ខេត្តតាកែវ រៀបចំខ្លួនទទួលទុនវិនិយោគប្រមាណ ១ ០០០លានដុល្លារពីក្រុមហ៊ុនធំៗរបស់ចិន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ខេត្តតាកែវ រៀបចំខ្លួនទទួលទុនវិនិយោគប្រមាណ ១ ០០០លានដុល្លារពីក្រុមហ៊ុនធំៗរបស់ចិន

ខេត្តតាកែវ រៀបចំខ្លួនទទួលទុនវិនិយោគប្រមាណ ១ ០០០លានដុល្លារពីក្រុមហ៊ុនធំៗរបស់ចិន

តាកែវ៖ តាកែវ ដែលជាខេត្តមួយមានសក្តានុពលសេដ្ឋកិច្ច បាន និងកំពុងទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់វិនិយោគិនជាតិ និងអន្តរជាតិ ហើយក៏បានត្រៀមខ្លួនរួចជាស្រេចដើម្បីស្វាគមន៍គម្រោងវិនិយោគចម្រុះវិស័យ ជាពិសេស ការត្រៀមទីតាំងសម្រាប់បង្កើតតំបន់សេដ្ឋកិច្ចពិសេស ក្រោមទុនវិនិយោគសរុបប្រមាណ ១ពាន់លានដុល្លារអាម៉េរិក។

Advertisement

នៅថ្ងៃដើមសប្ដាហ៍នេះ ក្រុមហ៊ុនធំៗចំនួន ៣៥ មកពីខេត្តជើជាំង( Zhejiang) ប្រទេសចិន មានបំណងនាំយកទុនវិនិយោគសរុបប្រមាណ ១ ០០០លានដុល្លារអាមេរិក មកបណ្តាក់ទុននៅក្នុងខេត្តតាកែវ ក្រោមរូបភាពបង្កើតរោងចក្រ សហគ្រាសកែច្នៃ និងផលិតក្នុងវិស័យឧស្សាហកម្ម ជាពិសេស​ គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសដ៏ធំសម្បើមមួយ ខណៈដែលរដ្ឋបាលខេត្តបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ទទួលការវិនិយោគទាំងនេះ។​

ឯកឧត្តម វុី សំណាង អភិបាលខេត្តកាកែវ បានមានប្រសាសន៍ប្រាប់ AMS ថា ៖ ខាងក្រុមហ៊ុនចិន បានមកសិក្សា និងស្វែងយល់ពីឱកាសវិនិយោគ សក្តានុពលរបស់ខេត្តតាកែវ ដោយក្រុមហ៊ុនគ្រោងបង្កើតរោងចក្រ និងសហគ្រាសក្នុងវិស័យសំខាន់ៗជាច្រើន រួមមាន វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម បច្ចេកវិទ្យា ការផលិតគ្រឿងបន្លាស់អេឡិចត្រូនិក និងការផលិតសម្ភារៈឧបករណ៍អគ្គិសនីជាច្រើនប្រភេទ។

ឯកឧត្តមបានបញ្ជាក់ថា៖

« ក្រុមហ៊ុនចិនទាំង ៣៥ ហ្នឹង ចង់បង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅក្នុងខេត្តយើង ហើយគ្រោងវិនិយោគទុនតម្លៃសរុបប្រមាណ ១ ពាន់លានដុល្លារអាម៉េរិក។ ខាងខេត្តយើងគាំទ្រចំពោះគម្រោង​វិនិយោគនេះ និងបានត្រៀមខ្លួនរួចជាស្រេចក្នុងការសម្របសម្រួល ដើម្បីផ្តល់ភាពងាយស្រួល និងផ្តល់លក្ខ​ខណ្ឌគ្រប់បែបយ៉ាងជូនដល់វិនិយោគិនទាំងអស់ ស្របតាមច្បាប់វិនិយោគរបស់កម្ពុជា។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា ៖ ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសបានកាន់តែច្រើន សេដ្ឋកិច្ចជាតិក៏នឹងរីកចម្រើនកាន់តែខ្លាំងដូចគ្នា។ វានឹងធ្វើឱ្យជីវភាពប្រជាពលរដ្ឋនៅជុំវិញនោះកាន់តែធូរធា ដោយសារមានការងារធ្វើច្រើន ហើយសេដ្ឋកិច្ចក៏មានដំណើរការ។

អ្នកឧកញ៉ាបញ្ជាក់ថា ៖

«មុនពេលគេសម្រេចចិត្តបណ្តាក់ទុននៅកន្លែងណាមួយ គឺគេសិក្សាយ៉ាងច្បាស់លាស់ ព្រោះគេមិនអាចយកលុយមកចាក់ចោលនោះទេ ហើយចំពោះគម្រោងបង្កើតតំបន់សេដ្ឋកិច្ចក៏កាន់តែលម្អិត ព្រោះគ្រប់តំបន់សេដ្ឋកិច្ចពិសេសទាំងអស់ ភាគច្រើនគឺជាតំបន់យុទ្ធសាស្ត្រ និងមានភូមិសាស្ត្រល្អ»។

សូមបញ្ជាក់ថា៖ ការចាប់អារម្មណ៍ពីសំណាក់វិនិយោគិនមកពីខេត្ត Zhejiang ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងបច្ចេកវិទ្យាឈានមុខមួយរបស់ចិន គឺស្របពេលដែលខេត្តតាកែវកំពុងពង្រឹងតួនាទីរបស់ខ្លួនក្នុងនាមជា «មជ្ឈមណ្ឌលសេដ្ឋកិច្ចថ្មី» ជាមួយនឹងសក្តានុពលភូមិសាស្ត្រ ដែលអំណោយផលដល់ការដឹកជញ្ជូន និងការភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្ម ខណៈដែលបណ្តាញហេដ្ឋារចនាសម្ព័ន្ធនានាត្រូវបានអភិវឌ្ឍ និងលើកម្ពស់គុណភាពរួចរាល់៕

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

ជីវប្រវត្តិ: លោក ញ៉ែម សុផល ចាប់ផ្តើមអាជីពសារព័ត៌មាននៅឆ្នាំ១៩៩៣និងធ្លាប់មានបទពិសោធន៍ជិត៣០ឆ្នាំក្នុងវិស័យសារព័ត៌មាន ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ វប្បធម៌ សង្គម និង បកប្រែភាសាអង់គ្លេស ។ ធ្លាប់បម្រើការក្នុងស្ថាប័នសារព័ត៌មានធំៗជាច្រើន ដូចជា ស្ថានីយទូរទស្សន៍ កាសែត ទស្សនាវដ្តី និងគេហទំព័រ ដោយទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈទាំងនៅក្នុងស្រុកនិងក្រៅប្រទេស។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញភាសាអង់គ្លេស។បច្ចុប្បន្នជាអ្នកយកព័ត៌មានជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនិង​ផ្សព្វផ្សាយនៅ AMS Economy ៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា