ក្រសួងពាណិជ្ជកម្ម​ប្រកាស​បើក​ជាផ្លូវការនូវ វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ ឆ្នាំ២០២៦ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងពាណិជ្ជកម្ម​ប្រកាស​បើក​ជាផ្លូវការនូវ វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ ឆ្នាំ២០២៦

ក្រសួងពាណិជ្ជកម្ម​ប្រកាស​បើក​ជាផ្លូវការនូវ វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ ឆ្នាំ២០២៦

ភ្នំពេញ ៖ វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍​អនឡាញ​លើកទី​៣ ដែលមានរយៈពេល៣ថ្ងៃ (១១-១៣ កញ្ញា) បានបើក​សម្ពោធជាផ្លូវការកាលពីល្ងាច​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោកជំទាវ ​ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ផ្ដោតលើ​ប្រធាន​បទ «ជំរុញពាណិជ្ជកម្មឌីជីថល​កម្ពុជា​ឆ្ពោះទៅឆ្នាំ២០៣០»។​

មានប្រសាសន៍នៅក្នុងឱកាសនោះ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បានគូសបញ្ជាក់ថា វេទិកានេះត្រូវបានផ្តួចផ្តើមរៀបចំឡើងលើកដំបូងនៅឆ្នាំ២០២៤ ជាព្រឹត្តិការណ៍អមនៃពិព័រណ៍ពាណិជ្ជកម្មកម្ពុជា មុននឹងវិវត្តខ្លួនជាព្រឹត្តិការណ៍ដាច់ដោយឡែកក្នុងឆ្នាំ២០២៥។ ផ្អែកលើបទពិសោធន៍ និងលទ្ធផលវិជ្ជមាននៃការរៀបចំចំនួន ២លើកកន្លងមក ក្នុងឆ្នាំ២០២៦នេះ ក្រសួងពាណិជ្ជកម្មបានពង្រីកវិសាលភាពនៃវេទិកា ដើម្បីជំរុញការកសាងប្រព័ន្ធអេកូឡូស៊ីពាណិជ្ជកម្មឌីជីថល ដែលមានប្រសិទ្ធភាព ទំនុកចិត្ត និងបរិយាបន្ន ព្រមទាំងពង្រឹងផលិតភាព សមត្ថភាពប្រកួតប្រជែង និងលទ្ធភាពចូលទៅកាន់ទីផ្សារឌីជីថលរបស់សហគ្រាសកម្ពុជា ឆ្ពោះទៅឆ្នាំ២០៣០។

លោកជំទាវ បានលើកឡើងថា កម្ពុជាត្រូវបន្តពង្រឹងទាំងហេដ្ឋារចនាសម្ព័ន្ធរឹង និងហេដ្ឋារចនាសម្ព័ន្ធទន់សម្រាប់ពាណិជ្ជកម្មឌីជីថល ស្របតាមអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧។ ក្នុងន័យនេះ ក្រសួងពាណិជ្ជកម្មបាន និងកំពុងរៀបចំ «ក្របខណ្ឌគោលនយោបាយពាណិជ្ជកម្មកម្ពុជាឆ្ពោះទៅឆ្នាំ២០៣០» «យុទ្ធសាស្ត្រពាណិជ្ជកម្មឌីជីថល ២០២៥-២០៣០» សហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងការរៀបចំ «ប្រកាសអន្តរក្រសួងស្តីពីការដាក់ឱ្យអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសម្រាប់អន្តរការី និងបុគ្គលផ្តល់សេវាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក» និងបន្តពង្រឹងថ្នាល CambodiaTrade.com ដើម្បីធានាបានថា កម្ពុជាមានរបៀបវារៈ យុទ្ធសាស្រ្ត និងបទប្បញ្ញត្តិជាក់លាក់ និងគ្រប់គ្រាន់ ក្នុងការគាំទ្រ និងអភិវឌ្ឍវិស័យពាណិជ្ជកម្មឌីជីថល ដែលធានាបានថា វិស័យឯកជន សហគ្រាសធុនមីក្រូ តូច និងមធ្យម ជាពិសេស សហគ្រិននៅតាមជនបទ និងសហគ្រិនជាស្ត្រី អាចមានលទ្ធភាពពង្រីកឱកាសពាណិជ្ជកម្ម បង្កើនផលិតភាព បង្កើតតម្លៃបន្ថែម និងចូលរួមក្នុងខ្សែច្រវាក់តម្លៃឌីជីថលបានកាន់តែទូលំទូលាយ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា ប្រកបដោយសុវត្ថិភាព ទំនួលខុសត្រូវ និងជំនឿទុកចិត្ត។ ជាមួយគ្នានេះ ចំណូលពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា ត្រូវបានប៉ាន់ប្រមាណថា មានប្រមាណ ១,១ពាន់លានដុល្លារអាម៉េរិកក្នុងឆ្នាំ២០២៥ និងអាចកើនដល់ប្រមាណ ១,៨ពាន់លានដុល្លារអាម៉េរិកនៅឆ្នាំ២០២៩។

ក្នុងឱកាសនោះ សម្រាប់ការសម្លឹងមើលទៅអនាគត និងដើម្បីរួមគ្នាជំរុញការអភិវឌ្ឍវិស័យពាណិជ្ជកម្មឌីជីថលនៅកម្ពុជាឱ្យកាន់តែរីកចម្រើន លោកជំទាវរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ចំនួន ៧ចំណុច រួមមាន៖ ១) កសាងបរិយាកាសពាណិជ្ជកម្មឌីជីថលដែលមានទំនុកចិត្ត ២) ប្រែក្លាយបច្ចេកវិទ្យា ជាពិសេស បញ្ញាសិប្បនិម្មិត ទៅជាផលិតភាព និងសមត្ថភាពប្រកួតប្រជែង ៣) ការជំរុញឱ្យកម្ពុជាទទួលបានផលប្រយោជន៍ជាក់ស្តែងពី DEFA និងទីផ្សារតំបន់ ៤) ភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធឌីជីថលឱ្យក្លាយជាប្រព័ន្ធពាណិជ្ជកម្មតែមួយដែលមានប្រសិទ្ធភាព ៥) សម្រួលការលក់ឆ្លងកាត់ព្រំដែនសម្រាប់សហគ្រាសកម្ពុជា ៦) ធានាថាឱកាសឌីជីថលក្លាយជាឱកាសសេដ្ឋកិច្ចសម្រាប់មនុស្សគ្រប់រូប និងទី៧) បង្កើតភាពជាដៃគូដែលនាំទៅរកលទ្ធផលជាក់ស្តែង និងអាចវាស់វែងបាន។

សូមបញ្ជាក់ផងដែរថា វេទិកានេះមានកម្មវិធីសំខាន់ៗជាច្រើនក្នុងរយៈពេល៣ថ្ងៃ រួមមាន៖ កិច្ចសន្ទនាថ្នាក់ដឹកនាំជាន់ខ្ពស់ កម្មវិធី Hackathon កម្មវិធី TEDxPhnomPenh Salon កម្មវិធី Women in Digital Trade កម្មវិធីជជែកដេញដោលយុវជន ពិព័រណ៍ផលិតផលខ្មែរ និងការប្រគំតន្ត្រី ដោយកម្មវិធីទាំងនេះមានគោលបំណងផ្សារភ្ជាប់កិច្ចពិភាក្សាផ្នែកគោលនយោបាយទៅនឹងការអនុវត្ត ការបណ្តុះបណ្តាល ការសាកល្បងបច្ចេកវិទ្យា ការតភ្ជាប់ធុរកិច្ច និងការបង្កើតឱកាសទីផ្សារជាក់ស្តែង ៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា