រដ្ឋាភិបាល​ចំណាយ​ជិត​ ៥០០​លាន​ដុល្លារ​ ទប់​ថ្លៃ​ប្រេង​និង​អគ្គិសនី ​គោល​បំណង​សម្រួល​ជីវភាព​ប្រជា​ពលរដ្ឋ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋាភិបាល​ចំណាយ​ជិត​ ៥០០​លាន​ដុល្លារ​ ទប់​ថ្លៃ​ប្រេង​និង​អគ្គិសនី ​គោល​បំណង​សម្រួល​ជីវភាព​ប្រជា​ពលរដ្ឋ​

រដ្ឋាភិបាល​ចំណាយ​ជិត​ ៥០០​លាន​ដុល្លារ​ ទប់​ថ្លៃ​ប្រេង​និង​អគ្គិសនី ​គោល​បំណង​សម្រួល​ជីវភាព​ប្រជា​ពលរដ្ឋ​

ភ្នំពេញ​៖​ ​រដ្ឋាភិបាល​កម្ពុជា​បាន​ចំណាយ​ថវិកា​ជិត ​៥០០​លាន​ដុល្លារ ​ដើម្បី​ទប់ស្កាត់​ការ​កើនឡើង​នៃ​ថ្លៃ​ប្រេង ​និង​អគ្គិសនី ​ក្នុង​គោលបំណង​សម្រួល​ជីវភាព​ប្រជា​ពលរដ្ឋ​ ​ចំពេល​ប្រទេស​ប្រឈម​នឹង​បញ្ហា​ដែល​មិន​បាន​ព្យាករ​ទុក​ជា​ច្រើន​ចាប់​ពី​ឆ្នាំ​២០១៥ ​រហូតដល់​ឆ្នាំ​២០២៦​។

ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​ជ័យលាភី ​នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ ​នា​ព្រឹក​ថ្ងៃ​ទី​៧ ​ខែ​តុលា​ ​សម្តេច​ធិបតី​ ហ៊ុន ម៉ាណែត ​នាយក​រដ្ឋមន្ត្រី ​បាន​មានប្រសាសន៍​ថា​ ​ក្នុង​រយៈពេល​កន្លង​មក​ ​រដ្ឋាភិបាល​ត្រូវ​ទទួល​បន្ទុក​ពីរ​ទន្ទឹម​គ្នា​ ​គឺ​ការ​កាត់បន្ថយ​ចំណូល ​ដើម្បី​ជួយ​សម្រួល​ជីវភាព​ប្រជា​ពលរដ្ឋ​ ​និង​ការ​បញ្ចេញ​ថវិកា​ដើម្បី​ដោះស្រាយ​បញ្ហា​បន្ទាន់​ដែល​មិន​មាន​ក្នុង​ផែនការ​ដើម​។

​សម្តេច​ធិបតី​បាន​បញ្ជាក់​ថា​ ​រដ្ឋាភិបាល​បាន​ចំណាយ​ជិត ​៥០០​លាន​ដុល្លារ ​ដើម្បី​ទប់​ថ្លៃ​ប្រេង ​និង​ថ្លៃ​អគ្គិសនី​របស់​ប្រជា​ពលរដ្ឋ​។ ​ការ​ចំណាយ​នេះ​មិន​ទាន់​រាប់បញ្ចូល​ការ​ដោះស្រាយ​បញ្ហា​ផ្សេង​ៗ​ទៀត​ ​ដែល​កើតឡើង​ដោយ​មិន​បាន​ព្យាករ​ទុក​ជា​មុន​នោះ​ទេ​។

សម្តេច​ធិបតី​មានប្រសាសន៍​ថា​ ​តម្លៃ​ប្រេង​បាន​កើនឡើង​ ​ប៉ុន្តែ​ការ​កើនឡើង​ត្រូវ​បាន​សម្រួល​តាមរយៈ​ការ​ឧបត្ថម្ភ​ ​និង​ការ​អនុគ្រោះ​លើ​ពន្ធ​អាករ​។ ​ថវិកា​ដែល​បាន​ប្រើ​សម្រាប់​វិធានការ​ទាំងនេះ​ ​គឺ​ចេញ​ពី​ចំណូល​ពន្ធ​គយ​ដែល​រដ្ឋាភិបាល​ទទួល​បាន​។

​សម្តេច​ធិបតី​បាន​លើកឡើង​ថា​ ​ប្រសិនបើ​រដ្ឋាភិបាល​មិន​ប្រញាប់​បញ្ចេញ​ថវិកា​ទប់​ថ្លៃ ​ឬ​ផ្តល់​ការ​អនុគ្រោះ​លើ​ពន្ធ​អាករ​បន្ថែម​ទេ ​តម្លៃ​ប្រេង​អាច​កើនឡើង​លើស​កម្រិត​ដែល​ប្រជា​ពលរដ្ឋ​កំពុង​ប្រឈម​នា​ពេលនេះ​។

​ជាមួយគ្នា​នេះ​ ​រដ្ឋាភិបាល​ក៏​ត្រូវ​ប្រឈម​នឹង​ការ​ចំណាយ​ដែល​មិន​បាន​រំពឹងទុក​ ​ដូចជា​ ​បញ្ហា​សង្គ្រាម (ព្រំដែន) ​និង​គ្រោះ​ធម្មជាតិ​ រួមទាំង​បញ្ហា​ទឹក​ជំនន់ ​ខណៈ​បញ្ហា​ទាំងនេះ​មិន​ត្រូវ​បាន​ព្យាករ​ទុក​នៅពេល​រៀបចំ​ ​និង​ពិភាក្សា​ថវិកា​ឆ្នាំ​២០២៦​។​

​សម្តេច​ធិបតី​បាន​មានប្រសាសន៍​ថា​៖ ​«​ដៃ​ម្ខាង​យើង​កាត់បន្ថយ​ចំណូល​ដើម្បី​ជួយ​ជីវភាព​រស់នៅ​របស់​ប្រជាជន​ទូទៅ ​ដៃ​ម្ខាង​ទៀត​យើង​ត្រូវ​ដោះស្រាយ​បញ្ហា​ចំពោះ​មុខ​ ​ដែល​មិន​បាន​ព្យាករ​ទុក​»​។

​សម្តេច​ធិបតី​បាន​បន្ត​ថា​ ​រដ្ឋាភិបាល​សង្ឃឹម​ថា​ ​រឿង​ល្អ​ៗ​នឹង​កើតមាន​ឡើង​ ​ប៉ុន្តែ​កម្ពុជា​ត្រូវ​ត្រៀម​លក្ខណៈ​សម្រាប់​បញ្ហា​ដែល​អាច​កើតឡើង​ ​ដោយសារ​បញ្ហា​ប្រឈម​អាច​ធ្វើឱ្យ​កម្ពុជា​មិន​ទទួល​បាន​កំណើន​សេដ្ឋកិច្ច​តាម​ការ​ព្យាករ​។

​សម្រាប់​ឆ្នាំ​នេះ​ ​សម្តេច​ធិបតី​បាន​ចាត់ទុក​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា​ជា​បញ្ហា​ប្រឈម​ដ៏​ធំ​មួយ​ ​ដោយ​កម្ពុជា​មិន​បាន​រំពឹង​ថា​ ​សង្គ្រាម​នេះ​នឹង​អូសបន្លាយ​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​ឡើយ​។

ទន្ទឹម​នឹង​ការ​ទប់​ថ្លៃ​ប្រេង ​និង​អគ្គិសនី​ ​រដ្ឋាភិបាល​កន្លងមក​ក៏​បាន​ផ្តល់​ការ​គាំទ្រ​ដល់​ប្រជា​ពលរដ្ឋ​ ​និង​ក្រុមគោលដៅ​មួយចំនួន​តាមរយៈ​កម្មវិធី​គាំពារ​ផ្សេង​ៗ ​ដោយ​បាន​បញ្ចេញ​សាច់ប្រាក់​សរុប​ជាង​ ១​ពាន់​លាន​ដុល្លារ​។

​ក្នុង​ចំណោម​វិធានការ​ដែល​រដ្ឋាភិបាល​បាន​ដាក់​ចេញ​ ​គឺ​ការ​កំណត់​អត្តសញ្ញាណ​គ្រួសារ​ក្រីក្រ ​គ្រួសារ​ងាយ​រងគ្រោះ ​និង​គ្រួសារ​ងាយ​រង​ហានិភ័យ ​ដែល​ទទួល​ផលប៉ះពាល់​ដោយ​ផ្ទាល់​ពី​សម្ពាធ​កើនឡើង​នៃ​ថ្លៃ​ប្រេង ​និង​ឧស្ម័ន​។

​សម្តេច​ធិបតី​បាន​បញ្ជាក់​ថា​ ​ទោះបី​មាន​បញ្ហា​ប្រឈម​អ្វី​កើតឡើង​ក៏​ដោយ​ ​រដ្ឋាភិបាល​នឹង​បន្ត​គាំទ្រ​ ​និង​មិន​បោះបង់ចោល​ប្រជា​ពលរដ្ឋ​ឡើយ​៕

អ្នកនាង យ៉ាត់ ម៉ាឡៃ | Mrs. YAT Malai

អ្នកនាង យ៉ាត់ ម៉ាឡៃ | Mrs. YAT Malai

<p class="p1">ជីវប្រវត្តិ៖ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកទំនាក់ទំនងអន្តរជាតិពីសកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជានិងមានបទពិសោធន៍ជិត៤ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន អ្នកនាងជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy</p>

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា