រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

​ភ្នំពេញ​៖​ ​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស​។

Advertisement

​ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​សមិទ្ធផល​នានា​ ​ក្នុង​ក្រុង​ស្ទឹងត្រែង ​ខេត្ត​ស្ទឹងត្រែង​ នា​ព្រឹក​ថ្ងៃទី​១២​ ​ខែសីហា ​ឆ្នាំ​២០២៦​ ​សម្ដេច​មហា​បវរ​ធិបតី​ ហ៊ុន​ ​ម៉ាណែត ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​បាន​លើកឡើង​ថា​ រាជ​រដ្ឋាភិបាល​បាន​ ​និង​កំពុង​ខិតខំ​អភិវឌ្ឍ​មូលធន​មនុស្ស​ និង​កែលម្អ​សេវា​សាធារណៈ​ ​ជាពិសេស​វិស័យ​សុខាភិបាល​ ​អប់រំ ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​។

​សម្ដេច​ធិបតី​បាន​បញ្ជាក់​ថា​ ​រាជ​រដ្ឋាភិបាល​ក៏​កំពុង​ពង្រីក​ការ​តភ្ជាប់​ភូមិភាគ​ឦសាន​ជាមួយ​រាជធានី​ភ្នំពេញ​ ​ខេត្ត​ជុំវិញ​ ​និង​ប្រទេស​ជិតខាង​ តាមរយៈ​ការ​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វន្ត ​ជាពិសេស​ផ្លូវ​ជាតិ​ ​និង​ស្ពាន​ ​ព្រមទាំង​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋាន​ តាមរយៈ​ការ​លើកកម្ពស់​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​ទេសចរណ៍​ធម្មជាតិ​ ​ពាណិជ្ជកម្ម​ឆ្លង​ដែន​ ​និង​ការ​ទាក់ទាញ​វិនិយោគ​។​

ក្នុង​នោះ​ ​ការ​តភ្ជាប់​បណ្ដាញ​ផ្គត់ផ្គង់​អគ្គិសនី​ ​ទឹក​ស្អាត​ ​និង​ទូរគមនាគមន៍​ ​ក៏​ត្រូវបាន​លើកឡើង​ជា​ផ្នែក​សំខាន់​មួយ​ ​ដើម្បី​គាំទ្រ​ដល់​ការ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​នៅក្នុង​តំបន់​។

​សម្ដេច​ធិបតី​បាន​មានប្រសាសន៍​ថា​ ​ភូមិភាគ​ឦសាន​នៅ​មាន​កម្រិត​បើ​ប្រៀបធៀប​នឹង​ប៉ូល​សេដ្ឋកិច្ច​ផ្សេង​ៗ​ ​ដូចជា​ភ្នំពេញ​ ​សៀមរាប​ ​និង​ខេត្ត​ព្រះសីហនុ ​ប៉ុន្តែ​ខេត្ត​នៅ​ភាគ​ឦសាន​មាន​សក្ដានុពល​ពិសេស​លើ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​។

​តាម​សម្ដេច​ធិបតី​ ​គិត​ត្រឹម​ថ្ងៃទី​៧​ ​ខែសីហា ​ឆ្នាំ​២០២៦​ តាមរយៈ​ «​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ខេត្ត​ភាគ​ឦសាន​» ​ខេត្ត​ទាំង​បួន​ទទួលបាន​សំណើ​វិនិយោគ​ចំនួន​ ​៧២​គម្រោង​ ​ក្នុង​នោះ​ ​៥៧​គម្រោង​ត្រូវបាន​ពិនិត្យ​ ​និង​បន្ត​នីតិវិធី​។ ​គម្រោង​ទាំង​ ​៧២​ ​មាន​ទុន​វិនិយោគ​សរុប​ប្រមាណ​ ​២.៧​ពាន់​លាន​ដុល្លារ​ និង​អាច​បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ​ជិត​ ​៨៣,០០០​នាក់​។

​កម្មវិធី​ពិសេស​នេះ​ផ្តោត​លើ​វិស័យ​អាទិភាព​ចំនួន​បី​ ​គឺ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដោយ​រដ្ឋាភិបាល​បាន​ដាក់​ចេញ​វិធានការ​គាំទ្រ​សំខាន់​ៗ​ ​រួមមាន​ ​ការ​លើកទឹកចិត្ត​ផ្នែក​ពន្ធដារ​ និង​ពន្ធ​គយ ​ការ​ផ្តល់​ហិរញ្ញប្បទាន​ក្នុង​អត្រា​ការ​ប្រាក់​សមរម្យ​ ​និង​ការ​ជួយ​កាត់បន្ថយ​ថ្លៃ​ដើម​ផលិតកម្ម​ ​ព្រមទាំង​ការ​សម្រួល​នីតិវិធី​ ​និង​គាំទ្រ​សកម្មភាព​វិនិយោគ​។​

ទន្ទឹមនឹង​នេះ​ ក្រុមការងារ​ជំរុញ​ការ​វិនិយោគ​ក្នុង​ខេត្ត​ទាំង​បួន​ និង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ ​មាន​តួនាទី​សម្របសម្រួល​ពិសេស ​ដើម្បី​ជួយ​សម្រួល​ដល់​វិនិយោគិន ​និង​ធុរ​ជន​ដែល​មាន​បំណង​ចូលមក​បណ្ដាក់ទុន​ក្នុង​តំបន់​។

​លោក​ ឌុក ​ពិសិដ្ឋ​ ​ប្រធាន​សមាគម​កាហ្វេ​កម្ពុជា​ ​និង​ជា​ម្ចាស់​រី​សត ​PIDA​ ​Coffee​ ​Farm​ ​Lodge​ ​បាន​មានប្រសាសន៍​ថា​ ​កម្មវិធី​ជំរុញ​ការ​វិនិយោគ​នៅ​ភូមិភាគ​ឦសាន ​បាន​ ​និង​កំពុង​ផ្តល់​អត្ថប្រយោជន៍​ដល់​វិនិយោគិន ​និង​ធុរ​ជន​ក្នុង​តំបន់​។​

ក្នុង​នាមជា​អ្នកវិនិយោគ​លើ​ដំណាំ​កាហ្វេ​ ​និង​អ្នក​កែច្នៃ​កាហ្វេ​នៅ​ខេត្ត​មណ្ឌលគិរី ​លោក​បាន​ទទួល​ការ​លើកលែង​ពន្ធ​ពី​រាជ​រដ្ឋាភិបាល​រហូតដល់​ ​១២​ឆ្នាំ​។ ​ការ​លើកលែង​នេះ​រួមមាន​ពន្ធ​លើ​ប្រាក់​ចំណេញ​ ​ពន្ធ​លើ​ប្រាក់ខែ​បុគ្គលិក​ និង​ពន្ធ​លើ​ការ​នាំចូល​គ្រឿង​ម៉ាស៊ីន​ផ្សេង​ៗ​សម្រាប់​ដំណើរការ​សិប្បកម្ម​កែច្នៃ​កាហ្វេ​។

​អ្នក​ឧកញ៉ា​ ​លឹម​ ​ហេង​ ​អនុ​ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ ​បាន​ប្រាប់​បណ្ដាញ​សារព័ត៌មាន​ ​AMS​ ​នៅ​រសៀល​ថ្ងៃទី​១២​ ​ខែសីហា ​ថា​ ​ថ្នាក់ដឹកនាំ​រាជ​រដ្ឋាភិបាល​តាំងពី​សម្ដេច​តេជោ​រហូតមកដល់​សម្ដេច​ធិបតី​ ​បាន​កំណត់​ភូមិភាគ​ឦសាន​ជា​ប៉ូល​សេដ្ឋកិច្ច​ដែល​ត្រូវការ​ការ​អភិវឌ្ឍ​។

​លោក​បាន​លើកឡើង​ថា​ ​ការ​ពង្រីក​តំបន់​នេះ​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ ​គឺជា​រឿង​ចាំបាច់​សម្រាប់​ប្រជាពលរដ្ឋ​នៅក្នុង​ខេត្ត​ទាំង​បួន​។ ​តាមរយៈ​ការ​ភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​ ​ភូមិភាគ​ឦសាន​អាច​តភ្ជាប់​ទៅ​ភ្នំពេញ​ ​និង​កំពង់សោម​តាមរយៈ​ប្រព័ន្ធ​ដឹកជញ្ជូន​ ​ព្រមទាំង​មាន​សក្តានុពល​ក្នុង​ការ​តភ្ជាប់​ជាមួយ​កំពង់ផែ​ខេត្ត​ព្រះសីហនុ ​និង​ច្រក​ពាណិជ្ជកម្ម​ទៅ​វៀតណាម​ ​និង​ឡាវ ​ដែល​អាច​បន្តតភ្ជាប់​ទៅ​ចិន​។

​លោក​បាន​បន្ថែម​ថា​ ​តំបន់​នេះ​ក៏​អាច​មាន​ការ​តភ្ជាប់​ជាមួយ​កំពង់ផែ​ភ្នំពេញ​ ​ឬ​កំពង់​ផែ​នៅ​កំពង់ចាម​ តាម​ដៃ​ទន្លេ​មេគង្គ ​និង​តភ្ជាប់​ទៅ​ព្រែក​ជីក​ហ្វូណន​តេជោ ​ដើម្បី​ឈានទៅ​សមុទ្រ​។

​គួរ​ជម្រាប​ថា​ ​សម្ដេច​មហា​បវរ​ធិបតី​ ហ៊ុន​ ​ម៉ាណែត ​បាន​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ​ «​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ខេត្ត​ទាំង​បួន​នៅ​ភូមិភាគ​ឦសាន ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​ឆ្នាំ​២០២៥​-​២០២៨​» ​នៅ​ថ្ងៃទី​៩​ ​ខែមេសា ​ឆ្នាំ​២០២៥​។

​កម្មវិធី​នេះ​មាន​គោលបំណង​ពង្រីក​មូលដ្ឋាន​សេដ្ឋកិច្ច​នៅ​តាម​បណ្ដា​ខេត្ត​ដែល​នៅ​ឆ្ងាយ​ពី​មជ្ឈមណ្ឌល​កំណើន​ ​អភិវឌ្ឍ​វិស័យ​គន្លឹះ​ និង​បង្កើត​ប្រភព​កំណើន​ថ្មី​សម្រាប់​សេដ្ឋកិច្ច​ជាតិ​ ​ដោយ​ផ្អែក​លើស​ក្ដានុពល​ដែល​មាន​ស្រាប់​នៅក្នុង​តំបន់​។​

កម្មវិធី​ត្រូវបាន​រៀបចំឡើង​ដោយ​ផ្អែក​លើ​ទស្សនា​ទាន​បី ​រួមមាន​ ​ការ​កែប្រែ​មុខមាត់​ខេត្ត​ទាំង​បួន​ឱ្យ​មាន​មូលដ្ឋាន​សេដ្ឋកិច្ច​ពឹងផ្អែក​លើ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​ជាក់ស្ដែង​ដែល​អាច​នាំមក​នូវ​លទ្ធផល​ឆាប់រហ័ស​ ជាពិសេស​ការ​ទាក់ទាញ​វិនិយោគ​ឯកជន ​និង​ការ​ជំរុញ​សហថាមពល​ពី​ការ​ប្រមូលផ្ដុំ​ ​ដើម្បី​ឈាន​ទៅ​អភិវឌ្ឍ​សេដ្ឋកិច្ច​មាត្រដ្ឋាន​ ​ជំនួស​ការ​វិនិយោគ​ដែល​មាន​លក្ខណៈ​រាយប៉ាយ​។

​សម្រាប់​វិស័យ​កសិកម្ម​ ​កម្មវិធី​ផ្តោត​លើ​ការ​ដាំដុះ​ដំណាំ​ដែល​មាន​សក្ដានុពល​សេដ្ឋកិច្ច​ ​រួមមាន​ផ្កា​ ​បន្លែ ​ផ្លែ​ឈើ​ ​និង​ឈើ​ដាំ​ ​ព្រមទាំង​ការ​ចិញ្ចឹម​សត្វ​ជា​លក្ខណៈ​ពាណិជ្ជកម្ម​។ ​ចំពោះ​កសិ-​ឧស្សាហកម្ម​ វា​ផ្តោត​លើ​ការ​កែច្នៃ​ ​និង​វេចខ្ចប់​ផលិតផល​គន្លឹះ​ ​ដូចជា​ ​កៅស៊ូ ​ស្វាយចន្ទី ​ដំឡូង​មី ​ចេក​អំបូង​លឿង​ ​ផ្លែ​ឈើ​ ​និង​ឈើ​ដាំ​។​

វិស័យ​ទេសចរណ៍​ផ្តោត​លើ​ទេសចរណ៍​អត្តសញ្ញាណ​ពិសេស​ ការ​បង្កើត​តំបន់​អេកូ​ទេសចរណ៍​ ​តំបន់​ទេសចរណ៍​ពិសិដ្ឋ ​សួន​ភូត​គាម ​ឬ​សួន​ទេសចរណ៍​ ​សួន​សត្វ​ សកម្មភាព​អភិរក្ស​ជីវៈ​ចម្រុះ​ ​និង​ធនធាន​សេនេទិក ​ព្រមទាំង​ការ​បង្កើត​រមណីយដ្ឋាន​ដែល​មាន​សេវាកម្ម​ចម្រុះ​។

​តាមរយៈ​វិធានការ​គាំទ្រ​ទាំង​នេះ​ រាជ​រដ្ឋាភិបាល​មាន​គោលដៅ​បន្ត​ទាក់ទាញ​ការ​វិនិយោគ​ ​និង​បង្កើត​ការងារ​នៅក្នុង​ភូមិភាគ​ឦសាន ​ខណៈ​ជំរុញ​ឱ្យ​តំបន់​នេះ​ក្លាយជា​ប្រភព​កំណើន​សេដ្ឋកិច្ច​ថ្មី​មួយ​របស់​កម្ពុជា​៕

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

ជីវប្រវត្តិ: លោក ញ៉ែម សុផល ចាប់ផ្តើមអាជីពសារព័ត៌មាននៅឆ្នាំ១៩៩៣និងធ្លាប់មានបទពិសោធន៍ជិត៣០ឆ្នាំក្នុងវិស័យសារព័ត៌មាន ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ វប្បធម៌ សង្គម និង បកប្រែភាសាអង់គ្លេស ។ ធ្លាប់បម្រើការក្នុងស្ថាប័នសារព័ត៌មានធំៗជាច្រើន ដូចជា ស្ថានីយទូរទស្សន៍ កាសែត ទស្សនាវដ្តី និងគេហទំព័រ ដោយទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈទាំងនៅក្នុងស្រុកនិងក្រៅប្រទេស។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញភាសាអង់គ្លេស។បច្ចុប្បន្នជាអ្នកយកព័ត៌មានជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនិង​ផ្សព្វផ្សាយនៅ AMS Economy ៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា