រដ្ឋាភិបាលចេញអនុក្រឹត្យ​បង្កើត​គណៈកម្មាធិការ​ថ្មីមួយ​ ដើម្បីអភិវឌ្ឍន៍ MSME នៅកម្ពុជា​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋាភិបាលចេញអនុក្រឹត្យ​បង្កើត​គណៈកម្មាធិការ​ថ្មីមួយ​ ដើម្បីអភិវឌ្ឍន៍ MSME នៅកម្ពុជា​

រដ្ឋាភិបាលចេញអនុក្រឹត្យ​បង្កើត​គណៈកម្មាធិការ​ថ្មីមួយ​ ដើម្បីអភិវឌ្ឍន៍ MSME នៅកម្ពុជា​

ភ្នំពេញ ៖ រាជរដ្ឋាភិបាល​បាន​ចេញអនុក្រឹត្យមួយនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ស្ដីពីការ​បង្កើត​គណៈកម្មាធិការ​ដឹកនាំ​អនុវត្ត​យុទ្ធសាស្ត្រ​ជាតិអភិវឌ្ឍន៍​សហគ្រាស​ធុន​មីក្រូ តូច និងមធ្យម ដែលស្ថិតនៅក្រោម​ឆត្រ​នៃគណៈកម្មាធិការ​គោល​នយោបាយ​សេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ ។

យោងតាម​អនុក្រឹត្យ​របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្សព្វផ្សាយ​នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា គណៈកម្មាធិការ​ដឹកនាំការអនុវត្ត​យុទ្ធសាស្ត្រ​ជាតិអភិវឌ្ឍន៍សហគ្រាស​មីក្រូ តូច និងមធ្យម​ មានភារកិច្ច​មួយចំនួនដែលត្រូវ​អនុវត្តន៍ រួមមាន​ អនុម័ត​សូចនា​ករសមិទ្ធកម្មគន្លឹះ និងដឹកនាំការងារត្រួតពិនិត្យ​តាមដាន ​និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្រជាតិស្ដីពីការ​អភិវឌ្ឍ​សហគ្រាស​ធុន​មីក្រូ តូច និងមធ្យម​ឆ្នាំ២០២៦-២០៣០ ។ បន្ថែមពីនេះ ត្រូវដឹកនាំ សម្របសម្រួល​ និងដោះស្រាយ​បញ្ហាជារចនា​សម្ព័ន្ធ និង​បញ្ហា​ផ្សេងៗ​ដែលមាលក្ខណៈអន្តរស្ថាប័ន​ ដើម្បីអភិវឌ្ឍសហគ្រាសធុន​មីក្រូ តូច និងមធ្យម  ។​

គណៈកម្មាធិការ​នេះ ក៏មានភារកិច្ច​សម្របសម្រួលក្នុងកម្រិត​គោល​នយោបាយ​នូវ​កិច្ចសហប្រតិបត្តិការជាមួយ​ដៃគូអភិវឌ្ឍលើការងារ​ជំរុញកិច្ចអភិវឌ្ឍសហគ្រាសធុន​តូច​មីក្រូ តូច និងមធ្យមនៅកម្ពុជា ។ គណៈកម្មាធិការ​ក៏មានភារកិច្ច​ដឹកនាំរៀបចំ និងស្នើ​ឡើងសកម្មភាព​គោល​នយោបាយ​ និងយុទ្ធសាស្ត្រ​ ជូនរាជរដ្ឋាភិបាល​ពិនិត្យ និង​សម្រេច ដើម្បីបន្ត​លើក​ស្ទួយ​សហគ្រាស​ធុន​មីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០​ ដោយផ្អែកលើ​គោលដៅ និង​សូចនាករ​ដែលបានកំណត់ ដើម្បីជាមូលដ្ឋានក្នុងការរៀបចំវិធានការ​ចាំបាច់​ ក្នុងការ​ដោះស្រាយបញ្ហា​ចំពោះមុខ ដែលកើត​ឡើង​ក្នុងពេលអនុវត្ត​ ។​

ភារកិច្ចផ្សេងទៀត​ដែល​គណៈកម្មាធិការ​ដឹកនាំការអនុវត្តយុទ្ធសាស្ត្រ​ជាតិ​អភិវឌ្ឍន៍សហគ្រាសធុនមីក្រូ តូច និងមធ្យម ត្រូវ​អនុវត្តន៍នោះ ត្រូវត្រួតពិនិត្យ និងរៀបចំ​ជម្រើស​គោលនយោបាយ និងយុទ្ធសាស្ត្រ សម្រាប់ដោះស្រាយបញ្ហា​ប្រឈម​នៃការ​អភិវឌ្ឍសហគ្រាស​ធុនមីក្រូ តូច និងមធ្យមក្នុង​ដំណាក់​កាល​បន្ទាប់ ។ សម្រាប់ភារកិច្ច​ផ្សេង​​ៗទៀត តាមការ​ប្រគល់​ពីប្រមុខរាជរដ្ឋាភិបាល ។​

លោកឧកញ៉ា តែ តាំង​ប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាស​ធុនតូច និងមធ្យមកម្ពុជាបានប្រសាសន៍ថា គណៈកម្មាធិការ​នេះ​នឹងជួយកាត់បន្ថយ​ភាពស្មុគស្មាញ​សហគ្រិន​ដែលធ្លាប់​ជួបនាពេលកន្លងមក ។ កន្លងមក​ នៅពេល​សហគ្រិនចង់ចុះបញ្ជីក្រុមហ៊ុន ឬចុះបញ្ជីសហគ្រាស ផលិតផល ពួកគាត់តែងតែមានភាពស្មុគស្មាញ ត្រូវរត់ការ​ជាច្រើនក្រសួងទម្រាំតែបាន ដូច្នេះហើយទើប​រាជរដ្ឋា​ភិបាលសម្រេច​បង្កើត​គណៈកម្មាធិការនេះឡើងដែលអាចជួយ​កាត់បន្ថយភាពលំបាករបស់សហគ្រិន ។

លោក​ឧកញ៉ា​បន្តថា​ ពេលនេះ គឺជា​ពេលដែលពលរដ្ឋ​ស្ទើរទូទាំងប្រទេស​កំពុងពិហការ​លើការ​ប្រើប្រាស់ផលិតផលរបស់ប្រទេស​ថៃ​ ហើយក៏ជាពលដែល​សហគ្រិនក្នុងស្រុក​ត្រូវ​ពង្រីកការផលិត និងពង្រឹង​គុណភាពផលិតផលរបស់ខ្លួន ប៉ុន្តែដើម្បីឱ្យ​សហគ្រាស​របស់សហគ្រិន​ក្នុងស្រុកកាន់តែរីក ​និងមានការ​ទទួល​ស្គាល់ទូលំទូលាយ សហគ្រិន​ត្រូវ​ស្វែងរក​ភាពស្របច្បាប់ ត្រូ​វចុះបញ្ជីក្នុងក្រសួង​ត្រឹមត្រូវ ដូច្នេះ​បើសិនជា​រដ្ឋាភិបាល​បង្កើត​គណៈកម្មាធិការនេះ​ឡើយ វា​នឹងធ្វើឱ្យការចុះបញ្ជី​សហគ្រាស ក៏ដូចជាផលិតផលរបស់សហគ្រិន​កាន់តែងាយស្រួល​ ហើយសហគ្រិនក៏រីករាយ​ក្នុងការ​ចូលរួមជាមួយរដ្ឋាភិបាល ។​

លោកឧកញ៉ាបញ្ជាក់ថា​៖

« នៅពេល​សហគ្រិន​មានភាពស្របច្បាប់ ពួកគាត់ក៏​អាច​ទទួលបាន​នូវ​ហិរញ្ញវត្ថុ​ពី​បណ្ដា​ដៃគូ ក៏ដូចជារដ្ឋាភិបាលដើម្បីពង្រីកអាជីវកម្មរបស់ខ្លួនផងដែរ » ។​

អ្នកស្រី ជា សារឹម ម្ចាស់សិប្បកម្ម​កែច្នៃគ្រាប់ស្វាយចន្ទី និង​នំ ដែលផលិត​ពីគ្រាប់ធញ្ញជាតិ នៅខណ្ឌកំបូល រាជធានីភ្នំពេញ បានឱ្យដឹងថា មែនទែនទៅ សិប្បកម្មរបស់អ្នកស្រីមិនទាន់បានចុះបញ្ជីនៅក្រសួង​នៅឡើយ ព្រោះកន្លងមក ពេលអ្នកស្រីទៅចុះបញ្ជី​ឃើញថាមានភាពស្មុគស្មាញ ត្រូវ​រត់ទៅរកស្ថាប័នជាច្រើនដើម្បីអាច​ចុះបញ្ជី​បាន​ ដូច្នេះអ្នកស្រីចង់ឃើញ​ស្ថាប័ន​មួយដែលលេចវត្តមាន​ដើម្បីជួយ​ឱ្យសហគ្រិន​ក្រៅប្រព័ន្ធមានភាពងាយស្រួលក្នុងការ​ចុះបញ្ជីស្របច្បាប់៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា