ក្រសួងការងារ ចាប់ដៃគ្នាជាមួយវិស័យឯកជន លើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ និងសេវាការងារដល់សាធារណជន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងការងារ ចាប់ដៃគ្នាជាមួយវិស័យឯកជន លើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ និងសេវាការងារដល់សាធារណជន

ក្រសួងការងារ ចាប់ដៃគ្នាជាមួយវិស័យឯកជន លើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ និងសេវាការងារដល់សាធារណជន

ភ្នំពេញ ៖ ក្នុងគោលបំណងចម្បងជំរុញ និងលើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងទីផ្សារការងារ ក៏ដូចជាសេវាការងារទៅកាន់សាធារណៈជនឱ្យកាន់តែទូលំទូលាយ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការគ្នាជាមួយវិស័យឯកជន តាមរយៈក្រុមហ៊ុនប្រតិបត្តិករសេវាកម្មដឹកជញ្ជូនចំនួន ៦ ក្រោមកិច្ចចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) នាព្រឹកថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២៦ ដែលមានវត្តមាន ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាអធិបតី។

ឯកឧត្តម ហេង សួ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះថ្នាក់ដឹកនាំនៃក្រុមហ៊ុនទាំង ៦ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះការសម្រេចបាននូវការបង្កើតកិច្ចសហការរួមគ្នានាពេលនេះ ដែលកើតចេញពីទំនាក់ទំនងល្អ និងការជឿទុកចិត្តគ្នាទៅវិញទៅមក។ ការបង្កើតភាពជាដៃគូនេះ គឺជាកិត្តិយស និងការបើកទំព័រថ្មីនៃកិច្ចសហការជាផ្លូវការជាមួយគ្នា ដើម្បីធ្វើយ៉ាងណាឱ្យវិស័យដឹកជញ្ជូន សេវាផ្គត់ផ្គង់ទំនិញផ្សេងៗរបស់ក្រុមហ៊ុនកាន់តែរលូន ព្រមទាំងផ្ដល់ឱកាសឱ្យក្រសួងពង្រីកការផ្សព្វផ្សាយសេវាការងារ និងព័ត៌មានទីផ្សារការងារឱ្យកាន់តែទូលំទូលាយដល់យុវជន អតីតពលករ និងប្រជាពលរដ្ឋទូទៅផងដែរ។



លើសពីនេះ កិច្ចចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ក៏ជាការវិនិយោគសង្គមបែបយុទ្ធសាស្ត្រមួយក្នុងការបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការរវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ដើម្បីរួមគ្នាលើកកម្ពស់យន្តការផ្តល់សេវាការងារ ព័ត៌មានទីផ្សារការងារ កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងរបបសន្តិសុខសង្គម ដែលជាកម្លាំងចលករដ៏សំខាន់ក្នុងការអភិវឌ្ឍទីផ្សារការងារ និងសេដ្ឋកិច្ចឌីជីថលនៅកម្ពុជាប្រកបដោយបរិយាបន្ន និងចីរភាព។ ទន្ទឹមនេះ បុគ្គលិកក្រុមហ៊ុន និងអ្នកបើកបរ ក៏មានឱកាសចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ តាមរយៈកម្មវិធី TVET ១,៥ លាន ដោយឥតគិតថ្លៃ និងមានភាពបត់បែន ជាពិសេស បងប្អូនអ្នករត់ម៉ូតូកង់បី។ ពួកគាត់អាចយកម៉ូតូទៅកែច្នៃដាក់សម្ភារៈជួសជុលគ្រឿងអគ្គិសនី បរិក្ខារត្រជាក់ និងជណ្តើរយន្តជាដើម ដើម្បីរកចំណូលបន្ថែម។



ជាមួយគ្នានេះ ខណៈពេលដែលការប្រកបមុខរបរនេះជាវិស័យថ្មីនៅកម្ពុជា ឯកឧត្តមរដ្ឋមន្រ្តីក៏បានផ្តល់អនុសាសន៍ឱ្យក្រុមហ៊ុនទាំង ៦ ឬក្រុមហ៊ុនផ្សេងៗទៀតពិចារណាក្នុងការចងក្រងជាសមាគមរួមសំឡេងតែមួយ ដើម្បីដោះស្រាយបញ្ហាប្រឈម កំណត់ក្របខ័ណ្ឌក្នុងការប្រកបអាជីវកម្ម និងទំហំទីផ្សារ ក៏ដូចជាសម្រាប់លើកជាសំណូមពររួមដាក់ជូនក្រសួងពាក់ព័ន្ធក្នុងកិច្ចការពារផលប្រយោជន៍រួម។ ឯកឧត្តមក៏បានសម្តែងនូវការជឿជាក់យ៉ាងមុតមាំថា កិច្ចសហការនេះនឹងដំណើរការយ៉ាងរលូន ហើយឯកឧត្តមត្រៀមខ្លួនជានិច្ចក្នុងការផ្តល់ការគាំទ្របន្ថែម ដើម្បីឱ្យទទួលបានជោគជ័យក្នុងការអនុវត្ត។

សូមជម្រាបថា គំនិតផ្តួចផ្តើមចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុនដឹកជញ្ជូនទាំង៦ រួមមាន ក្រុមហ៊ុន (ហ្គ្រេប) ខេមបូឌា ឯ.ក, ក្រុមហ៊ុន អិមវីអិល តាដា (ខេមបូឌា) ឯ.ក, ក្រុមហ៊ុន LM Car Co., Ltd., ក្រុមហ៊ុន ផាសអ៊ែប ថេកណឡជី ឯ.ក, ក្រុមហ៊ុន ឌីលីវើរី ហេរ៉ូ (ខេមបូឌា) ឯ.ក និងក្រុមហ៊ុន អ៊ី-ហ្គេត ថេកណឡជី ឯ.ក ធ្វើឡើងដើម្បីបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការជាមួយគ្នាក្នុងទិសដៅលើកកម្ពស់ការផ្សព្វផ្សាយ ជួយសម្រួលដល់ការផ្តល់ព័ត៌មានការងារ និងសេវាការងារ រួមទាំងប្រព័ន្ធទូរស័ព្ទទាន់ហេតុការណ៍ ១២៩៧ ព្រមទាំងគំនិតផ្តួចផ្តើមពាក់ព័ន្ធនឹងការងារ និងការអភិវឌ្ឍជំនាញ៕

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា