ធនាគារជាតិ អំពាវនាវឱ្យសាធារណជនប្រុងប្រយ័ត្នចំពោះសេវាទូទាត់គ្មានអាជ្ញាបណ្ណ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ធនាគារជាតិ អំពាវនាវឱ្យសាធារណជនប្រុងប្រយ័ត្នចំពោះសេវាទូទាត់គ្មានអាជ្ញាបណ្ណ

ធនាគារជាតិ អំពាវនាវឱ្យសាធារណជនប្រុងប្រយ័ត្នចំពោះសេវាទូទាត់គ្មានអាជ្ញាបណ្ណ

​ភ្នំពេញ​៖​ ធនាគារ​ជាតិ​នៃ​កម្ពុជា​ ​(​NBC​) ​បាន​អំពាវនាវ​ឱ្យ​សាធារណជន​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់ ​មុននឹង​តភ្ជាប់​ ​ឬ​ចូល​ប្រើប្រាស់​សេវា​ទូទាត់​សង​ប្រាក់​ណាមួយ​ដែល​មិន​មាន​អាជ្ញាបណ្ណ​ច្បាស់លាស់ ​ដើម្បី​ចៀសវាង​ហានិភ័យ ​ឬ​ការ​ខាតបង់​ដែល​អាច​កើតមាន​ពី​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​។​

​ការ​អំពាវនាវ​នេះ​ធ្វើឡើង​នៅ​ថ្ងៃ​ទី​១១​ ​ខែ​កញ្ញា​ ​ឆ្នាំ​ ​២០២៦ ​បន្ទាប់ពី​ ​N​B​C ​បាន​ពិនិត្យ​ឃើញ​ថា​ ​គេហទំព័រ​ khqr​.​co ​បាន​ផ្សព្វផ្សាយ​អំពី​ការ​ផ្តល់​មុខងារ​ជា​ថ្នាល ​ដែល​អនុញ្ញាតឱ្យ​អ្នក​ប្រើប្រាស់​បង្កើត​គណនី​ចូលក្នុង​ថ្នាល ​និង​ចុះ​ឈ្មោះ​ជា​ពាណិជ្ជករ ​ដើម្បី​ធ្វើ​ប្រតិបត្តិការ​ទទួល​ការ​ទូទាត់​សង​ប្រាក់​ ​តាមរយៈ​ការ​ស្កេន​ KHQR ​Code ​ឬ​ការ​តភ្ជាប់​ទៅ​កម្មវិធី​ទូទាត់​ចល័ត​របស់​គ្រឹះស្ថាន​ធនាគារ​ ​និង​កម្មវិធី​ ​Binance ​ជាដើម​។​

ធនាគារ​ជាតិ​ បាន​បញ្ជាក់​ថា​ ការ​ផ្តល់​ថ្នាល​ ​ឬ​ប្រព័ន្ធ​សម្រាប់​ផ្តល់​សេវា​ទូទាត់​សង​ប្រាក់​ជូន​ពាណិជ្ជករ ​ឬ​បុគ្គល​ណាមួយ​ ​អាច​ធ្វើ​បាន​តែ​ដោយ​គ្រឹះស្ថាន​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​ ​ឬ​គ្រឹះស្ថាន​ផ្តល់​សេវា​ទូទាត់​សង​ប្រាក់​ដែល​មាន​អាជ្ញាបណ្ណ​ ​ឬ​ទទួល​បាន​ការ​អនុញ្ញាត​ពី​ធនាគារ​ជាតិ​នៃ​កម្ពុជា​ប៉ុណ្ណោះ​។

​សម្រាប់​គេហទំព័រ​ khqr​.​co ធនាគារ​ជាតិ​ បាន​បញ្ជាក់​ថា​ ​គេហទំព័រ​នេះ​មិន​មែន​ជា​គេហទំព័រ​របស់​គ្រឹះស្ថាន​ធនាគារ ​និង​ហិរញ្ញវត្ថុ​ ​ឬ​គ្រឹះស្ថាន​ផ្តល់​សេវា​ទូទាត់​សង​ប្រាក់​ដែល​មាន​អាជ្ញាបណ្ណ​ ​ឬ​ទទួល​បាន​ការ​អនុញ្ញាត​ពី​ធនាគារ​ជាតិ​នៃ​កម្ពុជា​នោះឡើយ​។

​សម្រាប់​ករណី​នេះ​ ធនាគារ​ជាតិ​ បាន​និង​កំពុង​សហការ​ជាមួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ ​ដើម្បី​ចាត់វិធានការ​ក្នុង​គោលបំណង​ទប់ស្កាត់​ហានិភ័យ​នានា​ដែល​អាច​កើតមាន​ឡើង​ចំពោះ​ប្រព័ន្ធ​ទូទាត់​សង​ប្រាក់​។​

ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​បញ្ជាក់​បន្ថែម​ថា​ ​ក្នុង​ករណី​បុគ្គល​ ​ឬ​នីតិ​បុគ្គល​ណា​អនុវត្ត​ផ្ទុយនឹង​ច្បាប់​ ​និង​បទប្បញ្ញត្តិ​ដែល​មាន​ជា​ធរមាន ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​។​

​ធនាគារ​ជាតិ​ បាន​ស្នើ​ឱ្យ​សាធារណជន​ពិនិត្យ​ឱ្យ​បាន​ច្បាស់លាស់ ​មុននឹង​ធ្វើ​ការ​តភ្ជាប់​ ​ឬ​ចូល​ប្រើប្រាស់​សេវា​ទូទាត់​សង​ប្រាក់​ណាមួយ​ដែល​មិន​មាន​អាជ្ញាបណ្ណ​ច្បាស់លាស់ ​ជា​ពិសេស​ចំពោះ​ហានិភ័យ​នៃ​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ ​ដែល​អាច​បង្កឱ្យ​មាន​ការ​ខាតបង់​ដោយ​ប្រការ​ណាមួយ​។

​ក្នុង​ករណី​មាន​ការ​សង្ស័យ​ ​សាធារណជន​អាច​ពិនិត្យ​បញ្ជី​ឈ្មោះ​គ្រឹះស្ថាន​ដែល​ទទួល​បាន​អាជ្ញាបណ្ណ​ពី​ធនាគារ​ជាតិ​នៃ​កម្ពុជា​ ​តាមរយៈ​គេហទំព័រ​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​៕

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយ និងកាសែតផ្នែកសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងអចលនទ្រព្យ។ បច្ចុប្បន្ន លោកជាការីនិពន្ធនៃព័ត៌មានសេដ្ឋកិច្ច AMS Economy។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា