ថៃ​ជួប​វិបត្តិ​ខ្វះ​កម្លាំង​ពលកម្ម​ធ្ងន់ធ្ងរ​ ក្រោយពលករ​ខ្មែរ​រាប់​សែន​នាក់​ចាកចេញ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ថៃ​ជួប​វិបត្តិ​ខ្វះ​កម្លាំង​ពលកម្ម​ធ្ងន់ធ្ងរ​ ក្រោយពលករ​ខ្មែរ​រាប់​សែន​នាក់​ចាកចេញ​

ថៃ​ជួប​វិបត្តិ​ខ្វះ​កម្លាំង​ពលកម្ម​ធ្ងន់ធ្ងរ​ ក្រោយពលករ​ខ្មែរ​រាប់​សែន​នាក់​ចាកចេញ​

បរទេស​៖ ​ការ​ចាកចេញ​របស់​ពលករ​ខ្មែរ​រាប់​សែន​នាក់​ពី​​ថៃ​ ​កំពុង​បង្ក​ផលប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​វិស័យ​សំខាន់​ៗ​របស់​ប្រទេស​នេះ​ ​ដែល​ពឹងផ្អែក​លើ​កម្លាំង​ពលកម្ម​បរទេស ​ចាប់ពី​កសិកម្ម​ ​សំណង់​ និង​ផលិតកម្ម​ រហូតដល់​ទេសចរណ៍​ ​និង​សេវាកម្ម ​ខណៈ​ការ​ស្វែងរក​កម្លាំង​ពលកម្ម​មក​ជំនួស​កំពុង​ជួប​ការ​លំបាក​។

​យោង​តាម​ការ​រាយការណ៍​របស់​ ​Sri​ ​Lanka​ ​Guardian កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦​ ​បន្ទាប់ពី​ជម្លោះ​ព្រំដែន​កាលពី​ឆ្នាំ​ ​២០២៥​ ពលករ​ខ្មែរ​ប្រមាណ​ ​៧៨០​ ​០០០​ ​នាក់​បាន​ចាកចេញ​ពី​ប្រទេស​ថៃ​ ​ដែល​ធ្វើឱ្យ​ទីផ្សារ​ការងារ​របស់​ថៃ​ប្រឈម​នឹង​ការ​ខ្វះខាត​កម្លាំង​ពលកម្ម​កាន់តែ​ខ្លាំង​។

​លោក​ ​Wiboon​ ​Suphakarnpongkul​ ​អនុ​ប្រធាន​សភា​ពាណិជ្ជកម្ម​ថៃ​ បាន​លើកឡើង​ថា​ ​ចំនួន​ពលករ​ខ្មែរ​បាន​ធ្លាក់ចុះ​ពី​ប្រមាណ​ ​៥៥០​ ​០០០​ ​នាក់​ មក​ត្រឹម​ ​១៩៤​ ​០០០​ ​នាក់​នៅក្នុង​ខែឧសភា​។

​គណៈកម្មាធិការ​រួម​ស្តីពី​ពាណិជ្ជកម្ម​ ​ឧស្សាហកម្ម​ ​និង​ធនាគារ​ ​(​JSCCIB​) ​ដែល​រួមមាន​សភា​ពាណិជ្ជកម្ម​ថៃ​ សហព័ន្ធ​ឧស្សាហកម្ម​ថៃ​ និង​សមាគម​ធនាគារ​ថៃ​ បាន​ព្រមាន​ថា​ ​ការ​ខ្វះខាត​កម្លាំង​ពលកម្ម​កំពុង​ប៉ះពាល់​ដល់​កសិកម្ម​តាម​រដូវកាល​ ​ឧស្សាហកម្ម​ផលិតកម្ម​ ​សំណង់​ ​ទេសចរណ៍​ ​និង​សេវាកម្ម​។

​ស្ថាប័ន​នេះ​ក៏​បាន​បង្ហាញ​ការ​ព្រួយបារម្ភ​ចំពោះ​ផលប៉ះពាល់​ដែល​អាច​កើតមាន​លើ​រដូវ​ប្រមូល​ផល​ផ្លែ​ឈើ ​ភស្តុភារ​នៃ​ការ​នាំចេញ​អង្ករ​ និង​ផលិតកម្ម​តាម​រោងចក្រ​។

​ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​ ​ថៃ​កំពុង​ព្យាយាម​រក្សា​ពលករ​ចំណាកស្រុក​ដែល​មាន​ស្រាប់​នៅក្នុង​ប្រទេស​ ​ជាពិសេស​ពលករ​មកពី​មីយ៉ាន់ម៉ា ​ព្រមទាំង​ស្វែងរក​កម្លាំង​ពលកម្ម​ពី​ប្រទេស​ផ្សេង​ៗ​ ​ដូចជា​ ​ស្រីលង្កា ​បង់ក្លាដែស​ និង​ឥណ្ឌូណេស៊ី​។​

​JSCCIB​ ​បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​បន្ត​សុពលភាព​ប័ណ្ណ​ការងារ​របស់​ពលករ​បរទេស​ ​កាត់បន្ថយ​ថ្លៃ​ចុះឈ្មោះ​ ​និង​ធ្វើឱ្យ​នីតិវិធី​មាន​ភាព​ងាយស្រួល​ជាង​មុន​ ​ព្រមទាំង​ដោះស្រាយ​បញ្ហា​ប្រព័ន្ធ​អេឡិចត្រូនិក​ និង​ពន្លឿន​កិច្ចព្រមព្រៀង​ជ្រើសរើស​ពលករ​ពី​ប្រទេស​ផ្សេង​ៗ​។

​ទោះជា​យ៉ាងណា​ ​ការ​ជំនួស​កម្លាំង​ពលករ​កម្ពុជា​មិន​មែន​ជា​រឿង​ងាយស្រួល​នោះ​ទេ​។​ រចនាសម្ព័ន្ធ​ការងារ​របស់​ថៃ​បាន​ពឹងផ្អែក​លើ​ពលករ​ចំណាកស្រុក​ពី​ប្រទេស​ជិតខាង​ ជាពិសេស​កម្ពុជា​ ​និង​មីយ៉ាន់ម៉ា ​ដោយសារ​ភាព​ជិតស្និទ្ធ​តាម​ភូមិសាស្ត្រ​ ​និង​ថ្លៃ​ធ្វើដំណើរ​ទាប​។

​ទិន្នន័យ​ពី​អង្គការ​អន្តរជាតិ​ខាង​ការងារ​ ​(​ILO​) ​និង​ការ​ជូនដំណឹង​ពី​ក្រុម​និយោជក​ បង្ហាញ​ថា​ ​កម្លាំង​ពលកម្ម​ដែល​កើត​ចេញ​ពី​កត្តា​ទាំងនេះ​ ​មិន​អាច​បង្កើតឡើងវិញ​បាន​យ៉ាង​ឆាប់រហ័ស​ឡើយ​។

​ចំពោះ​ពលករមីយ៉ាន់ម៉ា ​ការ​រឹតបន្តឹង​ការ​ធ្វើដំណើរ​ ​បញ្ហា​សន្តិសុខ​នៅ​តាម​តំបន់​ព្រំដែន​ និង​ថ្លៃ​ជើង​សារ​កើនឡើង​ ​ក៏​កំពុង​ធ្វើឱ្យ​ការ​នាំចូល​កម្លាំង​ពលកម្ម​ថ្មី​កាន់តែ​លំបាក​។

​ការ​ធ្វើដំណើរ​ពី​មីយ៉ាន់ម៉ា​មកកាន់​ប្រទេស​ថៃ​ក៏​មាន​តម្លៃ​ថ្លៃ​ ​និង​ប្រឈម​ហានិភ័យ​ជាង​មុន​ ​ដោយ​ធ្វើឱ្យ​ពលករ​មួយចំនួន​ងាក​ទៅ​ប្រើ​ការ​ធ្វើដំណើរ​តាម​យន្តហោះ​ ​ខណៈ​អ្នក​ដែល​មិន​អាច​ធ្វើដំណើរ​តាម​ផ្លូវការ​បាន​ ​អាច​ត្រូវ​ពឹងផ្អែក​លើ​មេខ្យល់​ដើម្បី​ឆ្លង​ដែន​។

​ប្រភព​បាន​រាយការណ៍​ថា​ ​ច្បាប់​កាតព្វកិច្ច​យោធា​របស់​មីយ៉ាន់ម៉ា ​ដែល​អនុវត្ត​ចំពោះ​បុរស​អាយុ​ពី​ ​១៨​ ​ដល់​ ​៣៥​ ​ឆ្នាំ​ ​ក៏​ជា​កត្តា​មួយ​ដែល​ធ្វើឱ្យ​ពលករ​មួយចំនួន​ក្នុង​ក្រុម​អាយុ​នេះ​មិន​អាច​ចាកចេញ​តាម​ច្រកផ្លូវការ​បាន​។

​ការ​ឆ្លង​ដែន​តាម​មេ​ខ្យល់​អាច​មាន​តម្លៃ​ចាប់ពី​ ​១​ ​០០០​ ​ដុល្លារ ​ខណៈ​សេវា​បន្ថែម​សម្រាប់​ការ​រៀបចំ​ការងារ​ ​ឬ​ជួយ​រៀបចំ​ឯកសារ​ចុះឈ្មោះ​ ​អាច​មាន​តម្លៃ​ប្រមាណ​ ​២​ ​០០០​ ​ដុល្លារ​ឡើង​ទៅ​។

​ស្ថានភាព​នេះ​បង្ហាញ​ថា​ ​ការ​ចាកចេញ​របស់​ពលករ​ខ្មែរ​មិន​ត្រឹមតែ​បង្ក​ការ​ខ្វះខាត​កម្លាំង​ពលកម្ម​នៅក្នុង​ប្រទេស​ថៃ​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​ថែមទាំង​អាច​ប៉ះពាល់​ដល់​វិស័យ​ដែល​ពឹងផ្អែក​ខ្លាំង​លើ​ពលករ​បរទេស​ ​ដូចជា​ កសិកម្ម​ ​សំណង់​ នេសាទ​ និង​រោងចក្រ​ផលិតកម្ម​។

​នៅពេល​ប្រឈម​នឹង​វិបត្តិ​ព្រំដែន​ ​ឬ​វិបត្តិ​នយោបាយ​ ​ការ​ស្វែងរក​កម្លាំង​ពលកម្ម​ថ្មី​មក​ជំនួស​ក្នុង​រយៈពេល​ខ្លី​មិន​មែន​ជា​រឿង​ងាយស្រួល​ឡើយ​ ​ដោយសារ​វា​ពាក់ព័ន្ធ​នឹង​ការ​បើក ​ឬ​បិទ​ច្រក​ព្រំដែន​ ​ថ្លៃ​ចំណាយ​លើ​ការ​ធ្វើដំណើរ​ និង​ការ​រៀបចំ​ឯកសារ​ ច្បាប់​ និង​បទប្បញ្ញត្តិ​ ​ព្រមទាំង​ស្ថិរភាព​នយោបាយ​ ​និង​សន្តិសុខ​ក្នុង​តំបន់​៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា