានសារធាតុហ្វីស៊ីលគ្រប់គ្រាន់ ដើម្បីផលិតក្បាលគ្រាប់នុយក្លេអ៊ែរកើនឡើងដល់ ៩០ គ្រាប់ផងដែរ ៕

ប្រភព ៖ NBC News ប្រែសម្រួល ៖ ឈឹម ទីណា

https://www.nbcnews.com/world/asia/south-korea-drops-denuclearization-precondition-talks-north-rcna588847

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា