ភាគីពាក់ព័ន្ធ កំពុងរកដំណោះស្រាយ​ជំរុញ​ទេសចរក្នុង​ស្រុក​ ដើម្បីជំនួស​ទេសចអន្តរជាតិ​ដែល​កំពុង​ធ្លាក់​ចុះ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ភាគីពាក់ព័ន្ធ កំពុងរកដំណោះស្រាយ​ជំរុញ​ទេសចរក្នុង​ស្រុក​ ដើម្បីជំនួស​ទេសចអន្តរជាតិ​ដែល​កំពុង​ធ្លាក់​ចុះ​

ភាគីពាក់ព័ន្ធ កំពុងរកដំណោះស្រាយ​ជំរុញ​ទេសចរក្នុង​ស្រុក​ ដើម្បីជំនួស​ទេសចអន្តរជាតិ​ដែល​កំពុង​ធ្លាក់​ចុះ​

ភ្នំពេញ ៖ ក្នុងពេលស្ថានភាពទេសចរអន្តរជាតិនៅក្នុងប្រទេ​សកម្ពុជា​កំពុងធ្លាក់​ចុះយ៉ាងគំហុក ទាំង​វិស័យ​រដ្ឋ​ និងឯកជន មិននៅស្ងៀមនោះឡើយ ដោយបានខិតខំ​ស្វះស្វែង​រកដំណោះស្រាយ ធ្វើយ៉ាងណាអាចជំរុញ​ទេសចរក្នុងស្រុក ​បង្កើនសកម្មភាព ធ្វើដំណើរកម្សាន្ត​ឱ្យច្រើន​ និង​ស្នាក់​នៅរយៈពេលយូរជាង​មុន​ ដើម្បីអាចជំនួសទេសចរបរទេសបានមួយផ្នែក និងជ្រោមជ្រែងវិស័យនេះឱ្យបានប្រសើរ។​

Advertisement

ឯកឧត្តម ស៊ីន ចាន់សេរីវុត្ថា អ្នកនាំពាក្យ​រដ្ឋលេខាធិការ​ដ្ឋាន​អាកាស​ចរណ៍ស៊ីវិល បានមានប្រសាសន៍​ប្រាប់បណ្ដាញព័ត៌មាន​ AMS ​ឱ្យដឹងថា បន្ទាប់ពី​មើលឃើញស្ថានភាព​ទេសចរអន្តរជាតិ​ថមថយក្នុងរយៈពេលប៉ុន្មានខែដើមឆ្នាំនេះ​ ​ក្រោមឥទ្ធិពលនៃបញ្ហា​សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា និងកត្តា​សេដ្ឋកិច្ចពិភពលោក​មិនប្រាកដប្រជា ទាំងវិស័យរដ្ឋ​ និងឯកជន មិននៅស្ងៀម​នោះទេ ហើយក៏មិនមែនមិនខ្វល់ខ្វាយដែរ ពោលគឺសហការរួមគ្នា ស្វែង​រកដំណោះស្រាយ ​ដើម្បី​រកច្រកចេញ និងជំរុញវិស័យ​ទេសចរណ៍​កម្ពុជា​ឱ្យ​នៅតែមានភាពប្រសើរ និង​បន្ត​ចូលរួមជំរុញកំណើនសេដ្ឋកិច្ច​ជាតិ។

បច្ចុប្បន្ន​នេះ តួអង្គ​ពាក់ព័ន្ធទាំងអស់​ ដូចជា ​ក្រសួង​ទេសចរណ៍ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល​ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងវិស័យឯកជនដែលពាក់​ព័ន្ធនឹង​វិស័យទេសចរណ៍ កំពុងរួមគ្នា​ធ្វើកិច្ចការ​ងារ​ដើម្បីបង្កើនភាពទាក់ទាញ​ទេសចរក្នុងស្រុក ដោយ​នឹង​បង្កើតផលិតផល​ទេសចរណ៍ថ្មីៗ ធ្វើយ៉ាង​ណា​ឱ្យភ្ញៀវទេសចរ​ក្នុងស្រុកធ្វើដំណើរកម្សាន្ត​បានច្រើន និងស្នាក់នៅតំបន់ទេសចរណ៍ បានយូរជាងមុន​ ។​

ឯកឧត្តម​ ស៊ីន ចាន់សេរីវុត្ថា បានបន្ថែមថា ៖

«ពាក់ព័ន្ធនឹង​វិស័យអាកាស​ចរណ៍ ឃើញថា​​មានក្រុមហ៊ុន​អាកាស​ចរណ៍ក្នុង​ស្រុក​បានបង្កើត​ជើង​ហោះហើរ​ថ្មី​ៗទៅកាន់​អាកាស​យានដ្ឋាន​ក្នុងស្រុក ដូចជា ពីភ្នំពេញទៅសៀមរាប ភ្នំពេញទៅអាកាសយានដ្ឋានតារាសាគរខេត្ត​កោះកុង​ ទៅអាកាស​យានដ្ឋានខេត្តព្រះសីហនុ ដើម្បីឱ្យភ្ញៀវទេស​ចរដែលចង់ធ្វើដំណើរ​តាមផ្លូវអាកាស ​អាចសាកល្បង​ក្នុងការ​ធ្វើដំណើរ​តាមផ្លូវអាកាស​ ប៉ុន្តែដោយសារតែពេលនេះ វាជា​រដូវ​កាលបៃតង ការ​ធ្វើដំណើរតាមផ្លូវអាកាសក្នុងប្រទេស​កម្ពុជា​​មិនសូវ​ជាមមាញឹក​ទេ​ ប៉ុន្តែរំពឹងថា​ ពេលចប់រដូវ​បៃតង នឹង​មានភ្ញៀវទេសចរ​ក្នុងស្រុក​ក៏ដូចជាអន្តរជាតិក្នុងប្រទេស​ធ្វើដំណើរតាមផ្លូវអាកាស​ច្រើន» ។

លោក ហូ វណ្ឌី ទីប្រឹក្សា​សមាគម​ទេសចរណ៍កម្ពុជា​បានមានប្រសាសន៍ថា បន្ទាប់ពី​សង្កេតឃើញនិន្នាការនៃចំនួនទេសចរអន្តរជាតិ​នៅកម្ពុជា​មានការ​ថមថយគួរឱ្យកត់សម្គាល់ សមាគម​ជំនាញ​ បាន​ប្រជុំ​រកដំណោះស្រាយ ដើម្បីជំរុញទេសចរក្នុងស្រុក ជាពិសេស​ក្នុងរដូវ​បៃតង​នាពេលនេះ ។​ ពាក់ព័ន្ធនឹង​កិច្ចការ​នេះ ប្រតិបត្តិករ​ទេសចរណ៍ បានស្នើសុំ​អាជ្ញាធរ​ដែនដី ពិសេស​នៅតំបន់​ដែលមាន​រមណីយដ្ឋានប្រវត្តិសាស្ត្រ និងរមណីយដ្ឋាន​ធម្មជាតិ​ ដូចជា​តំបន់អេកូទេសចរណ៍ និងកសិ-អេកូទេសចរណ៍ រៀបចំទីតាំង​នៅតំបន់នោះឱ្យមានភាពទាក់ទាញ​ជាងមុន​ និង​រៀបចំផ្ដល់សេវាកម្មទេសចរណ៍ប្រកបដោយគុណភាព ។​ អ្វីដែលពិសេសនោះ បាន​ស្នើសុំឱ្យអាជ្ញាធរ​ដែនដីក្នុងមូលដ្ឋាន​ត្រូវ​ធានា​ឱ្យបាន​ថា អ្នកផ្ដល់​សេវាកម្មនៅតំបន់ទាំង​នោះ មានសីលធម៌ ស្មោះត្រង់ រួសរាយ និងមិនគេងចំណេញលើលើ​តម្លៃ​ផលិតផល និងសេវាទេស​ចរណ៍ឡើយ ។

លោក​បន្តថា ៖

«ទេសចរ​ក្នុងស្រុក គឺជាចលករ​មួយដែល​ជំរុញ​ឱ្យ​សេដ្ឋកិច្ច​ក្នុងគ្រួសារ សេដ្ឋកិច្ច​ក្នុងតំបន់ និង​កំណើនសេដ្ឋកិច្ចជាតិ​ទាំង​មូល​ផងដែរ ដូច្នេះ បើសិនជា​ទេសចរ​ក្នុងស្រុក​ដើរកម្សាន្ត​កាន់តែ​ច្រើន នឹងធ្វើឱ្យខ្សែច្រវាក់​សេវាកម្ម​ទេសចរណ៍ក្នុងស្រុកកាន់តែកើនឡើង​ផងដែរបើទោះបីជា​ទេសចរបរទេសធ្លាក់ចុះក៏ដោយ»។​

លោក ហូ ​វណ្ឌី បាន​បន្ថែមថា សម្រាប់សេវាកម្ម​ដែលធ្លាប់ផ្ដល់ជូន​ភ្ញៀវទេសចរបរទេស ដូចជា ​សណ្ឋាគារ ភោជនីយដ្ឋាន​ ជាដើម ក៏ត្រូវ​កែលម្អ​តម្លៃ​ ដើម្បីតម្រូវ​ជាមួយ​នឹងទេសចរ​ក្នុងស្រុក​ ធ្វើយ៉ាងណាឱ្យមានចំណូល​។ ក្រៅពីនេះ ក្រុមដឹកជញ្ជូន ក្រុមអាកាស​ចរ​ណ៍ក្នុងស្រុក ក៏គួរតែ​មានការ​សិក្សាពីតម្លៃ​ជាថ្មីសម្រាប់ការផ្ដល់សេវាកម្ម​ជូនភ្ញៀវទេសចរក្នុងស្រុក​ផងដែរ ។

លោកបញ្ជាក់ថា បើសិនជា​ចរន្តទេសចរ​ណ៍ក្នុងស្រុកមានសកម្មភាពកាន់តែច្រើន នោះនឹង​អាចធ្វើឱ្យ​វិស័យ​ទេសចរណ៍​នៅតែល្អប្រសើរ ហើយក៏អាចជំនួស​ទេសចរ​បរទេស​ដែល​កំពុងធ្លាក់​ចុះនេះបានមួយកម្រិតធំផងដែរ ។

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍កម្ពុជាបានឱ្យដឹងថា ក្នុងរយៈពេល​៥ខែ ឆ្នាំ២០២៦នេះ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​បរទេស សរុបចំនួន ​១,៥៤លាននាក់​​ បើធៀបនឹង​រយៈពេលដូចគ្នា​ក្នុងឆ្នាំ ២០២៥ ធ្លាក់ចុះរហូតដល់ ៤៧,៨ភាគរយ ។ ការធ្លាក់ចុះយ៉ាង​គំហុ​កនៃចំនួនភ្ញៀវទេសចរបរទេស​ចូលមកកម្ពុជា​ក្នុងឆ្នាំ២០២៦នេះ ត្រូ​វបានគេមើលឃើញថា ​ដោយសារតែការ​បិទព្រំដែន​រវាង​ប្រទេស​កម្ពុជា​និងថៃ ជាពិសេស បញ្ហា​សង្គ្រាម​នៅ​តំបន់​មជ្ឈិមបូព៌ា៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា