ធនាគារអភិវឌ្ឍន៍​អាស៊ី ទាញទម្លាក់ការ​ព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា​មកនៅត្រឹម ​៣,៩ភាគរយ​ក្នុងឆ្នាំ២០២៦​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ធនាគារអភិវឌ្ឍន៍​អាស៊ី ទាញទម្លាក់ការ​ព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា​មកនៅត្រឹម ​៣,៩ភាគរយ​ក្នុងឆ្នាំ២០២៦​

ធនាគារអភិវឌ្ឍន៍​អាស៊ី ទាញទម្លាក់ការ​ព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា​មកនៅត្រឹម ​៣,៩ភាគរយ​ក្នុងឆ្នាំ២០២៦​

ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍​អាស៊ី ( ADB) បានព្យាករកំណើន​សេដ្ឋកិច្ចកម្ពុជា​ ជាថ្មី ដោយបានទម្លាក់ការព្យាករ​របស់ខ្លួន​ពី ​៤,១ភាគរយ មកនៅត្រឹម​៣,៩ភាគរយ ។ នេះបើតាម​សេចក្ដីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ចេញផ្សាយថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២៦ ។

ការ​ព្យាកររបស់​ធនាគារអន្តរជាតិមួយនេះ ដោយយោងលើ​កត្តាមួយចំនួន ជាក់ស្ដែង​ដូចជាការ​ធ្លាក់​ចុះនៃវិស័យទេសចរណ៍ដើមឆ្នាំ២០២៦​នេះ ធ្វើឱ្យជះឥទ្ធិពល​ខ្លាំង​លើ​កំណើន​សេដ្ឋកិច្ចកម្ពុជា ដោយ​ក្នុងរយៈពេល​៨ខែដើមឆ្នាំ២០២៦​ ភ្ញៀវទេសចរបរទេស​ចូលមកកម្ពុជាមានចំនួនត្រឹម ២លាន ២៥ម៉ឺននាក់ បានធ្លាក់ចុះរហូតដល់​ ៤៤,៤ភាគរយធៀបនឹងក្នុងឆ្នាំ២០២៥ ដែលទទួលបានភ្ញៀវទេសចរ​បរទេស​ចំនួនជាង៤លាននាក់ឯណោះ។

លោកស្រី Yasmin Siddiqi នាយិកា​ប្រចាំប្រទេសកម្ពុជា​របស់​ ADB មានប្រសាសន៍ថា សេដ្ឋកិច្ចកម្ពុជា​បន្តបង្ហាញភាពធន់​ ដោយសារ​កំណើន​ដ៏រឹង​មាំ​នៃការ​នាំចេញ​ផលិតផលកម្មន្តសាល​ និងការ​បន្ត​មានលំហូរចូល​ទុនវិនិយោគ​ពីបរទេស ដែលអាចជួយ​ប៉ះប៉ូវបញ្ហា​ប្រឈម​ក្នុងវិស័យទេសចរណ៍ ។ បន្ថែមពីលើ​នេះ កិច្ច​ខិត​ខំប្រឹង​ប្រែង​ជា​បន្ត​បន្ទាប់​ក្នុងការ​ធ្វើពិពិធកម្ម​សេដ្ឋកិច្ច ការបង្កើន​សមត្ថិភាពប្រកួត​ប្រជែង ការ​គាំទ្រ​គ្រួសារ​ងាយ​រង​គ្រោះ ក៏ដូចជា​ការ​ពង្រឹង​ភាពធន់​នឹង​ការ​ប្រែប្រួលអាកាស​ធាតុ មានសារសំខាន់​ណាស់សម្រាប់ការទ្រទ្រង់​កំណើនប្រកបដោយ​បរិយាបន្ន។​

យោងតាម​របាយការណ៍ទស្សនវិស័យ​អភិវឌ្ឍន៍អាស៊ីក្នុង​ខែកញ្ញា ឆ្នាំ២០២៦ បានបង្ហាញ​ថា ការព្យាករអតិផរណា​ត្រូវ​បានដំឡើង​ដែល​ឆ្លុះបញ្ចាំង​ពីការកើនឡើងនៃថ្លៃប្រេង​ពិភពលោក និងការកើនឡើង​ថ្លៃដើម​លើមុខទំនិញ​។ អតិផរណា​ដែល​បានកើនឡើង​ពីអត្ រា​២,៦​ភាគរយ​កាលពី​ខែកុម្ភៈ ឆ្នាំមុន កើនឡើងដល់ ៧,២ភាគរយ​ក្នុងខែ​ឧសភា ឆ្នាំនេះ មុនពេលថមថយ​មក​ត្រឹម​៥,៥ភាគរយ​ ក្នុង​ខែកក្កដា ឆ្នាំ២០២៦​នេះ ។ ADB បានព្យាករថា អតិផរណា​ជា​មធ្យមនឹ​ងស្ថិតនៅកម្រិត​ប្រមាណ ៤,៧ភាគរយសម្រាប់ឆ្នាំ២០២៦ និង​២,៨ភាគរយ​ក្នុង​ឆ្នាំ២០២៧ ដោយសារ​វិធានការ​បន្ធូរ​បន្ថយ​ពន្ធលើ​ប្រេង​ឥន្ធនៈ និង​តម្លៃប្រាក់រៀល​ដែលជាទូទៅមាន​ស្ថិរភាព ជួយ​បន្ធូរបន្ថយ​សម្ពា​ធថ្លៃទំនិញ ​។​

ដោយ​មើល​ឃើញថា ទេសចរណ៍ ជាវិស័យសំខាន់​ក្នុងការទ្រទ្រង់​សេដ្ឋកិច្ចកម្ពុជា រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈក្រសួង​ទេសចរណ៍​ជាសេនាធិការ ​បាន​ខ្នះខ្នែង​ស្ដារវិស័យនេះឱ្យងើបឡើង​វិញ តាមរយៈការ​ជំរុញ ទេសចរណ៍​ក្នុងស្រុក​ និងដាក់ចេញនូ​វវិធានការ​ដើម្បីទាក់ទាញ​ភ្ញៀវទេសច​រ​បរទេស ជាពិសេស​ទេសចរចិន ដោយ​បាន​អនុវត្ត​សាកល្បង​ផ្ដល់​ទិដ្ឋាការ​ឥតគិតថ្លៃ​ដល់​ភ្ញៀវទេសចរ​ជនជាតិ​ចិន ចាប់ពីខែមិថុនា ដល់​អំឡុង​ខែតុលា ឆ្នាំ២០២៦​ ។

លោក​បណ្ឌិត ​ហុង វណ្ណៈ  អ្នកជំនាញ​សេដ្ឋកិច្ច​នៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់បណ្ដាញព័ត៌មាន AMS ឱ្យដឹងថា បញ្ហា​នៃវិស័យទេសចរណ៍​នៅកម្ពុជា​ គឺជា​បុព្វហេតុមួយក្នុង​ចំណោម​បុព្វហេតុផ្សេងទៀត ធ្វើឱ្យកំណើន​​សេដ្ឋកិច្ចកម្ពុជា​ថមថយដោយ​ថយពី៤,១ភាគរយ មកនៅត្រឹម៣,៩ភាគរយ ។​ វិស័យ​ទេសចរណ៍កម្ពុជា​ គឺជាវិស័យមួយដែលរួម​ចំណែក​ក្នុងការ​ជំរុញ​សេដ្ឋកិច្ច​កម្ពុជា​ ហើយបើកាល​ណា​វិស័យនេះមានបញ្ហា​វា​នឹងទាញទម្លាក់​ការព្យាករ​កំណើន​សេដ្ឋកិច្ច​ ។

លោកបណ្ឌិត​បន្តថា  ក្រៅពីវិស័យ​ទេសចរណ៍​ នៅមានបញ្ហា​ជាច្រើនទៀត ដែលបានកើតឡើង​នៅក្នុងតំបន់​ និង​ពិភពលោក​ ធ្វើឱ្យប៉ះពាល់ដល់​កំណើនសេដ្ឋកិច្ចកម្ពុជា​ក៏ដូចជា​បណ្ដាប្រទេស​ផ្សេងៗទៀត​ ។ បញ្ហា​ទាំង​នោះ រួមានដូចជា​ សង្គ្រាមនៅតំបន់​មជ្ឈិមបូព៌ា​ ដែលបានធ្វើឱ្យទំនិញសព្វសារពើ​ឡើងថ្លៃខ្ពស់ ជាពិសេស​ថាមពល។

លោកបានបន្ថែមថា យោងទៅលើ​បញ្ហា​ដែល​បានកើតឡើង​នៅលើពិភពលោក​នេះ ទោះបីជា​រដ្ឋាភិបាលកម្ពុជា ដឹកនាំដោយអ្នកណា​ក៏ដោយ ក៏ត្រូវទទួលរង​គ្រោះ​ពីបញ្ហា​ទាំង​នេះដែរ ហើយក៏ត្រូវតែមានការ​ព្យាករកំណើន​ថមថយ​នៃសេដ្ឋកិច្ចដែរ។

លោកថា ៖ ផែនការ ​និងការអភិវឌ្ឍប្រទេស ការជំរុញ SME និងការលើកទឹកចិត្តវិនិយោគិន​ ក៏ដូចជា​ការជំរុញពាណិជ្ជកម្ម​របស់​រាជរដ្ឋាភិបាល​នៅតែបន្ត​មិនមាន​ការ​បន្ទច់​បង្អាក់​ទេ​ ប៉ុន្តែ បញ្ហា​សកល បានធ្វើឱ្យថ្លៃដើមកើនឡើងខ្ពស់ ហើយក៏បានធ្វើឱ្យ​ប៉ះពាល់ការ​បញ្ជាទិញមួយចំនួនដែរ ៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា