រដ្ឋាភិបាលខាតបង់ប្រាក់​ចំណូល​ជាង​ ៣០០លានដុល្លារហើយ​ ដើម្បីទប់ស្កាត់ការ​ឡើងថ្លៃប្រេង​​ និ​ងឧស្ម័ន​ឥន្ធនៈ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋាភិបាលខាតបង់ប្រាក់​ចំណូល​ជាង​ ៣០០លានដុល្លារហើយ​ ដើម្បីទប់ស្កាត់ការ​ឡើងថ្លៃប្រេង​​ និ​ងឧស្ម័ន​ឥន្ធនៈ

រដ្ឋាភិបាលខាតបង់ប្រាក់​ចំណូល​ជាង​ ៣០០លានដុល្លារហើយ​ ដើម្បីទប់ស្កាត់ការ​ឡើងថ្លៃប្រេង​​ និ​ងឧស្ម័ន​ឥន្ធនៈ

ភ្នំពេញ ៖ ចាប់តាំងពីពេល​ផ្ទុះសង្គ្រាម​នៅតំបន់​មជ្ឈិមបូព៌ា​​ បានធ្វើឱ្យកម្ពុជាត្រូវ​ខាតបង់ចំណូលប្រមាណ ៥០លានដុល្លារអាម៉េរិក​ក្នុងមួយខែ ដើម្បីទប់ស្កាត់​តម្លៃ​ប្រេងឥន្ធនៈ និងឧស្ម័នមិនឱ្យ​ឡើងថ្លៃខ្ពស់នៅលើ​ទីផ្សារ​ ដូច្នេះ បើគិតចាប់ពីពាក់កណ្ដាលខែមីនា រហូតដល់​ដំណាច់ខែសីហា ឆ្នាំ២០២៦នេះ កម្ពុជា​បាត់បង់​ចំណូលមិនក្រោម​ ៣០០លានដុល្លារអាម៉េរិក​នោះទេ ។​

យោងតាម​ប្រសាសន៍ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយក​រដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុង​ពិធីប្រកាស​ដាក់ឱ្យ​អនុវត្តជាផ្លូវការ​ នូវកម្មវិធីអន្តរាគមន៍​គ្រប់ជ្រុងជ្រោយ​ឆ្លើយ​តប​នឹងសភាពការណ៍​ពហុវិបត្តិ​កាលពីចុងសប្ដាហ៍មុននេះថា ក្នុងឆ្នាំ២០២៦នេះ សេដ្ឋកិច្ចកម្ពុជា​បានប្រឈម​មុខ​នឹងពហុវិបត្តិ​ ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា​មាន​ចក្ខុវិស័យ​ច្បាស់លាស់​ ទាំង​សម្រាប់រយៈពេល​ខ្លី មធ្យម និងវែងទៅមុខ ព្រមទាំងមានភាពប្រយ័ត្នប្រយ៉ែង​ និងភាពបុរេសកម្ម ក្នុងការ​កំណត់​វិធានការដាក់ចេញ ជំរុញឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាព រួមទាំងការ​អន្តរាគមន៍នានាជា​បន្ត​បន្ទាប់ឱ្យបានទាន់ពេលវេលា ​ចំគោលដៅ​ ដែលមានភាពបត់បែន មានប្រសិទ្ធភាព ​និងស័ក្តិសិទ្ធិភាពខ្ពស់ ។​

ឯកឧត្តមបានបញ្ជាក់ថា​ ៖​

«នៅពេល​ប្រេង​ឥន្ធនៈ និងឧស្ម័នឡើង​ថ្លៃ រាជរដ្ឋាភិបាល​ក៏បាន​ចាត់វិធានការ​ភ្លាមៗ ដើម្បីសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ ជាក់ស្ដែង ​ចាប់ពីពាក់កណ្ដាលខែមីនា ឆ្នាំ២០២៦ ដើម្បីបន្ធូរ​បន្ថយការឡើងថ្លៃប្រេង​ឥន្ធនៈ និង​ឧស្ម័ន ក៏ដូចជាធានា​និរន្តរភាពនៃការ​ផ្គត់ផ្គង់ រាជរដ្ឋាភិបាល​បានលះបង់​ចំណូលប្រមាណជាង​ ៥០លានដុល្លារអាម៉េរិក ក្នុង១ខែ សម្រាប់ការ​អនុវត្តវិធានការ​នេះ»។​

បើតាម​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ បានឱ្យដឹងថា ការលះបង់ចំណូល ​ឬបាត់បង់ចំណូលប្រមាណ៥០លានដុល្លារអាម៉េរិកក្នុងមួយខែ​តាមរយៈការ​ចាត់ជា​បន្ទុករបស់រដ្ឋនូវអាករ​បន្ថែម​លើ​ប្រេងសាំង និង​ប្រេងម៉ាស៊ូត ការ​បញ្ចុះអាករ​ពិសេស​ និង​អាករ​លើ​តម្លៃបន្ថែម​លើប្រេង​សាំង, ប្រេងម៉ាស៊ូត ព្រមទាំងការ​ចាត់ជា​បន្ទុករបស់រដ្ឋ​នូវ​អាករលើតម្លៃបន្ថែម​ទាំង​ស្រុង ចំពោះការ​ផ្គត់ផ្គង់​ឧស្ម័ន ( LPG )ជាដើម ។​

ឯកឧត្តម​បានបន្តឱ្យដឹងថា ការសម្រេច​បន្ត​អនុវត្តវិធានការ​ចំណាយលើសារពើ​ពន្ធនេះ ត្រូវ​បាន​ថ្លឹង​ថ្លែង​យ៉ាង​ហ្មត់​ចត់​រវា​ងប្រសិទ្ធភាព និង​ភាពរហ័សក្នុងការកាត់​បន្ថយ​សម្ពាធអតិផរណា​ និងការ​បាត់បង់ចំណូលពន្ធរបស់រាជរដ្ឋាភិបាល ។ ជាក់​ស្ដែង​ ការកើនឡើងថ្លៃ​ប្រេង​ឥន្ធនៈយ៉ាងគំហុក នឹង​នាំ​ឱ្យថ្លៃដឹកជញ្ជូន​ ថ្លៃដើម ផលិតកម្ម និងថ្លៃទំនិញប្រើប្រាស់ទូទៅ កើនថ្លៃយ៉ាង​រហ័សដុចគ្នា ដែលនឹង​ដាក់សម្ពាធខ្លាំងដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេស​គ្រួសារ​ដែលមាន​ចំណូលទាប និងមធ្យម អ្នក​ប្រកបរបរ​ក្រៅប្រព័ន្ធ និង​សហគ្រាសធុន​មីក្រូ តូច និងមធ្យម ដែលសមត្ថភាពស្រូប​យកការកើនឡើងនៃថ្លៃដើមនៅមានកម្រិត ។​

លោក​បណ្ឌិត ញិល រដ្ឋា អ្នកវិភាគ​សេដ្ឋកិច្ចកម្ពុជា​ បានមានប្រសាសន៍ថា ការលះបង់ចំណូល​​ប្រមាណ​ ​៥០លានដុល្លារអាម៉េរិក​ក្នុងមួយខែពីសំណាក់រដ្ឋាភិបាល​កម្ពុជា​ គឺជាការ​ចូលរួម​ទប់ស្កាត់វិបត្តិថាមពល​​ ដោយសារតែសង្គ្រាម​នៅតំបន់​មជ្ឈិម​បូព៌ាតាមរយៈការ​កាត់បន្ថយការ​យកពន្ធអាករ​មួយចំនួន និងធ្វើឱ្យ​តម្លៃប្រេង ​និងឧស្ម័នមនៅកម្ពុជា​ឡើងតិចតួច ។

លោកបណ្ឌិត​បន្តថា ៖​

«នៅពេល​តម្លៃប្រេង​ឥន្ធនៈ និង​ឧស្ម័ន​ ​នៅតែស្ថិតក្នុងតម្លៃទាប ប្រជាពលរដ្ឋ​កម្ពុជា​នៅតែមានលទ្ធភាពទិញរបស់របរប្រើប្រាស់សម្រាប់តម្រូវការ​ប្រចាំថ្ងៃ ​ដែលជាការជំរុញឱ្យចរន្ត​សេដ្ឋកិច្ច​បន្ត​វិលទៅមុខ​ដោយរលូន​ ។ ​មិនតែប៉ុណ្ណោះ នៅពេល​ដែល​រាជរដ្ឋាភិបាលទប់ស្កាត់មិនឱ្យថាមពល​ឡើងថ្លៃខ្ពស់ ក៏អាចទប់ស្កាត់ថ្លៃទំនិញនានា​​មិនឱ្យឡើងថ្លៃដែរ»។

យ៉ាងណាក៏ដោយ លោកបណ្ឌិត​ក៏បានឱ្យដឹងដែរថា បើទោះបី​ជា​ការលះបង់ចំណូលដ៏ច្រើនរបស់រាជរដ្ឋាភិបាល​អាចផ្ដល់ផល​វិជ្ជមាន​ច្រើនដល់ពលរដ្ឋ​ក្ដី ប៉ុន្តែ​រាជរដ្ឋាភិបាលក៏ត្រូវប្រឈម​នឹងការ​បាត់បង់ចំណូលជាតិប្រមាណ ៦០០ ទៅ ​៧០០លានដុល្លារអាម៉េរិក​ បើសិនជាស្ថានភាពនេះអូស​បន្លាយរយៈពេល​១ឆ្នាំ ដូច្នេះ វានឹ​ងក្លាយជា​បន្ទុក​ថវិកាធ្ងន់ធ្ងរ​មួយ​ដែលអាច​ប៉ះពាល់ដល់​ការ​វិនិយោគរយៈពេលវែងរបស់​រដ្ឋាភិបាល ដូចជា វិស័យ​អប់រំ សុខាភិបាល និងហេដ្ឋារចនាសម្ព័ន្ធ ផងដែរ ៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា