ក្រសួងរៀបចំដែនលើកកម្ពស់វប្បធម៌សន្ទនាជាមួយសង្គមស៊ីវិល និងតួអង្គពាក់ព័ន្ធ ​ដើម្បី​ដោះស្រាយបញ្ហាប្រឈម | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងរៀបចំដែនលើកកម្ពស់វប្បធម៌សន្ទនាជាមួយសង្គមស៊ីវិល និងតួអង្គពាក់ព័ន្ធ ​ដើម្បី​ដោះស្រាយបញ្ហាប្រឈម

ក្រសួងរៀបចំដែនលើកកម្ពស់វប្បធម៌សន្ទនាជាមួយសង្គមស៊ីវិល និងតួអង្គពាក់ព័ន្ធ ​ដើម្បី​ដោះស្រាយបញ្ហាប្រឈម

ភ្នំពេញ ៖ ក្នុងក្របខ័ណ្ឌនៃវប្បធម៌សន្ទនា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិមួយស្ដីពី «គោលនយោបាយសន្តិសុខសិទ្ធិកាន់កាប់ដីធ្លី ជលផល ព្រៃឈើ និងបរិស្ថាននៅកម្ពុជា» នៅទីស្ដីការក្រសួង កាលពីព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ដោយមានការចូលរួមពីតំណាង​អង្គការសង្គមស៊ីវិល និងតួអង្គពាក់ព័ន្ធនានា ជាពិសេសតំណាងបងប្អូនជនជាតិដើមភាគតិច ដើម្បី​ពិភាក្សាស្វែងរកដំណោះស្រាយរួមលើបញ្ហាប្រឈមនានា ក្នុងស្មារតីកសាងកម្ពុជាឱ្យទៅជាភូមិឋានក្សេមក្សាន្ត។
 
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាត់ទុកសិក្ខាសាលានេះថា មានសារៈសំខាន់ និងជាវេទិកាវប្បធម៌សន្ទនាដ៏ល្អរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ក្នុងការពិគ្រោះយោបល់ និងស្វែងរកដំណោះស្រាយ​ ដើម្បីរួមចំណែកកសាងគោលនយោបាយជាឧត្តមប្រយោជន៍សម្រាប់ជាតិ និងប្រជាជនកម្ពុជា។ វប្បធម៌សន្ទនា និងកិច្ចសហការជាមួយអង្គការសង្គមស៊ីវិល គឺជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពក្នុងការដោះស្រាយបញ្ហារួម និងជួយពង្រឹងខឿនសេដ្ឋកិច្ចជាតិ ព្រមទាំងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងជាបន្តបន្ទាប់។

Advertisement

បច្ចុប្បន្ន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កំពុងអនុវត្តគោលនយោបាយចុះបញ្ជីដីធ្លីបង្ហើយ និងជំរុញរៀបចំយន្តការថ្មីៗបន្ថែមទៀត ដើម្បីពន្លឿនការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសឱ្យបានរួចរាល់ក្នុងពេលឆាប់ៗខាងមុខ។ ជាមួយគ្នានេះ ដើម្បីសម្រេចកិច្ចការនេះ ក្រសួងបានដាក់ចេញយុទ្ធសាស្ត្រសំខាន់ៗ រួមមាន៖ បញ្ចេញបណ្ណកម្មសិទ្ធិទាំងអស់ដែលកំពុងស្ថិតក្នុងដៃរបស់ក្រសួង, ពន្លឿនការវាស់វែងដីធ្លីសេសសល់ និងជំរុញការចេញបណ្ណកម្មសិទ្ធិឱ្យ​បានឆាប់រហ័សម្រាប់ដីដែលបានវាស់វែង និងមានសុវត្ថិភាពច្បាស់លាស់រួចហើយ។
 
ដីដែលត្រូវចេញបណ្ណទាំងនេះ រួមមានទាំងដីឯកជន និងដីរដ្ឋ ដូចជា ដីរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងដីសមូហភាពរបស់បងប្អូនជនជាតិដើមភាគតិច និងដីសហគមន៍ ដែលក្រសួងកំពុងពន្លឿនដំណើរការចាត់ចែងចេញបណ្ណជាបន្តបន្ទាប់។ ដោយឡែក ពាក់ព័ន្ធនឹងបញ្ហាជម្លោះដីធ្លី ក្រសួងបានដោះស្រាយបញ្ចប់ជាច្រើនករណីរួចមកហើយ ហើយបច្ចុប្បន្ននៅសល់តិចជាង ៥០ករណីប៉ុណ្ណោះ ដែលក្រសួងនឹងបន្តខិតខំដោះស្រាយឱ្យបានជាបន្តបន្ទាប់។
 
ឯកឧត្តម សាយ សំអាល់ ក៏បានថ្លែងអំណរគុណដល់អង្គការសង្គមស៊ីវិល ដែលបានចូលរួមក្នុងសិក្ខាសាលា និងលើកឡើងនូវបញ្ហាប្រឈមនានា ដើម្បីរួមគ្នាស្វែងរកដំណោះស្រាយ។ ការលើកឡើងទាំងនេះ មិនមែនជាការបន្ទោស ឬដាក់បន្ទុកលើរាជរដ្ឋាភិបាលនោះទេ ប៉ុន្តែជាការចូលរួមបំពេញបន្ថែម និងរួមគ្នាកែលម្អចំណុចខ្វះខាតកន្លងមក។
 
សម្រាប់ទិសដៅទៅមុខ ក្រសួងនឹងបន្តបើកវេទិកាដោយមានការចូលរួមពីសហគមន៍នានាទូទាំងប្រទេស ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ និងចែករំលែកគំរូជោគជ័យក្នុងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ដូចជាសហគមន៍ត្រពាំងសង្កែជាដើម ដែលអាចក្លាយជាគំរូសម្រាប់សហគមន៍ផ្សេងៗទៀត យកទៅអនុវត្តតាម ដើម្បីជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាសហគមន៍ឱ្យកាន់តែល្អប្រសើរ។
 
ចំពោះបញ្ហាសិទ្ធិ និងសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី​បានបញ្ជាក់ថា ក្រសួងនឹងបន្តដោះស្រាយ និងការពារសិទ្ធិស្របច្បាប់របស់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី ដែលផ្ដោតលើការធានាសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីស្របច្បាប់ និងមិនអនុញ្ញាតឱ្យមានការរំលោភបំពានលើសិទ្ធិរបស់ប្រជាពលរដ្ឋនោះឡើយ៕

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា