ផ្សារផលិតផលខ្មែរ បុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៦ ជួយផ្សព្វផ្សាយផលិតផលជាតិ​ដល់​អ្នកប្រើប្រាស់​កាន់តែទូលំទូលាយ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ផ្សារផលិតផលខ្មែរ បុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៦ ជួយផ្សព្វផ្សាយផលិតផលជាតិ​ដល់​អ្នកប្រើប្រាស់​កាន់តែទូលំទូលាយ​

ផ្សារផលិតផលខ្មែរ បុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៦ ជួយផ្សព្វផ្សាយផលិតផលជាតិ​ដល់​អ្នកប្រើប្រាស់​កាន់តែទូលំទូលាយ​

ភ្នំពេញ ៖ ផ្សារផលិតផលខ្មែរ បុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៦ ជួយផ្សព្វផ្សាយផលិតផលជាតិ​ដល់​អ្នកប្រើប្រាស់​កាន់តែទូលំទូលាយ​នៅផ្សារទំនើប​សូរិយារាជធានីភ្នំពេញ រយៈពេល​៣ថ្ងៃ ចាប់ពីថ្ងៃទី ២ ដល់​ថ្ងៃទី៤ ខែតុលា ឆ្នាំ ២០២៦ នឹងជួយ​ផលិតករ សហគ្រិន​ខ្មែរ​ផ្សព្វផ្សាយ​នូវផលិតផលរបស់ខ្លួន​ទៅកាន់អ្ន​កប្រើប្រាស់​ក្នុងប្រទេស​កាន់តែទូលំទូលាយ ។ ពិព័រណ៍នេះ ត្រូវបានបើក​សម្ពោធ​ជាផ្លូវការ​កាលពីល្ងាច​ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ ដោយមានអ្នកចូលរួមតាំងបង្ហាញ​ប្រ​មាណ​ ៣០ស្តង់​ និងបាន​ដាក់តាំង​ផលិតផល​បង្ហាញពីអត្តសញ្ញាណជាតិ​ ។

លោក កុសល ពីសី ស្ថាបនិក ពិព័រណ៍ផលិតផលខ្មែរ (KPE) បានឱ្យដឹងថា ចំពោះពិព័រណ៍​ផលិតផលខ្មែរ ដែលត្រូវ​បានរៀបចំឡើង​ក្នុងអំឡុងពិធីបុណ្យភ្ជុំ​បិណ្ឌ​នាពេលនេះ ដើម្បីលើ​កតម្កើង​ផលិតផល​ក្នុង​ស្រុក ជំរុញ​ឱ្យ​មាន​កា​រគាំ​ទ្រ​កាន់​តែ​ច្រើនពី​សំណាក់​​ប្រជាពលរដ្ឋ​ និង​ជួយ​ផ្សព្វផ្សាយ​ផលិតផល​ខ្មែរ បង្ហាញអត្តសញ្ញា​ណ​របស់ខ្មែរ ស្វែងរកទីផ្សារបន្ថែមដល់​អាជីវករ និងសហគ្រិនខ្មែរ​ ។

លោកបន្តថា ពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ២០២៦នេះ គឺ​ជាលើកទី៦ហើយ ដោយ​កន្លងមក​ លោក​បានរៀបចំចំនួន៥លើ​ករួចមកហើយជា​ពិសេស​គឺ​​រៀបចំឡើង​​នាឱកាស​ពិធី​បុណ្យជាតិធំៗ និងទិវា​អន្តរជាតិ​ផ្សេង​ៗដូចជា​ទិវា​នៃក្ដីស្រលាញ់ ជាដើម ។​

លោករំពឹងថា ក្រោយ​ការ​រៀបចំ​ពិព័រណ៍ផលិតផល​ខ្មែរ ដែល​បានរៀប​ចំនាពេលនេះ នឹងធ្វើឱ្យ​ពលរដ្ឋ​កម្ពុជា​កាន់តែស្គាល់​ច្បាស់ និ​ងងាកមក​ប្រើប្រាស់​ផលិតផល​ខ្មែរ​បានកាន់តែច្រើន ហើយ​នៅពេលណា​ផលិតផល​ខ្មែរ​មានការ​គាំទ្រ​កាន់​តែ​ច្រើន​ពីពលរដ្ឋ ​នោះ​នឹង​ធ្វើសេដ្ឋកិច្ច​​កម្ពុជា​កាន់តែរីកចម្រើន​ជាងមុន។​

លោក វ៉ៅ សុវ៉ាង ប្រធាន​នាយក​ដ្ឋាន​ស្រាវជ្រាវ និងអភិវឌ្ឍន៍​គណៈ​កម្មាធិការ​ជាតិជំរុញចលនាភូមិមួយផលិតផលមួយបាន​មា​​ន​ប្រសាសន៍ថា ក្នុងពេល​ប្រជាពលរដ្ឋ​ខ្មែរ​ស្ទើរ​តែទូទាំងប្រទេស​កំពុងធ្វើពហិការ​លើ​ផលិតផល​របស់ថៃ វាជា​ឱកាស​របស់​សហគ្រិនខ្មែរ​ក្នុង​ការ​ពង្រីកទីផ្សារ​ផលិតផល​របស់ខ្លួនទៅកា​ន់ទីផ្សារ ។​ មួយវិញទៀ​ត ដើម្បីឱ្យ​ផលិតផល​ទាំង​នោះកាន់​តែទទួលបានការ​គាំទ្រ ត្រូវធ្វើឱ្យ​គេ​ស្គាល់ជាមុន​សិន ដូច្នេះ ការរៀបចំពិព័រណ៍​នាឱកាស​នេះ ក៏ជាការ​ធ្វើទីផ្សារ​មួយ​ដើម្បី​ឱ្យបងប្អូនប្រជាពលរដ្ឋ​បានស្គាល់​ និងអាច​ស្វែងរ​កទំនាក់​ទំនង​ដើម្បី​ប្រើប្រាស់​​ក៏ដូចជា​​លក់​បន្ត ។​

លោក ​ឆុន សុភា ប្រធានទីផ្សារ​នៃសហគ្រាស​ ជេ អឹម អិល​ អេច ដែល​ចូល​រួមក្នុងពិព័រណ៍នោះដែរ បានឱ្យដឹងថា កន្លងមក​លោកតែងតែចូលរួម​ក្នុងព្រឹត្តិការ​ណ៍ពិព័រណ៍​នានា ដើម្បី​​ផ្សព្វ​ផ្សាយផលិតផល​របស់ខ្លួន​ទៅកាន់អតិថិជន ព្រោះថា​នៅពេលមានព្រឹត្តិការណ៍ពិព័រណ៍ នឹង​មានពលរដ្ឋ​ជាច្រើន​ទស្សនា ​ឬដើរទិញទំនិញក្នុងព្រឹត្តិការណ៍នោះ ដែលវាជាពេលវេលា​ល្អក្នុងកា​របង្ហាញផលិតផលរបស់ខ្លួន​ទៅកាន់​អតិថិជនឱ្យ​បានស្គាល់ និងសាកល្បង​ប្រើប្រាស់ ។

លោកបន្តថា នៅពេលដែល​អតិថិជន​បានសាកល្បង​ប្រើប្រាស់ហើយ ពួកគាត់នឹង​ស្វែងរក​ការគាំទ្រ​បន្តទៀតបើសិនជាផលិតផលនោះមានគុណភាព និងគុណតម្លៃល្អ ជាក់ស្ដែង​ តាមការ​កត់សម្គាល់ ក្រោយ​បានចូលរួម​ក្នុងព្រឹត្តិការណ៍​ពិព័រណ៍ផ្សេងៗរួចហើយ តែងតែទទួលបានការ​បញ្ជាទិញ​កាន់តែច្រើនពីអតិថិជន​ថ្មីៗ ដែល​អាច​បញ្ជាក់ថា ព្រឹត្តិការណ៍ពិព័រណ៍​នានា​ ពិតជាអាច​ផ្ដល់​ប្រយោជន៍​ច្រើន​ដល់អ្នកតាំងបង្ហាញផលិតផល​ ៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា