ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន

ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន

ភ្នំពេញ ៖ ការនាំចេញអង្កររបស់កម្ពុជា បានបង្ហាញពីភាពធន់ និងការផ្លាស់ប្តូរយុទ្ធសាស្ត្រទីផ្សារយ៉ាងឆាប់រហ័ស ដោយបង្វែរទិសដៅនាំចេញទៅកាន់បណ្តាប្រទេសផ្សេងៗនៅលើពិភពលោក បន្ទាប់ពីភាគីថៃបានសម្រេចបិទព្រំដែនជាឯកតោភាគីដែលបង្កផលប៉ះពាល់ដល់ច្រកផ្លូវពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

កាលពីពេលកន្លងទៅ ប្រទេសថៃ គឺជាទីផ្សារដ៏សំខាន់មួយដែលបាននាំចូលអង្ករពីកម្ពុជាក្នុងបរិមាណយ៉ាងច្រើនសន្ធឹកសន្ធាប់រហូតដល់ជាង ១០ ម៉ឺនតោនក្នុងមួយឆ្នាំ។ ទោះជាយ៉ាងណា ការរាំងស្ទះនៅតាមព្រំដែនដោយសារវិធានការបិទច្រកទ្វារពីភាគីថៃ បានបង្ខំឱ្យអ្នកនាំចេញ និងអាជ្ញាធរពាក់ព័ន្ធរបស់កម្ពុជា ជំរុញផែនការចរចា និងស្វែងរកទីផ្សារថ្មីៗជំនួសវិញ ជាមួយលទ្ធផលផ្លែផ្កាវិជ្ជមាន។

ឧកញ៉ាបណ្ឌិត ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានប្រាប់បណ្តាញសារព័ត៌មាន AMS នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ថា ពីមុនតួលេខនាំចេញអង្ករទៅថៃស្ថិតនៅខ្ទង់ជាង១០ ម៉ឺនតោន ក្នុងមួយឆ្នាំ។ ប៉ុន្តែក្រោយពីជម្លោះឈានទៅដល់ការបិទព្រំដែនគោកជាឯកតោភាគីរបស់ថៃ  កម្ពុជាបានបង្វែរចូលទៅទីផ្សារផ្សេងៗជំនួស ដូចជា ទីផ្សារអឺរ៉ុប ទីផ្សារចិន ទីផ្សារម៉ាឡេស៊ី ។

ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា៖

«ក្រោយពីសង្គ្រាមជាមួយប្រទេសថៃ មួយរយៈចុងក្រោយនេះ ការនាំចេញអង្ករកម្ពុជាភាគច្រើននៅលើទីផ្សារទាំងបី(អឺរ៉ុប ចិន ម៉ាឡេស៊ី) ដែលជាទីផ្សារសំខាន់ បានកើនឡើងជាង២០%។ ក្រៅពីនេះ យើងបានពង្រីកទីផ្សារផ្សេងៗទៀត ដូចជា ទីផ្សារសហរដ្ឋអាមេរិក អូស្ត្រាលី ញូវហ្សេឡែន ក៏មានការកើនឡើងដែរ។ ជាការកត់សម្គាល់ បច្ចុប្បន្ននេះ កម្ពុជាមានទីផ្សារថ្មីមួយទៀត គឺប្រទេសហ្វីលីពីន ដែលកំពុងតែកើនឡើងខ្លាំង ដោយក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦នេះកម្ពុជានាំចេញទៅបាន ៩៥,០០០ តោន»។

​លោក​បណ្ឌិត​ ​ហុង ​វណ្ណៈ​ ​អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​ បានឱ្យដឹងថា៖ ការបង្វែរទិសដៅទីផ្សារទាន់ពេលវេលានេះ មិនត្រឹមតែជួយកាត់បន្ថយផលប៉ះពាល់អវិជ្ជមានពីការបិទព្រំដែនរបស់ថៃប៉ុណ្ណោះ​ទេ ប៉ុន្តែថែមទាំងជួយឱ្យកម្ពុជាកាត់បន្ថយការពឹងផ្អែកលើទីផ្សារតែមួយ និងពង្រឹងឯករាជ្យភាពនៃខ្សែច្រវាក់ផ្គត់ផ្គង់កសិផលរបស់ខ្លួននៅលើឆាកអន្តរជាតិផងដែរ។

លោកបានបញ្ជាក់ថា៖

«វិបត្តិព្រំដែននេះបានក្លាយជាកាលានុវត្តភាពសម្រាប់កម្ពុជាក្នុងការលើកកម្ពស់គុណភាពកែច្នៃ និងការវេចខ្ចប់ឱ្យស្របតាមស្តង់ដារអន្តរជាតិ ដើម្បីនាំចេញដោយផ្ទាល់ទៅកាន់ទីផ្សារចុងក្រោយ ដោយមិនបាច់ឆ្លងកាត់ប្រទេសជិតខាងដូចមុនទៀតឡើយ»។

យោងតាមរបាយការណ៍សហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងរយៈពេល ៧ខែកន្លងមកនេះ បរិមាណអង្ករកម្ពុជាចំនួន ៧០៧ ៤៧១តោន ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ ដោយទទួលបានទឹកប្រាក់ជាង ៤១៥,១២លានដុល្លារ ក្នុងនោះប្រភេទអង្ករដែលបាននាំចេញ មាន អង្ករក្រអូបចំនួន ៥៩.២៣ភាគរយ ប្រភេទអង្ករសគ្រាប់វែង ២៣.៦៦ភាគរយ អង្ករចំហុយ ១.៩៣ភាគរយ អង្ករសរីរាង្គចំនួន ១.២៨ភាគរយ អង្ករបាក់គ្រប់ប្រភេទ ១៣.៧០ភាគរយ និងអង្ករផ្សេងៗចំនួន ០.២ភាគរយ។

ដោយឡែក អង្ករដែលកម្ពុជាបាននាំចេញសរុបជាង ៧០ម៉ឺនតោននោះ គឺធ្វើឡើងតាមរយៈក្រុមហ៊ុននាំចេញចំនួន ៦១ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦៦ ក្នុងនោះនាំចេញទៅកាន់​បណ្តាប្រទេសនៅ​តំបន់អឺរ៉ុបចំនួន ៣៣  ក្នុងបរិមាណ ២០៧ ១៥៧តោន ឬស្មើនឹង ១៥៦.៤៥ លានដុល្លារ និងទៅកាន់ប្រទេសក្នុងអាស៊ាន ចំនួន៥ ក្នុងចំនួន ២៦៦ ៣០០តោន គិតជាទឹកប្រាក់ ១០២.៨៤ លានដុល្លារ។

ប្រទេសចិន និងហុងកុងក៏ជាគោលដៅនាំចេញអង្ករដ៏សំខាន់របស់កម្ពុជា ដោយរយៈពេល ៧ខែមកនេះ ចិន និងហុងកុង បានទិញអង្ករពីកម្ពុជា ចំនួន ១៧៤ ៩៣០ តោន គិតជាទឹកប្រាក់ចំនួន ១០៣.៣១ លានដុល្លារ ខណៈការនាំចេញទៅសហរដ្ឋអាមេរិក និងទៅកាន់គោលដៅ ២៥ ប្រទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈឹម បូព៌ា អាមេរិក កាណាដា អូស្ត្រាលី នូវែសេឡង់ជាដើម មានទំហំ ៥៩ ០៨៤ តោន ឬស្មើនឹង ៥២.៥២ លានដុល្លារអាម៉េរិក។

យោងតាមសហព័ន្ធស្រូវអង្ករកម្ពុជាបានឱ្យដឹងដែរថា ក្នុងរយៈពេល៧ខែកន្លងទៅនេះ កម្ពុជាក៏បាននាំចេញស្រូវសើមចំនួន ៣ ០០៦ ១២២ តោន ទៅ​កាន់ប្រទេសវៀតណាម ដែលគិតជាទឹកប្រាក់ប៉ាន់​ស្មាន​ពីការនាំចេញស្រូវសើមជាង៣លានតោននេះ មានចំនួនប្រមាណ ៦៦៥.៧០ លានដុល្លារអាម៉េរិក៕

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

ជីវប្រវត្តិ: លោក ញ៉ែម សុផល ចាប់ផ្តើមអាជីពសារព័ត៌មាននៅឆ្នាំ១៩៩៣និងធ្លាប់មានបទពិសោធន៍ជិត៣០ឆ្នាំក្នុងវិស័យសារព័ត៌មាន ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ វប្បធម៌ សង្គម និង បកប្រែភាសាអង់គ្លេស ។ ធ្លាប់បម្រើការក្នុងស្ថាប័នសារព័ត៌មានធំៗជាច្រើន ដូចជា ស្ថានីយទូរទស្សន៍ កាសែត ទស្សនាវដ្តី និងគេហទំព័រ ដោយទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈទាំងនៅក្នុងស្រុកនិងក្រៅប្រទេស។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញភាសាអង់គ្លេស។បច្ចុប្បន្នជាអ្នកយកព័ត៌មានជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនិង​ផ្សព្វផ្សាយនៅ AMS Economy ៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា