សមាគម​ជប៉ុន​-​កម្ពុជា​​គ្រោង​នាំ​ក្រុមហ៊ុន​ ២០​-​៣០ ​មក​សិក្សា​ឱកាស​វិនិយោគ​នៅ​កម្ពុជា​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សមាគម​ជប៉ុន​-​កម្ពុជា​​គ្រោង​នាំ​ក្រុមហ៊ុន​ ២០​-​៣០ ​មក​សិក្សា​ឱកាស​វិនិយោគ​នៅ​កម្ពុជា​

សមាគម​ជប៉ុន​-​កម្ពុជា​​គ្រោង​នាំ​ក្រុមហ៊ុន​ ២០​-​៣០ ​មក​សិក្សា​ឱកាស​វិនិយោគ​នៅ​កម្ពុជា​

ភ្នំពេញ​៖​ ​សមាគម​ជប៉ុន​-​កម្ពុជា ​(​J​CA​)​ គ្រោង​ដឹកនាំ​គណៈប្រតិភូ​ធុរកិច្ច​ជប៉ុន​លើក​ទី​៦​ ​មក​កម្ពុជា​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​ ​ដោយ​រំពឹង​ថា​នឹង​មាន​ក្រុមហ៊ុន​ជប៉ុន​ប្រមាណ​ ​២០​ ​ទៅ​ ​៣០​ ​ក្រុមហ៊ុន​ចូលរួម​ ​ដើម្បី​សិក្សា​ ​និង​ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា​។

​លោក​ Fumiaki ​Takahashi ​ប្រធាន​សមាគម​ជប៉ុន​-​កម្ពុជា ​បាន​បញ្ជាក់​ដូច្នេះ​ក្នុង​ជំនួប​ជាមួយ​ ​ឯកឧត្តម​ ​ហែម វណ្ណ​ឌី ​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ​ ​បច្ចេកវិទ្យា​ ​និងន​វានុវត្តន៍ ​កាលពី​ថ្ងៃ​ទី​៩​ ​ខែ​កញ្ញា​ ​ឆ្នាំ​២០២៤​។

​លោក​ ​Fumiaki ​Takahashi ​បាន​លើកឡើង​ថា​ ​សមាគម​ជប៉ុន​-​កម្ពុជា ​ក៏​បាន​បង្ហាញ​គម្រោង​សាកល្បង​មួយ​ចំនួន រួម​មាន​ ​ការ​កែច្នៃ​សូត្រ​មាស​កម្ពុជា​សម្រាប់​ផលិត​គ្រឿង​សម្អាត​ ការ​ចិញ្ចឹម​ ​និង​កែច្នៃ​ត្រី​ទីឡាបយ៉ា ​ការ​កែច្នៃ​ផ្លែ​ខ្នុរ ​និង​គម្រោង​ពាក់ព័ន្ធ​នឹង​ឧស្សាហកម្ម​ឌីជីថល​។

​លោក​បាន​បញ្ជាក់​ថា​ ភាព​ជោគជ័យ​នៃ​គម្រោង​ទាំងនេះ​អាច​ក្លាយជា​គំរូ​សម្រាប់​ទាក់ទាញ​សហគ្រាស​ធុន​តូច ​និង​មធ្យម​ ​(​SME​)​ ​ជប៉ុន​មក​កម្ពុជា​បន្ថែម​ទៀត​។

​លោក​បាន​បន្ថែម​ថា​ ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ​ ​បច្ចេកវិទ្យា​ ​និងន​វានុវត្តន៍​ ​គឺ​ជា​ស្ថាប័ន​គន្លឹះ​មួយ​សម្រាប់​គាំទ្រ​ SME ​នៅ​កម្ពុជា​ ​ហើយ​លោក​សង្ឃឹម​ថា​នឹង​សហការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង ​ដើម្បី​ទាក់ទាញ​ SM​E ​ជប៉ុន​ឱ្យ​បាន​កាន់តែ​ច្រើន​ ​បង្កើត​ភាព​ជា​ដៃគូ ​និង​កៀរគរ​ការ​វិនិយោគ​រួមទុន​ជាមួយ​ S​ME ​កម្ពុជា​។

​ជាមួយគ្នា​នេះ​ ​ឯកឧត្តម​ ​ហែម វណ្ណ​ឌី ​បាន​ប្រកាស​ស្វាគមន៍​សហគ្រាស​ជប៉ុន​ដែល​មាន​បំណង​ស្វែងរក​ការ​វិនិយោគ ​និង​ធ្វើ​ធុរកិច្ច​នៅ​កម្ពុជា​។ ​កម្ពុជា​ ​ក៏​លើកទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន​ជប៉ុន​ស្វែងរក​ឱកាស​នៅក្នុង​មូលដ្ឋាន​ឧស្សាហកម្ម​ដែល​មាន​ស្រាប់​របស់​កម្ពុជា​ ​ជាពិសេស​ឧស្សាហកម្ម​គាំទ្រ ​ដែល​អាច​ផ្គត់ផ្គង់​វត្ថុធាតុដើម​ ​ផលិតផល​ពាក់កណ្ដាល​សម្រេច ​គ្រឿង​បន្លាស់ ​និង​សេវាកម្ម​ដល់​ឧស្សាហកម្ម​កាត់ដេរ វាយនភណ្ឌ​ ​យានយន្ត​ ​គ្រឿង​ម៉ាស៊ីន ​និង​វិស័យ​ផលិតកម្ម​ផ្សេងទៀត​។

​ឯក​ឧត្តម​បាន​បន្ត​ថា​ ​ការ​ចាកចេញ​ពី​ឋានៈ​ជា​ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍ​តិចតួច​របស់​កម្ពុជា​ ​ក្នុង​ឆ្នាំ​២០១៥ ​គឺជា​បង្គោល​ចរ​ដ៏​សំខាន់​សម្រាប់​កម្ពុជា​។ ​លោក​បាន​ចាត់ទុក​ការ​ផ្គត់ផ្គង់​វត្ថុធាតុដើម​ ​និង​ធាតុ​ចូល​ ​ព្រមទាំង​ការ​កសាង​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​ក្នុង​ស្រុក​ ​ជា​របៀប​វារៈ​ដ៏​សំខាន់​សម្រាប់​ប្រទេស​។

​ឯក​ឧត្តម​បាន​ថ្លែង​ថា​៖​ «​នេះ​ជា​វិញ្ញាសារ​មួយ​ដែល​កំណត់​ថា​យើង​ជោគជ័យ​ ​ឬ​មិន​ជោគជ័យ​។ ​ដូច្នេះ​ ​របៀប​វារៈ​ដ៏​ធំ​របស់​យើង​ ​គឺ​ផ្ដោត​លើ​របៀប​ដែល​យើង​ផ្គត់ផ្គង់​វត្ថុធាតុដើម​ ​និង​ធាតុ​ចូល ​និង​ការ​កសាង​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​ក្នុង​ស្រុក​របស់​យើង​»​។

​ឯក​ឧត្តម​បាន​បន្ថែម​ថា​ ​ការ​ផ្លាស់ប្តូរ​នេះ​នឹង​បង្កើត​ឱកាស​សម្រាប់​ SME ​បង្កើន​ផលិតកម្ម ​និង​ពង្រឹង​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​ក្នុង​ស្រុក​ ​ខណៈ​ដែល​កម្ពុជា​ត្រូវ​ត្រៀម​លក្ខណៈ​ប្រកួតប្រជែង​ក្រោម​លក្ខខណ្ឌ​ពាណិជ្ជកម្ម​អន្តរជាតិ​កាន់តែ​តឹងរ៉ឹង​។

​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ​ ​បច្ចេកវិទ្យា​ ​និងន​វានុវត្តន៍ ​និង​សហគ្រិន​ខ្មែរ​ ​អាច​ជួយ​សមាគម​ជប៉ុន​-​កម្ពុជា​ ​ស្វែងរក​សហគ្រាស​កម្ពុជា​ដែល​មាន​សក្ដានុពល ​សម្រាប់​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ដៃគូ​ជប៉ុន​ផងដែរ​។

​គួរ​រម្លឹក​ថា​ ​ជប៉ុន​ជា​ប្រទេស​ដែល​មាន​សហគ្រាស​ធុន​តូច ​និង​មធ្យម ​(​SME​) ​ច្រើន​។ យោង​តាម​តួលេខ​របស់​រដ្ឋាភិបាល​ជប៉ុន​ ​ជប៉ុន​មាន​សហគ្រាស​ធុន​តូច ​និង​មធ្យម​នៅ​ទូទាំង​ប្រទេស​ប្រមាណ​ ៣​,​៥​ ​លាន​សហគ្រាស​។​

​ឯកឧត្តម​ ហែម វណ្ណ​ឌី ​បាន​លើក​ជា​ឧទាហរណ៍​ថា ​ប្រសិនបើ​កម្ពុជា​អាច​ទាក់ទាញ​សហគ្រាស​ជប៉ុន​ត្រឹមតែ​ ១ ​ឬ​ ២ ​ភាគរយ ​មក​ចាប់ដៃ​ជាមួយ​សហគ្រាស​ក្នុង​ស្រុក​ ​នោះ​អាច​បង្កើត​សហគ្រាស​បាន​រាប់​ម៉ឺន​។​

មួយ​វិញទៀត​ ​វិនិយោគិន​ជប៉ុន​ត្រូវ​បាន​ចាត់ទុក​ថា​ជា​វិនិយោគិន​ដែល​មាន​ភាព​ស្មោះត្រង់​ ​ហើយ​បណ្ដា​ប្រទេស​នានា​នៅលើ​ពិភពលោក​តែង​ចង់បាន​វិនិយោគិន​ជប៉ុន​ទៅ​បណ្ដាក់​ទុន​នៅក្នុង​ប្រទេស​របស់​ខ្លួន​ផងដែរ​។

ដោយឡែក ​នៅ​កម្ពុជា​ ​មាន​ក្រុមហ៊ុន​និង​សហគ្រាស​ជប៉ុន​ជា​ច្រើន​កំពុង​ធ្វើ​អាជីវកម្ម​និង​ធុរកិច្ច ​បាន​ចូលរួម​ផ្ដល់​អត្ថប្រយោជន៍​ដល់​សេដ្ឋកិច្ច​កម្ពុជា ​ក្នុង​វិស័យ​ដូចជា​ ​ហិរញ្ញវត្ថុ​ ​លក់​រាយ ​ផ្សារ​ទំនើប​ ​និង​អចលន​ទ្រព្យ​ ​ក្នុង​ចំណោម​វិស័យ​ផ្សេងទៀត​៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា