ភ្នំពេញ ៖ ព្រឹត្តិការណ៍ពិព័រណ៍ផលិតផលខ្មែរ ក្រោមប្រធានបទ « ពង្រឹង និងពង្រីក សមត្ថភាពផលិតក្នុងស្រុក » នឹងមានការចូលរួមពីសហគ្រាស ឧស្សហករ សិប្បករ មកតាំងបង្ហាញផលិតផលខ្មែរ ដោយក្នុងនោះផលិតក្នុងស្រុកសរុបជាង១០០ប្រភេទ នឹងត្រូវដាក់បង្ហាញ ដើម្បីផ្សព្វផ្សាយដល់ពលរដ្ឋកម្ពុជា ដែលជាឱកាសដ៏កម្រ ស្របពេលដែលពលរដ្ឋកម្ពុជាភាគច្រើនស្ទើរតែទូទាំងប្រទេស បាន និងកំពុងធ្វើពហិការលើផលិតផលនាំចូល ឬផលិតចេញពីប្រទេសថៃ ក្រោយពីមានជម្លោះព្រំដែន ។

បើតាមសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានឱ្យដឹងថា នៅថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកញ្ញា ២០២៥ ផលិតផលខ្មែរជាង១០០ប្រភេទ មកពីជាង៣០០សហគ្រាសក្នុងប្រទេសកម្ពុជា នឹងដាក់តាំងបង្ហាញនៅក្នុងពិព័រណ៍ផលិតផលខ្មែរ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ។
អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងថា ការធ្វើពិព័រណ៌ផលិតផលក្នុងស្រុក ផលិតផលខ្មែរ គឺជារឿងល្អដែលក្រសួងពាណិជ្ជកម្ម និងសភាពពាណិជ្ជកម្មតែងធ្វើជារៀងរាល់ឆ្នាំ ហើយឆ្នាំនេះកាន់តែល្អប្រសើរជាងឆ្នាំមុនៗសម្រាប់ការទាក់ទាញនូវស្មារតីជាតិនិយម ដើម្បីគាំទ្រផលិតផលខ្មែរដែលកំពុងមានកំណើន។

អ្នកឧកញ៉ា លឹម ហេង បានបញ្ជាក់ថា៖
« ការធ្វើពហិការចំពោះផលិតផលថៃ ប្រសិនបើក្នុងស្មារតីរបស់ប្រជាពលរដ្ឋគាត់ធ្វើដោយខ្លួនគាត់…. អត់មានពីណាឃាត់គាត់បានទេ ជាសិទ្ធិរបស់គាត់ ….។ យើងធ្វើពហិការបាន សម្រាប់ទំនិញគេនាំចូល តែបើគេធ្វើពហិការទំនិញយើងវិញ ក៏បានដូចគ្នា។ ជាក់ស្ដែង ដូចជាប្រមាណជាងមួយខែកន្លងមកនេះ ទំនិញកម្ពុជាត្រូវនាំចេញ អង្ករ ស្រូវ ពោត សណ្ដែក គ្រប់មុខ ដែលកន្លងមកនាំចេញទីថៃ មានទំហំតម្លៃ ប្រមាណ ១០០០ លានដុល្លារមួយឆ្នាំ។ តើត្រូវទៅច្រកណា? នេះជាចំណុចសំខាន់ ដែលយើងត្រូវដោះស្រាយ»។

ដោយឡែក សម្រាប់អ្នកជំនាញសេដ្ឋកិច្ច បានបង្ហាញទស្សនៈថា ពិព័រណ៍ផលិតផលខ្មែរ គឺជាកាលានុវត្តភាពដ៏សំខាន់របស់ឧស្សាហករ សិប្បករ ផលិតករកម្ពុជា ដែលអាចយកឱកាសនេះ ដើម្បីបង្ហាញ ឬបញ្ចេញផលិតផលរបស់ខ្លួន ដែលនឹងផ្ដល់គុណប្រយោជន៍ដល់អ្នកប្រើប្រាស់ ក៏ដូចជាការផ្ដល់ទំនុកចិត្តនានាផ្សេងទៀត។

លោកបណ្ឌិត ហុង វណ្ណៈ បានបញ្ជាក់ថា៖
« មិនត្រឹមតែផ្ដល់គុណប្រយោជន៍ដល់អ្នកប្រើប្រាស់ ហើយថែមទាំងបង្កើតនូវតម្លៃបន្ថែមជាច្រើនដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ក្នុងការរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ អ៊ីចឹងជាចំណុចមួយ ដែលអាចនឹងជំនួសឱ្យនូវផលិតផលនាំចូល ជាពិសេសផលិតផល នាំចូល ហូរចូលពីប្រទេសថៃ និងបណ្ដាទីផ្សារផ្សេងៗមកកាន់កម្ពុជាផងដែរ»។
លោកបណ្ឌិត បានគិតថា ពិព័រណ៌បង្ហាញផលិតលផល ឱកាសល្អសម្រាប់ផលិតករ ឧស្សហករ ដែលកន្លងមកយើងមិនទាន់មាន សិប្បកម្ម ឧស្សហកម្ម ឬរោងចក្រ សហគ្រាសដែលឆ្លើយតប ទៅនឹងការដាំដុះ ផលិតនៅកម្ពុជានៅឡើយ ។ ហេតុនេះជាឱកាសមួយ ដែលពលរដ្ឋខ្មែរ ងាកទៅគាំទ្រផលិតផលខ្មែរមួយកម្រិតថែមទៀត និងជាអំណោយផលរបស់កម្ពុជាត្រឡប់មកវិញ គឺការមិនសូវចាប់អារម្មណ៍ ផលិតផលរខ្មែរ ឥឡូវយើងចាប់ផ្ដើមងាកមកប្រើប្រាស់នូវផលិតផលខ្មែរ។

បណ្ឌិត ហុង វណ្ណៈ បានបញ្ជាក់ថា៖ ពាក់ព័ន្ធទៅនឹងផលិតផលខ្មែរ ក៏សូមឱ្យឧស្សាហករ ដែលជាអ្នកផលិតទាំងអស់រួមគ្នាបង្ហាញពីសុឆន្ទៈ «ខ្មែរស្រឡាញ់ខ្មែរ» តាមរយៈការយកចិត្តទុកដាក់លើគុណភាពពិតប្រាកដ ឱ្យទៅដល់ផលិតផលសម្រេចរបស់ខ្លួន ដោយកុំផ្ដល់ ឬបង្កនូវផលអវិជ្ជមាន ត្រូវគិតជាអាទិភាព ដើម្បីសុខុមាលភាពជូនដល់បងប្អូនប្រជាពលរដ្ឋ។ កាលណាពួកប្រជាពលរដ្ឋប្រើប្រាស់ និងទទួលបានអត្ថប្រយោជន៍ពិត វានឹងផ្តល់ផលចំណេញទាំងអ្នកផលិត ទាំងផ្នែកសេដ្ឋកិច្ចជាតិ៕