វិស័យមីក្រូហិរញ្ញវត្ថុ នៅតែជាប្រភពទុនសំខាន់សម្រាប់អាជីវកម្មខ្នាតមីក្រូតូច និងមធ្យម ដែលទ្រទ្រង់ដល់ចរន្តសេដ្ឋកិច្ច | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វិស័យមីក្រូហិរញ្ញវត្ថុ នៅតែជាប្រភពទុនសំខាន់សម្រាប់អាជីវកម្មខ្នាតមីក្រូតូច និងមធ្យម ដែលទ្រទ្រង់ដល់ចរន្តសេដ្ឋកិច្ច

វិស័យមីក្រូហិរញ្ញវត្ថុ នៅតែជាប្រភពទុនសំខាន់សម្រាប់អាជីវកម្មខ្នាតមីក្រូតូច និងមធ្យម ដែលទ្រទ្រង់ដល់ចរន្តសេដ្ឋកិច្ច

ភ្នំពេញ៖ វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា នៅតែជាផ្នែកសំខាន់មួយនៃប្រព័ន្ធហិរញ្ញវត្ថុ និងជាប្រភពទុនសម្រាប់ជំរុញសកម្មភាពសេដ្ឋកិច្ចនៅទូទាំងប្រទេស ជាក់ស្តែងគឺរាប់ចាប់ពីការផ្តល់ទុនសម្រាប់កសិករនៅតាមតំបន់ជនបទ រហូតដល់ការជួយខ្នាតមីក្រូតូច និងមធ្យម និងសហគ្រាសខ្នាតតូច និងមធ្យម (SME) ពង្រីកអាជីវកម្ម។

Advertisement

លោក កាំង តុងងី អ្នកនាំពាក្យសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ (CMA) បានថ្លែងថា វិស័យមីក្រូហិរញ្ញវត្ថុនៅតែជាសសរស្តម្ភនៃប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុប្រកបដោយបរិយាបន្នរបស់កម្ពុជា តាមរយៈការពង្រីកឥណទានដល់គ្រួសារ និងសហគ្រាសខ្នាតតូចដែលមិនទាន់ទទួលបានសេវាហិរញ្ញវត្ថុគ្រប់គ្រាន់ ជាពិសេសនៅតំបន់ជនបទ និងពាក់កណ្តាលទីក្រុង។

លោកបានបន្តថា ក្នុងឆ្នាំ២០២៥ ស្ថាប័នមីក្រូហិរញ្ញវត្ថុបានបន្តជួយឱ្យអ្នកខ្ចីប្រាក់ខ្នាតតូច និងមីក្រូសហគ្រាសយកទុនទៅវិនិយោគលើវិស័យកសិកម្ម ពាណិជ្ជកម្ម និងសេវាកម្ម ដែលជំរុញសកម្មភាពសេដ្ឋកិច្ច និងការប្រើប្រាស់ក្នុងស្រុក។

ជាមួយគ្នានេះ និន្នាការរបស់អ្នកខ្ចីប្រាក់ក៏កំពុងផ្លាស់ប្តូរបន្តិចម្តងៗ ពីប្រាក់កម្ចីដែលផ្តោតលើការចិញ្ចឹមជីវិត ទៅជាប្រាក់កម្ចីសម្រាប់បង្កើតប្រាក់ចំណូល និងមីក្រូសហគ្រាស។ លោក កាំង តុងងី ចាត់ទុកការផ្លាស់ប្តូរនេះថា ជាសញ្ញាបង្ហាញពីភាពធន់ ការធ្វើពិពិធកម្ម និងភាពចាស់ទុំផ្នែកហិរញ្ញវត្ថុកាន់តែច្រើនក្នុងចំណោមអតិថិជននៅជនបទ។

ទិន្នន័យដែលលោកបានផ្តល់ឱ្យបង្ហាញថា គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៥ វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជាបានផ្តល់ឥណទានចំនួន ៥.៣៧ ពាន់លានដុល្លារ កើនឡើង ៤.១ ភាគរយធៀបនឹងត្រីមាសមុន ដល់អតិថិជនចំនួន ១.៥០៣.១៧២ នាក់ កើនឡើង ១.៧ ភាគរយ។

ក្នុងពេលជាមួយគ្នា វិស័យនេះបានទទួលប្រាក់បញ្ញើចំនួន ២.៧៨ ពាន់លានដុល្លារ កើនឡើង ៩.៦ ភាគរយធៀបនឹងត្រីមាសមុន ពីអតិថិជនចំនួន ១.៩៥៥.០១៣ នាក់។ ទោះជាយ៉ាងណា ចំនួនអតិថិជនដាក់ប្រាក់បញ្ញើបានថយចុះ ៨.៨ ភាគរយ។

តាមការបែងចែកតាមវិស័យ ឥណទានមីក្រូហិរញ្ញវត្ថុបានទៅកាន់អង្គភាពគ្រួសារច្រើនជាងគេ ដែលមានចំណែក ៣២.៨ ភាគរយ បន្ទាប់មកកសិកម្ម ២០.៨ ភាគរយ ពាណិជ្ជកម្ម និងជំនួញ ២០.១ ភាគរយ សេវាកម្ម ១១.៨ ភាគរយ សំណង់ ៦.៧ ភាគរយ ដឹកជញ្ជូន ២.៧ ភាគរយ កម្មន្តសាល ២.៧ ភាគរយ និងវិស័យផ្សេងៗ ២.៤ ភាគរយ។ CMA វាយតម្លៃថា វិស័យមីក្រូហិរញ្ញវត្ថុនៅតែមានស្ថិរភាព និងបន្តដើរតួនាទីក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម។

សម្រាប់វិស័យ SME ការចូលដំណើរការទុនគឺជាកត្តាសំខាន់សម្រាប់ការពង្រីកអាជីវកម្ម។ លោកស្រីឧកញ៉ាបណ្ឌិត កែវ មុំ ប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា និងជាស្ថាបនិកក្រុមហ៊ុននំស្រួយលីលី បានថ្លែងថា វិស័យមីក្រូហិរញ្ញវត្ថុ និង SME មានទំនាក់ទំនងយ៉ាងសំខាន់ និងជួយគ្នាទៅវិញទៅមក។

លោកស្រីមានប្រសាសន៍ថា នៅពេល SME ទទួលបានឥណទាន អាជីវកម្មអាចយកទុនទៅពង្រីកប្រតិបត្តិការ បង្កើតការងារ និងជំរុញសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក។ ផ្ទុយទៅវិញ ការរីកចម្រើនរបស់ SME ក៏បង្កើតតម្រូវការសម្រាប់សេវាហិរញ្ញវត្ថុបន្ថែមផងដែរ។

លោកស្រី បានថ្លែងដូច្នេះថា ៖«ការពង្រីក និងផ្តល់ឥណទានទៅដល់វិស័យ SME គឺពិតជាអាចជួយឱ្យវិស័យ SME អាចពង្រីកខ្លួនបានសក្តានុពលកាន់តែធំ ហើយបង្កើតឱកាសការងារដល់កម្មករ និងមានការងារកាន់តែច្រើនឡើង ពិសេសជួយជំរុញដល់សកម្មភាពសេដ្ឋកិច្ចក្នុងស្រុក»។

លោកស្រី ក៏បានលើកឡើងពីបញ្ហាប្រឈមដែល SME មួយចំនួននៅតែជួបប្រទះក្នុងការទទួលបានសេវាឥណទាន ហើយបានអំពាវនាវឱ្យមានភាពងាយស្រួលជាងមុនក្នុងការទទួលបានប្រាក់កម្ចី ជាពិសេសឥណទានដែលអាចប្រើជាទុនបង្វិលក្នុងអាជីវកម្ម។

ឧកញ៉ាបណ្ឌិត កែវ មុំ បានសង្កត់ធ្ងន់ថា ការផ្តល់ហិរញ្ញប្បទានគួរតែភ្ជាប់ជាមួយការបណ្តុះបណ្តាលចំណេះដឹងគ្រប់គ្រងហិរញ្ញវត្ថុ ដើម្បីឱ្យម្ចាស់អាជីវកម្មយល់ច្បាស់ពីការគ្រប់គ្រងទុន និងកាត់បន្ថយហានិភ័យឥណទាន។

ទន្ទឹមនឹងការពង្រីកការផ្តល់ហិរញ្ញប្បទាន CMA ក៏កំពុងគាំទ្រការផ្លាស់ប្តូរឌីជីថលនៃឧស្សាហកម្មមីក្រូហិរញ្ញវត្ថុ ដើម្បីពង្រីកការផ្សព្វផ្សាយសេវា និងបង្កើនប្រសិទ្ធភាពប្រតិបត្តិការ។

តាមរយៈការកសាងសមត្ថភាព ភាពជាដៃគូយុទ្ធសាស្ត្រ និងការតស៊ូមតិគោលនយោបាយ CMA លើកទឹកចិត្តសមាជិកឱ្យប្រើប្រាស់ឧបករណ៍ឌីជីថលសម្រាប់ការវាយតម្លៃឥណទាន ការទូទាត់តាមទូរស័ព្ទ និងការផ្តល់សេវាអតិថិជន។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាច្រើនបានរួមបញ្ចូលវេទិកាធនាគារចល័ត និងបណ្តាញភ្នាក់ងារ ដើម្បីឈានទៅដល់អតិថិជននៅតំបន់ដាច់ស្រយាល ដែលអាចធ្វើឱ្យប្រតិបត្តិការលឿនជាងមុន និងកាត់បន្ថយថ្លៃសេវា។

ជាមួយគ្នានេះ CMA ក៏ផ្តោតលើសុវត្ថិភាពទិន្នន័យ ការធ្វើអន្តរប្រតិបត្តិការ និងការការពារអ្នកប្រើប្រាស់ ដើម្បីធានាថាការទទួលយកបច្ចេកវិទ្យាអាចជួយបង្កើនទំនុកចិត្ត និងតម្លាភាព។

លោក កាំង តុងងី បានថ្លែងថា ក្នុងបរិបទនៃភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ច និងការកើនឡើងនៃថ្លៃដើម វិស័យមីក្រូហិរញ្ញវត្ថុកំពុងផ្តោតលើកំណើនឥណទាន និងគុណភាពផលប័ត្រដោយប្រុងប្រយ័ត្ន ជាជាងការពង្រីកខ្លួនយ៉ាងខ្លាំង។

ស្ថាប័នមីក្រូហិរញ្ញវត្ថុក៏កំពុងធ្វើការជាមួយធនាគារជាតិនៃកម្ពុជា និង CMA ដើម្បីលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ធានាការទំនាក់ទំនងប្រកបដោយតម្លាភាពអំពីលក្ខខណ្ឌប្រាក់កម្ចី និងអនុវត្តប្រព័ន្ធព្រមានជាមុន ដើម្បីកាត់បន្ថយហានិភ័យបំណុលលើស និងរក្សាស្ថិរភាពហិរញ្ញវត្ថុ។

វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជាចាប់ផ្តើមមានការរីកចម្រើនតាំងពីដើមទសវត្សរ៍ឆ្នាំ១៩៩០ នៅពេលប្រទេសកម្ពុជាទទួលបានការគាំទ្រពីអង្គការអន្តរជាតិ ដើម្បីផ្តល់ឥណទានដល់ប្រជាជន និងអ្នករកស៊ីនៅតំបន់ជនបទក្រីក្រ។

វិស័យនេះត្រូវបានបែងចែកជាបីដំណាក់កាល រួមមានដំណាក់កាលចាប់ផ្តើមពីឆ្នាំ១៩៩០ ដល់ ១៩៩៥ ដំណាក់កាលស្ថាប័នអង្គការពីឆ្នាំ១៩៩៥ ដល់ ១៩៩៩ និងដំណាក់កាលពាណិជ្ជកម្មចាប់ពីឆ្នាំ១៩៩៩ មកដល់បច្ចុប្បន្ន។

ក្នុងដំណាក់កាលដំបូង កម្មវិធីផ្តល់ហិរញ្ញប្បទានជាច្រើនត្រូវបានបញ្ចូលជាផ្នែកមួយនៃកម្មវិធីអភិវឌ្ឍន៍ជនបទរួមបញ្ចូលគ្នា ដោយមានការចូលរួមពីអង្គការអន្តរជាតិមួយចំនួន។ កម្ពុជាបានទទួលជំនួយពីអង្គការអន្តរជាតិ ដើម្បីផ្តល់ឥណទានដល់ប្រជាជន និងអ្នករកស៊ីនៅតំបន់ជនបទក្រីក្រ។

ស្ថាប័នអន្តរជាតិដែលបានចូលរួមផ្តល់ជំនួយនៅពេលនោះ រួមមាន Groupe de Recherche et d’Échanges Technologiques (GRET), Catholic Relief Service (CRS), World Vision រួមជាមួយនឹង United Nations Children’s Fund (UNICEF), the International Labor Organization (ILO), the United Nations Development Program (UNDP), Agence Française de Développement (AFD), និង the US Agency for International Development (USAID)។

បច្ចុប្បន្ន វិស័យនេះបានវិវត្តពីការផ្តល់ទុនសម្រាប់ការចិញ្ចឹមជីវិត ទៅជាការផ្តល់ហិរញ្ញប្បទានសម្រាប់ការបង្កើតប្រាក់ចំណូល អាជីវកម្មខ្នាតតូច និងសកម្មភាពសេដ្ឋកិច្ចផ្សេងៗ។

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ក៏ធ្លាប់លើកឡើងថា វិស័យមីក្រូហិរញ្ញវត្ថុបាន និងកំពុងចូលរួមចំណែកសំខាន់ក្នុងការផ្តល់ហិរញ្ញប្បទានដល់ប្រជាជននៅតាមជនបទ អភិវឌ្ឍសេដ្ឋកិច្ចតាមបណ្តាខេត្ត និងកាត់បន្ថយភាពក្រីក្រ។

ទោះជាយ៉ាងណា ការរីកចម្រើននៃវិស័យនេះក៏នាំមកនូវបញ្ហាប្រឈមដែលត្រូវបន្តដោះស្រាយ រួមមានអក្ខរកម្មហិរញ្ញវត្ថុ កិច្ចការពារអ្នកប្រើប្រាស់ ការរីកសាយភាយនៃអ្នកផ្តល់ប្រាក់កម្ចីក្រៅផ្លូវការ និងមជ្ឈត្តករបទប្បញ្ញត្តិ។

សម្រាប់វិស័យមីក្រូហិរញ្ញវត្ថុ ដំណើរបន្ទាប់មិនមែនមានត្រឹមការផ្តល់ទុនកាន់តែច្រើននោះទេ ប៉ុន្តែជាការធានាថា ទុនដែលផ្តល់ទៅដល់គ្រួសារ កសិករ និង SME អាចបង្កើតសកម្មភាពសេដ្ឋកិច្ចប្រកបដោយចីរភាព ខណៈការការពារអ្នកប្រើប្រាស់ និងស្ថិរភាពហិរញ្ញវត្ថុត្រូវបានរក្សាទុកជាមួយគ្នា៕

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយ និងកាសែតផ្នែកសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងអចលនទ្រព្យ។ បច្ចុប្បន្ន លោកជាការីនិពន្ធនៃព័ត៌មានសេដ្ឋកិច្ច AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា