IMF ព្រមានថា សង្គ្រាម​នៅ​មជ្ឈិមបូព៌ា​កំពុងប៉ះពាល់​ដល់ចក្ខុវិស័យសេដ្ឋកិច្ច​សកលលោកនាពេលអនាគត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
IMF ព្រមានថា សង្គ្រាម​នៅ​មជ្ឈិមបូព៌ា​កំពុងប៉ះពាល់​ដល់ចក្ខុវិស័យសេដ្ឋកិច្ច​សកលលោកនាពេលអនាគត

IMF ព្រមានថា សង្គ្រាម​នៅ​មជ្ឈិមបូព៌ា​កំពុងប៉ះពាល់​ដល់ចក្ខុវិស័យសេដ្ឋកិច្ច​សកលលោកនាពេលអនាគត

បរទេស៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្រមានថា សង្គ្រាម​នៅ​មជ្ឈិមបូព៌ា​កំពុងប៉ះពាល់​ដល់ចក្ខុវិស័យជាច្រើន​លើ​សេដ្ឋកិច្ច​សកលលោកនាពេលអនាគត ដោយសារការកើនឡើងនៃតម្លៃប្រេង និងកំណើនសេដ្ឋកិច្ចយឺត។ នេះបើយោងតាមការរាយការណ៍ពី Anadolu Ajansi។

Advertisement

កាលពីថ្ងៃចន្ទ IMF ព្រមានថា សង្រ្គាមមជ្ឈិមបូព៌ាមិនត្រឹមតែបង្កការរំខានផ្នែកសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរដល់ប្រទេសដែលងាយរងគ្រោះតែប៉ុណ្ណោះទេ ប៉ុន្តែនឹងប៉ះពាល់ដល់ទស្សនវិស័យសេដ្ឋកិច្ចជាច្រើនដែលទើបមានបង្ហាញសញ្ញានៃការងើបឡើងវិញពីវិបត្តិមុនៗ។

ក្រុមមន្ត្រី IMF បានសរសេរការវិភាគមួយទាក់ទងនឹងផលប៉ះពាល់នៃសង្រ្គាមលើតម្លៃថាមពល ខ្សែសង្វាក់ផ្គត់ផ្គង់ អតិផរណា និងលក្ខខណ្ឌហិរញ្ញវត្ថុ ដោយបានកត់សម្គាល់ថា សង្គ្រាមនឹងបណ្តាលឱ្យពិភពលោកប្រឈមមុខនឹងភាពតក់ស្លុតមួយទៀត។

IMF លើកឡើងថា អ្នកនាំចូលថាមពលកំពុងរងគ្រោះច្រើនជាងអ្នកនាំចេញ ប្រទេសក្រីក្ររងគ្រោះជាងប្រទេសអ្នកមាន និងប្រទេសដែលមានទុនបំរុងតិចរងគ្រោះជាងប្រទេសមានទុនបម្រុងច្រើន។ មិនត្រឹមតែប៉ុណ្ណោះ សង្រ្គាមកំពុងបង្កការរំខានយ៉ាងធ្ងន់ធ្ងរទៅលើសេដ្ឋកិច្ចរបស់ប្រទេសដែលរងផលប៉ះពាល់ដោយផ្ទាល់រួមមាន ការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធ និងឧស្សាហកម្មដែលនឹងប្រើរយៈពេលយូរក្នុងការស្រោចស្រង់វិញ។ ទោះបីជាសេដ្ឋកិច្ចរបស់ពួកគេនៅតែមានភាពធន់ក៏ដោយ ប៉ុន្តែកំណើនរយៈពេលខ្លីនឹងរងផលប៉ះពាល់រួមមាន តម្លៃថាមពល ខ្សែសង្វាក់ផ្គត់ផ្គង់ និងទីផ្សារហិរញ្ញវត្ថុ។

ទន្ទឹមនឹងនេះ អ្នកនាំចូលថាមពលធំៗនៅអាស៊ី និងអឺរ៉ុបកំពុងប្រឈមនឹងការចំណាយខ្ពស់សម្រាប់ប្រេងឥន្ធនៈ និងតម្លៃបញ្ចូលនានាសម្រាប់ការចែកចាយបន្ត។ ជាទូទៅ ប្រេងពិភពលោកប្រហែល ២៥% ទៅ ៣០% និង ឧស្ម័នធម្មជាតិរាវ (LNG) ប្រហែល ២០% ត្រូវឆ្លងកាត់ច្រកសមុទ្រ Hormuz ។ ការបិទច្រកសមុទ្រដ៏សំខាន់មួយនេះកំពុងប៉ះពាល់សេដ្ឋកិច្ចនៅក្នុងទ្វីបអាហ្រ្វិក និងអាស៊ីដែលពឹងផ្អែកខ្លាំងលើការនាំចូលថាមពលពីតំបន់មជ្ឈិមបូព៌ា ដោយពួកគេកំពុងជួបការលំបាកកាន់តែខ្លាំងឡើងក្នុងការធានាការផ្គត់ផ្គង់សម្រាប់បំពេញតម្រូវការ។

លើសពីនេះ នៅផ្នែកខ្លះនៃមជ្ឈិមបូព៌ា អាហ្រ្វិក អាស៊ីប៉ាស៊ីហ្វិក និងអាម៉េរិកឡាទីនក៏កំពុងប្រឈមមុខនឹងសម្ពាធបន្ថែមដូចជា តម្លៃអាហារ និងតម្លៃជីកាន់តែថ្លៃ រួមជាមួយនឹងលក្ខខណ្ឌហិរញ្ញវត្ថុកាន់តែតឹងរ៉ឹង។ ប្រទេសដែលមានប្រាក់ចំណូលទាបគឺងាយរងគ្រោះ ជាពិសេសអសន្តិសុខស្បៀង និងត្រូវការជំនួយគាំទ្រពីខាងក្រៅកាន់តែច្រើនជាងមុន។

IMF ព្រមានថា ផលប៉ះពាល់ទាំងអស់នេះនាំឱ្យតម្លៃទំនិញកាន់តែខ្ពស់ និងកំណើនសេដ្ឋកិច្ចយឺត ហើយសេដ្ឋកិច្ចពិភពលោកអាចរងផលប៉ះពាល់ក្នុងវិធីផ្សេងៗគ្នា អាស្រ័យលើរយៈពេលដែលជម្លោះអូសបន្លាយយូរប៉ុណ្ណា និងរីករាលដាលដល់កម្រិតណា? ឥឡូវនេះ IMF កំពុងតាមដានយ៉ាងដិតដល់នូវការអភិវឌ្ឍន៍ និងផ្តល់ការវាយតម្លៃពេញលេញសម្រាប់ទស្សនវិស័យសេដ្ឋកិច្ចពិភពលោក ហើយរបាយការណ៍ហិរញ្ញវត្ថុសកលនឹងចេញផ្សាយនៅថ្ងៃទី ១៤ ខែមេសាខាងមុខនេះ។

IMF ក៏ព្រមានដែរថា ប្រសិនបើតម្លៃថាមពល និងអាហារនៅតែបន្តឡើងថ្លៃ នោះនឹងជំរុញឱ្យមានអតិផរណានៅទូទាំងពិភពលោក ដោយសារតាមបទពិសោធន៍ពីប្រវត្តិសាស្ត្រ ការឡើងថ្លៃនៃតម្លៃប្រេងតែងជំរុញឱ្យអតិផរណាកើនឡើងខ្ពស់ និងកំណើនសេដ្ឋកិច្ចយឺតជាងមុន។ លើសពីនេះ ជម្លោះមិនត្រឹមតែជំរុញឱ្យអត្រាអតិផរណាកើនឡើងតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យការព្យាករណ៍លើអតិផរណាចុះខ្សោយជាងមុនថែមទៀត៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា