ធនាគារ អភិវឌ្ឍន៍ ​អាស៊ី ផ្ដល់ការគាំទ្រជា​​ថវិកា​ ៦០ម៉ឺនដុល្លារ​ ដល់​ក្រុមហ៊ុនកសិពាណិជ្ជកម្មចំនួនពីរនៅកម្ពុជា​ដឹកនាំដោយស្ត្រី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ធនាគារ អភិវឌ្ឍន៍ ​អាស៊ី ផ្ដល់ការគាំទ្រជា​​ថវិកា​ ៦០ម៉ឺនដុល្លារ​ ដល់​ក្រុមហ៊ុនកសិពាណិជ្ជកម្មចំនួនពីរនៅកម្ពុជា​ដឹកនាំដោយស្ត្រី

ធនាគារ អភិវឌ្ឍន៍ ​អាស៊ី ផ្ដល់ការគាំទ្រជា​​ថវិកា​ ៦០ម៉ឺនដុល្លារ​ ដល់​ក្រុមហ៊ុនកសិពាណិជ្ជកម្មចំនួនពីរនៅកម្ពុជា​ដឹកនាំដោយស្ត្រី

ភ្នំពេញ ៖ ធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ការវិនិយោគមូលធនថ្មីចំនួន ៦០ម៉ឺនដុល្លារ ដល់ក្រុមហ៊ុនកសិពាណិជ្ជកម្មចំនួនពីរ​​​ដែល​ដឹកនាំដោយស្ត្រីនៅកម្ពុជា ដើម្បីជំ​រុ​ញ​ឱ​កាស​​កំ​ណើន​ថ្មី​ ​និងរួម​ចំណែកដល់ការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងនិរន្តរភាពរបស់ប្រទេស។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៦​នេះ បានឱ្យដឹងថា ការវិនិយោគនេះធ្វើឡើងតាមរយៈគម្រោង ADB Frontier ដែលជាគម្រោងគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម មានសក្តានុពលកំណើនលឿន។ ការវិនិយោគនេះនឹងជួយក្រុមហ៊ុនកែច្នៃអាហារ​កម្ពុជា ដែលឈ្មោះថា សហគ្រាស សេកពីរ ដឹកនាំដោយស្ត្រី និងក្រុមហ៊ុនកែច្នៃទឹកដោះគោ មានឈ្មោះថា Khmer Milky Food (KMF) ដែលជាសហកម្មសិទ្ធិរបស់ស្ត្រី ដើម្បីពង្រីកផលិតកម្ម ពង្រឹងខ្សែច្រវាក់តម្លៃក្នុងស្រុក និងបង្កើតការងារ។

លោកស្រី Yasmin Siddiqi នាយិកា​ ADB ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា ការវិនិយោគលើសហគ្រាសដែលដឹកនាំដោយស្ត្រីអាចផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់សេដ្ឋកិច្ចកម្ពុជា។ តាមរយៈការគាំទ្រដល់កំណើនរបស់សហគ្រាសទាំងនេះ ADB កំពុងពង្រឹងវិស័យកសិពាណិជ្ជកម្មឱ្យមានសមត្ថភាពប្រកួតប្រជែង និងភាពធន់កាន់តែខ្លាំង សំដៅបង្កើតឱកាសសម្រាប់ស្ត្រី កសិករ និងមនុស្សជំនាន់ក្រោយ។

សូមជម្រាបថា ឧស្សាហកម្មចំណីអាហាររបស់កម្ពុជាកំពុងរីកចម្រើន ដោយមានអាជីវកម្មក្នុងស្រុកថ្មីៗផលិតផលិតផលថ្មីៗ ខុសពីគ្រាមុនដែលពឹងផ្អែកលើការនាំចូលស្ទើរទាំងស្រុង។ ដោយឡែក សហគ្រាស សេកពីរ គឺជាម៉ាកសញ្ញាផលិតផលកម្ពុជាដ៏លេចធ្លោមួយសម្រាប់ផលិតផលធ្វើពីម្សៅអង្ករ​ និងជាសហគ្រាសដំបូងគេដែលផលិតមីធ្វើពីអង្ករ។ សហគ្រាស KMF​ ផលិត ឈីស និងយ៉ាអួ មានគុណភាព ពីទឹកដោះគោ មានប្រភពក្នុងស្រុក ផ្តល់នូវជម្រើសថ្មី ដែលមិនបន្ថែមសារធាតុរក្សាទុក។​ សហគ្រាសទាំងពីរ ប្រើវត្ថុធាតុដើមភាគច្រើនដែលមានប្រភពក្នុងប្រទេសកម្ពុជា ហើយកែច្នៃនៅក្នុងស្រុក។

លោកស្រី គឹត សោភ័ណ អ្នកគ្រប់គ្រងផ្នែកវិនិយោគនៃគម្រោង ADB Frontier បានមានប្រសាសន៍ថា សហគ្រាសអាជីវកម្មទាំងពីរបានចាក់ឫសយ៉ាងជ្រៅនៅក្នុងប្រទេសកម្ពុជា ប្រើប្រាស់ប្រភពវត្ថុធាតុដើមក្នុងស្រុក កែច្នៃផលិតផលរបស់ខ្លួននៅក្នុងស្រុក និងបង្កើតខ្សែច្រវាក់តម្លៃ ដែលជួយរក្សាឱកាសសេដ្ឋកិច្ចនៅក្នុងប្រទេស ។

បើតាម​ធនាគារ អភិវឌ្ឍន៍ ​អាស៊ី បានឱ្យដឹងថា ការវិនិយោគលើសហគ្រាស សេកពីរ នឹងផ្តល់ដើមទុនដើម្បីទិញវត្ថុធាតុដើមក្នុងបរិមាណច្រើននៅរដូវប្រមូលផល ដែលជួយកាត់បន្ថយថ្លៃដើម និងបង្កើនការផលិតសម្រាប់ការពង្រីកទីផ្សារនាំចេញទៅប្រទេសអូស្ត្រាលី និងណូវែលសេឡង់។ ការវិនិយោគលើសហគ្រាស KMF នឹងផ្តល់មូលនិធិសម្រាប់ឧបករណ៍ផលិតកម្ម និងម៉ាស៊ីនវេចខ្ចប់ទំនើបជាងមុន បង្កើនសមត្ថភាពផលិត និងពង្រឹងការគ្រប់គ្រងគុណភាពផលិតកម្មឱ្យកាន់តែល្អជាងមុន ៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា