ចលនា​គាំទ្រ​ផលិតផល​ក្នុង​ស្រុក​ ​ជួយ​ដល់​សហគ្រាស​បង្កើន​ការ​ផលិត​ និង​ឈរជើង​​រឹងមាំ​នៅលើ​ទីផ្សារ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចលនា​គាំទ្រ​ផលិតផល​ក្នុង​ស្រុក​ ​ជួយ​ដល់​សហគ្រាស​បង្កើន​ការ​ផលិត​ និង​ឈរជើង​​រឹងមាំ​នៅលើ​ទីផ្សារ​

ចលនា​គាំទ្រ​ផលិតផល​ក្នុង​ស្រុក​ ​ជួយ​ដល់​សហគ្រាស​បង្កើន​ការ​ផលិត​ និង​ឈរជើង​​រឹងមាំ​នៅលើ​ទីផ្សារ​

​ស្រប​ពេល​ដែល​ពលរដ្ឋ​ខ្មែរ​ ងាក​មក​គាំទ្រ​ផលិតផល​ក្នុង​ស្រុក​ ​ចលនានេះ បាន​ក្លាយជា​ចលករ​ដ៏​សំខាន់​ក្នុង​ការ​បង្កើត​ឱកាស​ដល់​សហគ្រាស​ក្នុង​ស្រុក​ ​ដើម្បីពង្រីក និងពង្រឹងអាជីវកម្ម​ឱ្យ​ឈរ​រឹងមាំ​នៅលើ​ទីផ្សារ​ ប៉ុន្តែ​ទន្ទឹម​នឹង​នោះ ​ក៏​នៅ​មាន​បញ្ហា​ប្រឈម​ជាច្រើន​ដែល​ត្រូវ​ដោះស្រាយ ផងដែរ​។

Advertisement

​លោកស្រី​ ​នុត ​សម្ជស្ស ​អគ្គ​នាយិកា​ក្រុមហ៊ុន​ ​អិល ​អេស ​វី ​(​LSV​) ​ដែល​ជា​ក្រុមហ៊ុន​ផលិត​សាប៊ូ​ស្ពៃ ​(​Empress​) ​បាន​ថ្លែង​ថា​ ​ក្រោយពលរដ្ឋ​កម្ពុជា​ធ្វើ​ពហិការ​ផលិតផល​នាំចូល​ពី​ប្រទេស​ថៃ​ និង​ងាក​មក​គាំទ្រ​ផលិតផល​កម្ពុជា​វិញ​នោះ​ ​បាន​ក្លាយជា​ចលករ​យ៉ាង​សំខាន់​ ​ក្នុង​ការ​ជំរុញ​ទៅដល់​សហគ្រាស​ក្នុង​ស្រុក​ដើម្បី​ពង្រីក​អាជីវកម្ម​ខ្លួន​ ​ឱ្យ​ឈរជើង​កាន់តែ​រឹងមាំ​នៅលើ​ទីផ្សារ​។​

​លោកស្រី​ ​បាន​បន្ត​ថា​ ​នេះ​គឺជា​ការ​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ផ្តល់​ការងារ​ដល់​ពលរដ្ឋ​ ​គាំទ្រ​ផលិតផល​កសិកម្ម​របស់​កសិករ​ក្នុង​ស្រុក​ ក៍​ដូចជា​ការ​ចូលរួម​លើកកម្ពស់​សេដ្ឋកិច្ច​ឱ្យ​កាន់តែ​រឹងមាំ​។

​តែ​យ៉ាងណា​ក៏ដោយ​ ​លោកស្រី​ ​នុត ​សម្ជស្ស ​បាន​ឱ្យដឹង​ទៀត​ថា​ ​ទោះជា​ដូច្នេះ​ក្តី​ប៉ុន្តែ​ថ្មី​ៗ​នេះ​មាន​ការ​ក្លែងបន្លំ​ម៉ាក​សញ្ញាសាប៊ូ ​(​Empress​) ​នៃ​សហគ្រាស​របស់​លោកស្រី​ ​ដែល​ត្រូវបាន​មន្ត្រី​ជំនាញ​នៃ​អគ្គ​នាយកដ្ឋាន​កិច្ចការពារ​អ្នកប្រើប្រាស់​ និង​ការ​ប្រកួតប្រជែង​(​ក.​ប.​ប) ​បាន​ធ្វើ​ការ​អន្តរាគមន៍​ចាប់ខ្លួន​ជន​ក្លែង​បន្លំ​ម៉ាក​សញ្ញា​ឱ្យ​ទទួលទោស​តាម​ច្បាប់​។​

​លោកស្រី​បញ្ជាក់​ថា​ ​ការ​ក្លែង​ម៉ាក​សញ្ញា​នេះ​ ​បាន​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ទៅដល់​សហគ្រាស​ដែល​កំពុង​លូតលាស់​ថ្មី​មួយ​នេះ​ ​ខណៈ​ដែល​ផលិតផល​ក្លែងបន្លំ​ម៉ាក​សញ្ញា​ ​ត្រូវបាន​ចរាចរណ៍​ព្រោងព្រាត​លើ​ទីផ្សារ​កម្ពុជា​។​

​លោកស្រី​ ​បាន​និយាយ​ថា៖​

​“​ក្រៅពី​ខ្ញុំ​ជា​ម្ចាស់​សហគ្រាស​ នៅ​មាន​បងប្អូន​អាជីវករ​លក់ដូរ​ ​និង​អ្នកប្រើប្រាស់​ជា​ជនរងគ្រោះ​ត្រូវ​រង​ផលប៉ះពាល់​ ​ពិសេស​ប៉ះពាល់​ទៅដល់​កសិករ​ផ្គត់ផ្គង់​ស្ពៃ​ ​និង​បុគ្គលិក​ដែល​ធ្វើការ​នៅក្នុង​សហគ្រាស​នេះ​ផ្ទាល់​តែម្តង​។​”

​ករណី​នេះ​លោកស្រី​ ​ក៏​បាន​អំពាវនាវ ​ទៅដល់​មន្ត្រី​ជំនាញ​សមត្ថកិច្ច​ ត្រូវ​បោសសម្អាត​ក្រុម​ឈ្មួញ​ខិល​ខូច​នេះ​ឱ្យ​អស់​ពី​កម្ពុជា​ជៀសវាង​ការ​ក្លែងបន្លំ​ម៉ាក​សញ្ញា ​ធ្វើឱ្យ​ប៉ះពាល់​កេរ្តិ៍ឈ្មោះ​កិត្តិយស ​នៃ​ផលិតផល​ក្នុង​ស្រុក​ដូច្នេះ​ទៀត​។

​មួយវិញ​ទៀត​ ​ឧកញ៉ា​បណ្ឌិត​ ​កែវ​ ​មុំ​ ​ប្រធាន​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា​ ​បាន​ថ្លែង​ឱ្យដឹង​ដែរ​ថា​ ​ក្រោយពី​កម្ពុជា​ផ្អាក​ការ​នាំចូល​ផលិតផល​ពី​ប្រទេស​ថៃ​ មាន​ផលិតផល​ចំណីអាហារ​ផ្សេង​ៗ​ជាច្រើន​ ​ដែល​អាច​ប្រកួតប្រជែង ​ជាមួយ​ផលិតផល​នាំចូល​បាន​ ​ទាំង​គុណភាព​ និង​រសជាតិ​ ​ប៉ុន្តែ​អ្វី​ដែល​មិន​អាច​ប្រកួតប្រជែង​បាន​នោះ​គឺ​តម្លៃ​។

​ឧកញ៉ា​បណ្ឌិត​ ​បញ្ជាក់​ថា​ ​ជាធម្មតា​នៅ​ពេល​ដែល​ការ​ផលិត​មាន​ចំនួន​តិច​សហគ្រាស​ត្រូវ​ចំណាយ​ថ្លៃ​ដើម​ខ្ពស់​ ​នៅពេល​សហគ្រាស​ផលិត​បាន​ច្រើន​សហគ្រាស​ត្រូវ​ចំណាយ​ថ្លៃ​ដើម​ទាប​។ ​ឧកញ៉ា​បណ្ឌិត​ ​បាន​បញ្ជាក់​ដូច្នេះថា​៖​

​”​អ្វី​ដែល​មិន​អាច​ប្រកួតប្រជែង​បាន​នោះ​គឺ​ទៅ​លើ​តម្លៃ​ តម្លៃ​ថ្លៃ​ដើម​នឹង​យើង​ផលិត​បាន​តិច​ ថ្លៃ​ដើម​យើង​ខ្ពស់​ ​ហើយ​គេ​ផលិត​បាន​ច្រើន​ថ្លៃ​ដើម​ផលិត​គេ​ទាប ​ហើយ​នាំចូល​មក​បង់​ពន្ធ​មិន​ពេញ​លក្ខណៈ​ទៀត​ ​ចឹង​ធ្វើឱ្យ​តម្លៃ​លក់​នៅលើ​ទីផ្សារ​ទាប​ជាង​ផលិតផល​របស់​ខ្មែរ​យើង​ ​ដែល​ធ្វើឱ្យ​ផលិតផល​របស់​ខ្មែរ​មិន​អាច​ប្រកួតប្រជែង​ ​នៅលើ​ទីផ្សារ​របស់​ខ្លួន​បាន​។​”​

ករណី​នេះ​ លោកស្រី​ទទូច​ស្នើសុំ​ទៅដល់​រដ្ឋាភិបាល​ត្រូវ​គ្រប់គ្រង​ឱ្យ​បាន​នូវ​បរិមាណ​នាំចូល​ពិតប្រាកដ​ ​បង់​ពន្ឋ​ឱ្យ​បាន​ពេញលេញ​ ​ដើម្បី​ជួយ​ដល់​ឧស្សាហកម្ម​ក្នុង​ស្រុក​បាន​ដំណើរការ​ល្អ​និង​ជោគជ័យ​ ​ដើម្បីឱ្យ​ចរន្ត​សេដ្ឋកិច្ច​កម្ពុជា​មាន​សន្ទុះ​កាន់តែ​ខ្លាំង​ឡើង​។

​លោក​បណ្ឌិត​ ញិល ​រដ្ឋា ​អ្នកជំនាញ​ភូមិសាស្រ្ត​នយោបាយ​ ​និង​សេដ្ឋកិច្ច​អន្តរជាតិ​ ​បាន​ថ្លែង​ថា​ ​ផ្អែក​លើ​ទិន្នន័យ​សេដ្ឋកិច្ច​ ​និង​បរិបទ​ម៉ាក្រូ​សេដ្ឋកិច្ច​ពី​ឆ្នាំ​ ​២០២២​ ​ដល់​ ​២០២៥​ ​(​រួមទាំង​ផល​ទុន​ ​GDP​ ​Nominal​ ​៥១.២៧​ ប៊ីលាន​ដុល្លារ​ និង​កំណើន​ ​HDI​ ​ដល់​ ​០.៦០៦​) ​SME​ ​ពិតជា​ «​សរសរស្តម្ភ​» ​នៃ​ភាព​ធន់​សេដ្ឋកិច្ច​ជាតិ​កម្ពុជា​យ៉ាង​ពិតប្រាកដ​។

​លោក​បណ្ឌិត​ ​បន្ត​ថា​ ​ថ្វីបើ​វិស័យ​នេះ​បាន​ជួបប្រទះ​នូវ​បញ្ហា​ប្រឈម​ជាច្រើន​ ​ដូចជា​ ​ការ​បិទ​ទ្វារ​សហគ្រាស​មួយចំនួន​ដោយសារ​ថ្លៃ​ដើម​ផលិតកម្ម​ខ្ពស់​ ​អត្រា​បដិសេធ​ឥណទាន​ ពី​ធនាគារ​ ការ​ប្រកួតប្រជែង​ទំនិញ​នាំចូល​ពី​ប្រទេស​ជិតខាង​ (​ដូចជា​ថៃ​) ​និង​សម្ពាធ​ភូមិសាស្ត្រ​នយោបាយ​សកល ​ក៏​វិស័យ​ ​SME​ ​ជួយ​ទ្រទ្រង់​កម្លាំង​ពលកម្ម​ផ្លូវការ​ជិត​ ​៥០​ ម៉ឺន​នាក់​ និង​រុញ​ច្រាន​អាជីវកម្ម​ក្រៅ​ប្រព័ន្ធ​រាប់​សែន​ឱ្យ​ចូលក្នុង​ប្រព័ន្ធ​ផ្លូវការ​។

​លោក​បណ្ឌិត​ ញិល ​រដ្ឋា ​បាន​ឱ្យដឹង​ទៀត​ថា​ ​ការ​ប្រកាស​កែទម្រង់​ជា​ប្រវត្តិសាស្ត្រ​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ខែកក្កដា ​ឆ្នាំ​ ​២០២៦​ ​លើ​ការ​លុបបំបាត់​រនាំង​រដ្ឋបាល​ស្មុគស្មាញ​ ​និង​ការ​ដាក់​ឱ្យ​ប្រើប្រាស់​ «​ប្រព័ន្ធ​ចុះបញ្ជី​តាម​ច្រក​ឌីជីថល​តែ​មួយ​ ​(​Single​-​Window​ ​Online​ ​Registration​)​» ​ព្រមទាំង​ការ​ទម្លាក់​កញ្ចប់​ហិរញ្ញវត្ថុ​ ​ការ​ការពារ​ទីផ្សារ​ពី​ទំនិញ​គេច​ពន្ធ​ ​និង​ការ​រៀបចំ​យុទ្ធសាស្ត្រ​ ​AI​ ​ជាតិ​ ​គឺជា​កាតាលីករ​ដ៏​សំខាន់​។​

​លោក​បណ្ឌិត​ ​ថា​៖​

“​ប្រសិនបើ​កម្ពុជា​បន្ត​អនុវត្ត​ ​ជម្រើស​យុទ្ធសាស្ត្រ​ទាំង​ ​៤​ ​(​ការ​ចុះបញ្ជី​លឿន​ +​ ​មជ្ឈមណ្ឌល​គាំទ្រ​ ​AI​/​ពន្ធ​ ​+ ​ឥណទាន​គ្មាន​ទ្រព្យ​បញ្ចាំ​ +​ ​ការពារ​ទីផ្សារ​ក្នុង​ស្រុក​) ​នោះ​ ​SME​ ​កម្ពុជា​នឹង​មិន​ត្រឹមតែ​មាន​ភាព​ធន់​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​នឹង​ក្លាយជា​ម៉ាស៊ីន​បូម​កំណើន​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​ និង​បរិយា​បន្ន​ជា​ប្រវត្តិសាស្ត្រ​។”

​​លោក​បណ្ឌិត បានបន្តថា ការ​កែទម្រង់​នីតិវិធី​រដ្ឋបាល​ជា​ជំហាន​ដំបូង​ដ៏​ល្អ​ ប៉ុន្តែ​ការ​ផ្គូរ​ផ្គង​រវាង​ «​បច្ចេកវិទ្យា​ ​+ ​ការ​ផ្លាស់ប្តូរ​ឥរិយាបថ​មន្ត្រី​ +​ ​កញ្ចប់​ហិរញ្ញវត្ថុ​» ​ទើប​ជា​សោរ​គ្រឹះ​រុញ​ច្រាន​ ​SME​ ​កម្ពុជា​ឱ្យ​រីកចម្រើន​មាំមួន​។

​ឆ្នាំ​ ​២០២៥​ ​(​ទិន្នន័យ​វិស័យ​ ​SME​ ​និង​សិប្បកម្ម​)​៖​ វិស័យ​ ​SME​ ​និង​សិប្បកម្ម​បាន​ពង្រីក​ខ្លួន​រហូតដល់​ ​៤៤,៧៩៥​ ​គ្រឹះស្ថាន​ផ្លូវការ​សកម្ម ​នៅ​ទូទាំង​ប្រទេស​។ ​ក្នុង​ឆ្នាំ​ ​២០២៥​ ​មាន​ការ​ចុះបញ្ជី​អាជីវកម្ម​ថ្មី​ចំនួន​ ​១,២៦២​ ​គ្រឹះស្ថាន ​ដែល​បង្កើត​ការងារ​ថ្មី​បាន​ចំនួន​ ​២៣,៥៩៧​ ​កន្លែង​។ ​ក្នុង​នោះ​ សហគ្រាស​ចំនួន​ ​៨,៦៧០​ ​ត្រូវបាន​គ្រប់គ្រង​ ​ឬ​ដឹកនាំ​ដោយ​ស្ត្រី​ ​ខណៈ​កម្លាំង​ពលកម្ម​សរុប​ដែល​ទ្រទ្រង់​ដោយ​វិស័យ​ ​SME​ ​និង​សិប្បកម្ម​ផ្លូវការ​មាន​រហូតដល់​ ​៤៩២,១៣១​ ​នាក់​។

​សូម​បញ្ជាក់​ថា​ ​កាលពី​ថ្ងៃទី​១៩​ ​ខែកក្កដា ​ឆ្នាំ​២០២៦​ កន្លងទៅ​ថ្មី​ៗ​សម្តេច​ធិបតី​ ហ៊ុន​ ​ម៉ាណែត ​នាយក​រដ្ឋមន្រ្តី​កម្ពុជា​ ​បាន​ប្រកាស​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​ផ្លូវការ ​ដោយ​ទទួលស្វាគមន៍​មតិ​យោបល់​ពលរដ្ឋ​ ​ក្នុង​ស្មារតី​ ​រួម​គិត​ ​រួម​ធ្វើ​ ​ដើម្បី​បានជា​ធាតុ​ចូល​បន្ថែម​ សម្រាប់​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​សហគ្រាស​ធុន​តូច​ និង​មធ្យម​(​SME​) ​ដោយ​ប្រគល់​ភារកិច្ច​នេះ​ជូន​ឯកឧត្តម​អគ្គ​បណ្ឌិត​សភាចារ្យ​ ​អូន​ ព័ន្ធ​មុន្នីរ័ត្ន ​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​ក្នុង​នាម​ជា​ប្រធាន​គណៈកម្មការ​នយោបាយ​សេដ្ឋកិច្ច​ ​ដឹកនាំ​ រៀបចំ​ ​គិតគូរ ​អំពី​ការ​ដាក់ចេញ​វិធានការ​ចាំបាច់​ ​និង​ជាបន្ទាន់​មួយចំនួន​បន្ថែម​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម ​ក៏​ដូចជា​ជំរុញ​លើកទឹកចិត្ត​ដល់​សហគ្រាស​ធុន​តូច​ និង​មធ្យម​ ​(​SME​) ​ដែល​ជា​ចលករ​យ៉ាង​សំខាន់​ក្នុង​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​ ​និង​បង្កើត​ការងារ​សម្រាប់​ប្រជាពលរដ្ឋ​៕

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

ជីវប្រវត្តិ: បញ្ចប់ថ្នាក់បរិញ្ញប័ត្រគ្រប់គ្រងពាណិជ្ជកម្ម។ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៧ឆ្នាំ រួមមានកាសែត វិទ្យុ ទស្សនាវដ្តី ទូរទស្សន៍ និងគេហទំព័រ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច នៅស្ថាប័នពត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា