សហព័ន្ធស្វាយចន្ទីកម្ពុជា លើកឡើង​​ ២ ចំណុច ដើម្បី​កែលម្អ និងជំរុញ​ការ​នាំចេញ​ចន្ទីចេញទៅ​ទីផ្សារ​អឺរ៉ុប ក្នុង​វេទិកាពាណិជ្ជកម្មចន្ទី និងម្រេច​កម្ពុជា ២០២៦ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សហព័ន្ធស្វាយចន្ទីកម្ពុជា លើកឡើង​​ ២ ចំណុច ដើម្បី​កែលម្អ និងជំរុញ​ការ​នាំចេញ​ចន្ទីចេញទៅ​ទីផ្សារ​អឺរ៉ុប ក្នុង​វេទិកាពាណិជ្ជកម្មចន្ទី និងម្រេច​កម្ពុជា ២០២៦

សហព័ន្ធស្វាយចន្ទីកម្ពុជា លើកឡើង​​ ២ ចំណុច ដើម្បី​កែលម្អ និងជំរុញ​ការ​នាំចេញ​ចន្ទីចេញទៅ​ទីផ្សារ​អឺរ៉ុប ក្នុង​វេទិកាពាណិជ្ជកម្មចន្ទី និងម្រេច​កម្ពុជា ២០២៦

ភ្នំពេញ៖ វេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេចកម្ពុជា ឆ្នាំ២០២៦ នាថ្ងៃ​ទី១១ ខែ​វិច្ឆិកា នេះ បាន​ឈាន​ចូល​ថ្ងៃ​ទី២ ដែល​ជា​ថ្ងៃចុង​ក្រោយនៃការ​ជួបជុំ​ ​ចែក​រំលែក​បទពិសោធន៍ រកដំណោះស្រាយ​លើ​ការ​ផលិត និងបង្កើន​ច្រវាក់ផ្គត់ផ្គង់​នៅលើ​ទីផ្សារ​។ តាម​រយៈវេទិកា​រយៈ​ពេល​ ២​ថ្ងៃ​នេះ សម្រាប់​វិស័យស្វាយចន្ទី បានរក​ឃើញ​នូវ​ចំណុច​ខ្វះខាត​របស់ខ្លួន​ដែល​ត្រូវ​អនុវត្ត និងកែលម្អ ដើម្បី​ជំរុញ​ការ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្ដរជាតិ។

ថ្លែង​​នៅវេទិកានេះ ក្នុង​វគ្គ “ការ​ធ្វើ​ទីផ្សារ​ជាមួយ​សហភាព​អឺរ៉ុប” ប្រធាន​សហព័ន្ធស្វាយចន្ទីកម្ពុជា​ ​លោក អាន ដារ៉ា មាន​ប្រសាសន៍​ថា ឆ្លង​កាត់​កិច្ច​ពិភាក្សាស៊ីជម្រៅ​កន្លង​មក​នេះ ​រូប​លោក​ផ្ទាល់​ក្នុង​នាម​សហព័ន្ធ​បាន​មើល​ឃើញ​នូវចំណុច​ត្រូវ​ពង្រឹង​បន្ថែម​ ជា​ពិសេស ​លើ​បច្ចេកទេស​កែច្នៃចន្ទី និងបញ្ហា​កង្វះ​ទុន។

លោក​ថា ៖ «ទី១ កសិករ ឬម្ចាស់​សិប្បកម្មកែច្នៃ ​តាម​រយៈ​សហព័ន្ធ នឹងតភ្ជាប់​​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធដោយ​ផ្ទាល់​ជាមួយ​ស្ថាប័ន​ផ្ដល់​ហិរញ្ញវត្ថុ ដើម្បី​ដោះស្រាយ​បញ្ហា​កង្វះ​ទុន។ ទី២ ជំរុញ​ឱ្យ​អ្នក​កែច្នៃ​ពង្រឹង​សមត្ថភាព​បន្ថែម ដើម្បី​បំពេញ​ទៅ​តាម​ស្មារតី​គោលនយោបាយ​ជាតិ ស្ដីពីចន្ទីរបស់​កម្ពុជា»។

ជុំវិញ​ការ​លើក​ឡើង​នេះ រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម ឯកឧត្ដម សំហេង បូរ៉ា បាន​គូសបញ្ជាក់​ថា បញ្ហា​ប្រឈម​ដែល​បាន​លើក​ឡើង​ដោយ​សហព័ន្ធ​ស្វាយចន្ទីកម្ពុជា ក៏ដូច​ជា​អ្នក​កែច្នៃផ្ទាល់ ក្នុង​នាម​ក្រសួង​នឹង​រិះរក​មធ្យោបាយ​ដោះស្រាយឱ្យ​កាន់​តែប្រសើរ។ ប៉ុន្ដែ​តាម​រយៈ​វេទិកា​នៅ​ពេល​នេះ មាន​វត្ថុ​បំណង​ធំ​ក្នុង​ការ​ពង្រីក​ទីផ្សារ​​ទាំង​នៅ​ក្នុង​ស្រុក ​ទីផ្សារ​អន្ដរជាតិ​ ជា​ពិសេស​ ការ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប។

ឯកឧត្ដម សំហេង បូរ៉ា បន្ថែមថា ៖ «ក្រសួង​នឹង​ស្វែង​យល់​បន្ថែម​ពី​បញ្ហា​ប្រឈម​នានា ដើម្បី​ធ្វើ​ជាមូលដ្ឋាន​ក្នុង​ការ​ដោះស្រាយ និង​លើក​កម្ពស់ ជំរុញ​ផលិត​ផល​គ្រាប់​ស្វាយ​ចន្ទី​ទៅ​កាន់​ទីផ្សារ​អន្ដរជាតិ។ ទន្ទឹម​គ្នានេះ កម្ពុជា​ក៏​ចង់​ឃើញ​ពី​ការ​ប្ដេជ្ញាចិត្ដ​បន្ថែម​លើ​ការ​ជួយ​ជ្រោម​ជ្រែង​ពី​ដៃគូ​ពាក់ព័ន្ធ ដោយ​មិន​សំដៅ​តែ​ទៅ​លើ EU ឬ GIZ នោះ​ទេ​​ ​គឺត្រូវ​ចូល​រួម​ទាំង​វិស័យឯកជន សហគមន៍​ និង​សភាពាណិជ្ជកម្ម នៃ​ប្រទេស​ផ្សេងៗទៀត»។

សូម​ជម្រាប​ជូន​ថា វេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេច ឆ្នាំ២០២៦ ក្រោមប្រធានបទ “ពីកម្ពុជាទៅកាន់ពិភពលោក” បានផ្តោតលើការពង្រីកឱកាសពាណិជ្ជកម្មជាមួយទីផ្សារអឺរ៉ុប។ វេទិកា​​នេះ រៀបចំដោយ GIZ សហការ​ជាមួយ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្ដន៍ រួមជាមួយក្រសួង​ពាណិជ្ជកម្ម​ ដោយ​មាន​​ការ​អញ្ជើញ​ចូល​រួម​ពីអ្នកផលិត អ្នកកែច្នៃ និងអ្នកនាំចេញ ជួបជាមួយអ្នកទិញ វិនិយោគិន និងអ្នកជំនាញក្នុងវិស័យចន្ទី ក៏ដូចជាផលិតផលម្រេច ដើម្បីស្វែងយល់ពីតម្រូវការទីផ្សារអឺរ៉ុប បច្ចេកទេសកែច្នៃផលិតផល ការបំពេញតាមស្តង់ដារគុណភាព និងមធ្យោបាយពង្រីកការនាំចេញរយៈ​ពេល​ ២ថ្ងៃ​ពេញ ដែល​បញ្ចប់​នៅ​រសៀលថ្ងៃ​ទី១១ ខែ​វិច្ឆិកា ឆ្នាំ២០២៦នេះ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ៕

លោក​ ​ជិន​ សុភ័ក្ដ្រ | Mr. Chin Sopheak

លោក​ ​ជិន​ សុភ័ក្ដ្រ | Mr. Chin Sopheak

ជីវប្រវត្តិ៖ ប្រឡូកក្នុងវិស័យសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយជាង ១៩ឆ្នាំ​ លោកបានបំពេញភារកិច្ចជាអ្នកសារព័ត៌មានអាជីពនៅតាមស្ថាប័នសារព័ត៌មានជាតិ​ និងអន្ដរជាតិ មានដូចជា ទស្សនាវដ្ដី​ កាសែត​ វិទ្យុ ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយឌីជីថល។ បច្ចុប្បន្ន លោកជា អ្នករាយការណ៍ជាន់ខ្ពស់នៅ AMS។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា