ពន្ធដារ​បង្ហាញពីនីតិវិធីនៃការដាក់​លិខិត​ប្រកាស​ពន្ធលើ​ចំណេញមូលធន​តាមប្រព័ន្ធអនឡាញ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ពន្ធដារ​បង្ហាញពីនីតិវិធីនៃការដាក់​លិខិត​ប្រកាស​ពន្ធលើ​ចំណេញមូលធន​តាមប្រព័ន្ធអនឡាញ

ពន្ធដារ​បង្ហាញពីនីតិវិធីនៃការដាក់​លិខិត​ប្រកាស​ពន្ធលើ​ចំណេញមូលធន​តាមប្រព័ន្ធអនឡាញ

ភ្នំពេញ៖ ក្នុងពេលដែល​ពន្ធលើ​ចំណេញធន នឹង​ត្រូវ​ចាប់ផ្ដើមអនុវត្ត​ក្នុងឆ្នាំ ២០២៦ នេះ អគ្គនាយក​ដ្ឋាន​ពន្ធដារ​ បានបង្ហាញពី​នីតិវិធី​នៃការដាក់​លិខិត​ប្រកាសពន្ធតាមអនឡាញ សម្រាប់អ្នកជាប់ពន្ធ​ ដើម្បីសម្រួលដល់ការ​ងារប្រកាសពន្ធ ឱ្យ​កាន់តែលឿនរហ័ស ក៏ដូចជាបង្ហាញពី​គណនេយ្យភាព​ និង​តម្លាភាព។

Advertisement

យោងតាមសេចក្ដីណែនាំរបស់​អគ្គនាយកដ្ឋានពន្ធដារ បានបង្ហាញពីនីតិវិធីនៃការដាក់លិខិត​ប្រកាសពន្ធលើចំណេញមូលធន តាមអនឡាញសម្រាប់អ្នក​ជាប់ពន្ធ និង​ភ្នាក់ងារ​កាត់ទុក ប៉ុន្តែ​សម្រាប់​ពេលនេះ សូមលើកយកតែអ្នកជាប់ពន្ធ​​ និវាសន​ជន​ជារូប​វន្ត​បុគ្គល និងអ្នកជាប់ពន្ធអនិវាសនជន មក​បង្ហាញប៉ុណ្ណោះ ។

​ជំហាន​ទី ១ ត្រូវ​ចូលទៅកាន់​ប្រព័ន្ធបច្ចេកវិទ្យា​ព័ត៌មានពន្ធដារ​កម្ពុជា ( https://gdthometax.tax.gov.kh ) ដោយប្រើ​គណនី ដែលមានស្រាប់សម្រាប់អ្នកដែលបានចុះឈ្មោះរួច។ ចំពោះអ្នក​ដែល​មិនទាន់មានគណនី ត្រូវ​ចុះឈ្មោះប្រើប្រាស់​ជាមុនសិន។ បន្ទាប់មក​ ត្រូវ​ចូលទៅកាន់មុខ​ងារ «សេវាកម្មអេឡិច​ត្រូនិក » រួច​ជ្រើសរើសយក​ ប្រព័ន្ធគ្រប់គ្រង​ពន្ធលើ​ចំណេញមូលធន។ ឬក៏អាច​ចូលទៅកាន់​គេហទំព័រផ្លូវការ​របស់អគ្គនាយកដ្ឋានពន្ធដារ​ ( http://www.tax.gov.kh) ហើយចូលទៅកាន់​មុខ​ងារ​ សេវាកម្ម​អេឡិចត្រូនិកពន្ធដារ និង​ជ្រើសរើស​យក ប្រព័ន្ធគ្រប់គ្រង​ពន្ធលើចំណេញមូលធន។​

ជំហានទី ២ ត្រូវ​ចូលទៅកាន់មុខ​ងារ គ្រប់គ្រង​បញ្ជី​ប្រកាសពន្ធ រួច​ចុច​លើប៊ូតុង​ ដាក់​លិខិត​ប្រកាស​ថ្មី បន្ទាប់មក បំពេញព័ត៌មានដែល​ប្រព័ន្ធតម្រូវ​មួយចំនួន ដូចជា​ព័ត៌មាន​របស់​អ្នកលក់​ ឬអ្នកផ្ទេរ​សិទ្ធិ ព័ត៌មាន​របស់អ្នកទិញ ឬអ្នកទទួលសិទ្ធិ​ ព័ត៌មាន​ប្រកាស​ពន្ធ និងភ្ជាប់​( Upload ) ឯកសារ​យោង​ឱ្យ​បានត្រឹមត្រូវ។

ជំហានទី ​៣​ ក្រោយបំពេញព័ត៌មាន​លិខិត​ប្រកាសពន្ធរួចរាល់ សូម​ចុចប៊ូតុង​ គណនា​ប្រាក់ពន្ធត្រូវ​បង់ ដើម្បីឱ្យប្រព័ន្ធ​ធ្វើការគណនា​ និងបង្ហាញតារាង​គណនា​ប្រាក់ពន្ធត្រូវ​បង់ ។ ជំហាន​បន្ទាប់​ ត្រូវពិនិត្យ​និងផ្ទៀង​ផ្ទាត់​ព័ត៌មានដែលបានបំពេញឱ្យ​បានត្រឹមត្រូវមុននឹង​ដាក់លិខិត​ប្រកាស​ពន្ធ។​ ក្រោយពិនិត្យរួចរាល់ សូមចុង​ប៊ូតុង រក្សា​ទុក​ជាសេចក្ដីព្រាង ក្នុងករណី​នៅខ្វះខាត​ព័ត៌មាន​ដែលត្រូវ​បំពេញបន្ថែម និងដាក់​លិខិតប្រកាស​ពន្ធមក​អគ្គនាយកដ្ឋានពន្ធដារ​នៅពេលក្រោយ ឬក៏ចុច​ប៊ូ​តុង ដាក់លិខិតប្រកាសពន្ធ ក្នុង​ករណី ត្រូវ​រក្សា​ទុក និងដាក់លិខិត​ប្រកាស​ពន្ធមកអគ្គនាយកដ្ឋាន​ពន្ធដារ​តែម្ដង។ លោកអ្នកអាច​បោះពុម្ព​ ( ព្រីន ) លិខិត​បញ្ជាក់ការ​ដាក់លិខិត​ប្រកាស​ ចេញពីប្រព័ន្ធនេះបានផងដែរ។​

បើតាមការណែនាំ​របស់អគ្គនាយក​ដ្ឋាន​ពន្ធដារ ​ឱ្យដឹងថា បន្ទាប់ពី​បានដាក់លិខិតប្រកាសពន្ធរួចរាល់ លោក​អ្នក ត្រូវ​រង់ចាំការពិនិត្យ និងសម្រេចពីអគ្គនាយកដ្ឋានពន្ធដារ ដោយអាច​ពិនិត្យ និងតាមដាន​ស្ថានភាពលិខិត​ប្រកសា​នៅក្នុងមុខងារ បញ្ជីលិខិត​ប្រកាសពន្ធ រួច​ស្វែង​រក​លិខិតប្រកាស​ តាមរយៈលេខ​បារកូដ រួច​ពិនិត្យ​ស្ថានភាពប្រកាស​។

បន្ទាប់ពី​អគ្គនាយកដ្ឋានបានឯកភាព​លើកា​រដាក់លិខិត​ប្រកាស​ពន្ធហើយ​លោកអ្នក​អាច​បង់​ប្រាក់ពន្ធក្នុ​ងប្រព័ន្ធនេះតែម្ដង ដោយ​ចុចប៊ូតុង​ បង់ប្រាក់ពន្ធ រួចជ្រើសរើស​ធនាគារ និង​បន្តនីតិវិធី​បង់ប្រាក់​របស់ធនាគារ ឬបោះពុម្ពសេចក្ដីជូនដំណឹងស្ដីពីការ​បង់ប្រាក់ពន្ធលើ​ចំណេញមូលធន​ ហើយ​ត្រូវបង់ប្រាក់​ដោយប្រើប្រាស់​បារកូដ​ដែលមាននៅលើ​សេចក្ដីជូនដំណឹង​នោះ ជាមួយធនាគារ​ពាណិជ្ជជាដៃគូរបស់អគ្គនាយកដ្ឋានពន្ធដារ ឬតាម​ប្រព័ន្ធគ្រប់គ្រង​ពន្ធតាមអនឡាញ។

ក្រោយពេល​បង់ប្រាក់​ពន្ធរួចរាល់​ហើយ ស្ថានភាពលិខិត​នឹង​បង្ហាញថា​ជោគជ័យ  ប៉ុន្តែ​បើសិនជា​ប្រព័ន្ធ​បង្ហាញថាពាក្យ​ « បដិសេធ » នោះមានន័យថា ការ​បំពេញ មានភាពចន្លោះប្រហោង ដែលតម្រូវ​ឱ្យ​ពិនិត្យ​និង​បំពេញ​ឱ្យបានត្រឹមត្រូវ​ រួចដាក់លិខិតប្រកាសពន្ធឡើងវិញ​​។

ក្នុងករណីប្រាក់ពន្ធ​មិនត្រឹមត្រូវ ដូជជា​លើស​ឬខ្វះ ទំហំទឹកប្រាក់ពន្ធ អ្នកជាប់ពន្ធអាចទាក់ទង​ដើម្បីសាកសួរព័ត៌មាន ពាក់ព័ន្ធនឹង​ដំណើរការ​ឯកសារ ការ​គណនា​ប្រាក់ពន្ធជាដើម តាម​ GDT Call Center 1277​ ឬសារ​អេឡិចត្រូនិក​ ក្នុងប្រព័ន្ធ។​

ឯកឧត្តម​បណ្ឌិតកែន សម្បត្តិ​ អគ្គនាយករង​នៃអគ្គនាយកដ្ឋានពន្ធដារ បានលើកឡើងថា វិសាលភាពនៃកា​រកំណត់កាយក​ពន្ធលើ​ចំណេញមូលធន​ ពីប្រតិបត្តិការ​លក់​ ឬផ្ទេរទ្រព្យ ៥ ប្រភេទរួមមាន​ ភតិសន្យា ទ្រព្យ​វិនិយោគ កេរ្តិ៍ឈ្មោះអាជីវកម្ម កម្មសិទ្ធិបញ្ញា និងរូបិយបណ្ណបរទេស គឺត្រូវ​អនុវត្ត​ចំពោះតែរូបវន្ត​បុគ្គលនិវាសនជន និងអ្នកជាប់ពន្ធអនិវាសនជន ។​ ហើយពន្ធលើចំណេញ​មូលធន​លើការ​ឬផ្ទេរ​ទ្រព្យ​ទាំង​៥​ប្រភេទនេះ ត្រូវបង់នៅពេលដែល​មានចំណេញតែប៉ុណ្ណោះ បើមិនចំណេញ គឺមិនចាំបាច់បង់ពន្ធនោះទេ​៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា