វិស័យកសិកម្មរំពឹងថានឹងមានកំណើន ១,៣% សម្រាប់រយៈពេលមធ្យម ២០២៧-២០២៩ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វិស័យកសិកម្មរំពឹងថានឹងមានកំណើន ១,៣% សម្រាប់រយៈពេលមធ្យម ២០២៧-២០២៩

វិស័យកសិកម្មរំពឹងថានឹងមានកំណើន ១,៣% សម្រាប់រយៈពេលមធ្យម ២០២៧-២០២៩

វិស័យកសិកម្ម​នៅកម្ពុជា ត្រូវបានព្យាករថានឹងមានកំណើនជាមធ្យមប្រមាណ ១,៣ ភាគរយ សម្រាប់រយៈពេលមធ្យម ២០២៧-២០២៩។ ក្នុងនោះ សម្រាប់ឆ្នាំ ២០២៧ វិស័យនេះត្រូវបានព្យាករថាមានកំណើន ១,២ ភាគរយ។ នេះបើយោងតាមរបាយការណ៍ក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យមឆ្នាំ ២០២៧-២០២៩ ដែលចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

Advertisement

ក្នុងនោះ អនុវិស័យដំណាំ រំពឹងថានឹងនៅបន្តនិន្នាការកើនឡើង ដោយសារការបន្តលើកកម្ពស់ការវិនិយោគក្នុងស្រុក និងពីបរទេសលើការកែច្នៃផលិតផលកសិកម្ម និងកសិ-ឧស្សាហកម្ម។ អនុវិស័យចិញ្ចឹមសត្វ ក៏នៅបន្តរក្សាស្ថិរភាពកំណើន ដោយសារការបន្តកើនឡើងនៃតម្រូវការក្នុងស្រុក គួបផ្សំនឹងការបន្តអនុវត្តវិធានការអន្តរាគមន៍ លើការនាំចូលសាច់បង្កក និងបទប្បញ្ញត្តិពាក់ព័ន្ធ ដែល នឹងលើកទឹកចិត្តការចិញ្ចឹមក្នុងស្រុក។

អនុវិស័យនេសាទ ក៏នឹងបន្តមានកំណើនល្អ គាំទ្រដោយកំណើនល្អនៃផលចាប់ទឹកសាប ដោយសារការបន្តបង្ក្រាបបទល្មើសនេសាទ ខណៈដែលការវិនិយោគក្នុងវារីវប្បកម្ម រំពឹងថាងើបឡើងវិញសន្សឹមៗផងដែរ ក្រោមការជ្រោមជ្រែង តាមរយៈការដោះស្រាយបញ្ហាប្រឈមជារចនាសម្ព័ន្ធ ការគាំទ្រផ្នែក របស់រាជរដ្ឋាភិបាល ហិរញ្ញប្បទាន និងបច្ចេកទេសពាក់ព័ន្ធ។

លោក សុខ សុថា ស្ថាបនិក និងជានាយកប្រតិបត្តិសមាគមសហព័ន្ធកសិករកម្ពុជា នៃអ្នកផលិតកសិកម្ម (CFAP) មានប្រសាសន៍ថា កំណើនទាបក្នុងវិស័យកសិកម្ម អាចបណ្តាលមកពីកត្តាបញ្ហាអាកាសធាតុ ការអូសបន្លាយនៃជម្លោះនៅមជ្ឈិមបូព៌ា និងបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា-ថៃ ដែលជាហេតុផលដ៍សំខាន់ដែលធ្វើឱ្យប៉ះពាល់ទៅដល់វិស័យកសិកម្មនៅកម្ពុជា ពិសេសប៉ះពាល់ទៅលើក្រុមកសិករខ្នាតតូច ដោយសារថ្លៃដើមផលិតកើនឡើងខ្ពស់បើធៀបនឹងឆ្នាំមុនៗ។

លោកបានថ្លែងថា ៖

ធាតុចូលកសិកម្មមានការឡើងថ្លៃខ្ពស់ បច្ចុប្បន្ន យើងសង្កេតឃើញថា កំណើនៃការឡើងថ្លៃធាតុចូលកសិកម្មមានចន្លោះពី ២៥ ទៅដល់ ៥០ ភាគរយ បានធ្វើឱ្យតម្លៃផលិតកម្មកើនឡើងជាស្វ័យប្រវត្តិ ជាចំណុចដែលកសិករមានការបារម្ភខ្លាំងក្នុងកំឡុងពេលបច្ចុប្បន្ន ខណៈដែលបញ្ហទីផ្សារក៍កំពុងជួបការលំបាកនៅដំណាក់កាលនេះ។”

ករណីនេះ ទាមទារឱ្យមានការពង្រឹងនូវទីតាំងប្រមូលផ្តុំផលិតផលកសិកម្មក្នុងសហគមន៍ ក៍ដូចជាកសិករនៅតាមមូលដ្ឋាន ធ្វើយ៉ាងណាឱ្យពួកគាត់មានលទ្ឋភាពប្រមូលទិញផលិតផល ដើម្បីរៀបចំវេចខ្ចប់ កែច្នៃ និងធ្វើការផ្គត់ផ្គង់ទីផ្សារបានដោយខ្លួនឯងនៅនឹងកន្លែង។

លោក ឧកញ៉ា ឡាយ ឈុនហួរ  ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) មានប្រសាសន៍ថា ការថមថយនៃវិស័យកសិកម្មនៅរយៈពេលចុងក្រោយនេះ បណ្តាលមកពីកត្តាអាកាសធាតុ ការឡើងថ្លៃប្រេងនិងឧស្ម័ន និងជីកសិកម្មជាដើម ដែលជាធាតុចូលយ៉ាងសំខាន់ប៉ះពាល់ទៅដល់ថ្លៃដើមនៃការផលិត។ លោកឧកញ៉ា និយាយថា៖

សម្រាប់ជីកសិកម្មបច្ចុប្បន្ន មានតម្លៃកើនឡើងជាមធ្យមពីចន្លោះ ៤០ ទៅ ៥០%  ជាពិសេស ជីអ៊ុយរ៉េ ដែលធ្វើឱ្យប៉ះពាល់ដល់ការផលិតស្រូវរបស់កសិករ នៅតាមទីជនបទ ធ្វើឱ្យពលរដ្ឋប្រឈមការខាតបង់ ព្រមទាំងផ្អាកការផលិតស្រូវខ្លះៗផងដែរ។”

លោកឧកញ៉ា បានបន្តថា ដើម្បីជួយឱ្យកសិករមានលទ្ឋភាពបន្តការដាំដុះ សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានកំពុងពង្រីកទីផ្សារថ្មីៗទៅកាន់ប្រទេសផ្សេងៗជាច្រើន នៅសហគមន៍អឺរ៉ុប ប្រទេសចិន ម៉ាឡេស៊ី សហរដ្ឋអាមេរិក អូស្រា្តលី ញូហ្សឺលែនជាដើម ដើម្បីជម្រុញទីផ្សារលក់ចេញបានកាន់តែច្រើននិងទទួលបានតម្លៃខ្ពស់ថែមមួយកម្រិតទៀត។

គួររំលឹកថា កាលពីឆ្នាំ ២០២៥ វិស័យកសិកម្មបានរួមចំណែកប្រមាណ ១៦,១ ភាគរយ ក្នុងផលិតផលសរុបក្នុងស្រុក (GDP) ជាមួយនឹងកំណើនប្រចាំឆ្នាំ ១,២ ភាគរយ ដែលធ្វើឱ្យតម្លៃបន្ថែមសរុបនៃវិស័យនេះ កើនឡើងដល់ជាង ៨,៣ ពាន់លានដុល្លារអាម៉េរិក៕

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

ជីវប្រវត្តិ: បញ្ចប់ថ្នាក់បរិញ្ញប័ត្រគ្រប់គ្រងពាណិជ្ជកម្ម។ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៧ឆ្នាំ រួមមានកាសែត វិទ្យុ ទស្សនាវដ្តី ទូរទស្សន៍ និងគេហទំព័រ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច នៅស្ថាប័នពត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា