បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រុមហ៊ុន​ថៃ​ ​CP ​All ​ប្រកាស​បិទ​ 7​-​Eleven ​នៅ​កម្ពុជា​ ​ក្រោយ​បាត់បង់​សាខា​ជាង​ ​១០០ ​ត្រឹម​រយៈពេល​មួយ​ឆ្នាំ​

ក្រុមហ៊ុន​ថៃ​ ​CP ​All ​ប្រកាស​បិទ​ 7​-​Eleven ​នៅ​កម្ពុជា​ ​ក្រោយ​បាត់បង់​សាខា​ជាង​ ​១០០ ​ត្រឹម​រយៈពេល​មួយ​ឆ្នាំ​

​ភ្នំពេញ​៖​ ​ក្រុមហ៊ុន​ ​CP All ​របស់​ប្រទេស​ថៃ​ ​ដែល​ជា​អ្នក​ប្រតិបត្តិការ​បណ្តាញ​ហាង​លក់​រាយ 7​-​Eleven ​បាន​ប្រកាស​បិទ​ហាង​ទាំងអស់​នៅ​កម្ពុជា ​ចាប់​ពី​ថ្ងៃ​ទី​២៥​ ​ខែ​ធ្នូ ​ឆ្នាំ​២០២៦ ​បន្ទាប់ពី​ចំនួន​សាខា​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង ​ដោយ​បាត់បង់​សាខា​ចំនួន​ ​១០២ ​ក្នុង​រយៈពេល​ត្រឹមតែ​ ​១២ ​ខែ​។

​ទោះ​បី​ដក​ខ្លួន​ចេញ​ពី​អាជីវកម្ម​ 7​-​Eleven ​ក៏​ដោយ​ ​ក្រុមហ៊ុន​ថៃ​មួយ​នេះ​នៅតែ​បន្ត​មាន​វត្តមាន​នៅ​កម្ពុជា​តាមរយៈ​ការ​កាន់កាប់​ភាគហ៊ុន​ក្នុង​ផ្សារ​ ​Makro​។​

​ការ​ប្រកាស​បិទ​ហាង​ 7-​Eleven ​ទាំងអស់​នេះ​ ​ត្រូវ​បាន​ក្រុមហ៊ុន​ ​CP All ​ជូន​ដំណឹង​ទៅ​ផ្សារ​មូលបត្រ​ថៃ​។ ការ​សម្រេចចិត្ត​នេះ​នឹង​បញ្ចប់​ប្រតិបត្តិការ​បណ្តាញ​ហាង​លក់​រាយ 7​-​Eleven ​នៅ​កម្ពុជា​ ​ដែល​បាន​ចាប់ផ្តើម​បើក​សាខា​ដំបូង​កាលពី​ ៥ ​ឆ្នាំ​មុន​។ ​ទោះជា​យ៉ាងណា​ ​ក្រុមហ៊ុន​មិន​បាន​បញ្ជាក់​ពី​មូលហេតុ​ផ្លូវការ​នៃ​ការ​បញ្ឈប់​អាជីវកម្ម​នេះ​ឡើយ​។

យោង​តាម​ការ​ផ្សាយ​របស់​កាសែត​ថៃ​ The ​Nation ​បណ្តាញ​ហាង​ 7​-​Eleven ​នៅ​កម្ពុជា​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ ​បន្ទាប់ពី​ធ្លាប់​ពង្រីក​សាខា​យ៉ាង​ឆាប់រហ័ស​។ ​នៅ​ខែ​កញ្ញា​ ​ឆ្នាំ​២០២៥ ​បណ្តាញ​នេះ​មាន​សាខា​ចំនួន​ ​១២៥ ​ដែល​ជា​ចំនួន​ខ្ពស់​បំផុត​នៅ​កម្ពុជា​ ប៉ុន្តែ​បាន​ធ្លាក់ចុះ​មក​នៅ​ត្រឹម​ ​៦​៣ ​សាខា ​នៅ​ខែ​មីនា ​ឆ្នាំ​២០២៦ ​និង​បន្ត​ធ្លាក់​មក​នៅ​ត្រឹមតែ​ ២៣​ ​សាខា​ប៉ុណ្ណោះ ​នៅ​ចុង​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦​។

ការ​ធ្លាក់ចុះ​នេះ​មាន​ន័យ​ថា​ 7​-​Eleven ​បាន​បាត់បង់​សាខា​ចំនួន​ ​១០២ ​ឬ​ស្មើនឹង​ជាង​ ៨០​%​ ​នៃ​ចំនួន​សាខា​ខ្ពស់​បំផុត​របស់​ខ្លួន​ក្នុង​រយៈពេល​ត្រឹមតែ​ ​១២​ ​ខែ​។​

​ទោះ​បី​ក្រុមហ៊ុន​ ​CP All ​មិន​បាន​បញ្ជាក់​មូលហេតុ​ផ្លូវការ​ក៏​ដោយ​ ការ​ធ្វើ​ពហិការ​ផលិតផល​ថៃ​ពីសំណាក់​ប្រជា​ពលរដ្ឋ​កម្ពុជា​ ​ក្រោយ​ជម្លោះ​ព្រំដែន ​និង​ការ​វាយប្រហារ​របស់​យោធា​ថៃ​លើ​ទឹកដី​កម្ពុជា​ ​ត្រូវ​បាន​គេ​មើលឃើញ​ថា​ជា​កត្តា​ប្រឈម​មួយ​ចំពោះ​អាជីវកម្ម​របស់​ក្រុមហ៊ុន​ថៃ​នៅ​កម្ពុជា​។ ​ជាមួយគ្នា​នេះ​ ការ​បិទ​ច្រក​ព្រំដែន​គោក​អូសបន្លាយ​ក៏​បាន​បង្ក​ការ​លំបាក​ដល់​ការ​ផ្គត់ផ្គង់​ទំនិញ​ប្រចាំ​ថ្ងៃ​ពី​ប្រទេស​ថៃ​ផងដែរ​។

ទន្ទឹម​នឹង​ការ​បិទ​បណ្តាញ​ហាង​ 7-​Eleven ​ក្រុមហ៊ុន​ ​CP All ​នៅតែ​មាន​ផលប្រយោជន៍​ពាណិជ្ជកម្ម​នៅ​កម្ពុជា​ ​តាមរយៈ​ការ​កាន់កាប់​ភាគហ៊ុន​ក្នុង​ក្រុមហ៊ុន​ដែល​ប្រតិបត្តិការ​ផ្សារ​លក់​ទំនិញ​បោះ​ដុំ​ ​Makro​។​ ​បច្ចុប្បន្ន​ ផ្សារ Makro ​នៅ​សល់​សាខា​ចំនួន​២ ​នៅ​រាជធានី​ភ្នំពេញ​ ​ខណៈ​សាខា​នៅ​ខេត្ត​សៀមរាប​បាន​បិទ​ទ្វារ​កាលពី​ខែ​កក្កដា ​ឆ្នាំ​២០២៦​។ ​យ៉ាងណា​ក៏ដោយ​ ផ្សារ​នេះ​ក៏​ប្រឈម​នឹង​ការ​ធ្លាក់ចុះ​នៃ​ប្រជាប្រិយភាព​ ក្រោយ​ផ្ទុះ​ជម្លោះ​ព្រំដែន​កម្ពុជា​និង​ថៃ​ផងដែរ​។

​ជុំវិញ​បញ្ហា​ការ​បិទ​ព្រំដែន ​និង​ការ​ពឹងផ្អែក​លើ​ការ​នាំចូល​ទំនិញ​ពី​ប្រទេស​ជិតខាង​ ​សម្តេចធិបតី​ ហ៊ុន ម៉ាណែត ​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ ​បាន​ថ្លែង​កាលពី​ថ្ងៃ​សៅរ៍​ ​ទី​២១​ ​ខែ​វិច្ឆិកា​ ​ថា​ ​ការ​បិទ​ព្រំដែន​របស់​ភាគី​ថៃ​មិន​បាន​ធ្វើឱ្យ​កម្ពុជា​ស្លាប់​នោះ​ទេ ​ផ្ទុយទៅវិញ​ ​វា​បាន​ក្លាយជា​ឱកាស​មាស​សម្រាប់​កម្ពុជា​ក្នុង​ការ​ពង្រឹង​សមត្ថភាព​ខ្លួនឯង​ ​និង​លើកកម្ពស់​គុណភាព​ផលិតផល​ក្នុង​ស្រុក​។​

សម្តេច​ធិបតី​បាន​បង្ហាញ​គោលដៅ​ចង់​ឃើញ​ផលិតផល​ជាតិ​មាន​ចំណែក​ ៨០​%​ ​នៅលើ​ទីផ្សារ​កម្ពុជា​ ​និង​ផលិតផល​នាំចូល​ពី​បរទេស​មាន​ចំណែក​ត្រឹម​ ​២០​%​ ​ប៉ុណ្ណោះ​ ​ក្នុង​រយៈពេល​ ​១០​ឆ្នាំ​ខាង​មុខ​។

ការ​បិទ​អាជីវកម្ម​ 7​-​Eleven ​នៅ​កម្ពុជា​ ​កើតឡើង​ក្នុងពេល​ដែល​ទីផ្សារ​កំពុង​បង្ហាញ​ពី​ការ​ប្រែប្រួល​នៃ​ឥរិយាបថ​អ្នក​ប្រើប្រាស់​ ​និង​ការ​យកចិត្តទុកដាក់​កាន់តែ​ខ្លាំង​លើ​ការ​គាំទ្រ​ផលិតផល​ក្នុង​ស្រុក​ ​ដែល​ជំរុញ​ឱ្យ​អាជីវកម្ម​ក្នុង​ស្រុក​មាន​ឱកាស​ពង្រឹង​សមត្ថភាព​ប្រកួតប្រជែង​ ​និង​បំពេញ​តម្រូវការ​ទីផ្សារ​កាន់តែ​ច្រើន​៕

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយ និងកាសែតផ្នែកសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងអចលនទ្រព្យ។ បច្ចុប្បន្ន លោកជាការីនិពន្ធនៃព័ត៌មានសេដ្ឋកិច្ច AMS Economy។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា