ក្រសួងដែនដី នឹងរៀបចំទីប្រជុំជនស្រុកកំពង់សិលា ធ្វើជាគំរូក្នុងការរៀបចំទីប្រជុំជននៅទូទាំងប្រទេស | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងដែនដី នឹងរៀបចំទីប្រជុំជនស្រុកកំពង់សិលា ធ្វើជាគំរូក្នុងការរៀបចំទីប្រជុំជននៅទូទាំងប្រទេស

ក្រសួងដែនដី នឹងរៀបចំទីប្រជុំជនស្រុកកំពង់សិលា ធ្វើជាគំរូក្នុងការរៀបចំទីប្រជុំជននៅទូទាំងប្រទេស

ព្រះសីហនុ ៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងយកការរៀបចំទីប្រជុំជនស្រុកកំពង់សិលា ខេត្តព្រះសីហនុ មកធ្វើជាគំរូក្នុងការរៀបចំទីប្រជុំជននៅទូទាំងប្រទេស ដោយផ្ដើមពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងការបង្កើតចំណូលជូនដល់ប្រជាពលរដ្ឋនៅក្នុងស្រុកកំពង់សិលានេះ ។

Advertisement

ក្នុងវេទិកាសាធារណៈពិគ្រោះយោបល់លើគម្រោងកែលម្អទីប្រជុំជនស្រុកកំពង់សិលា ខេត្តព្រះសីហនុ ដោយមានការចូលរួមពីប្រធានក្រុមការងារចុះជួយស្រុកកំពង់សិលា អភិបាលខេត្តព្រះសីហនុ គណៈអភិបាលស្រុក និងប្រជាពលរដ្ឋនៅស្រុកកំពង់សិលា នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ថា កិច្ចការមួយដែលយើងគ្រោងធ្វើសម្រាប់ស្រុកកំពង់សិលានេះ គឺរៀបចំទីប្រជុំជនឱ្យបានស្អាតបាត ។

ឯកឧត្តម សាយ សំអាល់ បានលើកឡើងថា សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តែងជំរុញលើកទឹកចិត្តឱ្យយើងរៀបចំស្រុកទេសឲ្យបានរៀបរយ និងស្អាតបាត។ ដូច្នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល បានសាកល្បងយកស្រុកកំពង់សិលាមកធ្វើជាគំរូសម្រាប់ការរៀបចំទីប្រជុំជននៅទូទាំងប្រទេស ក្នុងនោះ មានការរៀបចំកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដើម្បីឆ្លើយតបនឹងតម្រូវការប្រើប្រាស់ ដោយគិតគូរពីសុវត្ថិភាពនិងគុណភាពជីវិតរបស់ប្រជាពលរដ្ឋដែលរស់នៅសងខាងផ្លូវ។ ជាមួយនេះ សាលារៀនដែលជាកន្លែងបណ្ដុះធនធានមនុស្ស និងមណ្ឌលសុខភាពក៏ត្រូវរៀបចំឱ្យបានរៀបរយដែរ ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា មានកត្តាបីដែលធ្វើឱ្យជីវភាពប្រជាជនល្អប្រសើរ គឺការគ្រប់គ្រងចំណូលប្រចាំថ្ងៃឱ្យបានល្អ មានប្រាក់សន្សំ និងកាត់បន្ថយបំណុលគ្រួសារ។ ដូច្នេះ ក្រុមការងារត្រូវគិតគូរអំពីប្រាក់ចំណូល និងបំណុលរបស់ប្រជាពលរដ្ឋ ត្រូវពិគ្រោះយោបល់ ដើម្បីរកដំណោះស្រាយប្រកបដោយភាពនវានុវត្ត ជូនអ្នកដែលជាប់បំណុលខ្ពស់ផងដែរ។ ជាពិសេស ក្រុមការងារត្រូវយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតខ្លាំងនៅក្នុងមូលដ្ឋាន ព្រមទាំងបញ្ហាសុខភាពសាធារណៈរបស់ពួកគាត់។

សូមជម្រាបជូនថា នៅក្នុងវេទិកាសាធារណៈនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានធ្វើបទបង្ហាញអំពីទិន្នន័យនៃការប្រើប្រាស់ដីនៅក្នុងទូទាំងស្រុកកំពង់សិលា ក្នុងនោះមានផ្ទៃដីកសិកម្ម និងអាស្រ័យផល ព្រមទាំងតំបន់ឧស្សាហកម្ម និងរោងចក្រជាដើម។ ក្រសួងក៏បានបង្ហាញផងដែរពីចំណូលរបស់ប្រជាពលរដ្ឋនៅក្នុងស្រុកកំពង់សិលា និងហេដ្ឋារចនាសម្ព័ន្ធដែលត្រូវធ្វើ ដោយផ្តោតលើភាពចាំបាច់ អាទិភាព ប្រសិទ្ធភាព និងការថែទាំតិចតួច៕

អត្ថបទ៖ វណ្ណលុក
រូប៖ គ្រី សម្បត្តិ

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា