ក្រសួង​ពាណិជ្ជកម្ម​​ កំពុងសហការជាមួយស្ថាប័នដៃគូជាតិ-អន្តរជាតិ ដើម្បីពង្រីកទីផ្សារ​ផលិតផល​ស្វាយចន្ទី និងម្រេច​ទៅក្រៅប្រទេសឱ្យកាន់តែទូលាយ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួង​ពាណិជ្ជកម្ម​​ កំពុងសហការជាមួយស្ថាប័នដៃគូជាតិ-អន្តរជាតិ ដើម្បីពង្រីកទីផ្សារ​ផលិតផល​ស្វាយចន្ទី និងម្រេច​ទៅក្រៅប្រទេសឱ្យកាន់តែទូលាយ​

ក្រសួង​ពាណិជ្ជកម្ម​​ កំពុងសហការជាមួយស្ថាប័នដៃគូជាតិ-អន្តរជាតិ ដើម្បីពង្រីកទីផ្សារ​ផលិតផល​ស្វាយចន្ទី និងម្រេច​ទៅក្រៅប្រទេសឱ្យកាន់តែទូលាយ​

ភ្នំពេញ ៖ ក្រសួង​ពាណិជ្ជកម្ម​បានបង្ហាញពីកិច្ចខិតខំ និងតាំងចិត្តប្ដេជ្ញា​ក្នុងកិច្ច​សហការ​ជាមួយ​ក្រសួង ស្ថាប័ន ក៏ដូចជាដៃគូពាក់ព័ន្ធផ្សេងទៀត ដើម្បី​សម្រួលពាណិជ្ជកម្ម​ ពង្រីក​ទីផ្សារ​សម្រាប់ការនាំចេញផលិតផល​ខ្មែរ​ឱ្យកាន់តែទូលាយនៅលើឆាកអន្តរជាតិ។ ការ​បញ្ជាក់បែបនេះ​នៅក្នុងឱកាស​ចូលរួមជាអធិបតីនៃពិធីប្រកាសបើកវេទិកា​ពាណិជ្ជកម្ម​ស្វាយ​ចន្ទី និង​​ម្រេច​កម្ពុជា ឆ្នាំ២០២៦ ដែលធ្វើឡើងនៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ​ថ្ងៃទី​១០ និង​ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ។

​លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ បានលើកឡើងថា តាមរយៈកិច្ច​ខិតខំប្រឹង​ប្រែងជំរុញ និងសម្របសម្រួល​របស់ក្រសួងពាណិជ្ជកម្ម​កម្ពុជានាពេលកន្លងមកនេះ ជាលទ្ធផល ផលិតផល​កសិកម្ម​កែច្នៃរបស់​កម្ពុជា​ រួម​ទាំង​គ្រាប់ស្វាយ​ចន្ទី និងម្រេចផងដែរនោះ បច្ចុប្បន្ន​ បាន និងកំពុង​មានវត្តមាន​ដាក់លក់​នៅតាមផ្សារអន្តរជាតិ​ប្រមាណ ២ ៣០០០​ទីតាំងរួចមកហើយ​ ។​

លោកជំទាវរដ្ឋមន្ត្រី ក៏បានលើកឡើងពីលក្ខណៈពិសេសនៃផលិតផលកម្ពុជា ដោយគ្រាប់ស្វាយចន្ទីកម្ពុជាមានទំហំធំ និងរសជាតិខ្ទិះឆ្ងាញ់ជាប់មាត់ ខណៈម្រេចកំពតត្រូវបានចុងភៅលំដាប់កំពូលៗជ្រើសរើសជាគ្រឿងទេសសម្រាប់ចម្អិនម្ហូបនៅតាមភោជនីយដ្ឋានដ៏ប្រណីតជុំវិញពិភពលោក។

ជាមួយគ្នានេះ ដើម្បីបន្តលើកកម្ពស់ភាពប្រកួតប្រជែងនៃវិស័យស្វាយចន្ទី និងម្រេចកម្ពុជា ក៏ដូចជា​ផលិតផល​ផ្សេងទៀត លោកជំទាវរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម​ បានផ្តល់អនុសាសន៍សំខាន់ៗ រួមមាន៖ ការបង្កើនសមត្ថភាពកែច្នៃ និងវេចខ្ចប់ក្នុងស្រុក ការពង្រឹងគុណភាព និងការអនុវត្តតាមស្តង់ដា និងលក្ខខណ្ឌតម្រូវរបស់ទីផ្សារអន្តរជាតិ ការទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម ការពង្រីកប្រព័ន្ធតាមដានប្រភពដើមឌីជីថល ការបង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទាន និងទុនបង្វិល ការលើកកម្ពស់ម៉ាកសញ្ញា និងអត្តសញ្ញាណផលិតផលកម្ពុជា ព្រមទាំងការកសាងទំនាក់ទំនងពាណិជ្ជកម្មដោយផ្ទាល់ ដែលឈរលើទំនុកចិត្ត តម្លាភាព និងផលប្រយោជន៍ទៅវិញទៅមក ។

សូមជម្រាបដែរថា សម្រាប់វេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេចកម្ពុជា ឆ្នាំ២០២៦ ក្រោមមូលបទ «ពីកម្ពុជាទៅកាន់ពិភពលោក៖ ការធ្វើពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប»​ ធ្វើឡើងរយៈពេល ២ថ្ងៃ (១០-១១ ខែវិច្ឆិកា) នៅសណ្ឋាគារសូហ្វីតែល ភូគីត្រា ភ្នំពេញ ក្នុងគោលបំណងតភ្ជាប់អ្នកផលិត និងអ្នកនាំចេញកម្ពុជា ជាមួយអ្នកទិញ និងវិនិយោគិនអឺរ៉ុប ដើម្បីបង្កើតឱកាសនាំចេញផលិតផលដែលមានតម្លៃបន្ថែមខ្ពស់ ទាក់ទាញការវិនិយោគ និងការផ្ទេរបច្ចេកវិទ្យា ព្រមទាំងពង្រឹងខ្សែច្រវាក់តម្លៃក្នុងស្រុក៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា