ខេត្តទាំង​បួន​នៅភូមិភាគិឦសាន ទទួល​បានសំណើ​​វិនិយោគជិត ៦០ ក្រោមទុនជាង ​២,៤ ពាន់លានដុល្លារ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ខេត្តទាំង​បួន​នៅភូមិភាគិឦសាន ទទួល​បានសំណើ​​វិនិយោគជិត ៦០ ក្រោមទុនជាង ​២,៤ ពាន់លានដុល្លារ

ខេត្តទាំង​បួន​នៅភូមិភាគិឦសាន ទទួល​បានសំណើ​​វិនិយោគជិត ៦០ ក្រោមទុនជាង ​២,៤ ពាន់លានដុល្លារ

ក្នុង​រយៈពេល ១ ឆ្នាំ ខេត្ត​ទាំង​បួន​នៅតំបន់​ភូមិភាគឦសាន ដែលរួមមានខេត្ត​ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី ទទួលបានសំណើ​សុំ​​វិនិយោគចំនួន​ ៥៨ ​គម្រោង​ ដែលមានទឹកប្រាក់វិនិយោគ​សរុប​ចំនួនជាង​ ​២,៤ ពាន់​​លានដុល្លារអាម៉េរិក​។ នេះបើយោងតាម​សេចក្ដីប្រកាសព័ត៌មានរ​បស់ក្រុមការងារជំរុញការ​វិនិយោគក្នុ​ងខេត្តទាំង​បួន​នៅភូមិភាគឦសាន កាលពីចុងសប្ដាហ៍កន្លងទៅនេះ។

Advertisement

បើតាម​ក្រុមការងារជំរុញការ​វិនិយោគ​ក្នុងខេត្តទាំងបួននៅភូមិ​ភាគឦសាន ​បានឱ្យដឹងថា ដើម្បីទាក់ទាញ​និងជំរុញការវិនិយោគ​ក្នុង​ខេត្តទាំង​បួន​នៅភូមិភាគឦសាន រាជរដ្ឋាភិបាល​បាន​ដាក់ចេញនូវកម្មវិធីពិសេសជំរុញការ​វិនិយោគ​​ក្នុង​ខេត្តទាំងបួន​ កាលពីថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២៥ ហើយ​រយៈពេល​ ១ ឆ្នាំគត់​ ក្រុមការងារជំរុញការ​វិនិយោគ ក្នុងភូមិភាគឦសាន ទទួលបានសំណើ​គម្រោងវិនិយោគ​សរុបចំនួន​ ៥៨ គម្រោង​​ ក្រោមទុនវិនិយោគ​សរុប​ ២.៤ ពាន់លានដុល្លារអាមេរិក។

ក្នុង​ចំណោម​គម្រោងស្នើ​សុំ​វិនិយោគទាំង ៥៨ នោះ ក្រុមកា​រ​ងារ​​បានផ្ដល់ការលើកទឹកចិត្ត​គម្រោង​វិនិយោគបានចំនួន ៣៣ ​គម្រោង ក្រោមទុនវិនិយោគ​សរុប​ប្រ​មាណ ១,០៧ ពាន់​លានដុល្លារអាម៉េរិកនិងអាច​បង្កើតការងារ​បានចំនួន ១៧ ២១៣ កន្លែង។

បើតាម​របាយការណ៍​របស់​ក្រុមការងារជំរុញការវិនិយោគ ក្នុងខេត្តទាំងបួន​នៅភូមិភាគឦសានបានបង្ហា​ញ​ផងដែរថា ក្នុង​ចំណោម​ខេត្តទាំង​បួន​នោះ ខេត្តស្ទឹង​ត្រែង​ជាង​ខេត្ត​ដែល​ទទួលបាន​សំណើគម្រោង​វិនិយោគច្រើនជាង​គេ ដែលមានសំណើវិនិយោគរហូតដល់ ១៨​ គម្រោង ប៉ុន្តែខេត្ត​ក្រចេះ ជា​ខេត្ត​ដែលទឹកប្រាក់​វិនយោគ​ច្រើនជាង​គេ​។

បើតាម​របាយការណ៍ឱ្យដឹងថា ខេត្ត​ក្រចេះ ទទួលបានសំណើ​គម្រោង​វិនិយោគចំនួន ១៥ គម្រោង​ ក្រោមទុនវិនិយោគ​ចំនួន ១,០៦ ពាន់លានដុល្លារអាម៉េរិក និងបង្កើតការងារ​បាន​ ២៦ ៦៧៨ កន្លែង ខេត្ត​ស្ទឹងត្រែង  ទទួលបាន​សំណើ​គម្រោង​វិនិយោគ​ចំនួន ១៨ គម្រោង​ ក្រោមទុនវិនិយោគ​ ១៣០,៩ លានដុល្លារអាម៉េរិក និង​បង្កើតការងារ​បានចំនួន ៣ ២៦០ កន្លែង ខេត្តមណ្ឌលគិរី​ទទួលបានសំណើ​គម្រោង​វិនិយោគចំនួន ១៦ គម្រោង ក្រោមទុនវិនិយោគចំនួន ២៩៤ លានដុល្លារអាម៉េរិក និង​បង្កើតការងារ​បានចំនួន ៤ ៧២៨ កន្លែង និង​ខេត្ត​រតនគិរី ទទួលបានសំណើគម្រោង​វិនិយោគចំនួន ៩ គម្រោង ក្រោមទុនវិនិយោគ ៨២១,២ លានដុល្លារអាម៉េរិក។

ឯកឧត្តម​បណ្ឌិត​សភាចារ្យ ហ៊ាន សាហ៊ីប ប្រធានក្រុមការងារ​ជំរុញការវិនិយោគក្នុង​ខេត្តទាំង​បួន នៅភូមិ​ភាគឦសាន តែងបាន​ណែនាំដល់ភាគីពាក់ព័ន្ធ​ដូចជា​ក្រុមការងារ​របស់លោក ថ្នាក់ដឹកនាំ​តាមបណ្ដាខេត្តទាំងបួនបន្ត​ផ្ដល់ការ​សម្របសម្រួល​ជូនវិនិយោគិន ឱ្យ​អស់​លទ្ធភាព និងតាមភារកិច្ច​រៀង​ៗខ្លួន​​ ក្នុងកាលៈទេសៈដែលពិភពលោក​កំពុង​ជួបប្រទះនឹងវិបត្តិនៃការ​ឡើងថ្លៃប្រេង​ឥន្ធនៈ​ ដែលធ្វើឱ្យផលិតកម្ម និងថ្លៃ​ដឹកជញ្ជូនកើនឡើង។ ឯកឧត្តម​ក៏បានជំរុញធ្វើការ​ផ្សព្វផ្សាយ​ឱ្យ​បានកាន់តែទូលំទូលាយ​ទៅដល់​វិនិយោគិន ដើម្បីឱ្យមានការ​វិនិយោគ​កាន់តែច្រើនឡើង អាច​ទទួល​បានអត្ថ​ប្រយោជន៍ពិសេស​ពីកម្មវិធីពិសេស​ជំរុញការ​វិនិយោគក្នុ​ងខេត្តទាំង​បួន នៅភូមិភាគឦសាន​នៃព្រះរាជាណាចក្រកម្ពុជា ។

ឯកឧត្តម​ វ៉ា ថន អភិបាល​ខេត្តក្រចេះ បានមានប្រសាសន៍ប្រាប់បណ្ដាញព័ត៌មាន​ AMS នាពេលថ្មីៗនេះឱ្យដឹងថា តាមរយៈការណែនាំ​ថ្នាក់ដឹកនាំ ​ដើម្បីសម្រួលដល់ការ​វិនិយោគ​របស់​វិនិយោគិន​ក្នុង​ខេត្ត​ក្រចេះ តាមរយៈកម្មវិធីពិសេស​ជំរុញការវិនិយោគ​ក្នុងខេត្តទាំង​បួននៅភូមិភាគឦសាន អាជ្ញាធរ​ខេត្ត​ក្រចេះ បាន​សម្របសម្រួល​ដល់​វិនិយោគិន​ដែល​ចុះមក​សិក្សា​ និងស្វែងរកកា​រវិនិយោគក្នុងខេត្ត​ក្រចេះ  បើទោះបីជា​គម្រោង​វិនិយោគនោះមិនទាន់មានការ​សម្រេចពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬពីក្រុមការងារ​ជំរុញការ​វិនិយោគ​ក្នុ​ងខេត្តទាំងបួន​នៅភូមិភាគឦសាន​ក្ដី។

លោក​ ម៉ែន គុង អភិបាលរង​ ខេត្ត​ស្ទឹងត្រែង បានមានប្រសាសន៍ឱ្យដឹងថា គម្រោ​ងវិនិយោគ​ដែល​បានដាក់ស្នើ​សុំ​វិនិយោគនៅក្នុង​ខេត្ត​ស្ទឹងត្រែង​ក្នងរយៈពេល​១ឆ្នាំ​តាម​រយៈ​ កម្មវិធីពិសេស​ជំរុញការ​វិនិយោគក្នុ​ងខេត្តទាំងបួន នៅភូមិភាគឦសាន ភាគច្រើនផ្ដោតលើវិស័យកសិកម្ម​ កសិ-ឧស្សាហកម្ម និងទេសចរណ៍ ពីព្រោះក្នុង​ខេត្តស្ទឹងត្រែងក៏ដូចជា​​ខេត្ត​បីផ្សេងទៀត​ នៅភូមិភាគឦសាន មានសក្ដានុពលើវិស័យទាំង​នេះ សម្រាប់ទាក់ទាញ​ការ​វិនិយោគ។

លោក​បានបន្តថា​ រដ្ឋបាល​ខេត្តក៏ដូចជា​អាជ្ញាធរ​មានសមត្ថកិច្ចនៃខេត្ត​ស្ទឹង​ត្រែង តែងប្រកាន់​ខ្ជាប់នូ​វការណែនាំ​ និងគោលការណ៍របស់​ក្រុមការងារជំរុញ​ការ​វិនិយោគ​ក្នុង​ខេត្តទាំងបួននៅភូមិភាគឦសាន​ ដើម្បីសម្រប​សម្រួល និងទាក់ទាញ​វិនិយោគិន​បន្ថែមទៀត​ចូលមកកាន់​ខេត្តស្ទឹងត្រែង​​ ដើម្បី​ស្វែងយល់​ និងស្វែងរកការ​បណ្ដាក់ទុនវិនិយោគ បង្កើតការងារ ប្រាក់ចំណូលដល់ប្រជាពលរដ្ឋ​ក្នុង​ខេត្ត៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា