មេផ្សារ​មូលបត្រ​កម្ពុជា បញ្ជាក់ពីការកើនឡើងផលចំណេញ និងការជួញដូរភាគហ៊ុនកំពុងមានភាពមមាញឹក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មេផ្សារ​មូលបត្រ​កម្ពុជា បញ្ជាក់ពីការកើនឡើងផលចំណេញ និងការជួញដូរភាគហ៊ុនកំពុងមានភាពមមាញឹក

មេផ្សារ​មូលបត្រ​កម្ពុជា បញ្ជាក់ពីការកើនឡើងផលចំណេញ និងការជួញដូរភាគហ៊ុនកំពុងមានភាពមមាញឹក

ភ្នំពេញ ៖ អគ្គនាយក​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា បានលើកឡើងថា គិតត្រឹមដើមខែកញ្ញា ឆ្នាំ២០២៦នេះ ទីផ្សារមូលបត្រកម្ពុជាបន្តទទួលបានផលជាវិជ្ជមាន ខណៈអ្នកវិនិយោគខ្លះអាចរកចំណេញបានប្រមាណ ២០ ទៅ ៣០ភាគរយ ក្នុងរយៈពេលតែប៉ុន្មានសប្តាហ៍ ស្របពេលដែលទំហំជួញដូរភាគហ៊ុនក៏បន្តកើនឡើងយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់។

លោក ហុង សុហួរ អគ្គនាយក​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារភាគហ៊ុនកម្ពុជាកំពុងផ្តល់ផលចំណេញខ្ពស់ក្នុងរយៈពេលខ្លីដល់អ្នកវិនិយោគ ជាមួយនឹងសកម្មភាពជួញដូរកាន់តែសកម្ម ដោយនៅក្នុងខែសីហា ឆ្នាំ២០២៦ ស្ថានភាពទីផ្សារនៅផ្សារមូលបត្រកម្ពុជា (ផមក) ទទួលបានការចាប់អារម្មណ៍ និងការចូលរួមយ៉ាងផុសផុល ខណៈដែលទាំងសកម្មភាពជួញដូរ ទំហំទឹកប្រាក់ និងតម្លៃភាគហ៊ុន បានបន្តកើនឡើងយ៉ាងគំហុក បើទោះបីជារដូវកាលនៃការចែកភាគលាភប្រចាំឆ្នាំត្រូវបានបញ្ចប់ក៏ដោយ។

បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាបានឱ្យដឹងថា នៅក្នុងខែសីហា កន្លងទៅនេះ សន្ទស្សន៍ ផមក បានបិទនៅកម្រិត ៤៥១,០២ ពិន្ទុ ដោយកើនឡើង ១៤ភាគរយ ឬកើនឡើងជិត ២៨ភាគរយ គិតចាប់ពីដើមឆ្នាំមក។ ជាពិសេស នៅថ្ងៃទី២៦ ខែសីហា សន្ទស្សន៍បានហក់ឡើងដល់ ៤៦០,០៩ ពិន្ទុ ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ៤ ឆ្នាំចុងក្រោយ (គិតចាប់តាំងពីខែមីនា ឆ្នាំ ២០២២)។ លើសពីនេះ ទំហំជួញដូរជាមធ្យមប្រចាំថ្ងៃក្នុងខែសីហា បានកើនឡើងដល់ ៣.១៧៤ លានរៀល (ជិត ៨០ម៉ឺនដុល្លារអាមេរិក) ដែលកើនឡើងប្រមាណជិត ៣០០ភាគរយ បើធៀបនឹងទំហំជួញដូរជាមធ្យមប្រចាំថ្ងៃក្នុងរយៈពេល ៧ខែដំបូង ក្នុងឆ្នាំ២០២៦នេះ។

ក្តីប្រកាសដដែលក៏បានបង្ហាញថា លក្ខណៈកើនឡើងជាវិជ្ជមាននេះ បណ្ដាលមកពីកត្តាសំខាន់ៗមួយចំនួនដូចជា៖ ថ្លៃភាគហ៊ុននៅមានភាពទាក់ទាញធៀបនឹងសក្ដានុពល និងមូលដ្ឋានគ្រឹះនៃអាជីវកម្ម អត្រាវិលត្រឡប់នៃភាគលាភក៏បន្តមានលក្ខណៈល្អប្រសើរ ស្របពេលដែលលទ្ធផលហិរញ្ញវត្ថុរបស់ក្រុមហ៊ុនចុះបញ្ជីមួយចំនួនមានភាពវិជ្ជមាន និងមានកំណើនល្អក្នុងត្រីមាសទី២ ឆ្នាំ២០២៦ នេះ។ លើសពីនេះទៅទៀត ការកើនឡើងនៃសន្ទនីយភាពនេះ ក៏មានការចូលរួមយ៉ាងសកម្មពីសំណាក់វិនិយោគិន ស្ថាប័នពាក់ព័ន្ធ ដែលបានបង្កើនទំនុកចិត្ត ពង្រីកសកម្មភាពវិនិយោគច្រើន និងមានសុទិដ្ឋិនិយមចំពោះទីផ្សារទាំងមូល។

ថ្លែងប្រាប់ AMS នារសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ លោក​ ហុង សុហួរ មានប្រសាសន៍ថា ៖ «​ទិន្នន័យដែលយើងមាន យើងឃើញថាទំហំជួញដូរកម្រិតមធ្យមកើនឡើងខ្លាំងបើធៀបជាមួយនឹងប៉ុន្មានខែដើមឆ្នាំ ហើយប៉ុន្មានខែដើមឆ្នាំរបស់យើងហ្នឹង ក៏កើនឡើងខ្លាំងទៅហើយធៀបជាមួយឆ្នាំមុន ឬ ២-៣ឆ្នាំមុនហ្នឹង បន្តបន្ទាប់គ្នា»។

នៅពេលដែលនិយាយថា តើកំណើនយ៉ាងរហ័សនេះមានសញ្ញាល្អរហូតដល់ចុងឆ្នាំដែរ ឬទេ? អ្នកជំនាញផ្សារមូលបត្ររូបនេះបានឆ្លើយថា ក្នុងដើមខែកញ្ញា នេះ ទំហំជួញដូរ​ផ្សារ​មូលបត្រ​ មិនទាន់មានការថមថយនោះទេ គឺមានតែបន្តកើនឡើង ហើយការចាប់អារម្មណ៍របស់សាធារណជនក៏នៅតែមានការកើនឡើងដូចគ្នា ស្របពេលដែលតម្លៃភាគហ៊ុនក៏មានកំណើនល្អ ហើយវត្តមានក្រុមហ៊ុនថ្មីៗកំពុងសម្រុកចូលមកបន្ថែម។

លោក ហុង សុហួរ​ ​បានបន្តថា ៖ «​អញ្ចឹង យើងរំពឹងថា ទំនោរនេះប្រហែលជាអាចនឹងបន្តទៅទៀត ប៉ុន្តែយូរប៉ុណ្ណា ចាំមើលទៀត ពីព្រោះវា អាស្រ័យទៅលើការវិវត្តនៃថ្លៃភាគហ៊ុន និងការលើការចូលរួមពីក្រុមហ៊ុនថ្មីៗ ។ យើងឃើញទំនោរ រយៈពេល ២ខែចុងក្រោយនេះគឺឃើញឡើងខ្លាំង កើនឡើងខ្លាំង បន្ទាប់មក រៀងចុះបន្តិច ហើយកើនឡើងខ្លាំងជាងមុនទៀត។​ ​សាធារណជនរបស់យើងមួយរយៈពេលចុងក្រោយនេះ ដោយសារថ្លៃភាគហ៊ុនកើនឡើង ឃើញថា អ្នកខ្លះចំណេញ ២០ ទៅ ៣០ភាគរយ ក្នុងរយៈពេលតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ»។

បើក្រឡេកទៅមើលសេចក្តីប្រកាសព័ត៌មានវិញ ចំនួននៃការបើកគណនីជួញដូរថ្មីក្នុងខែសីហាកន្លងទៅនេះមានរហូតដល់ ២ ០០៦ គណនី ដែលការកើនឡើងយ៉ាងគំហុកនេះ បានបង្ហាញពីការយល់ដឹងកាន់តែទូលំទូលាយ និងចំណាប់អារម្មណ៍របស់សាធារណជនអំពីកាលានុវត្តភាពបង្កើតប្រាក់ចំណូលបន្ថែមតាមរយៈការវិនិយោគភាគហ៊ុន។

សូមជម្រាបថា ស្របពេលដែលសន្ទនីយភាពទីផ្សារកើនឡើង ការចូលរួមរបស់វិនិយោគិនក៏បានបំបែកកំណត់ត្រាថ្មីៗគួរឱ្យកត់សម្គាល់ផងដែរ។ ក្នុងខែសីហាកន្លងទៅនេះ ចំនួនវិនិយោគិនសកម្ម (វិនិយោគិនដែលបានជួញដូរជោគជ័យយ៉ាងតិច ១ដង) បានកើនឡើងរហូតដល់ ៧ ៩០១ នាក់ ដែលនេះជាតួលេខខ្ពស់បំផុតមិនធ្លាប់មានពីមុនមក។ តួលេខនេះបានបង្ហាញពីការចូលរួមយ៉ាងសកម្មរបស់វិនិយោគិនថ្មី ពិសេសការវិលត្រឡប់ចូលទីផ្សារយ៉ាងក្ដៅគគុករបស់វិនិយោគិនចាស់ ដើម្បីវិនិយោគបន្ថែម និងទាញយកផលចំណេញពីទីផ្សារ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា។

បើងាកទៅមើលការពន្យល់នៅលើគេហទំព័រផ្លូវការរបស់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា​ ការជួញដូរភាគហ៊ុនអាចជួបហានិភ័យមួយចំនួនដែលធ្វើឱ្យតម្លៃនៃភាគហ៊ុនធ្លាក់ចុះ ឬមានការប្រែប្រួលខ្លាំង។​ ហានិភ័យជាប្រព័ន្ធ ឬហានិភ័យទីផ្សារ គឺជាភាពមិនច្បាស់លាស់ដែលកើតមានឡើងចំពោះទីផ្សារទាំងមូល និងមិនអាចចៀសវាងបានតាមការធ្វើពិពិធកម្ម ដូចជា ហានិភ័យនៃការធ្លាក់ចុះសេដ្ឋកិច្ច ហានិភ័យអតិផរណា ហានិភ័យអស្ថិរភាពនយោបាយ និងហានិភ័យនៃការកើនឡើងអត្រាការប្រាក់ជាដើម។

ចំពោះហានិភ័យមិនមែនជាប្រព័ន្ធ គឺជាភាពមិនច្បាស់លាស់ដែលកើតមានចំពោះក្រុមហ៊ុន ឬវិស័យណាមួយ ដែលអាចកាត់បន្ថយបានដោយការធ្វើពិពិធកម្ម។ ហានិភ័យទាំងនោះរួមមាន អសាធនីយភាពនៃក្រុមហ៊ុន ការកេងបន្លំផ្ទៃក្នុងនៃបញ្ជីគណនេយ្យ និងសកម្មភាពជួញដូរផ្ទៃក្នុងជាដើម ខណៈដែលហានិភ័យសន្ទនីយភាព គឺសំដៅដល់ហានិភ័យដែលអ្នកទិញ និងអ្នកលក់មិនអាចរកគ្នាឃើញ ដើម្បីជួញដូរនៅពេលត្រូវការ និងនៅតម្លៃសមស្របមួយ ដោយសារកង្វះសន្ទនីយភាពក្នុងទីផ្សារ។

អ្នកនាង យ៉ាត់ ម៉ាឡៃ | Mrs. YAT Malai

អ្នកនាង យ៉ាត់ ម៉ាឡៃ | Mrs. YAT Malai

<p class="p1">ជីវប្រវត្តិ៖ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកទំនាក់ទំនងអន្តរជាតិពីសកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជានិងមានបទពិសោធន៍ជិត៤ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន អ្នកនាងជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy</p>

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា