បាតុភូតអាកាសធាតុ El Niño កំពុងគំរាមកំហែងដល់សន្តិសុខស្បៀង និងស្ថិរភាពនយោបាយនៅអាស៊ីអាគ្នេយ៍ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បាតុភូតអាកាសធាតុ El Niño កំពុងគំរាមកំហែងដល់សន្តិសុខស្បៀង និងស្ថិរភាពនយោបាយនៅអាស៊ីអាគ្នេយ៍

បាតុភូតអាកាសធាតុ El Niño កំពុងគំរាមកំហែងដល់សន្តិសុខស្បៀង និងស្ថិរភាពនយោបាយនៅអាស៊ីអាគ្នេយ៍

បរទេស ៖ បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍កំពុងប្រឈមមុខនឹងវិបត្តិផ្ទួនៗ ដោយសារការគំរាមកំហែងពីបាតុភូតអាកាសធាតុ El Niño ដ៏ធ្ងន់ធ្ងរចំពេលដែលពលរដ្ឋក្នុងតំបន់កំពុងរងសម្ពាធស្រាប់ពីការឡើងថ្លៃនៃតម្លៃថាមពល តម្លៃដឹកជញ្ជូន និងអាហារ ដែលបង្កឡើងដោយសង្គ្រាមនៅមជ្ឈិមបូព៌ា ។

Advertisement

យោងតាមសេចក្ដីរាយការណ៍ពី DW អង្គការឧតុនិយមពិភពលោក (VMO) ដែលជាទីភ្នាក់ងារអាកាសធាតុរបស់អង្គការសហប្រជាជាតិ បានព្យាករណ៍ថា បាតុភូតអាកាសធាតុ El Niño អាចកើតឡើងយ៉ាងហោចណាស់ដល់ខែវិច្ឆិកា។ ទន្ទឹមនឹងនេះ វិស័យកសិកម្មនៅអាស៊ីអាគ្នេយ៍ងាយរងគ្រោះខ្លាំងពីបាតុភូតអាកាសធាតុមួយនេះ ហើយការប៉ះពាល់អាចរីករាលដាលយ៉ាងឆាប់រហ័សទៅជាវិបត្តិតម្លៃអាហារ និងអតិផរណាដ៏ទូលំទូលាយ និងជាប្រព័ន្ធនៅទូទាំងតំបន់។ បាតុភូតអាកាសធាតុ El Niño នឹងមានផលប៉ះពាល់ទៅលើតំបន់អាស៊ីអាគ្នេយ៍ដូចជា៖

១. ផលប៉ះពាល់លើវិស័យកសិកម្ម និងតម្លៃទំនិញ៖ ដំណាំយុទ្ធសាស្ត្ររបស់តំបន់ងាយប្រឈមនឹងហានិភ័យ ជាពិសេស អង្ករ និងប្រេងដូង ដែលងាយរងគ្រោះខ្លាំងជាងគេពីបាតុភូតនេះ។ អង្គការឧតុនិយមពិភពលោក (WMO) បានព្យាករណ៍ថា El Niño នឹងធ្វើឱ្យទឹកភ្លៀងធ្លាក់មកយឺត ឬ តិចជាងធម្មតា ដែលអាចកាត់បន្ថយទិន្នផលស្រូវក្នុងតំបន់អាស៊ីអាគ្នេយ៍ពី ២ ភាគរយទៅ ៨ ភាគរយ។ ប្រទេសដែលងាយរងគ្រោះជាងគេរួមមាន កម្ពុជា ថៃ ហ្វីលីពីន និងឥណ្ឌូនេស៊ី។ លើសពីនេះ ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ចូលគ្នាផលិតបាន ៨៥ ភាគរយនៃប្រេងដូងពិភពលោក នឹងរងផលប៉ះពាល់លើការដាំ និងទាញយកប្រេងដូង ហើយផលវិបាកអាចប្រឈមពីរយៈពេល ៦ ខែទៅ ១២ ខែខាងមុខ។ ស្របពេលដែលតម្លៃជី និងហ្គាសឡើងថ្លៃដោយសារសង្គ្រាមនៅមជ្ឈិមបូព៌ាស្រាប់ទៅហើយ El Niño នឹងបន្ថែមសម្ពាធជំរុញឱ្យតម្លៃម្ហូបអាហារឡើងថ្លៃជាសកល។

២. វិបត្តិសេដ្ឋកិច្ច និងអតិផរណា ៖ នៅក្នុងខែឧសភា អត្រាអតិផរណារបស់ហ្វីលីពីនខ្ពស់ជាងគោលដៅដល់ទៅ ៦,៨% ខណៈដែលអត្រាអតិផរណាប្រចាំឆ្នាំរបស់វៀតណាមកើនឡើងដល់ ៥,៦ ភាគរយ។ ឥណ្ឌូនេស៊ីមានអត្រាអតិផរណាទាបជាង ប៉ុន្តែតម្លៃឥន្ធនៈមួយចំនួនឡើងថ្លៃដល់ ៣២ ភាគរយ ដែលបន្ថែមសម្ពាធលើការចំណាយនៃការរស់នៅ។ នេះមានន័យថា បាតុភូត El Nino អាចនឹងជំរុញអត្រាអតិផរណាអាចកើនឡើង និងតម្លៃរស់នៅឲ្យឡើងថ្លៃបន្ថែមទៀត។

៣. បញ្ហាសង្គម បរិស្ថាន និងសុខភាព ៖ សីតុណ្ហភាពលើសពី ៤០ អង្សាសេនឹងប៉ះពាល់ដល់វិស័យទេសចរណ៍ដ៏សំខាន់របស់តំបន់អាស៊ីអាគ្នេយ៍។ ជាក់ស្តែង ភាពរាំងស្ងួតបង្កជាភ្លើងឆេះព្រៃ និងបង្កើតជាផ្សែងអ័ព្ទឆ្លងដែនរាលដាលដល់តំបន់ភាគខាងជើងប្រទេសថៃ និងទឹកដីស៊ូម៉ាត្រា និងកាលីម៉ាន់តាន់របស់ប្រទេសឥណ្ឌូនេស៊ី។ ផ្សែងអ័ព្ទពោរពេញដោយជាតិពុលប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរស់នៅរបស់ពលរដ្ឋ និងបង្កហានិភ័យផ្នែកសុខភាពសាធារណៈដូចជា ជំងឺផ្លូវដង្ហើម ជាដើម។ ស្របពេលដែលវិស័យកសិកម្មកំពុងរងសម្ពាធពីការឡើងថ្លៃដើមទុនស្រាប់ រដ្ឋាភិបាលនីមួយៗហាក់មានភាពស្ទាក់ស្ទើរក្នុងការដាក់វិធានការតឹងរ៉ឹងពេក ឬ ហាមឃាត់ការដុតសម្អាតដីកសិកម្ម។ ជាលទ្ធផល រដ្ឋាភិបាលធ្លាក់ចូលក្នុងស្ថានភាពពិបាកសម្រេចចិត្ត ដោយសារបើការពារសុខភាពសាធារណៈដោយហាមឃាត់ការដុតដីកសិកម្ម នោះនឹងខូចសេដ្ឋកិច្ច ប៉ុន្តែបើមិនហាមឃាត់ការដុតដីកសិកម្មនោះទេ សុខភាពរបស់ពលរដ្ឋនឹងត្រូវរងគ្រោះធ្ងន់ធ្ងរ។ លើសពីនេះ បញ្ហាផ្សែងអ័ព្ទឆ្លងដែនតែងតែបង្កជាភាពរកាំរកូសរវាងប្រទេសជិតខាងផងដែរ ដោយសារវាសាយភាយពីកន្លែងមួយទៅកន្លែងមួយ។

៤. គំនាបនយោបាយ និងការតវ៉ាប្រឆាំងរដ្ឋាភិបាល ៖ ការប្រែប្រួលនៃវិបត្តិអាកាសធាតុអាចក្លាយជាគំនាបនយោបាយមួយ ដោយសារបច្ចុប្បន្ននេះ រដ្ឋាភិបាលនៅក្នុងតំបន់កំពុងតែប្រយុទ្ធប្រឆាំងនឹងបញ្ហាអតិផរណាពីសង្គ្រាមនៅមជ្ឈិមបូព៌ាស្រាប់ទៅហើយ។ នៅពេលដែលវិបត្តិពីរកើតឡើងជួនគ្នាដូចជា វិបត្តិអាកាសធាតុ និងសង្គ្រាមភូមិសាស្ត្រនយោបាយ រដ្ឋាភិបាលនឹងត្រូវបង្កើនការចំណាយ ឬលែងមានលទ្ធភាពក្នុងការចេញកញ្ចប់ថវិកាឧបត្ថម្ភធន ដើម្បីជួយទប់ទល់តម្លៃទំនិញទៀតហើយ។ ជាក់ស្តែង ក្រុមនិស្សិតនៅទីក្រុងហ្សាកាតាបានធ្វើបាតុកម្មប្រឆាំងនឹងផែនការចំណាយរបស់ប្រធានាធិបតី លោក Prabowo Subianto ដោយទាមទារឱ្យបញ្ចុះតម្លៃអាហារ និងប្រេង។ នៅខាងហ្វីលីពីនវិញ ជម្លោះនយោបាយរវាងបក្សពួកធំៗកាន់តែតានតឹងឡើងដោយសាររឿងអាស្រូវពុករលួយ ចំណែកឯនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ក៏បានលើកឡើងពីលទ្ធភាពនៃការបោះឆ្នោតមុនអាណត្តិ ប្រសិនបើភាពតានតឹងក្នុងសម្ព័ន្ធភាពរដ្ឋាភិបាលកាន់តែអាក្រក់ទៅៗ។ ជាប្រវត្តិសាស្ត្រនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ នៅពេលដែលតម្លៃអង្ករ និងប្រេងឥន្ធនៈឡើងថ្លៃហួសពីកម្រិតដែលពលរដ្ឋមិនអាចទ្រាំទ្រ ភាពអស់សង្ឃឹម និងការមិនពេញចិត្តរបស់ពួកគេប្រែទៅជាការតវ៉ា និងបង្កចលាចលផ្នែកនយោបាយយ៉ាងឆាប់រហ័ស៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា