រដ្ឋាភិបាល​សម្រេច​បង្កើត​ក្រុមការងារ​ហិរញ្ញវត្ថុបៃតង ដើម្បីរៀបចំគោនយោបាយ និងយុទ្ធសាស្ត្រ​អភិវឌ្ឍន៍ជាតិ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋាភិបាល​សម្រេច​បង្កើត​ក្រុមការងារ​ហិរញ្ញវត្ថុបៃតង ដើម្បីរៀបចំគោនយោបាយ និងយុទ្ធសាស្ត្រ​អភិវឌ្ឍន៍ជាតិ

រដ្ឋាភិបាល​សម្រេច​បង្កើត​ក្រុមការងារ​ហិរញ្ញវត្ថុបៃតង ដើម្បីរៀបចំគោនយោបាយ និងយុទ្ធសាស្ត្រ​អភិវឌ្ឍន៍ជាតិ

ភ្នំពេញ ៖ រាជរដ្ឋាភិបាល​ បានសម្រេច​បង្កើត​ក្រុមការងារ​ហិរញ្ញវត្ថុបៃតង​ ក្នុងគោលបំណង​ដើម្បីចូលរួម​រៀបចំ​គោលនយោបាយ​ យុទ្ធសាស្ត្រ​ និ​ងវិធានការ​កៀរគរ​ហិរញ្ញវត្ថុ​បៃតង​ សម្រា់បគាំទ្រដល់គោលដៅអភិវឌ្ឍន៍​ប្រកបដោយចីរភាពរបស់រាជរដ្ឋាភិបាល ។

បើតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល​ចុះហត្ថលេខាដោយសម្ដេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ក្រុមការងារ​នេះមាន​សមាសភាព​ពី ក្រសួង ស្ថាប័ន​ពាក់ព័ន្ធជាច្រើន ដោយ​តំណាង​មកពីធនាគារ​ជាតិនៃកម្ពុជា ជា​ប្រធាន តំណាង​មកពីក្រសួងបរិស្ថានជា​អនុប្រធាន និង​តំណាង​មកពីធនាគារជាតិនៃកម្ពុជា​មួយរូប​ទៀត​ជាអនុប្រធាន​ប្រចាំការ ។

បើតាម​សេចក្ដីសម្រេច​បានបង្ហាញថា​ ជា​ជំហាន​ដំបូង ក្រុមការងារ​មួយនេះមានសមាជិកចំនួន១២រូប​ មកពីតំណាង​ក្រសួង ស្ថាប័ន​ផ្សេងៗ​​ ដោយមួយ​ស្ថាប័ន ១រូប មិនរាប់បញ្ចូល​ប្រធាន​ អនុប្រធាន និងអនុប្រធានប្រចាំការ ក្នុងនោះរួមមា​ន​តំណាង​ទីស្ដីការ​គណៈរដ្ឋមន្ត្រី តំណាង​ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ត​ន៍ តំណាង​ក្រសួងរ៉ែ និងថាមពល តំណាង​ក្រសួង​ពាណិជ្ជកម្ម តំណាងក្រសួង​កសិកម្ម តំណាងក្រសួង​រៀបចំដែនដី តំណាងក្រួសួង​ផែនការ ក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន តំណា​ងមកពី​និយ័តករ​មូល​បត្រ​កម្ពុជា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង​តំណាងមកពី​អាជ្ញាធរសេវា​ហិរញ្ញវត្ថុ​មិនមែនធនាគារ ។

សេចក្ដីសម្រេចក៏បានបញ្ជាក់ពីតួនាទីរបស់​ក្រុមការងារ​ហិរញ្ញវត្ថុ​បៃតង ដោយ​ត្រូ​វដឹកនាំ និងសម្របសម្រួល​ការរៀបចំ និងការ​អនុវត្តគោល​នយោបាយ យុទ្ធសាស្ត្រ និងទិសដៅការងារអាទិភាព សម្រាប់​ការ​អភិវឌ្ឍ និងការ​កៀរគរហិរញ្ញវត្ថុបៃតង ជំរុញ​ និងគាំទ្រ​ការ​រៀបចំយន្តការ​គាំទ្រ ក្របខ័ណ្ឌ​ពាក់ព័ន្ធ ដើម្បីអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ី​សម្រាប់ហិរញ្ញវត្ថុ​បៃតង ។ ក្រៅពីនេះ ក្រុមការងារ​ហិរញ្ញវត្ថុបៃតង​ ក៏មានតួនាទីជំរុញការ​សិក្សា​ស្រាវជ្រាវ បណ្ដុះបណ្ដាល និងការ​ផ្សព្វផ្សាយ​ចំណេះដឹង​ពាក់ព័ន្ធនឹង​ហិរញ្ញវត្ថុ​បៃតង​​ស្របតាមនិន្នាការ​អភិវឌ្ឍ​ថ្មីៗ ។

ក្រុមការងារ​នេះ ក៏មានតួនាទីសម្រប​សម្រួល និងពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួ​យ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ និងដៃគូអភិវឌ្ឍក្នុងការ​ជំរុញកិច្ចអភិវឌ្ឍ​ហិរញ្ញវត្ថុ​បៃតង​នៅកម្ពុជា ។ ជាមួយគ្នានេះ ត្រូវ​ជំរុញ​ និងគាំទ្រ​ការអភិវឌ្ឍគម្រោង​ និងឧប​ករណ៍​ហិរញ្ញវត្ថុ​បៃតង​ដើម្បីគាំទ្រ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព ។ តួនា​ទីចម្បងមួយទៀត ត្រូវអនុវត្ត​ភារកិច្ច​ផ្សេងទៀត​តាមការប្រគល់ពីប្រមុខរាជរដ្ឋាភិបាល ៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា