មេដឹកនាំចិន និង ឥណ្ឌា ត្រៀមជួបគ្នាក្នុងកិច្ចប្រជុំកំពូល BRICS ខណៈភាពតានតឹងព្រំដែនហិម៉ាឡៃ និងពាណិជ្ជកម្មនៅតែជាក្តីកង្វល់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មេដឹកនាំចិន និង ឥណ្ឌា ត្រៀមជួបគ្នាក្នុងកិច្ចប្រជុំកំពូល BRICS ខណៈភាពតានតឹងព្រំដែនហិម៉ាឡៃ និងពាណិជ្ជកម្មនៅតែជាក្តីកង្វល់

មេដឹកនាំចិន និង ឥណ្ឌា ត្រៀមជួបគ្នាក្នុងកិច្ចប្រជុំកំពូល BRICS ខណៈភាពតានតឹងព្រំដែនហិម៉ាឡៃ និងពាណិជ្ជកម្មនៅតែជាក្តីកង្វល់

បរទេស៖ ប្រធានាធិបតីចិន លោក Xi Jinping នឹងចូលរួមកិច្ចប្រជុំកំពូល BRICS នៅប្រទេសឥណ្ឌា និងជាដំណើរទស្សនកិច្ចលើកដំបូងក្នុងរយៈពេល ៧ឆ្នាំចុងក្រោយ ខណៈដែលបញ្ហាជម្លោះព្រំដែននៅតំបន់ហិម៉ាឡៃ​ នៅតែជាឧបសគ្គនយោបាយដ៏សំខាន់បំផុតសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ នេះបើយោងតាមសេចក្ដីរាយការណ៍ពី CNBC ។

កិច្ចប្រជុំកំពូល BRICS ដែលប្រារព្ធឡើងនៅប្រទេសឥណ្ឌា គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់មួយដែលគេកំពុងតាមដានយ៉ាងដិតដល់ ជាពិសេស គឺជំនួបពិភាក្សារវាងប្រធានាធិបតីចិន លោក Xi Jinping និងនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi។ ជំនួបរវាងមេដឹកនាំទាំងពីរអាចនឹងជួយកែសម្រួលទំនាក់ទំនងឡើងវិញរវាងប្រទេសសេដ្ឋកិច្ចធំជាងគេទាំងពីរនៅអាស៊ី បន្ទាប់ពីមានជម្លោះព្រំដែននៅតំបន់ហិម៉ាឡៃក្នុងឆ្នាំ២០២០ ហើយនេះក៏ជាដំណើរទស្សនកិច្ចលើកដំបូងរបស់មេដឹកនាំចិនមកកាន់ប្រទេសឥណ្ឌាចាប់តាំងពីឆ្នាំ២០១៩ ក្រោយការប៉ះទង្គិចគ្នាដោយហិង្សានៅតាមព្រំដែនក្នុងឆ្នាំ២០២០។

យ៉ាងណាក៏ដោយ បើទោះបីជាទំនាក់ទំនងទ្វេភាគីចាប់ផ្តើមមានភាពល្អប្រសើរឡើងវិញ ដូចជា ការបើកដំណើរការជើងហោះហើរត្រង់ និងការធ្វើពាណិជ្ជកម្មតាមព្រំដែនឡើងវិញក្តី ប៉ុន្តែបញ្ហាជម្លោះព្រំដែនហិម៉ាឡៃជាច្រើនទសវត្សរ៍មកហើយនោះនៅតែអូសបន្លាយ ដែលជាឧបសគ្គនយោបាយដ៏សំខាន់បំផុតសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ជាក់ស្ដែង ថ្មីៗនេះ ថ្វីត្បិតតែមានវឌ្ឍនភាពពីកិច្ចប្រជុំរវាងមន្ត្រីជាន់ខ្ពស់ចិន និងឥណ្ឌា ប៉ុន្តែភាពមិនទុកចិត្តគ្នាវានៅតែមាន ជាពិសេស បន្ទាប់ពីមានរបាយការណ៍ថា ភាគីចិនបានរារាំងការល្បាតរបស់កងទ័ពឥណ្ឌានៅតំបន់ Arunachal Pradesh កាលពីខែសីហាកន្លងទៅថ្មីៗនេះ។

ទន្ទឹមនឹងនេះ បញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្មក៏ស្ថិតក្នុងរបៀបវារៈសំខាន់ផងដែរ ដោយសារឥណ្ឌាកំពុងមានឱនភាពពាណិជ្ជកម្មដ៏ធំជាមួយចិន ដែលកើនឡើងដល់ ១១២,១៦ ពាន់លានដុល្លារក្នុងចំណោមទំហំពាណិជ្ជកម្មសរុប ១៥១,១ ពាន់លានដុល្លារ។ ឥណ្ឌាពឹងផ្អែកខ្លាំងលើការនាំចូលទំនិញពីចិន ជាពិសេសលើវិស័យថាមពលបៃតង និងថ្មពិល ដែលធ្វើឱ្យឥណ្ឌាមានភាពងាយរងគ្រោះ។ មិនត្រឹមតែប៉ុណ្ណោះ ឥណ្ឌាក៏រឹតបន្តឹងលើមុខទំនិញនាំចូលមួយចំនួនដើម្បីការពារផលិតផលក្នុងស្រុកផងដែរ ខណៈដែលប្រទេសទាំងពីរកំពុងប្រកួតប្រជែងគ្នាក្នុងវិស័យបច្ចេកវិទ្យា និងខ្សែសង្វាក់ផ្គត់ផ្គង់សកល។

អ្នកវិភាគបានកត់សម្គាល់ថា ការពង្រឹងទំនាក់ទំនងជាមួយចិនបានកើតឡើងចំពេលដែលទំនាក់ទំនងរបស់ឥណ្ឌាជាមួយនឹងអាម៉េរិកកំពុងមានភាពតានតឹងជុំវិញបញ្ហាពន្ធគយ ដែលជំរុញឱ្យឥណ្ឌាត្រូវធ្វើពិពិធកម្មទំនាក់ទំនងការទូត និងសេដ្ឋកិច្ចរបស់ខ្លួនជាមួយបណ្តាប្រទេសដទៃទៀត។ យ៉ាងណាមិញ អ្នកជំនាញមិនរំពឹងថា វេទិកា BRICS អាចដោះស្រាយបញ្ហាភូមិសាស្ត្រនយោបាយស្មុគស្មាញទាំងស្រុងនោះទេ ដោយសារគោលដៅចម្បងរបស់ក្រុមនេះ គឺការកែទម្រង់អភិបាលកិច្ច និងហិរញ្ញវត្ថុសកលប៉ុណ្ណោះ៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា