សហភាពអឺរ៉ុប និង ហ្វីលីពីន ព្រមព្រៀងជាបឋមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សហភាពអឺរ៉ុប និង ហ្វីលីពីន ព្រមព្រៀងជាបឋមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី

សហភាពអឺរ៉ុប និង ហ្វីលីពីន ព្រមព្រៀងជាបឋមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី

បរទេស៖ សហភាពអឺរ៉ុប និងហ្វីលីពីន បានឈានដល់ការព្រមព្រៀងជាបឋមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីមួយ ហើយកិច្ចព្រមព្រៀងពេញលេញជាផ្លូវការកំពុងរង់ចាំការចរចាបន្ថែមទៀតមុនពេលឈានដល់ការសម្រេចជាផ្លូវការ នេះបើយោងតាមសេចក្ដីរាយការណ៍ពី ABC News។

កាលពីថ្ងៃអង្គារកន្លងទៅនេះ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានបង្ហោះសារនៅលើបណ្តាញសង្គម X ថា ៖ ភាគីទើបតែយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយ។ យ៉ាងណាមិញ មន្ត្រីសហភាពអឺរ៉ុប បានបញ្ជាក់ថា វាគ្រាន់តែជាកិច្ចព្រមព្រៀងបឋមប៉ុណ្ណោះ ហើយកិច្ចព្រមព្រៀងពេញលេញអាចធ្វើទៅបានត្រូវទាមទារឱ្យមានការចរចាបន្ថែមទៀត។

លោក Maroš Šefčovič មន្ត្រីជាន់ខ្ពស់ផ្នែកចរចាពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប បានលើកឡើងថា លោក និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ហ្វីលីពីន លោកស្រី María Cristina Aldeguer-Roque កំពុងចរចាគ្នាដើម្បីជំរុញទំហំពាណិជ្ជកម្មប្រចាំឆ្នាំដែលមានតម្លៃជិត ៣០ ពាន់លានអឺរ៉ូ (ប្រហែល ៣៥ ពាន់លានដុល្លារ) រវាងហ្វីលីពីន និង សហភាពអឺរ៉ុប ដែលមាន ២៧ ប្រទេស។ វានឹងបង្កើតឱ្យមានភាពជាដៃគូដ៏ទំនើប និងមានចក្ខុវិស័យទៅមុខរវាងសហភាពអឺរ៉ុប និងហ្វីលីពីន ដែលនឹងបើកឱកាសថ្មីៗសម្រាប់អ្នកនាំចេញ និងអ្នកវិនិយោគ ពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ និងទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគីឲ្យកាន់តែស៊ីជម្រៅ។ កិច្ចព្រមព្រៀងនេះនឹងអាចបញ្ចប់ជាស្ថាពរក្នុងរយៈពេល ១ ឬ ២ឆ្នាំខាងមុខ ខណៈដែលសភាភាគីទាំងសងខាងក៏ត្រូវធ្វើការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះផងដែរ។

សូមជម្រាបថា ពាណិជ្ជកម្មរវាងសហភាពអឺរ៉ុប និងហ្វីលីពីន ភាគច្រើនផ្តោតលើវិស័យអេឡិចត្រូនិក ដោយអឺរ៉ុបនាំចេញយន្តហោះ សាច់ជ្រូក និងឱសថ ខណៈដែលនាំចូលឈីបពាក់កណ្តាលចម្លង គ្រឿងសៀគ្វីចម្រុះ និងគ្រឿងចក្រឧស្សាហកម្មដែលផលិតនៅក្នុងប្រទេសហ្វីលីពីន។ ប្រសិនបើកិច្ចព្រមព្រៀងនេះត្រូវបានសម្រេចជាផ្លូវការជោគជ័យ នោះនឹងមានការលុបបំបាត់ពន្ធគយជាង ៩៤ ភាគរយលើទំហំពាណិជ្ជកម្មទ្វេភាគីជាង ៩៧ ភាគរយ។ នេះគឺជាកិច្ចព្រមព្រៀងទ្វេភាគីថ្មីចុងក្រោយបង្អស់ដែលទីក្រុងប្រ៊ូសែល កំពុងស្វែងរក ខណៈដែលសហភាពអឺរ៉ុបខិតខំធ្វើពិពិធកម្មសេដ្ឋកិច្ចចំពេលមានភាពតានតឹងជាមួយដៃគូពាណិជ្ជកម្ម ដូចជា ចិន រុស្ស៊ី និង អាម៉េរិក។ សហភាពអឺរ៉ុបក៏កំពុងស្វែងរកកំណើន និងស្ថិរភាពតាមរយៈទំនាក់ទំនងពាណិជ្ជកម្មថ្មីៗចាប់តាំងពី អូស្ត្រាលី រហូតដល់​ អាហ្សង់ទីន ខណៈដែលខ្លួនកំពុងប្រឈមមុខនឹងភាពចលាចលផ្នែកភូមិសាស្ត្រនយោបាយ។ ទន្ទឹមនឹងនេះ គណៈកម្មការអឺរ៉ុបកំពុងចរចាដាច់ដោយឡែកពីគ្នាជាមួយថៃ ឥណ្ឌូនេស៊ី និងម៉ាឡេស៊ីផងដែរ ដើម្បីបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកាន់តែទូលំទូលាយរវាងសហភាពអឺរ៉ុប និងអាស៊ាន៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា