ច្រកដឹកជញ្ជូនកសិផលពីកម្ពុជាទៅចិនឆ្លងកាត់ឡាវ ចំណេញពេលវេលា កាត់បន្ថយថ្លៃដឹកជញ្ជូន ជំរុញទំហំនាំចេញ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ច្រកដឹកជញ្ជូនកសិផលពីកម្ពុជាទៅចិនឆ្លងកាត់ឡាវ ចំណេញពេលវេលា កាត់បន្ថយថ្លៃដឹកជញ្ជូន ជំរុញទំហំនាំចេញ

ច្រកដឹកជញ្ជូនកសិផលពីកម្ពុជាទៅចិនឆ្លងកាត់ឡាវ ចំណេញពេលវេលា កាត់បន្ថយថ្លៃដឹកជញ្ជូន ជំរុញទំហំនាំចេញ

ភ្នំពេញ៖ អ្នកជំនាញផ្នែកដឹកជញ្ជូនបានអះអាងប្រកបដោយសុទិដ្ឋិនិយមថា សម្រាប់ការដឹកជញ្ជូនទំនិញ ជាពិសេស កសិផលពីកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន​ តាមផ្លូវគោក ដោយឆ្លងកាត់តាមសា​ធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ គឺទទួលបានផលចំណេញច្រើនជាងការដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវអាកាស​ ពោលគឺកាត់បន្ថយទាំងចំណាយលើថ្លៃដឹក ចំណេញទាំងពេលវេលាបានច្រើនជាងមុន។

Advertisement

ឧកញ៉ាបណ្ឌិត​ ស៊ិន​ ចន្ធី​  អគ្គ​នាយក​ក្រុមហ៊ុន​ Linehaul Express (Cambodia)., Ltd និង​ជាអ្នក​ជំនាញ​ក្នុង​វិសយ័​ដឹកជញ្ជូន​ បានប្រាប់បណ្តាញសារព័ត៌មាន AMS នារសៀលថ្ងៃទី២៧ ខែកក្កដា ថា ៖ កម្ពុជា និងឡាវ បានចរចាជជែកពិភាក្សាអំពីការដឹកជញ្ជូនឆ្លងកាត់នូវផលិតផលកសិកម្មមួយចំនួនទៅកាន់ប្រទេសចិន ដោយនៅក្នុងការឆ្លងកាត់ប្រទេសឡាវនេះ រួមមានមានការដឹកជញ្ជូនតាមផ្លូវគោកជាមួយរថយន្តកុងតឺន័រ ។ មួយវិញទៀត គឺការដឹកជញ្ជូនតាមរយៈការតភ្ជាប់យកផ្លូវរថភ្លើងពីទីក្រុងវៀងចន្ទន៍ ទៅទីក្រុងគុនមីញ នៃប្រទេសចិន។

លោកឧកញ៉ា បានបញ្ជាក់ដូច្នេះថា៖

« អ្វីដែលយើងទទួលបានលទ្ធផលនេះឃើញថា យើងមិនទាន់ធ្វើបានជាទូទៅសម្រាប់ក្រុមហ៊ុនតូចៗ ឬក្រុមហ៊ុនផ្សេងៗនៅឡើយទេ។ ការដឹកជញ្ជូនឆ្លងកាត់នេះ គឺមានតែក្រុមហ៊ុនធំៗ ដែលគាត់មានកិច្ចព្រមព្រៀង (Contract) ជាមួយប្រទេសចិន ក៏ដូចជាការដាក់ស្នើសុំសិទ្ធិឆ្លងកាត់ឱ្យមានការឯកភាព និងយល់ព្រម (អាជ្ញាប័ណ្ណ/License) ពីគយឡាវ។ អ៊ីចឹងទើបអាចធ្វើទៅបាន។ មានន័យថា យើងមិនទាន់បានធ្វើជាទូទៅទេ គឺមានតែក្រុមហ៊ុនដែលមានកិច្ចព្រមព្រៀងផ្ទាល់ជាមួយឡាវ និងចិនប៉ុណ្ណោះ ទើបអាចធ្វើការដឹកជញ្ជូនឆ្លងកាត់បាន។ ប៉ុន្តែវាជាការល្អ»។

តាមរយៈការសិក្សា លោកអគ្គនាយកក្រុមហ៊ុន Linehaul Express បានលើកឡើងថា៖ បញ្ហាទី១ គឺ រឿងកិច្ចព្រមព្រៀង និងការអនុញ្ញាតឆ្លងកាត់។ បញ្ហាទី២ (Facility / Container)៖ លុះត្រាតែមានក្រុមហ៊ុនធំៗដែលមានទុន និងមានកុងតឺន័រដោយខ្លួនឯង ដែលគេហៅថា SOC (Shipper Own Container) ទើបអាចធ្វើប្រតិបត្តិការបាន។ មិនដូចកប៉ាល់ដែលគ្រាន់តែកក់ (Booking) កុងតឺន័រទៅ អាចប្រើបាននោះទេ ។

លោកបញ្ជាក់ថា ៖

«វាមានបញ្ហារឿង SOC រក្សាកុងតឺន័រផ្ទាល់ខ្លួនហ្នឹងឯង ហើយបញ្ហាទី៣ (តម្លៃ និង ការលើកដាក់(Handling)៖ តម្លៃនៃការលើកដាក់ ក៏នៅតែជាបញ្ហាសម្រាប់ក្រុមហ៊ុនតូចតាច ឬក្រុមហ៊ុនទូទៅ ដែលមិនទាន់អាចធ្វើបាន ព្រោះវាមានចម្ងាយឆ្ងាយ ហើយទាក់ទងនឹងឡានដឹក ( Facility) ខាងឡាវ ក៏មិនទាន់មានក្រុមហ៊ុនដែលដោះស្រាយរឿងហ្នឹងបានច្រើនដែរ។ ដូច្នេះហើយ មានតែក្រុមហ៊ុនណាដែលមានកុងតឺន័រ និងមានឡានផ្ទាល់ខ្លួន ទើបអាចដឹកផលិតផលណាមួយ ដែលបានស្នើទៅគយឡាវ ហើយគយឡាវឯកភាពតែប៉ុណ្ណោះ»។

ទោះជាយ៉ាងណាក៏ដោយ លោកឧកញ៉ាបានសម្តែងនូវក្តីសង្ឃឹមថា ទៅថ្ងៃមុខនឹងអាចដោះស្រាយបញ្ហាបានជាបណ្តើរៗ និងឈានទៅរកភាពកាន់តែងាយស្រួល ដែលបើកទូលំទូលាយលើការដឹកជញ្ជូនឆ្លងប្រទេសនេះជាមិនខាន។

ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានអញ្ជើញចូលរួមពិធីសម្ពោធការដឹកជញ្ជូននាំចេញទុរេនស្រស់ជើងទី១ ចំនួន៣ កុងតឺន័រ (ប្រមាណជាង ៥០តោន) របស់ក្រុមហ៊ុន ពេជ្រជដា (Pechenda Fruit Production Co., Ltd.) ទៅកាន់ទីផ្សារប្រទេសចិន តាមច្រកដឹកជញ្ជូនផ្លូវគោកឆ្លងកាត់ប្រទេស​ឡាវ នាពេលថ្មីៗនេះ បានឱ្យដឹងថា៖ក្រសួងកសិកម្ម បានខិតខំប្រឹងប្រែងយ៉ាងសកម្ម ក្នុងការសម្របសម្រួលបើកច្រកដឹកជញ្ជូនផ្លូវគោកថ្មីឆ្លងកាត់ប្រទេសឡាវ ដែលអាចកាត់បន្ថយរយៈពេលដឹកជញ្ជូនមកត្រឹមតែ ៥ ថ្ងៃ ប៉ុណ្ណោះ បើប្រៀបធៀបនឹងការដឹកជញ្ជូនតាមផ្លូវទឹកដែលត្រូវចំណាយពេលពី ១៥ ទៅ ២០ថ្ងៃ។

ឯកឧត្តមអ្នកនាំពាក្យបានលើកឡើងថា៖

«បើទោះបីទើបតែដំណើរការក៏ពិតមែន ប៉ុន្តែច្រកនាំចេញថ្មីនេះកំពុងរួមចំណែកស្រូបយកបរិមាណនាំចេញរហូតដល់ជិត ១០% នៃការនាំចេញទុរេនទៅកាន់ទីផ្សារប្រទេសចិនសរុបប្រចាំឆ្នាំ២០២៦ ហើយក្រោយពីមានការចរចាបើកផ្លូវ Transit ពីសំណាក់ប្រទេសកម្ពុជាទៅកាន់ប្រទេសចិន ដោយឆ្លងកាត់ប្រទេសឡាវនេះ គឺថា វិស័យឯកជនរបស់យើងចាប់ផ្តើមប្រើប្រាស់ច្រកនេះជាប្រចាំតែម្តង»។

ឯកឧត្តមបន្តថា៖ នេះជាសញ្ញាណវិជ្ជមាន និងជាកាលានុវត្តភាពថ្មីសន្លាងសម្រាប់បងប្អូនកសិករ ក៏ដូចជាម្ចាស់អាជីវកម្មក្នុងវិស័យកសិកម្មនៅកម្ពុជា ក្នុងការចាប់យកឱកាស និងពង្រីកសក្តានុពលកសិផលខ្មែរនៅលើទីផ្សារអន្តរជាតិ។

អ្នកជំនាញសេដ្ឋកិច្ច លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានសាទរចំពោះលទ្ធផលដែលឆ្លើយតបទៅនឹងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ក្នុងការបើកច្រកព្រំដែនបន្ថែមទៀតជាមួយឡាវ ដើម្បីឲ្យទំនិញកម្ពុជា មានច្រកដឹកជញ្ជូនថ្មីកាន់តែច្រើន ហើយអាចនាំទំនិញរបស់ខ្លួនទៅកាន់ទីផ្សារប្រទេសចិនបានកាន់តែច្រើនយ៉ាងសម្បូរបែប និងឆាប់រហ័ស៕

សូមជម្រាបថា ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ បានបើកច្រកដឹកជញ្ជូនថ្មីសម្រាប់ការនាំចេញកសិផលកម្ពុជា និងជំរុញការតភ្ជាប់កសិពាណិជ្ជកម្មរវាងប្រទេសទាំងពីរជាផ្លូវការដែលនឹងផ្តល់ផលប្រយោជន៍ដោយផ្ទាល់ជាច្រើនដល់បងប្អូនប្រជាកសិកររបស់កម្ពុជា។

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ច្រកដឹកជញ្ជូនកសិផលពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិនតាមរយៈការឆ្លងកាត់ប្រទេសឡាវ (Transit)» បានធ្វើឡើងក្រោមវត្តមាន ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តមបណ្ឌិត លីនខាំ ដួងសាវ៉ន់ (Linkham Douangsavanh) រដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថានឡាវ នៅឯចំណតផែស្ងួត ថាណាលែង (Thanaleng Dry Port) នារដ្ឋធានីវៀងចន្ទន៍ ដោយមានការចូលរួមអបអរសាទរពីតំណាងវិស័យឯកជនកម្ពុជាចំនួន ៣០ក្រុមហ៊ុន នៅក្នុងពិធីសម្ពោធមួយនេះ៕

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

ជីវប្រវត្តិ: លោក ញ៉ែម សុផល ចាប់ផ្តើមអាជីពសារព័ត៌មាននៅឆ្នាំ១៩៩៣និងធ្លាប់មានបទពិសោធន៍ជិត៣០ឆ្នាំក្នុងវិស័យសារព័ត៌មាន ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ វប្បធម៌ សង្គម និង បកប្រែភាសាអង់គ្លេស ។ ធ្លាប់បម្រើការក្នុងស្ថាប័នសារព័ត៌មានធំៗជាច្រើន ដូចជា ស្ថានីយទូរទស្សន៍ កាសែត ទស្សនាវដ្តី និងគេហទំព័រ ដោយទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈទាំងនៅក្នុងស្រុកនិងក្រៅប្រទេស។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញភាសាអង់គ្លេស។បច្ចុប្បន្នជាអ្នកយកព័ត៌មានជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនិង​ផ្សព្វផ្សាយនៅ AMS Economy ៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា