ហ្វីលីពីន ឥណ្ឌូណេស៊ី និងថៃ ត្រៀមបង្កើតស្តុកប្រេងរួមគ្នា ក្រោមការជ្រោមជ្រែងពីជប៉ុន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ហ្វីលីពីន ឥណ្ឌូណេស៊ី និងថៃ ត្រៀមបង្កើតស្តុកប្រេងរួមគ្នា ក្រោមការជ្រោមជ្រែងពីជប៉ុន

ហ្វីលីពីន ឥណ្ឌូណេស៊ី និងថៃ ត្រៀមបង្កើតស្តុកប្រេងរួមគ្នា ក្រោមការជ្រោមជ្រែងពីជប៉ុន

បរទេស៖ សមាជិកអាស៊ានចំនួន ៣ ប្រទេស នឹងចាប់ផ្តើមអនុវត្តនូវគម្រោងស្តុកផលិតផលប្រេងរួមគ្នាមួយឱ្យបានឆាប់បំផុតត្រឹមឆ្នាំ ២០២៧ ក្រោមការគាំទ្រពីជប៉ុន ក្នុងគោលបំណងអាចចែករំលែកការផ្គត់ផ្គង់គ្នាទៅវិញទៅមកក្នុងអំឡុងគ្រាអាសន្ន នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន នីគីអាស៊ី។

សាជីវកម្មរុករកប្រេង PNOC របស់ហ្វីលីពីន ក្រុមហ៊ុនប្រតិបត្តិករស្តុកប្រេងនៅប្រទេសថៃ និងក្រុមហ៊ុនថាមពលឥណ្ឌូណេស៊ី Interport Mandiri Utama គ្រោងចុះហត្ថលេខាលើលិខិតបង្ហាញពីឆន្ទៈរួមគ្នានៅថ្ងៃសៅរ៍ខាងមុខនេះ។ នៅក្នុងដំណាក់កាលដំបូង គម្រោងនេះនឹងអនុញ្ញាតឱ្យហ្វីលីពីនអាចទិញប្រេងម៉ាស៊ូត និងប្រេងសាំងដែលត្រូវបានរក្សាទុកនៅក្នុងប្រទេសឥណ្ឌូណេស៊ី និងថៃក្នុងគ្រាមានអាសន្ន។ គម្រោងនេះនឹងដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធកក់សិទ្ធិទិញ « Ticket» ដែលតម្រូវឱ្យប្រទេស ឬ ក្រុមហ៊ុនដែលចូលរួមត្រូវបង់ថ្លៃសេវាជាមុន ដើម្បីទទួលបានសិទ្ធិទិញប្រេងក្នុងបរិមាណកំណត់ណាមួយដោយក្រុមហ៊ុននៃប្រទេសដែលបានរក្សាទុកនៅក្នុងគ្រាអាសន្ន។ ប្រព័ន្ធនេះកំពុងត្រូវបានអនុវត្តនៅក្នុងសហភាពអឺរ៉ុប។

គំនិតផ្តួចផ្តើមនេះត្រូវបានដឹកនាំដោយវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) ដែលជាស្ថាប័នស្រាវជ្រាវអន្តរជាតិមួយនៅឥណ្ឌូណេស៊ី ដែលបង្កើតឡើងដោយក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មរបស់ជប៉ុន។ ទន្ទឹមនឹងនេះ ឡាវ និងទីម័រខាងកើត កំពុងពិចារណាចូលរួមផងដែរ ខណៈដែលគម្រោងនេះអាចនឹងត្រូវពង្រីកទៅកាន់តំបន់អាស៊ានទាំងមូល និងពង្រីកដល់ការស្តុកប្រេងឆៅថែមទៀតនាពេលអនាគត ខណៈដែលជប៉ុនបានជំរុញគម្រោងនេះ ដើម្បីពង្រឹងសន្តិសុខថាមពលក្នុងតំបន់ បន្ទាប់ពីមានការរំខានដល់ការផ្គត់ផ្គង់ដែលបង្កឡើងដោយសង្គ្រាមនៅមជ្ឈិមបូព៌ា។ ក្នុងន័យនេះគេរំពឹងថា នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi នឹងប្រកាសពីកិច្ចសហប្រតិបត្តិការលើការរក្សាទុកប្រេងរួមគ្នានៅក្នុងកិច្ចប្រជុំកំពូលសហគមន៍បំភាយឧស្ម័នសូន្យអាស៊ី នាទីក្រុងម៉ានីលនាថ្ងៃទី១៧ ខែវិច្ឆិកា ខាងមុខនេះ៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា