សេដ្ឋកិច្ច​ថៃ​ រង​សម្ពាធ​ពី​ទេសចរណ៍​ធ្លាក់ចុះ​ និង​ថ្លៃ​ថាមពល​ខ្ពស់​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សេដ្ឋកិច្ច​ថៃ​ រង​សម្ពាធ​ពី​ទេសចរណ៍​ធ្លាក់ចុះ​ និង​ថ្លៃ​ថាមពល​ខ្ពស់​

សេដ្ឋកិច្ច​ថៃ​ រង​សម្ពាធ​ពី​ទេសចរណ៍​ធ្លាក់ចុះ​ និង​ថ្លៃ​ថាមពល​ខ្ពស់​

បរទេស​៖​ ​កំណើន​សេដ្ឋកិច្ច​ថៃ​បាន​កើនឡើង​យឺត​ក្នុង​ត្រីមាស​ទី​២​ ​ដោយសារ​តម្លៃ​ថាមពល​ខ្ពស់​ និង​ការ​រំខាន​ពី​ជម្លោះ​នៅ​មជ្ឈិមបូព៌ា ​បាន​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​ ​ការ​ចំណាយ​របស់​គ្រួសារ​ និង​វិស័យ​ផលិតកម្ម​។ ​នេះ​បើ​យោង​តាម​ការ​រាយការណ៍​របស់​ ​Thai​ ​Enquirer​។

Advertisement

ធនាគារ​កណ្តាល​ថៃ​ (​BOT​) ​បាន​ឱ្យដឹង​ថា​ ​កំណើន​សេដ្ឋកិច្ច​បាន​កើនឡើង​យឺត​ក្នុង​ត្រីមាស​ទី​២​ ​ប៉ុន្តែ​មិន​បាន​បង្ហាញ​តួលេខ​ជាក់លាក់​នោះ​ទេ​។​ វិស័យ​ទេសចរណ៍​ជា​កត្តា​ចម្បង​មួយ​ដែល​ធ្វើឱ្យ​កំណើន​យឺត ​ដោយ​ក្នុង​ខែមិថុនា ​ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​បាន​ធ្លាក់ចុះ​ ​១៣,១​ ​ភាគរយ ​ខណៈ​សន្ទស្សន៍​ចំណូល​ពី​ទេសចរណ៍​ធ្លាក់ចុះ​ ​១២,៨​ ​ភាគរយ​ ​បើ​ធៀប​នឹង​ខែឧសភា​។

​ការ​ធ្លាក់ចុះ​នៃ​ចំនួន​ភ្ញៀវ​ទេសចរ​ភាគ​ច្រើន​មកពី​មជ្ឈិមបូព៌ា ​អឺរ៉ុប ​ចិន​ ​ឥណ្ឌា ​និង​កូរ៉េ​ខាងត្បូង​ ​ដោយសារ​តម្លៃ​ថាមពល​ខ្ពស់​បាន​កាត់បន្ថយ​តម្រូវការ​ និង​ជើងហោះហើរ​។ ​សូម្បីតែ​ចំនួន​ភ្ញៀវ​ទេសចរ​ម៉ាឡេស៊ី ​ដែល​ជា​ប្រទេស​ជិតខាង​របស់​ថៃ​ ​ក៏​បាន​ធ្លាក់ចុះ​ផងដែរ​។

​ការ​ធ្លាក់ចុះ​នេះ​បាន​ដាក់​សម្ពាធ​លើ​សណ្ឋាគារ​ ​ភោជនីយដ្ឋាន​ ​និង​សេវាកម្ម​ដឹក​ជញ្ជូន​អ្នកដំណើរ​។ ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ ​ការ​ចំណាយ​លើ​ការ​ប្រើប្រាស់​ផ្ទាល់ខ្លួន​បាន​ធ្លាក់ចុះ​ក្នុង​ត្រីមាស​ទី​២​ ​ខណៈ​ថ្លៃ​ជីវភាព​រស់​នៅ​កាន់តែ​ខ្ពស់​បាន​ដាក់​សម្ពាធ​លើ​ការ​ចំណាយ​របស់​ប្រជាពលរដ្ឋ​។

​ទិន្នផល​ផលិតកម្ម​ក៏​បាន​ថយចុះ​ផងដែរ​ ​ដោយសារ​ការ​ជួសជុល​រោងចក្រ​ចម្រាញ់​ប្រេង ​ខណៈ​ការ​ផលិត​សារធាតុ​គីមី​ រថយន្ត​មិន​មែន​អគ្គិសនី ​(​Non​-​EV​) ​និង​គ្រឿង​បរិក្ខារ​អគ្គិសនី​បាន​ចុះខ្សោយ​។

​យ៉ាងណា​ក៏ដោយ​ វិធានការ​ជួយ​សម្រួល​របស់​រដ្ឋាភិបាល​បាន​ជំរុញ​ឱ្យ​ការ​ចំណាយ​លើ​ទំនិញ​ប្រើប្រាស់​កើនឡើង​បន្តិច​វិញ​ក្នុង​ខែមិថុនា ​ខណៈ​ការ​លក់​រថយន្ត​ ​និង​ម៉ូតូ​ទទួលបាន​ផលប្រយោជន៍​ពី​តម្រូវការ​យានយន្ត​អគ្គិសនី ​(​EV​) ​ដែល​បាន​កើនឡើង​។

​ទន្ទឹមនឹង​នេះ​ បច្ចេកវិទ្យា​នៅតែ​ជា​វិស័យ​លេចធ្លោ​របស់​ថៃ ​ដោយ​ការ​នាំចេញ​គ្រឿង​អេឡិចត្រូនិក​ និង​ការ​វិនិយោគ​លើ​មជ្ឈមណ្ឌល​ទិន្នន័យ​បាន​កើនឡើង​។ ​គិត​ត្រឹម​ខែមិថុនា ​អតិផរណា​ទូទៅ​ស្ថិត​នៅ​កម្រិត​ ​២,៤២​ ​ភាគរយ ​ខណៈ​អតិផរណា​ស្នូល​មាន​ ​១,២៣​ ​ភាគរយ​។​

ក្នុង​ខែមិថុនា ​គណនី​ចរន្ត​របស់​ថៃ​មាន​ឱន​ភាព​ ​៣,៥​ ​ពាន់​លាន​ដុល្លារ​ ប៉ុន្តែ​តួលេខ​នេះ​បាន​ប្រសើរឡើង​ពី​ខែឧសភា ​ដោយសារ​រដូវកាល​ដែល​ក្រុមហ៊ុន​បរទេស​បង្វែរ​ប្រាក់​ចំណេញ​ ​និង​ប្រាក់​ភាគលាភ​ត្រឡប់​ទៅ​ប្រទេស​របស់​ពួកគេ​បាន​បញ្ចប់​។

​ជញ្ជីង​ពាណិជ្ជកម្ម​មិន​មាន​ការ​ប្រែប្រួល​ច្រើន​នោះ​ទេ ​ដោយ​ការ​កើនឡើង​នៃ​ការ​នាំចូល​មាស​បាន​ប៉ះ​ប៉ូវការ​ធ្លាក់ចុះ​នៃ​ការ​នាំចូល​ប្រេង​។ ​ទោះបី​ការ​ចំណាយ​របស់​រដ្ឋាភិបាល​កើនឡើង​ក៏ដោយ​ ​ការ​ចំណាយ​ទុន​វិនិយោគ​របស់​សហគ្រាស​សាធារណៈ​បាន​ថយចុះ​។​

​BOT​ ​បាន​ព្រមាន​ថា​ ​ស្ថានភាព​ការងារ​ក្នុង​វិស័យ​ផលិតកម្ម​ត្រូវការ​ការ​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ ​ដោយសារ​ផលិតកម្ម​ចុះខ្សោយ​ ​ដើមទុន​កើនឡើង​ និង​ការ​ប្រកួតប្រជែង​កាន់តែ​ខ្លាំង​ពី​ការ​នាំចូល​។

​ធនាគារ​កណ្តាល​ថៃ​ព្យាករណ៍​ថា​ ​សេដ្ឋកិច្ច​នឹង​កើនឡើង​ ​២,៣​ ​ភាគរយ​ក្នុង​ឆ្នាំ​២០២៦​ ​ខណៈ​អតិផរណា​ទូទៅ​ត្រូវបាន​រំពឹង​ថា​នឹង​មាន​អត្រា​ជា​មធ្យម​ ​២,៨​ ​ភាគរយ​។

​លើស​ពី​នេះ​ ​BOT​ ​បាន​គូសបញ្ជាក់​ពី​ហានិភ័យ​ចម្បង​ៗ​សម្រាប់​សេដ្ឋកិច្ច​ថៃ​ ​រួមមាន​ជម្លោះ​នៅ​មជ្ឈិមបូព៌ា​ នយោបាយ​ពាណិជ្ជកម្ម​របស់​សហរដ្ឋ​អាម៉េរិក ​ការ​ស្តារ​ឡើងវិញ​នៃ​វិស័យ​ទេសចរណ៍​ ​ការ​កើនឡើង​នៃ​ដើមទុន​របស់​គ្រួសារ​ និង​អាជីវកម្ម​ ​ប្រសិទ្ធភាព​នៃ​ជំនួយ​រដ្ឋាភិបាល​ ​និង​បាតុភូត​អាកាសធាតុ​ ​អែល​នីញ៉ូ ​(​El​ ​Ni​ñ​o​)​៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា